ជីវិត កញ្ញា តន់ ច័ន្ទ​សី​ម៉ា មុននឹង​ល្បី​ ធ្លាប់​ដើរ​សុំ​គេ​ច្រៀង​ដើម្បី​បង់ថ្លៃ​ផ្ទះជួល​

399
ចែករម្លែក

ភ្នំពេញៈ ​មុន​តារាចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម Galaxy Navatra កញ្ញា តន់ ច័ន្ទ​សី​ម៉ា មាន​ប្រជាប្រិយភាព​ដូច​ពេលបច្ចុប្បន្ន​ នាង​​ធ្លាប់​មានជីវិត​កម្សត់​ដើម្បី​គ្រួសារ​និង​បង់ថ្លៃ​ផ្ទះជួល​។​នាង​ធ្លាប់​ដើរ​សុំ​គេ​ច្រៀង​តាមហាង​ជាច្រើន​កន្លែង​។

​កញ្ញា តន់ ច័ន្ទ​សី​ម៉ា បាន​ធ្លាប់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា មុននឹង​ឈាន​មកដល់​ចំណុចនេះ រូបនាង​បាន​ជួប​នូវ​រឿងរ៉ាវ​ជីវិត ជូរចត់ ភាពលំបាក​លំបិន​ជាច្រើន​។ នាង​ធ្លាប់មាន​ប្រវត្តិដើរ​ដាក់ពាក្យ​ប្រឡង​ចម្រៀង​ជាច្រើន និង​បាន​ដើរ​សុំ​គេ​ឡើង​ច្រៀងនៅតាម​កម្មវិធី​នាពេល​រាត្រី គ្មាន​ពេល​សម្រាក​គ្រប់គ្រាន់ មកដល់​ផ្ទះ​វិញ​យប់​ជ្រៅ គឺ​ដើម្បី​រកប្រាក់​ទ្រទ្រង់​ជីវភាព​គ្រួសារ បង់ថ្លៃ​ផ្ទះជួល​តូច​មួយ​។​

​អ្វីដែល​ធ្វើ​ស្រី​ស្អាត​រូបនេះចងចាំ​មិន​ភ្លេច​ក្នុង​ជីវិត គឺ​ពេល​មួយ​នាង​ចេញពី​ច្រៀង​នាពេលយប់​ជ្រៅ ត្រូវបាន​ចោរ​ជិះ​ដេញតាម​រហូត ​ធ្វើ​សកម្មភាពឆក់​ទូរស័ព្ទដៃ​ពេលដែល​នាង​កំពុងតែ​ជិះ​ម៉ូតូ​ម្នាក់ឯង ធ្វើ​ឲ្យ​ដួល​ម៉ូតូ​រលាត់​ដៃជើង​។​ចាប់តាំងពី​មាន​ហេតុការណ៍​កើតឡើង ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​កាន់តែ​ភ័យខ្លាច ណាមួយ​ខ្លួន​ជា​ស្រី ត្រូវ​ធ្វើដំណើរ​កណ្ដាលរាត្រីម្នាក់ឯង​ទៀត​។​

​កញ្ញា តង់ ច័ន្ទ​សី​ម៉ា បាន​បន្តថា ក្រោយពី​បានធ្វើការ​ជា​អ្នកចម្រៀង នៅកន្លែង​បាន រយៈពេល​ជិត​២​ឆ្នាំ ទើប​នាង​បាន​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម Galaxy របស់លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា រយៈពេល​ប្រាំ​ឆ្នាំ ។​បន្ទាប់ពី​ពុះពារ​រហូត​ត្រូវបាន​ម្ចាស់​ផលិតកម្ម​ដ៏​ធំ​មួយ​នេះ មើលឃើញ​ពី​សមត្ថភាព​ក៏ដូចជាបើកឱកាស​ឲ្យ​នាងធ្វើជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម និង​បាន​សាង​កេរ្តិ៍ឈ្មោះ​ល្បី​ដូច​ពេលនេះ​។​

​តារា​ស្រី​និយម​សក់​ខ្លី​រូបនេះ​បាន​រំពឹងទុក​ទៀតថា ដើម្បី​កាន់តែ​ធ្វើ​ឲ្យ​ទីផ្សារ​សិល្បៈ​របស់ខ្លួនមាន​សន្ទុះ​នៃ​ការគាំទ្រ​កាន់តែខ្លាំង​បន្ថែមទៀត កញ្ញា តន់ ច័ន្ទ​សី​ម៉ា បាន​ត្រៀម​បញ្ចេញ​នូវបទ​ចម្រៀង​ប្រមាណ​ប្រាំពីរ​បទ​បន្តបន្ទាប់​ទៀត ដើម្បី​វាយលុក​ទីផ្សារ​សិល្បៈ​នៅ​ដើមឆ្នាំ​២០២០ ខាងមុខនេះ​។​

​សូមបញ្ជាក់ថា កញ្ញា តន់ ច័ន្ទ​សី​ម៉ា កំពុង​ត្រូវបាន​ទស្សនិកជន​ជាច្រើន ធ្វើការ​គាំទ្រ តាមរយៈបទ​ចម្រៀង​ពីរោះៗ​ជាច្រើន​បទ​របស់​នាង ដែល​បាន​បញ្ចេញ​នៅលើ​ទីផ្សារ ដែល​សុទ្ធតែជា​បទ ផ្ទុះ​ខ្លាំង ក្នុង​ឆ្នាំ​២០១៩​កន្លងមកនេះ ដោយមាន​ដូចជា បទ “​រឹងមាំ​”, “​មនុស្ស​ដូច​ខ្ញុំ​”, “​ខ្ញុំ​ជឿ​”, “​អ្នក​ខាង​នេះ​នឹក​អ្នក​ខាង​នោះ​”, “​បើ​មិន​ស្មោះ​ស្រឡាញ់​រក​ងាប់​អី​”, “​យល់ច្រឡំ​ថា​គេ​ស្រឡាញ់យើង​” និង​បទ​ដែល​កំពុង​ផ្ទុះ​ខ្លាំង​គឺ​បទ “​គេ​នោះ​ជា​ស្រី​កាប់​ដាវ​” ខណៈ​មាន​អ្នក​ចូល​ទស្សនា​ជាង ប្រាំបី​លាន​ដង ដែលជា​ចំនួន​មួយ​ច្រើនគួរ​ឲ្យ​កត់សម្គាល់​៕ ដោយៈ បូ​រិ​ន​/Ha