ដួង ម៉ា​និ​ច ត្រូវ​មនុស្ស​សំខាន់​ធ្វើ​រឿង​ភ្ញាក់ផ្អើល​មួយ​ជូន​នាង​

209
ចែករម្លែក

ភ្នំពេញៈ​ទោះបីជា​ការងារ​សិល្បៈ​រង​ការប៉ះពាល់​និង​មាន​សភាព​ស្ងាត់​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ក៏​តារា​សម្តែង​ស្រី​ល្បីឈ្មោះ​កញ្ញា ដួង ម៉ា​និ​ច បែរជា​ត្រូវ​មនុស្ស​សំខាន់​របស់​នាង​ធ្វើ​រឿង​មួយឱ្យ​សប្បាយចិត្ត​និងរីករាយ​ខ្លាំង​សម្រាប់​មុន​ថ្ងៃកំណើត​មកដល់​មុន​មួយ​សប្តាហ៍​។​

​ថ្ងៃទី​៤ ខែមេសា គឺជា​ថ្ងៃ​ខួបកំណើត​របស់​តារា​សម្តែង​ស្រី ដួង ម៉ា​និ​ច ។ ឆ្នាំនេះ​នាង​នឹង​ឈានដល់ អាយុ​គម្រប់​២៧​ឆ្នាំ ឈានចូល​២៨ ឆ្នាំ​។ មុន​ថ្ងៃ​ខួបកំណើត​មកដល់​មនុ​ស្ស​ជំនិត​នឹង​នាង​បានធ្វើ​ឲ្យនាង​ភ្ញាក់ផ្អើល​ដោយ​រចនា​នំ​ខួបកំណើត​យ៉ាង​ស្រស់ស្អាត​ជាមួយនឹង​សារ​ជូនពរ​នាង​យ៉ាង​គាប់ចិត្ត​។​

​តារា​ស្រី​រូបនេះ​លើកឡើងថា​ នាង​ពិតជា​រំភើប​និង​ភ្ញាក់ផ្អើល​ក្រោយពី​មនុស្ស​ជំនិត គឺ​អ្នក​តុបតែងមុខ​ល្បី លោក សុ​ភ័​ក្រ​ណា​ណូ និង​កញ្ញា​ភពផែនដី​កញ្ញា ផុន សុ​រ៉ាវ​ត្តី បាន​ច្រៀង និង​យកនំ​ខួបកំណើត​មក​ជូន​ដោយផ្ទាល់ ។

​នាង​ថា​ពួកគាត់​គឺ​តែងតែ​ធ្វើ​ឲ្យ​នាង​រំភើប​មុន​ថ្ងៃ​ខួបកំណើត​ជា​រៀងរាល់ឆ្នាំ ។ នាង​បាន​និយាយថា ការទទួលបាន​នូវ​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន​ក៏មាន​ចំណែក​ការលើក ទឹកចិត្ត​និង​ជួយ​យ៉ាង​សស្រោកសស្រាំ​ពី​មនុស្ស​ល្អៗ​ជុំវិញខ្លួន​ទាំងអស់នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ។ នាង​អរគុណ​សម្រាប់​ការជួយ​អស់ពី​កម្លាំងចិត្ត​កម្លាំងកាយ​អស់ពី​បេះដូង ។ ឆ្នាំ​ថ្មី​នេះ​នាង​រំពឹង​នឹងទទួលបាន​ឱកាស​ការងារ​ជាច្រើន​សន្ធឹកសន្ធាប់​បន្ថែ​ម​ទៀត ​ខណៈ​ភាពយន្ត​ដែលជា​ស្នាដៃ​សម្តែង​របស់​នាង​ជាច្រើន​បាន​នឹង​កំពុង​ទទួលបាន​ការពេញចិត្ត​ច្រើន​ពី​ទស្សនិកជន​៕ ដោយៈ បូ​រិ​ន​/Ha