តម្លៃ​គ្រាប់​ឈូក​ហក់​ឡើងដល់​ទៅជិត​៧,០០០​រៀល​ក្នុង​១​គីឡូក្រាម​ធ្វើ​ឲ្យ​កសិករ​មាន​កម្លាំងចិត្ត​ដាំ​ដុះ​

341
ចែករម្លែក

ដោយ​:​ចាន់ ថន/​ព្រៃវែង ៖ ស្រប​ពេលដែល​តម្លៃ​គ្រាប់​ឈូក​ស្ងួត​១​គីឡូក្រាម​ដល់​ទៅ​៦,៥០០​រៀល​ធ្វើ​ឲ្យ​ប្រជាកសិករ មួយចំនួន​នៅ ឃុំដូន​កឹង ស្រុកកំចាយមារ ខេត្តព្រៃវែង ដែល​តែងតែ​ប្រកប​ការដាំ​ឈូក​លក់ មាន​កម្លាំងចិត្ត​ក្នុង​ការដាំដុះ ​ព្រោះ​មុខរបរទី​២​របស់​ពួកគាត់ ហាក់​មាន​ភាពជោគជ័យ ព្រោះ​តម្លៃ​គ្រាប់​បានហក់ឡើងថ្លៃខ្ពស់​គួរសម។​​ដោយ​ជា​រៀងរាល់ឆ្នាំ​នៅពេល ដែល ប្រមូល ផល ស្រូវ​រួច​ពួកគាត់ តែងតែ​ដាំ​ឈូក​បន្ត​នៅលើ​ដីស្រែ​ដដែល​។

អ្នកស្រី អៀង លាង កសិករ នៅភូមិពោធិ៍​២ ឃុំដូន​កឹង ស្រុកកំចាយមារ ដែលកំពុង ប្រឡេះគ្រាប់​ឈូកទុកហាល បានប្រាប់រស្មី​កម្ពុជា​ថា គាត់បានប្រកបមុខរបរដាំឈូក នេះជាច្រើនឆ្នាំមកហើយ។​

ដោយដាំនៅលើដីស្រែទំហំកន្លះហិកតា ហើយពេលនេះគាត់កំពុងតែប្រមូលផលជា បណ្តើរៗហើយ។

អ្នកស្រីបន្តថា មុខរបរដាំឈូក វាមិនងាយស្រួលជាងមុខរបរធ្វើស្រែប៉ុន្មាននោះទេ ទាំងការដាំ​ដុះ និងការថែទាំ។​ ក៏ប៉ុន្តែ គ្រាប់​ឈូកសំបូរទីផ្សារ ហើយ​តម្លៃ​ខ្ពស់ជាង​ស្រូវ ដោយមានប៉ុន្មានក៏គេទ​ទួល​ទិញយកអស់ដែរ ដូច្នេះ​ក្រោយពីប្រមូលផលស្រូវរួច។​

​អ្នកភូមិពួកគាត់តែងតែបន្ត ដាំឈូកនៅលើដីស្រែបន្តទៀត ព្រោះមិនចង់ទុកដីឲ្យនៅ​ទំនេរចោល និង​បាន​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​។ ហើយនៅពេលបច្ចុប្បន្ននេះ តម្លៃគ្រាប់ ឡើងខ្ព​ស់គឺ​១​គីឡូក្រាម​ចាប់ពី​៦,០០០​រៀល​ទៅ​៧,០០០​រៀល​ឯណោះ ធ្វើ​ឲ្យកសិករ សប្បាយ និងការដាំ​ដុះ​ប្រមូល​ផល​។

ជាមួយគ្នានោះ​អ្នកស្រី អៀង លាង និងកសិករផ្សេងៗទៀត នៅក្នុងឃុំដូន​កឹង បាន បញ្ជាក់ថា ពួកគាត់ចង់បានទីផ្សារគ្រាប់​ឈូក​នៅត្រឹម​៦,០០០​រៀល​រហូត​ទៅ កុំឲ្យ ស្ថិតនៅលើមាត់របស់ឈ្មួញ គឺ​ល្អ​បំផុត​ហើយ កសិករ​នឹងមាន​កម្លាំងចិត្ត​ក្នុង​ការដាំដុះ​។

ចំណែក លោក អ៊ុក សំណាង ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានមានប្រសាស​ន៍​ថា ផ្ទៃដីដាំឈូកនៅទូទាំងខេត្តព្រៃវែង មានចំនួន​៣៥០០​ហិកតា ប៉ុន្តែកាលពីប៉ុន្មានឆ្នាំមុន ដោយសារតែតម្លៃឈូកចុះថោកខ្លាំង។

ប្រជាកសិករមួយចំនួនបានបោះបង់មុខរបរនេះចោល ធ្វើ​ឲ្យចំនួននៃការដាំបានថយ ចុះជាច្រើន។ ប៉ុន្តែនៅឆ្នាំ​២០១៩​នេះ តម្លៃគ្រាប់​ឈូកបានកើនឡើងខ្ពស់ ទើប ប្រជាកសិករមួយចំនួនធំ ចាប់ផ្តើមប្រកបមុខរបរនេះវិញ។​ បូករួមទាំងកសិករនៅឃុំ ដូន​កឹងផងដែរ ហើយវិធានការចំពោះមុខ។

មន្ទីរកសិកម្មខេត្ត និងសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តសិក្សារកវិធីសាស្ត្រ ដើម្បី ទប់លំនឹងតម្លៃហាងឆេងឈូកនៅលើទីផ្សារ ​កុំឲ្យធ្លាក់ចុះខ្លាំង រហូតដល់កសិករដាំ លែងចំណេញហើយបោះបង់មុខរបរនេះ ចោលដូចឆ្នាំមុនៗទៀត៕​B/