ដុំ​ភ្លើង​ប៉ុន​បាល់ទាត់​ធ្លាក់ចំ​ស្រែ​ហុយផ្សែង​ទ្រលោម

586
ចែករម្លែក

​ដុំ​ភ្លើង​មួយ​ដែល​គេ​ជឿថា​អាចម៍ផ្កាយ​មាន​ទំហំ​ប៉ុន​បាល់ទាត់​បាន​ធ្លាក់ចំ​ស្រែ​ហុយផ្សែង​ទ្រលោម និង​លាន់​សូរ​សន្ធឹក​គួរឱ្យ​តក់ស្លុត បណ្ដាលឱ្យ​កសិករ​ផ្អើល​រត់​ចែក​ជើង​គ្នា បន្ទាប់ពី​អាច​ចម៍​ផ្កាយ​នោះបាន​បោះពួយ​ចូលក្នុង​បរិយាកាស​របស់​ភពផែនដី​ក្នុង​ល្បឿន​រហូតដល់​ទៅ ៤០.២៣៣ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង នេះ​បើ​យោងតាម​អាជ្ញាធរ​ឥណ្ឌា បានបញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​។​

​អ្នកឃើញ​ហេតុការណ៍​ដ៏​គួរឱ្យ​ព្រឺព្រួច​និយាយថា “​ដុំ​ភ្លើង​” នេះ​បានធ្វើឱ្យ​ពួកគេ​ភិតភ័យ រត់​ចេញពី​ស្រែ​នៅពេល​វា​ធ្លាក់​ក្នុងភូមិ​ដាច់ស្រយាល​របស់​ពួកគេ​កាលពី​រសៀល​ថ្ងៃ​ពុធ ហុយផ្សែង​ទ្រលោម​។​

​លោក សៀ​សាត កា​ពី​ល អា​សុក (Shirsat Kapil Ashok) ចៅក្រម​ស្រុក​ម៉ា​ត​ហ៊ូ​បា​នី (Madhubani) រដ្ឋ​ប៊ី​ហា (Bihar) ប្រទេស​ឥណ្ឌា និយាយថា “​ខណៈពេល​ក្រុម​កសិករ កំពុងធ្វើការ​ងារ​នៅឯ​ស្រែ ស្រាប់តែ​ដុំ​ភ្លើង​នេះ​ធ្លាក់​ពីលើ​មេឃ​លាន់​សូរ​សន្ធឹក​”​។​

​ក្រុម​អ្នកភូមិ​បាន​ត្រលប់​ទៅ​ស្រែ​វិញ បន្ទាប់ពី​ផ្សែង​ថមថយ ហើយ​បាន​កាយ​យក​វាពី ជម្រៅ​ដី ១,២ ម៉ែត្រ​។​

​លោក សៀ​សាត កា​ពី​ល អា​សុក បន្ថែមថា “​យើង​បាន​ពិនិត្យឃើញថា វា​មាន​សារធាតុ ម៉ាញេ​ទិច​ខ្លាំងណាស់ មា​ពន្លឺ​ចាំង​តិចៗ និង​មាន​ទម្ងន់​ប្រមាណ ១៥ គីឡូ​”​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​បានធ្វើ​ការវិភាគ​លើ​ដុំ​ភ្លើង​ដែល​ធ្លាក់​នេះ ហើយ​សន្និដ្ឋានថា វា​ជា​អាចម៍ផ្កាយ​។

​គួររំឭកថា កាលពី​ឆ្នាំ​២០១៦ អាជ្ញាធរ​រដ្ឋ​តា​ម៊ឹ​ល ណា​ឌូ (Tamil Nadu) ប្រទេស​ឥណ្ឌា ភាគខាងត្បូង​និយាយថា​អាចម៍ផ្កាយ​មួយ​បាន​ធ្លាក់​ត្រូវ​មនុស្ស​បណ្តាលឱ្យ​អ្នកបើក រថយន្តក្រុង​ម្នាក់​បាត់បង់​ជីវិត​និង​មនុស្ស​បីនាក់​ទៀត​រងរបួស​៕ ប្រែ​សម្រួលៈ​ខុម