ជំនឿ​ផ្លូវ​ងងឹត​! រូប​ទីងមោង​អាច​បណ្តេញ​ជំងឺ​កូ​វីដ​-១៩?

212
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: ដោយសារតែ​វីរុស​កូ​វីដ​-១៩ កំពុង​វាយលុក​ខ្លាំងក្លា និង​ពិសេស​បានសម្លាប់​មនុស្ស​អស់​ជាច្រើន​នាក់​ស្ទើរ​ពាសពេញ​ពិភពលោក​ផង​នោះ ពលរដ្ឋ​មួយចំនួន​នៅ​កម្ពុជា ដោយមាន​ការភ័យខ្លាច ហើយ​មានការ​ជឿជាក់​លើផ្លូវ​ង​ងឹ​ង​ដើម្បី​ជួយ​ក្នុង​រឿងនេះ​ផង​នោះ បានចាប់ផ្តើម​នាំគ្នា​ដាក់​រូប​ទីងមោង​ខាងមុខផ្ទះ ដែលជា​ជំនឿ​មួយ​អាចជួយ​ឱ្យ​ពួកគាត់​ជៀស​ផុតពី​ការឆ្លង​វីរុស​កូ​វីដ​-១៩​។​

​ពលរដ្ឋ​ដែលមាន​ជឿ​លើ​អប្បិយ​ជំនឿ​ទាំងនេះ​បានលើកឡើង​ថា បើទោះបី​មនុស្ស​សម័យថ្មី​គេ​មិនសូវ​ជឿជាក់ និង អ្នកខ្លះ​ឃើញ​ហើយ​នាំគ្នា​សើច ក៏ដោយ ប៉ុន្តែ​វា​ជំនឿ​របស់​ដូនតា​សម័យបុរាណ​ខ្មែរ​ផ្នែក​ផ្លូវ​ងងឹត ដែល​ពេលខ្លះ​ក៏​អាចជួយ​ដល់​ពួកគាត់​ផងដែរ​។​

​នៅតាម​ជាយ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយចំនួន​គេ​ក៏​ឃើញ​ពលរដ្ឋ​បាននាំគ្នា​ប្រើ​រូប​ទីងមោង​ដាក់​តាម​មុខផ្ទះ ដែល​ពួកគាត់​មានជំនឿថា​អាចជួយ​បញ្ចៀស​រាល់​គ្រោះភ័យ​ចូល​បៀត​យាយី​ដល់​ក្រុមគ្រួសារ​របស់​ពួកគាត់​បាន​។ កន្លងមក​ពួកគាត់​ប្រើ​តែង​ជួប​សេចក្តីសុខសាន្ត ហើយ​ចេះតែ​អនុវត្ត​តៗ​គ្នា​រហូតមក​។​

​លោក ឆុំ សារឿន សព្វថ្ងៃ​រស់នៅ ភូមិ​ត្រពាំង​ទ្រាល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​បានឱ្យដឹង​ពី​ជំនឿ​នេះ​ថា ពលរដ្ឋ​ក្នុងភូមិ​លោក​ក៏ដូចជា​អ្នក​នៅ​ភូមិ​ក្បែរៗ​នោះ​តែងតែ​នាំគ្នា​ធ្វើ​រូប​ទីងមោង​ការពារ​ផ្ទះ​ដើម្បី​ជួយ​បណ្តេញ​រាល់​ឧបទ្រពចង្រៃ និង រឿង​រាវ​អាក្រក់​ចៀស​ឆ្ងាយ​ពី​ក្រុមគ្រួសារ​។​ដូចជា​ករណី​លេច​កើត វីរុស​កូ​វិដ​១៩​ឬ​វីរុស​កូ​រ៉ូ​ណា​ដែល​កំពុង​ធ្វើឱ្យ​មនុស្ស​ពិភពលោក​ភ័យខ្លាច​នេះដែរ​អ្នកភូមិ​គាត់​បាននាំគ្នា​ធ្វើ​ទីងមោង​ជួយ​បណ្តេញ​គ្រោះ​ចង្រៃ​ដាក់​ខាងមុខផ្ទះ​ដែល ជា​ជំនឿ​មួយ​មាន​តាំងពី​បុរាណ​មក​។​

