តារា​កំប្លែង​នាយ​ក្រិន រៀបរាប់​ពី​មូលហេតុ​នៃ​ការបែកបាក់​ចំណង​ស្នេហ៍​

945
ចែករម្លែក

ភ្នំពេញៈ​តារា​កំប្លែង​នាយ​ក្រិន​ដែល​សមាជិក​ក្រុម​កំប្លែង​នាយ កុយ នៅ​សុខៗ​បែរជា​ផ្ទុះ​រឿង​សែន កម្សត់​ក្នុង​គ្រួសារ​ដោយសារ​ភរិយា​ជាទី​ស្រឡាញ់​របស់លោក​គឺ​នាង​យ៉ា​យ៉ា​មានចិត្ត​មិន​ស្មោះ ត្រង់​លួចលាក់​ទាក់ទង​ប្រុស​ថ្មី​វៀចវេរ​ពី​ស្វាមី​ហើយ​ចុង​ក្រោយនេះ​បាន​ចាក​ចេញពី​ប្តី​ដោយ បន្សល់ទុក​កូនប្រុស​ស្រី​ចំនួន​បីនាក់​ឲ្យ​រស់នៅ​ជាមួយ​ប្តី​។​កូន​ទី​បី​ជា​ទារក​ដែល​ទើបនឹង​ចេះ​ឈរនៅឡើយ​។

​កាលពី​ថ្ងៃ​៣១ ខែតុលា ឆ្នាំ​២១៩ លោក​ម៉ា ច័ន្ទ​បូ​រិ​ន អ្នកយកព័ត៌មាន​កាសែត​រស្មី​កម្ពុជា​បាន ជួប​សម្ភាស​ផ្ទាល់​ជាមួយ​តារា​ល្អិត​ប្រចាំ​កម្ពុជា នាយ​ក្រិន នៅ​ហាង​លក់​គ្រឿងក្លែម​និង​ស៊ុប កន្ធាយ​របស់លោក​តាម​បណ្តោយ​ផ្លូវ​២០០៤​រាជធានី​ភ្នំពេញ​។​ខ្លឹមសារ​នៃ​បទសម្ភាសន៍​មាន​ដូចតទៅ​៖

រស្មី​កម្ពុជាៈ​ជម្រាបសួរ​លោក​ក្រិន​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ការផ្សព្វផ្សាយ​អំពី​ចំណង អាពាហ៍ពិពាហ៍​រប​ស់លោក​ជួប​នូវ​វិបត្តិ​ធ្ងន់ធ្ងរ​រហូត​ឈានដល់​ការចាកចេញ​របស់​ភរិយា​ពី​រូបលោក​និង​កូនតូចៗ​ទាំងបី​។​លោក​អាច​បញ្ជាក់​ពី​ដំណើរ​ដើមទង​នៃ​បញ្ហា​នេះ​បន្តិច​បានទេ​?

នាយ​ក្រិនៈ​រឿងនេះ​ខ្ញុំ​មិនបាន​បង្កាច់បង្ខូច​គាត់​ទេ ។​រឿង​ទាំងអស់នេះ ខ្ញុំ​បានឃើញ​ជាក់ស្តែង​។ ចាប់គាត់​ជាក់ស្តែង មាន​ភស្តុតាង​ជាក់ស្តែង​តែម្តង​។ ខ្ញុំបាទ​ឃើញនឹងភ្នែក ហើយ​ស្តាប់ឮ​នឹង ត្រចៀក ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​នោះទេ ខ្ញុំបាទ​សុំ​អង្វរ​គាត់ ម្តង​ជា​ពីរ​ម្តង​។​ខ្ញុំ​ចេះតែ​លួង​,​ចេះតែ ផ្តល់​កម្លាំងចិត្ត​ឱ្យ​គាត់ មិន​ចង់ឱ្យ​គាត់​ធ្វើ​ចំណុច​នេះ​តទៅទៀត ដោយសារតែ​អាណិតកូន​។ ខ្ញុំ​សុំ គាត់​មករ​ស់ នៅ​ជាមួយ​ខ្ញុំ​ទៅមុខទៀត មើលថែ​កូន​តែ​ប៉ុណ្ណឹង​នោះទេ​។ រឿង​បែកបាក់​គ្នា​របស់ខ្ញុំ ទើបតែ​កើតឡើង​ថ្មីៗ​នេះ ដោយ​អាច​និយាយ​ចូល​ជិត​ពីរ​ខែ​មកហើយ​ដោយសារតែ​បិទបាំង​។ ដោយសារតែ​មិន​ចង់ឱ្យ​សារព័ត៌មាន​ដឹងឮ​ចុះផ្សាយ​។​ខ្ញុំ​មិន​ចង់​ទម្លាយ​តាំងពី​ដំបូង​ដោយសារតែ​ខ្ញុំ​ចង់​រង់ចាំ​ឱ្យ​ភរិយា​របស់ខ្ញុំ​ត្រជាក់ចិត្ត​។ ប៉ុន្តែ​ទីបំផុត​នៅ​មិនអាច ត្រូវតែ​បែក​គ្នា​។

