ជ្រលង​ហ្គ្រែ​ន​ខេន​យ៉ុ​ន​មាន​បណ្តោយ​៤៤៥​គីឡូម៉ែត្រ​និង​ទទឹង​២៩​គីឡូម៉ែត្រ តែ​កុំ​ភ័យ​ថា​ដើរ​មិន​សព្វ​! តោះ​មក​មើល​ទីតាំង​ល្អ​បំផុត​ដែល​ត្រូវ​ដើរ​នៅ​ជ្រលង​នេះ​

518
ចែករម្លែក

​ពាក្យ​ស្ញប់ស្ញែង​តែមួយ​ម៉ាត់​មិនអាច​ពណ៌នា​អំពី​ជ្រលង​ហ្គ្រែ​ន​ខេន​យ៉ុ​ន (Grand Canyon) បានទេ ព្រោះតែ​ជ្រលង​មួយ​នេះ​គឺ​ធំ​អស្ចារ្យ​ខ្លាំងពេក​។

​ដោយ​ស្ថិត​ក្នុងចំណោម​អច្ឆរិយវត្ថុ​ធម្មជាតិ​ទាំង​ប្រាំពីរ​របស់​ពិភពលោក​និង​ជាទី​តាំង​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ជ្រលង​ហ្គ្រែ​ន​ខេន​យ៉ុ​ន​នៅ​ឆ្នាំនេះ​បាន​ប្រារព្ធ​ខួប​លើក​ទី​១០០​នៃ​ការកំណត់​យក​ទីនេះ​ធ្វើជា​ឧទ្យាន​ជាតិ​។

​ការរៀបចំ​ផែនការ​ជាមុន​គឺ​ចាំបាច់​ខ្លាំងណាស់​ដើម្បី​មកលេង​ជ្រលង​ហ្គ្រែ​ន​ខេន​យ៉ុ​ន​។ សរុប​ជារួម មាន​តំបន់​បី​ផ្សេងគ្នា​ដើម្បី​ទៅ​ទស្សនា គឺ​មាត់​ជ្រលង​ខាងជើង មាត់​ជ្រលង​ខាងត្បូង និង មាត់​ជ្រលង​ខាងលិច​។

​ដំបូង អ្នក​ត្រូវ​ជ្រើស​យក​មាត់​ជ្រលង​ដែល​អ្នក​ពេញចិត្ត ព្រោះ​មាត់​ជ្រលង​នីមួយៗ​សុទ្ធ​តែមាន​ចំណុច​ទាក់ទាញ​ផ្សេងៗ​គ្នា ហើយ​វា​មិនមែនជា​រឿង​ងាយស្រួល​ទេ ដែល​ចេញពី​មាត់​ជ្រលង​មួយ​ទៅ​មាត់​ជ្រលង​មួយទៀត​។

​មាត់​ជ្រលង​ខាងត្បូង​និង​ខាងជើង​ប្រហែល​មាន​គម្លាត​ពីគ្នា​តែ ១៦ គីឡូម៉ែត្រ​មែន ប៉ុន្តែ​ការធ្វើដំណើរ​រវាង​មាត់​ជ្រលង​ទាំងពីរ​គឺមាន​ផ្លូវ​សរុប​ប្រវែង ៣៤៦ គីឡូម៉ែត្រ និង ចំណាយពេល​ជិត​៥​ម៉ោង​។

១. មាត់​ជ្រលង​ខាងត្បូង ៖ កន្លែង​ពេញនិយម​បំផុត​របស់​អ្នកទេសចរ​
​មាត់​ជ្រលង​ខាងត្បូង​គឺជា​កន្លែង​ពេញនិយម​បំផុត ពីព្រោះ​វា​មាន​ទេសភាព​អស្ចារ្យ​បំផុត ដែល​មនុស្ស​ភាគច្រើន​ចាត់ទុកថា​ជា “​ជ្រលង​ហ្គ្រែ​ន​ខេន​យ៉ុ​ន​ពិតប្រាកដ​” និង​ជា​កន្លែង​អាច​ចូល​ទៅបាន​ងាយស្រួល​ជាង​មាត់​ជ្រលង​២​ផ្សេងទៀត​។

​មនុស្ស​ប្រហែល​៦​លាន​នាក់​ក្នុង​មួយឆ្នាំ​បានធ្វើ​ដំណើរ​រយៈពេល​៥​ម៉ោង​ពី​ទីក្រុង​ហ្វូ​និ​ច​ក្នុង​រដ្ឋ​អា​រី​ហ្សូ​ណា ទីក្រុង​ឡាស​វេ​ហ្គាស​ក្នុង​រដ្ឋ​ណេ​វ៉ា​ដា និង ទីក្រុង​សេន​ច​ច​ក្នុង​រដ្ឋ​យូ​ថា ឬ ការធ្វើដំណើរ ៩០ នាទី ពី​បណ្តា​អាកាសយានដ្ឋាន​នៅក្នុង​តំបន់​។​

​ដោយ​បើក​ឱ្យចូល​ទស្សនា​ពេញៗ​មួយឆ្នាំ មាត់​ជ្រលង​ខាងត្បូង​ផ្តល់ជូន​ការ​ស្នាក់នៅ​នៅក្នុង​សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះ​តូចៗ និង ទីតាំង​បោះជំរំ​នៅឯ​ភូមិ​ហ្គ្រែ​ន​ខេន​យ៉ុ​ន​ក្នុង​ឧទ្យាន​ជាតិ​នេះ​ដោយផ្ទាល់​តែម្តង ឬ​មិន​អ៊ីចឹង​អាច​ស្នាក់នៅ​ទីក្រុង​ក្បែរ​ជ្រលង​នេះ​ក៏បាន​គឺ​ទីក្រុង​ទូ​សា​យ៉ាន (Tusayan) និង ទីក្រុង​វី​លលៀម (Williams) កន្លែង​ដែលមាន​គ្រប់​ប្រភេទ​កន្លែង​ស្នាក់នៅ និង ភោជនីយដ្ឋាន ដែល​បំពេញតម្រូវការ​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ​។