​ទោះបីយ៉ាងណា​លោក​ថា បើទោះបី​ប្រើ​រូប​ទីងមោង​នេះហើយ​ក៏ដោយ​ប៉ុន្តែ​រូបលោក និង កូនចៅ​នៅតែ​ប្រយ័ត្នប្រយែង​ការពារ​ខ្លួន​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល យ៉ាងខ្លាំង​ក្លា​ដដែល​។​ក្រុមគ្រួសារ​លោក​មិន​ធ្វេសប្រហែស​ទេ ហើយ​ការប្រើ​រូប​ទីងមោង​នេះ​ក៏​ជា​រឿង​ជំនឿ​មួយផ្នែក​ជួយ​ខាង​ផ្លូវ​ងងឹត​ថែមទៀត ទើប​ធ្វើឱ្យ​កាន់តែ​មានជំនឿថា​រោគ​គ្រោះ​ចង្រៃ​នេះ​មិនអាច​យាយី​ក្រុមគ្រួសារ​លោក​បាន​។ លោក​បានឱ្យដឹង​បន្ថែមថា “​បើ​និយាយ​ទៅ​មនុស្ស​សម័យ​ឥឡូវ​គេ​មិនសូវ​ជឿ​ទេ ហើយ​អ្នកខ្លះ​ឃើញ​ហើយ​អស់សំណើច​ថែមទៀត​តែ​ពួក​ខ្ញុំ​នៅតែ​ជឿ​ពីព្រោះថា​តាំងតែ​ពី តា​យាយ និង ឪពុកម្តាយ​មក​ឃើញ​គាត់​ធ្វើបែបនេះ​ចេះតែ​បាន​សុខ​រហូតមក​”​។​

​បុរស​រូបនេះ​បានឱ្យដឹង​ដែរ​ថា​”​វា​ជា​ជំនឿ គឺ​យ៉ាងហោចណាស់​វា​ជាការ​លើកទឹកចិត្ត​មួយ ដើម្បី​កូនចៅ​មាន​ទំនុកចិត្ត​ផ្នែក​ផ្លូវ​ងងឹត​ជួយ​ខ្លះ ហើយ​ផ្គួប​ផ្សំ​យើង​ការពារ​ថែមទៀត​ឃើញថា​យើង​មិន​ភ័យខ្លាច​ខ្លាំងពេក​ដែរ​”​។​

​គួរ​បញ្ជាក់ថា​ក្រោយពី​ការរីក​រាតត្បាត​វីរុស​កូ​វីដ​-១៩ មក​ក្រៅពី​គេ​ឃើញ​ពលរដ្ឋ​មួយចំនួន​ប្រើ​រូប​ទីងមោង​ដាក់​មុខផ្ទះ​តាម​ជំនឿ​បុរាណ​ប​ញ្ច្រៀ​ស​គ្រោះ​ចង្រៃ​ឱ្យចេញ​ឆ្ងាយ​ហើយ គេ​ក៏​ឃើញ​ព្រះសង្ឃ​តាម​វត្ត​មួយចំនួន​ក៏បាន​បាន​គោះ​រគាំង សូត្រធម៌ និង​សមាធិ ដើម្បី​បញ្ចៀស​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​-១៩​ដែល​កំពុង​កើត​មាននៅ​កម្ពុជា​ផងដែរ​។​

​ព្រះសង្ឃ​មួយចំនួន​បានលើកឡើង​ថា​ពិធី​នេះ ដើម្បី​ជួយ​លើកទឹកចិត្ត និង​ពិសេស​ជួយ​រំសាយ​ការភ័យខ្លាច​ជំងឺ​កូ​វីដ​១៩ ទៅដល់​អ្នកមាន​ជំនឿ និង​ឱ្យ​ពួកគាត់​មានចិត្ត​ស្ងប់​ក្នុង​ការរស់នៅ​ក៏ដូចជា​បំពេញការងារ​ប្រចាំថ្ងៃ​។ ទោះបីយ៉ាងណា​ពួកគាត់​ក៏​មិនត្រូវ​ភ្លេចខ្លួន​ក្នុងការ ការពារ​ខ្លួន​ពី​រោគ​គ្រោះ​ចង្រៃ​កំពុង​រាតត្បាត​នេះ​សោះឡើយ​៕ ល​