តារាចម្រៀងជប៉ុន ពីកូ ថារ៉ូ និងក្រុមចម្រៀងប៉ុប Arashi ចេញបទចម្រៀងអប់រំអំពីការលាងដៃ(វីដេអូ)

220
ចែករម្លែក

តារាចម្រៀងបែ​បកំប្លែងជប៉ុន លោក ពីកូ ថារ៉ូ ដែលល្បីសម្រាប់បទ Pen-Pineapple-Apple-Pen និង ក្រុមចម្រៀងប៉ុបជប៉ុន Arashi បានចេញបទចម្រៀងជំរុញឱ្យប្រជាជនលាងដៃឱ្យបានស្អាតអំឡុងពេលផ្ទុះជំងឺរាតត្បាតកូវីដ១៩។

“ខ្ញុំមានដៃ ខ្ញុំមានសាប៊ូ។ ហ្អា លាង! លាង! លាង! លាង! …” លោកថារ៉ូច្រៀងចង្វាក់ដដែលពីបទចម្រៀងមុនរបស់គាត់ ដោយប្រើកាយវិការនិងសម្លៀកបំពាក់ដដែល ដែលនាំឱ្យគាត់មានកេរ្តិ៍ឈ្មោះបោះសំឡេងល្បីលើពិភពលោកក្នុងបទល្បី PPAP ក្នុងឆ្នាំ ២០១៦។

បង្ហោះលើប៉ុស្តិ៍យូធ្យូបផ្លូវការរបស់គាត់កាលពីថ្ងៃអាទិត្យ វីដេអូថ្មីចំណងជើងថា PPAP-2020 មានអ្នកមើលជាង ៤,១ លានដងរួចទៅហើយគិតត្រឹមរសៀលថ្ងៃពុធនេះ និង កំពុងល្បីនៅតាមបណ្តាញសង្គមនានា។

ទន្ទឹមនេះ វីដេអូរាងវែងបន្តិចស្តីពីការលាងដៃសម្តែងដោយក្រុមចម្រៀងប្រុស Arashi មានអ្នកមើលជាង ១,៤ លានដងគិតត្រឹមថ្ងៃពុធនេះ។ ចម្រៀងនេះត្រូវបានបង្ហោះលើយូធ្យូបដោយផលិតកម្មរបស់ពួកគេ Johnny & Associates កាលពីថ្ងៃសុក្រសប្តាហ៍មុន។ សមាជិកទាំង៥រូបស្លៀកពាក់ក្នុងឈុតខៀវបានចាប់ផ្តើមជាមួយសំនៀងសាមញ្ញៗអំពីការលាងដៃដោយបញ្ចប់ទៅជាមួយការច្រៀងបន្ទររួមគ្នាថា “តោះលាងដៃអ្នក តោះលាងដៃអ្នក” ជាភាសាអង់គ្លេស៕ ដោយ៖ កញ្ញាដាលីស