ដាច់​ការងារ​ហើយ​ត្រូវគេ​ទារ​ថ្លែ​ខ្ពស់​ពេលធ្វើ​ដំណើរ​ចេញពី​ថៃ​មកដល់​ខ្មែរ​ធួរ​ចិត្ត​វិញ​

104
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​សារ​ចំហរ​របស់​ពលករ​ខ្មែរ​ដែល​បាន​នឹង​កំពុង​វិល​ត្រឡប់មក​ប្រទេស​កំណើត​ឯ​កម្ពុជា​វិញ​បាន​សរសេរ​.​ហើយ​កាសែត​រស្មី​កម្ពុជា​ក៏​ទទួលបាន​ឱ្យដឹងថា​”​សូម​អស់លោក​មន្ដ្រី​បើកភ្នែក​មើល​ផង​ទាន​។​ឱ​ជីវិត​ពលករ​ចំណាកស្រុក​រស់​ពិបាក​ជាង​ស្លាប់​”​។​

​ពលករ​ទាំងនោះ​បានឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែមេសា​ឆ្នាំ​២០២០​ខណៈ​ពួកគេ​ឆ្លងកាត់​ព្រំដែន​ថៃ​កម្ពុជា​តាម​ច្រករបៀង​(​កូន​ច្រក​ដែល​ខុសច្បាប់​)​។​ពលករ​បាន​បន្តថា​៖​ការចំណាយ​គឺ​ទី​១.​ថ្លៃ​ឡាន​ពី​ថៃ​ទៅដល់​ព្រំដែន​ខ្មែរ​+​ថៃ​ក្នុង​ម្នាក់​២.០០០​បាត​ប្រាក់​ថៃ​(​ជាង​២៦​ម៉ឺន​រៀល​ប្រាក់​ខ្មែរ​)​។​២.​ថ្លៃ​អ្នក​នាំ​ដើរ​ឆ្លង​ចូលទៅ​ព្រំដែន​ខ្មែរ​(​មេខ្យល់​)​ម្នាក់​៣០០​បាត​។​សរុបទៅ​ទម្រាំ​ដល់​ស្រុកកំណើត​ដាច់បាយ​ហើយ​។​

​រថយន្ត​ជនជាតិ​ថៃ​ដឹក​ពលករ​ខ្មែរ​ត្រូវ​ទម្លាក់​ពលករ​នៅត្រឹម​ថ្នល់​ខ្មៅ​ជា​ថ្នល់​យុទ្ធសាស្ត្រ​ការពារ​ព្រំដែន​ថៃ ។​កងកម្លាំង​ថៃ​មិនឱ្យ​ដឹក​មកដល់​ច្រករបៀង​ដែលជា​ច្រកចេញ​ពលករ​ដែល​ភាគី​ទាំង​២​បាន​ឯកភាពគ្នា​ដូចជា​ច្រក​អូរ​បី​ជាន់​នៅ​ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​ជាដើម​។​ចុះ​ពី​រថយន្ត​ពលករ​ខ្មែរ​ត្រូវ​ដើរកាត់​វាលស្រែ​ចម្ការ​និង​ព្រៃរបោះ​តាមរយៈ​មេខ្យល់​ជូន​។​មេខ្យល់​នោះ​ចង់​ឬ​មិន​ចង់​ត្រូវបាន​បង់លុយ​សុំ​ផ្លូវ​ទៅឱ្យ​កងកម្លាំង​ថៃ​ឈរជើង​តាម​ព្រំដែន​ដែរ​។​

​គឺ​វា​ដូចគ្នា​នឹង​រថយន្ត​ថៃ​ដឹក​ពលករ​ខ្មែរ​ដែល​យក​ថ្លៃ​ខ្ពស់​ក៏​អាចមកពី​គេ​ខ្លាចរអារ​នឹង​មេរោគ​កូ​វីត​១៩​។​ពេល​បាន​ដឹក​ក៏ត្រូវ​បង់លុយ​ថ្លៃ​ត្រួតពិនិត្យ​និង​ថ្លៃ​ឆ្លងកាត់​ចំណុច​ត្រួតពិនិត្យ​ចាស់​និង​ថ្មី​ឬ​ភាសា​ថៃ​ហៅថា​៖​ដាន​កង​ថាប់​និង​ដាន​កង​តម្រួត​ជាច្រើន​កន្លែង​ផងដែរ​។​ហេតុនេះហើយ​លើ​តម្លៃ​ចំណាយ​របស់​ពលករ​មិនអាច​ជៀស​រួច​ពី​ទឹកភ្នែក​នោះឡើយ​។​

​ចំណែក​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា​មាន​អង្គការ​និ​សន្ត​ប្រវេសន៍​អន្តរជាតិ​IOM​អង្គការ​សា​ម៉​រី​តាន់​ភឺស​សង្គ្រោះ​អន្តរជាតិ​។​អង្គការ​មិត្តសំឡាញ់​ហ្វ្រែ​ន​ក្រោម​មូល​និ​ធី​អង្គការ​យូ​នី​សេ​ហ្វ​ជាដើម​បាន​ជួយ​លើ​អាហារសម្រន់ សេវា​សង្គមកិច្ច​និង​ការ​គាំពារ​ស្ត្រី​មាន​ផ្ទៃពោះ​ស្ត្រី​កូនតូច​និង​កុមារ ។​

​សូមបញ្ជាក់ថា​ពលករ​ខ្មែរ​ក្រុម​ថ្មីៗ​បាន​បន្ត​វិលត្រឡប់​មកកាន់​មាតុប្រទេស​វិញ​ដោយសារតែ​កន្លែង​ការងារ​ពួកគេ​ត្រូវបាន​បិទ​ឬ​ផ្អាក​ព្រោះ​អាជ្ញាធរ​រដ្ឋាភិបាល​ថៃ​បាន​បន្ត​រឹតបន្តឹង​ប្រទេស​។​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​កូ​វីត​១៩​ដែល​រីក​រាលដាល​ខ្លាំង​ឡើងៗ​នោះ​។​មន្ត្រី​អាជ្ញាធរ​ដែនដី​ជំនាញ​និង​មន្ត្រី​ស្ថាន​កុងស៊ុល​កម្ពុជា​នៅ​ខេត្ត​ស្រះកែវ​និង​ស្ថានទូត​កម្ពុជា​នៅ​ក្រុង​បាងកក​ក៏បាន​ទាក់​ទង់​សហប្រតិបត្តិការ​អន្តរា​គម​ន័​បន្តបន្ទាប់​ទៅ​សម​ភាគី​ថៃ​លើ​ករណី​ទុក្ខលំបាក​ពលករ​ខ្មែរ​ដែល​វិល​មក​កម្ពុជា​ក្នុង​សភាពការណ៍​កូ​វីត​១៩​នេះ​៕S/

​រូបថត​៖​ទឹកភ្នែក​ពលករ​ខ្មែរ​៖​ដាច់​ការងារ​ហើយ​ត្រូវគេ​កាប់​ថ្លែ​ដល់​ឆ្អឹង​ពេលធ្វើ​ដំណើរ​នៅ​ថៃ​,​មកដល់​ខ្មែរ​ធួរ​ចិត្ត​វិញ (​រូប​៖ ប​.​ជ័យ​)​