ជួប សំលាប់ ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​ការកាត់ទោស​ខ្លួន​ដាក់គុក​អស់​មួយជីវិត​ ​

1711
ចែករម្លែក

(​ភ្នំពេញ​) ៖ សាលាឧទ្ធរណ៍​កំពុង​កំណត់​នីតិវិធី​ជម្រះ​រឿងក្តី​ទាក់ទិន​នឹង​ឃាតកម្ម​លើ​លោក កែម ឡី ក្រោយ​ទទួល​បណ្តឹង​របស់ ជួប សំលាប់ សុំ​បន្ធូរ​បន្ថយទោស ដែល​ប្តឹង​ជំទាស់​នឹង​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កាត់ទោស​ឲ្យ​ខ្លួន​ជាប់ពន្ធនាគារ​អស់​មួយជីវិត​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃ​ពុធ​។​

អឿ​ត អាង ឬ ជួប សំលាប់ ដែល​អះអាងថា ខ្លួន​បាន​បាញ់សម្លាប់​លោក កែម ឡី​ ​

​លោក​ទូច ថា​រិ​ទ្ធ អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ប្រាប់ វិទ្យុ​ក្រៅ​ស្រុក​មួយនា​រសៀល​ថ្ងៃ​ពុធ​ថា ថា​សាលាឧទ្ធរណ៍​ទើបតែ​ទទួលបាន​បណ្តឹង​ស្នើ​សុំ​បន្ធូរ​បន្ថយទោស​របស់​ឈ្មោះ អឿ​ត អាង ហៅ ជួប សំលាប់ និង​ថា ប្រធាន​សាលាឧទ្ធរណ៍​កំពុង​ពិនិត្យ ដើម្បី​កំណត់​ពី​កាលបរិច្ឆេទ​និង​​ចៅក្រម​ដែល​ត្រូវ​ទទួលបន្ទុក ៖ “…​សំណុំរឿង​ហ្នឹង​បានមក​ដល់​សាលាឧទ្ធរណ៍​ហើយ​ប៉ុន្តែ​ចៅក្រម​គាត់​កំពុង​ពិនិត្យ​លើ​សំណុំរឿង​ហ្នឹង​…​អត់​​ទាន់​បានដាក់​កម្មវិធី​ជំនុំជម្រះ​នៅឡើយ​ទេ​…​អាស្រ័យទៅលើ​ខាង​ឯកឧត្តម​ប្រធាន​… គាត់​ចាត់​ទៅ​ចៅក្រម​មួយណា​ដើម្បី​ឲ្យ​គាត់​ទទួល​​បន្ទុក​ទៅលើ​ការដោះស្រាយ​សំណុំរឿង​ហ្នឹង បាន​គាត់​អាច​បន្ត​នីតិវិធី​បាន​ទៅមុខទៀត​…”​។​
​ ​
​យ៉ាងណាក្ដី លោក យុង ផានិត មេធាវី​ការពារ​ក្តី​ឲ្យ​ជួប សំលាប់​ក្នុងដំណាក់កាល​សវនាកា​រ​ជំនុំជម្រះ​នៅ​សាលាដំបូង ក៏បាន​ឱ្យដឹង​ដែរ​ថា មូលហេតុ​នៃ​ការដាក់​ពាក្យ​បណ្តឹងសុំ​បន្ធូរ​បន្ថយទោស ដោយសារ ជួប សំលាប់ លើកឡើងថា​ទោស​ដែល​តុលាការ​ប្រកាស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​នោះ ជា​ទោស​ដែល​ធ្ងន់ធ្ងរ​ពេក​។
​ ​
​អឿ​ត អាង ឬ ជួប សំលាប់ ដែល​អះអាងថា ខ្លួន​បាន​បាញ់សម្លាប់​អ្នកវិភាគ​ដ៏​ល្បីល្បាញ​មួយរូប​គឺ​លោក កែម ឡី​ ​ត្រូវបាន​តុលាការ​រាជធានី​​ភ្នំពេញ​សម្រេច​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ពីបទ​ឃាតកម្ម​គិតទុក​ជាមុន និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត កាលពី​ថ្ងៃទី​២៣ ខែ​មិនា កន្លងទៅ​៕ដោយ៖វិបុល