ដងទន្លេស្រែពកក្នុងដែនជំរកសត្វព្រៃស្រែពកគួរឲ្យគយគន់សម្រាប់ភ្នែកទេសចរ

169
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ ទេសភាពទាំងនេះគឺស្ថិតតាមបណ្តោយទន្លេស្រែពក ភាគខាងលើ ក្នុងដែនជំរកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ធលគិរី។ នៅក្នុងការចុះល្បាត កាលពីពេលថ្មីៗកន្លងទៅនេះ មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានផ្តិតរូបភាពនៅតាមទីតាំងនេះ ដែលជាទីជម្រករបស់សត្វកម្រមួយចំនួនផងដែរ ដូចជា ក្រពើភ្នំ ភេ អន្លុងត្រីត្រសក់ ជាពិសេសតាមដងទន្លេដុះដោយដើមឈើទាលធំៗ។

លោក កែវ សុភក្រ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានអោយដឹងថា នៅរដូវនេះធនធានធម្មជាតិ មានភាពស្រស់ត្រកាល បង្ហាញនូវសុខភាពរបស់ព្រៃនៅតំបន់នោះផងដែរ ក្រៅពីនោះ យើងសង្កេតឃើញវត្តមានប្រភេទពានរ(ស្វា)មួយចំនួនដូចជាស្វាព្រាម ស្វាស្រូវ និងសត្វស្លាប កេងកង តូច ស្មោញ និងក្អែកទឹកជាដើម។ ដោយឡែក តាមការសិក្សាក្រពើភ្នំមានវត្តមាន នៅក្នុងតំបន់នោះប្រហែល២០ ទៅ២៥ក្បាល ។តាមការសិក្សាក្រពើភ្នំមានវត្តមាននៅក្នុងតំបន់នោះប្រហែល២០ ទៅ២៥ក្បាល។

សូមបញ្ចាក់ថា ដែនជម្រកសត្វព្រៃស្រែពកនៅខេត្តមណ្ឌលគីរីត្រូវបានបែងចែកជាបួនតំបន់។ ក្នុងនេះមានៈ តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សម្រាប់បម្រើដល់ការងារគ្រប់គ្រងថែរក្សា អភិរក្ស និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព។ នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩។ ការបែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃស្រែពក រៀបចំឡើង ដើម្បីធានាប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការគ្រប់គ្រងធនធានធម្មជាតិ និងជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ក៏ដូចជាការលើកកម្ពស់ចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិក្នុងតំបន់ ព្រមទាំងធានាឱ្យមានការថែទាំសត្វព្រៃនិងប្រព័ន្ធអេកូឡូស៊ី៕/B