តារាចម្រៀងបែបជនបទអាម៉េរិក ចូ ឌីហ្វហ្វី ស្លាប់ដោយសារកូវីដ១៩

176
ចែករម្លែក

លោក ចូ ឌីហ្វហ្វី អ្នកចម្រៀងបែបជនបទដែលឈ្នះពាន Grammy និងមានបទល្បីលេខ១ជាច្រើនក្នុងអំឡុងទសវត្សរ៍ ១៩៩០ បានស្លាប់ដោយសារជំងឺកូវីដ១៩នៅអាយុ ៦១ ឆ្នាំ។

មរណភាពរបស់លោកឌីហ្វហ្វីត្រូវបានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់គាត់ ដែលសរសេរថា គាត់បានស្លាប់កាលពីថ្ងៃអាទិត្យទី២៩មីនា “ដោយសារជំងឺកូវីដ១៩”។

មរណភាពរបស់គាត់បានកើតឡើងត្រឹមតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគាត់បានប្រកាសថា គាត់បានធ្វើតេស្តវិជ្ជមានជំងឺនេះ ហើយកំពុងទទួលការព្យាបាល។

គាត់បានសរសេរថា “គ្រួសារខ្ញុំនិងខ្ញុំស្នើសុំឯកជនភាពនៅពេលនេះ។ យើងចង់រំលឹកដល់សាធារណជននិងអ្នកគាំទ្រទាំងអស់ឱ្យមានការប្រុងប្រយ័ត្នអំឡុងពេលផ្ទុះជំងឺរាតត្បាតនេះ”។

លោកឌីហ្វហ្វី មកពីរដ្ឋអូក្លាហូម៉ា មានបទចម្រៀងល្បីៗជាច្រើនក្នុងអំឡុងទសវត្សរ៍ ១៩៩០ រួមមានបទ “Pickup Man” បទ “Prop Me Up Beside the Jukebox (If I Die)” និងបទ “John Deere Green”។

អាល់ប៊ុមដំបូងរបស់គាត់ដែលមានចំណងជើងថា “A Thousand Winding Roads” ត្រូវបានចេញលក់ក្នុងឆ្នាំ ១៩៩០ និង រួមមានទាំងបទល្បីបំផុតរបស់គាត់គឺ “Home”។

មនុស្សជិត ១៣៧.០០០ នាក់បានធ្វើតេស្តវិជ្ជមានកូវីដ១៩នៅសហរដ្ឋអាម៉េរិកហើយមានអ្នកស្លាប់ជាង ២.៤០០ នាក់៕ ដោយ៖ កញ្ញាដាលីស

លោក ចូ ឌីហ្វហ្វី ស្លាប់នៅអាយុ ៦១ ឆ្នាំ