ដុតបំផ្លាញ​ចោល​ទំនិញ​ខូចគុណភាព​ជាង​១០០​មុខស្មើ​៨៩៦​គីឡូក្រាម​នៅ​ក្រុង​សៀមរាប​

98
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​:​ទំនិញ​ខូចគុណភាព​ជាង​១០០​មុខស្មើ​៨៩៦​គីឡូក្រាម​ត្រូវ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សហការ​ចូលរួម​ពី​តំណាង​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​និង​តំណាង​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​ក្លែងក្លាយ​បន្លំ​ខេត្តសៀមរាប​បាន​ដុតបំផ្លាញ​ចោល​។​

ពិធី​ដុត​បំផ្លាញចោល​ទំនិញ​ខូចគុណភាព បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០​នេះ ដោយមាន​ការចូលរួម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ម៉ក់​ធារ៉ា​ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្ថិតនៅ​ទីលាន​ចាក់សំរាម​ក្នុងភូមិ​អន្លង់​២​ឃុំ​ត្រពាំង​ធំ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ម៉ក់​ធារ៉ា​ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បញ្ជាក់ថា ដោយយោង​តាម​អនុសាសន៍ ណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ត​បណ្ឌិត នេ​ត សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ ។​

ក៏​ដូច ជាការ​ចង្អុលបង្ហាញ ពី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប បានឱ្យ​លោក​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​ចុះ​សហការ​ជាមួយ​មន្ទីរជំនាញ​ពាក់ព័ន្ធ​បង្ការ​ទប់ស្កាត់​និង​បង្ក្រាប​រាល់​បទល្មើស​គ្រប់​ប្រភេទ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ទាន់ពេលវេលា​នៅក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប​ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​។​

លោក​បាន​បញ្ជាក់ថា​ក្នុង​កិច្ចប្រតិបត្តិការ​នោះ​សមត្ថកិច្ច​ចម្រុះ​បាន​ដកហូត​វត្ថុតាង​ទំនិញ​ខូចគុណភាព គ្រឿងឧបភោគ ,​បរិភោគ ចម្រុះ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​និង​កោស​លុប​កាលបរិច្ឆេទ​ប្រើប្រាស់​ចាស់ ដោយ​វាយ​លេខ​កាលបរិច្ឆេទ​ប្រើប្រាស់​ថ្មី​ចំនួន​១៤៥​មុខស្មើ​នឹង​៨៩៦​គីឡូក្រាម​និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​៣​នាក់​។​

គួរបញ្ជាក់​ផងដែរ​ថា នេះ​មិនមែនជា​ករណី​លើក​ទី​១ ទេ ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានធ្វើការ​បង្ក្រាប​ពាក់ព័ន្ធ​និង​សុវត្ថិភាព​ចំណីអាហារ ផលិតផល​ក្លែងក្លាយ ដូចជា​៖​ប៊ីចេង​,​នំ​កញ្ចប់​ក្មេង និង ផលិតផល​ផ្សេងៗ​ទៀត​ជាច្រើន​មុខ​ផងដែរ​៕S/

រូបភាព​:​ដុតបំផ្លាញ​ចោល​ទំនិញ​ខូចគុណភាព​ជាង​១០០​មុខស្មើ​នឹង​៨៩៦​គីឡូក្រាម​នៅ​ក្រុង​សៀមរាប​៕​គូលែន​