​អ្វីដែល​អ្នក​អាច​លេង​កម្សាន្ត​បាន​នៅ​មាត់ជ្រោះ​ខាងត្បូង​បាន​គឺ ការ​ជិះ​ឧ​ទ្ធ​ម្ភា​គ​ច្រ​មើល​ទេសភាព (៥០​នាទី ៣០០ ដុល្លារ​) ការ​ជិះ​រថភ្លើង​តាម​ជ្រលង​ដងអូ (​តម្លៃ​កន្លះ​ថ្ងៃ ១៤៣ ដុល្លារ តម្លៃ​ពេញ​មួយថ្ងៃ​និង​ដេក​មួយ​យប់ ៦០០ ដុល្លារ និង​តម្លៃ​២​ថ្ងៃ ១០៥៥ ដុល្លារ​) ការ​ជិះ​កង់​លើផ្លូវ Hermit ៣ ម៉ោង (៦៥ ដុល្លារ​សម្រាប់​មនុស្ស​ធំ និង ៤៦ ដុល្លារ​សម្រាប់​កូនក្មេង​) ការ​ជិះ​រថយន្ត​បើក​ដំបូល​មើល​ទេសភាព (១១៥ ដុល្លារ​សម្រាប់​មនុស្ស​ធំ និង ១០៤ ដុល្លារ​សម្រាប់​កូនក្មេង​) និង​ការដើរ​មើល​អគារ​ក្នុង​តំបន់​រួមទាំង​សារមន្ទីរ​ផងដែរ​។

២. មាត់ជ្រោះ​ខាងលិច ៖ កន្លែង​ដើរ​លើ​ស្ពាន​កញ្ចក់​
​ប្រសិនបើ​អ្នករស់នៅ​ឡាស​វេ​ហ្គាស ចឹ​ង​មាត់​ជ្រលង​ខាងលិច​នៃ​ជ្រលង​ហ្គ្រែ​ន​ខេន​យ៉ុ​ន​គឺ​នៅ​កៀក​បំផុត (២០៩ គីឡូម៉ែត្រ​) និង ទាក់ទាញ​អ្នកទេសចរ​ច្រើន​បំផុត​ទី​ពីរ គឺ ១​លាន​នាក់​។

​នៅ​ទីនោះ​មានការ​កម្សាន្ត​ដូចជា ការដើរ​កម្សាន្ត​លើ​ស្ពាន​កញ្ចក់​លើ​អាកាស Glass Skywalk ការដើរ​មើល​តាម​ភូមិ​ស្រុក​ជនជាតិដើម​អាម៉េរិក​នៅ​ចំណុច​មួយ​ហៅថា​ចំណុច​ឥន្ទ្រី និង ការ​ជិះ​គោ​។

៣. មាត់​ជ្រលង​ខាងជើង ៖ កន្លែង​មើល​តោ​ភ្នំ​
​មាត់​ជ្រលង​ខាងជើង​គឺ​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ដែល​ចង់​គេច​ចេញពី​ភាព​អ៊ូអរ​និង​អាកាសធាតុ​ក្តៅ និង​មានឱកាស​ដើម្បី​មើលឃើញ​សត្វ​ខ្លាឃ្មុំ តោ​ភ្នំ ឬ សណ្ឋាន​ដីក្រហម​ព្រឿង​ដូច​ស្លឹកឈើ​ក្នុង​និ​ទាឃ​រដូវ​។

​ដោយមាន​អ្នក​មក​ទស្សនា​ត្រឹម ១០ ភាគរយ​ក្នុងចំណោម​អ្នកទស្សនា​សរុប​នៅ​ជ្រលង​ហ្គ្រែ​ន​ខេន​យ៉ុ​ន ផ្លូវ​ទៅកាន់​មាត់​ជ្រលង​ខាងជើង​គឺ​ពុំ​សូវ​មានការ​ធ្វើដំណើរ​នោះទេ ហើយ​ហេតុផល​មួយទៀត​គឺ​មាត់​ជ្រលង​នេះ​នឹង​បិទ​ពី​ពាក់កណ្តាល​ខែតុលា​រហូត​ដល់​ខែឧសភា​ដោយសារ​ព្រិល​ធ្លាក់​។

​តំបន់​នៅ​កៀក​មាត់​ជ្រលង​នេះ​បំផុត​គឺ​ទីក្រុង​សេន​ច​ច និង​ទីក្រុង​ផេ​ច ក្នុង​រដ្ឋ​អា​រី​ហ្សូ​ណា (​ធ្វើដំណើរ​ប្រហែល​៣​ម៉ោង​) ខណៈ​គេ​ត្រូវ​បើកបរ​៦​ម៉ោង​ពី​ឡាស​វេ​ហ្គា និង បើកបរ​យូរ​ជាងនេះទៀត​ពី​ទីក្រុង​សល​ឡេ​ក ឬ ទីក្រុង​ហ្វូ​និ​ច​។

​ការកម្សាន្ត​ពេញនិយម​បំផុត​គឺ ការ​ជិះឡាន​ឥត​ដំបូល​មើល​ទេសភាព ការ​ទស្សនា​សត្វព្រៃ​ដូចជា​ខ្លាឃ្មុំ​តោ​ភ្នំ​ឬ​បក្សី​កម្រ ការឡើង​ភ្នំ​ជិះ​កង់​និង​ដើរ​តាម​ភ្នំ​៕ ដោយ៖ កញ្ញាដាលីស