ដើម​ណូអែល ឬ ដើម​សា​ប៉ាំង និង តា​ណូអែល នៃ ព្រ​ពៃ​ណី​គ្រិស្តបរិស័ទ​

1500
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ នៅក្នុង​ឱកាស​បុណ្យ ណូអែល គេ​ចូលចិត្ត​ប្រើ​ដើមឈើ​សម្រាប់​តុបតែង​លម្អ​ផ្ទះ ឬ ទីតាំង​ផ្សេងៗ ហើយ​ដើម​នោះ ឈ្មោះថា Conifer ជា​ប្រភេទ​ឈើ​អម្បូរ​ដើម​ស្រល់ ឬ ដើម​ស្ងា​វ ហើយ​អ្នកខ្លះ​ហៅថា ដើម​ណូអែល ចំណែក​ពួកនិយម​ភាសា​បារាំង​ហៅថា ដើម​សា​ប៉ាំង ។ ទម្លាប់​តុបតែង​បែបនេះ​ដើមឡើយ​កើតមាន​ដំបូង​ក្នុងអំឡុង​សតវត្សរ៍​ទី​១៥-១៦ នៃ គ​.​ស នៅក្នុង​សង្គម​គ្រួសារ​ពួក​អភិជន​នៅ​ប្រទេស​អាល្លឺម៉ង់ ។​


​មានការ​បកស្រាយ​នូវ​អត្ថន័យ នៃ ដើមឈើ Conifer នេះ​ខ្លះ​ដែរ ប៉ុន្តែ​ហេតុផល​ជាក់ស្តែង​ជាងគេ​គឺថា ពួក​អភិជន​ទាំងឡាយ ដែលមាន​ផ្ទះ​ឬ​ភូមិគ្រឹះ​ស្កឹមស្កៃ​តែងតែ​ចូលចិត្ត​តុបតែង​លម្អ​ភូមិគ្រឹះ​របស់ខ្លួន​ដោយ​រុក្ខជាតិ​ផ្កា ដូចដែល​គេ​ឃើញ​នៅក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​នេះដែរ ។

ប៉ុន្តែ​ជា​អកុសល ក្នុងឱកាស​បុណ្យ Christmas នា​ចុងខែ ធ្នូ គឺជា​ពេល​ធ្លាក់​ព្រឹល​ទឹកកក ដើមឈើ​ទាំងឡាយ​រង្គោះ​ជ្រុះ​ស្លឹក​អស់​នៅសល់តែ​ដើម និង មែក ននលគក រក​ស្លឹក​ជា​លម្អ​ពុំ​កើត គឺមាន​តែ​ដើម Conifer នេះឯង​ដែល​នៅសល់​ស្លឹក​ល្អ​ជាងគេ ដែល​អាច​បកស្រាយ​ថា ដើម សា​ប៉ាំង នេះ រឹងមាំ​ជាង​រុក្ខជាតិ​ឯទៀតៗ អាច​ឱ្យគេ​បកស្រាយ​ថា ដើម​នេះ​ផ្ទុក​នូវ​គតិ​អប់រំ​ខ្លះ​ដែរ ។ ម្យ៉ាងទៀត​ដើម​រុក្ខជាតិ​នេះ ក៏មាន​សម្រស់​គួរឱ្យ​ចាប់អារម្មណ៍​ផង ទើប​គេ​ជ្រើស​រើសយក​រុក្ខជាតិ​នេះ​មកប្រើប្រាស់​លម្អ​គេហដ្ឋាន​របស់​ពួកគេ គឺមាន​អត្ថន័យ​ប្រហាក់ប្រហែល​នឹង​សង្គម​ខ្មែរ​តុបតែង​គេហដ្ឋាន​ដោយ​ផ្កា​ភ្ញី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ឬ ប្រហាក់ប្រហែល​នឹង​ជនជាតិ ចិន យក​ដើម​អង្គាសីល តុបតែង​ផ្ទះ​នាពេល​ចូលឆ្នាំថ្មី​របស់​ពួកគេ​ដូច្នោះ​ដែរ​។​


​រីឯ​ការតុបតែង​ទៅដោយ​ផ្លែឈើ​ផ្សេងៗ មាន​ទាំង​កាដូ កណ្តឹង និង ផ្កាយ ជាដើម នៅជាប់​នឹង​ដើម Conifer នោះ តាម​ការសង្កេត​គឺ​ទើបតែ​ឃើញថា​មាននៅ​ក្នុងអម្លុង​សតវត្សរ៍​ទី​១៨ នេះ​ទេ ហើយ​មាន​អត្ថន័យ​ប្រហាក់ប្រហែល​នឹង​ប្រពៃណី​ខ្មែរ​រៀបចំ​ផ្កា​ភ្ញី ផ្លែឈើ នំ ចំណី ក្នុងផ្ទះ ឬ ដូចជា​ជនជាតិ ចិន តុបតែង​ដើម​អង្គាសីល ទៅដោយ​កញ្ចប់​អាំង​ប៉ាវ នាពេល​ចូលឆ្នាំថ្មី​ដូច្នោះ​ដែរ ។​


