តារាចម្រៀង ស៊ូយូ របស់ក្រុមចម្រៀង Twice ត្រឡប់មកកូរ៉េខាងត្បូង ក្រោយបង្ខាំងខ្លួនឯង ១៤ ថ្ងៃនៅតៃវ៉ាន់

187
ចែករម្លែក

តារាចម្រៀង ស៊ូយូ បានជួបជុំជាមួយសមាជិកក្រុមចម្រៀង Twice របស់នាងវិញនៅកូរ៉េខាងត្បូង ក្រោយបង្ខាំងខ្លួនឯងចាំបាច់ ១៤ ថ្ងៃនៅតៃវ៉ាន់។

គេប្រទះឃើញនាងនៅអាកាសយានដ្ឋានអ៊ីនឆន់កាលពីថ្ងៃពុធទី ១៨ មីនា ដោយគ្របជិតពីក្បាលរហូតដល់ចុងជើងដើម្បីបញ្ចៀសការឆ្លងមេរោគ។ មុខរបស់នាងស្ទើរតែបាំងជិតឈឹងដោយមួកផ្សិតពណ៌សដ៏ធំ និង ម៉ាស់ដ៏ធំ។

ទោះយ៉ាងណា នាងហាក់មានស្មារតីល្អ ខណៈនាងគ្រវីដៃដាក់អ្នកថតរូប និងថែមទាំងធ្វើដៃជាសញ្ញាបេះដូងទៀតផង មុនពេលឡើងឡានចេញទៅបាត់។

ត្បិតមានការណែនាំឱ្យស្នាក់នៅក្នុងផ្ទះឱ្យបានច្រើន ក៏អ្នកថតរូបជាច្រើននៅតែចេញមកក្រៅដើម្បីផ្តិតយករូបភាពនៃការមកដល់របស់ស៊ូយូ។ សេចក្តីថ្លែងការណ៍របស់ផលិតកម្ម JYP Entertainment ដែលជាទីភ្នាក់ងាររបស់ក្រុមចម្រៀង Twice សរសេរថា “ស៊ូយូមានសុខភាពល្អ ហើយនាងនឹងបន្តកាលវិភាគការងាររបស់នាងឆាប់ៗ”។

ការបង្ខាំងខ្លួនស៊ូយូកើតឡើង បន្ទាប់ពីក្រុមចម្រៀងស្រីនេះលុបចោលការសម្តែងរបស់ពួកនាងនៅក្រុងសេអ៊ូល ដែលគ្រោងធ្វើនៅថ្ងៃទី៧និង៨មីនា។ នាងស៊ូយូជនជាតិតៃវ៉ាន់ បានត្រឡប់ទៅស្រុកកំណើតតៃវ៉ាន់របស់នាង ហើយត្រូវគេឱ្យបង្ខាំងខ្លួនឯង ១៤ ថ្ងៃចាប់ពីថ្ងៃទី ៣ មីនា៕ ដោយ៖ កញ្ញាដាលីស

ក្រោយបង្ខាំងខ្លួនឯង ១៤ ថ្ងៃនៅតៃវ៉ាន់ ស៊ូយូត្រឡប់មកកូរ៉េខាងត្បូងវិញ