សាន់​តា ក្លូ​ស៍ ឬ តា​ណូអែល


​សាន់​តា ក្លូ​ស៍ (Santa Claus ) ជួនកាល​គេ​ស្គាល់​ថា វិសុទ្ធិ​បុគ្គល នី​កូ​ឡាស ( Saint Nicholas ) ឬ លោកឪពុក Christmas ( Father Christmas ) ហើយ​ត្រូវបាន​គេ​ហៅថា Santa ឬ តា​ណូអែល ដែល​ទេវ​កថា​វប្បធម៌​ពួក​ប​ច្ចឹ​ម​លោ​កថា គាត់​តែងតែ​ជេះ​រទេះ​ទឹម​ដោយ​សត្វ​ក្តាន់​ហោះ​យក​អំណោយ​ទៅឱ្យ​ក្មេង​ល្អ​ដល់ផ្ទះ​នៅ​ថ្ងៃ ទី ២៤ ខែ ធ្នូ គឺ​នៅ​យប់​មុន​ថ្ងៃបុណ្យ​ណូអែល (​ទោះយ៉ាងណា​បច្ចុប្បន្ន​ប្រទេស​នៅ​អឺរ៉ុប​គេ​ចែក​អំណោយ​គ្នា​នៅ​ថ្ងៃទី ៦ ខែ ធ្នូ វិញ ) ។


​តាមពិតទៅ សាន់​តា ក្លូ​ស ឬ តា​ណូអែល នោះ​គឺជា​សម្តេច​សង្ឃ​គ្រិស្ត​របស់​ក្រិ​ក នៅ​អំឡុង​សតវត្សរ៍​ទី ៤ ។ សម្តេច​សង្ឃ​អង្គ​នេះ​ល្បី​ខាង​ចិត្តសប្បុរស​តែងតែ​ធ្វើ​ទាន​ដល់​មនុស្ស​មិន​រើសមុខ ជាពិសេស​អ្នកក្រខ្សត់ ។ បច្ចុប្បន្ន​សម្លៀកបំពាក់​របស់​សម្តេច នី​កូ​ឡាស គឺ​សម្លៀកបំពាក់​រដូវរងា​រ ឈុត​ពណ៌​ក្រហម ពេលខ្លះ​ពណ៌ បៃតង ត្រូវបាន​ពេញនិយម​ពី​មនុស្ស​ច្រើន​គ្នា ។​


​តាមរយៈ​កាដូ និង សម្លៀកបំពាក់​ទាំងនោះ ( ក៏ដូចជា​អំណោយ​ទាំងពួង ) ពេល​ចែក​ទៅ​ជនណាម្នាក់ ជាពិសេស កុមារ ពួកគេ​ពិតជា​រីករាយ ហើយ​កើត​បានជា​អនុស្សា​វា​រី​យ៍ ឬ ការចងចាំ​នៅក្នុង​ចិត្ត ។ ប៉ុន្តែ​ការចងចាំ​នោះ មិនមែន​ចងចាំ​ត្រឹមតែ​អ្នក​អោយ​ឡើយ គឺ​ពួកគេ​រមែង​ចងចាំ​ថ្ងៃបុណ្យ ណូអែល ច្រើនជាង ហើយ​នោះ​គឺជា​បំណង នៃ អ្នកបង្កើត រៀបចំ តុបតែង នៃ បុណ្យ ណូអែល នេះឯង ។

ហេតុនេះ ទើប​អ្នក​វប្បធម៌​និយម ក៏ដូចជា​ពួក​អ្នក​សង្គម​ដែរ គឺ​ពួកគេ​បានផ្តល់​ឱវាទ​ថា ការចែក​កាដូ ឬ អំណោយ​ផ្សេងៗ និង សម្លៀកបំពាក់​ឈុត តា​ណូអែល ជាដើម នៅ​អំឡុង​បុណ្យ ណូអែល នេះ ចំពោះ​គ្រិស្តបរិស័ទ គឺជា​រឿង​ប្រពៃ​ណាស់ ប៉ុន្តែ​ចំពោះ​ជន​ទាំងឡាយណា​ដែល​មិនជា​គ្រិស្តបរិស័ទ​វិញ តោង​តែពិចារណា​អំពី​ផលប៉ះពាល់​របស់​វា​ឱ្យបាន​ច្បាស់លាស់ ព្រោះ​បុណ្យ ណូអែល នេះ គឺជា​បុណ្យ​សាសនា សុទ្ធសាធ ហេតុនេះ​ឥទ្ធិពល នៃ រាល់​ទង្វើ មានដូចជា​ការឱ្យ​កាដូ និង សម្លៀកបំពាក់​ជាដើម​នោះ គឺ​វា រមែង​ចេញមក​វិញ ឬ ជះឥទ្ធិពល​ក្នុងន័យ ឬ ក្នុង​ផ្លូវ​សាសនា​ដែរ ។​


​គេ​ធ្វើ បុណ្យ ណូអែល ដើម្បី រំឭក​ដល់​ថ្ងៃកំណើត​របស់​ព្រះ យេស៊ូ គ្រិស្ត ដូចដែល​ពុទ្ធសាសនិក ធ្វើបុណ្យ ពិសាខបូជា ដែរ ។ ទោះយ៉ាងណា ពួក​និកាយ​ប្រូ​តេស្ត​ង់ ដែលជា​និកាយ​គ្រិស្តសាសនា​ដ៏​ធំ​មួយ​ក្នុងចំណោម​និកាយ​ធំ​ទាំងពីរ (​កាតូលិក​) របស់​គ្រិស្តសាសនា មិន​ប្រារព្ធ និង មិន​ចូលរួម​ពិធីបុណ្យ​ណូអែល​នេះ​ទេ ៕ Kh