រស្មី​កម្ពុជាៈ​តើ​កូន​បី​រូប​របស់លោក កំពុងតែ​រស់នៅ​និង​នៅក្រោម​ការមើល​របស់​ន​រណា​?

នាយ​ក្រិនៈ កូន​របស់ខ្ញុំ​ទាំងបី​នាក់​នេះ ស្ថិតក្រោម​ការចិញ្ចឹមរ​បស់​ខ្ញុំ ដោយ​មិនបាន​អនុញ្ញាត ឱ្យ​ភរិយា​យកទៅ​ឡើយ​។​ពីព្រោះ​ពេល​ភរិយា​ចុះចោល​រូបខ្ញុំ​ទៅ​បាត់​តែម្តង​ដោយ​ទុក​កូន​ចោល​។ ក្រោយមកទៀត​ភរិយា​របស់ខ្ញុំ​បាន​ចរចា​គ្នា​ដោយសារ​សុំ​កូនពៅ​យកទៅ​ចិញ្ចឹម ប៉ុន្តែ​ខ្ញុំ​មិន​យល់ ព្រម​ឡើយ​ព្រោះ​ដឹងថា​ភរិយា​របស់ខ្ញុំ​រូបនេះ​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​មើលថែ​កូន​។ បើ​យកទៅ ចិញ្ចឹម​គឺ​ភរិយា​លោក​យកទៅ​ទុកចោល​ឲ្យ​តា​យាយ​នៅ​ស្រុក​ដែល​ជាប់​មាត់ទន្លេ​ខេត្តកំពង់ចាម ដែល​ខ្ញុំ​ព្រួយបារម្ភ​មិនអាច​អនុញ្ញាត​។

រស្មី​កម្ពុជាៈ​តើ​លោក​ដឹង​និង​ស្គាល់​ថា បុគ្គល​ដែល​មក​ទាក់ទង​ប្រពន្ធ​លោក​និង​ធ្វើឱ្យ​នាង​បែកចិត្ត ចុះចោល​លោក​ថា​ជា​នរណា​?

នាយ​ក្រិនៈ ខ្ញុំ​អត់​ស្គាល់​ទេ​។ ខ្ញុំ​មិនដឹងថា​គេ​ធ្វើការ​នៅទីណា​ទេ​។​តែ​សម្រាប់​ភរិយា​ខ្ញុំៗ​គ្រាន់តែ ឃើញ​ការតុបតែង​ខ្លួន​គាត់​,​ការនិយាយស្តី​និង​កាយវិការ​ឃើញ​ប្លែក​ក៏​ធ្វើឱ្យ​ខ្ញុំ​ការចាប់អារម្មណ៍ និង​សង្ស័យ ។ ស្រាប់តែ​ខ្ញុំ​តាមដាន​ទៅ ក៏​ដូច​អ្វីដែល​ខ្ញុំ​សង្ស័យ​មែន​។ បន្ទាប់ពី​ទាន់​ច្រើនលើក ច្រើនដង​ក៏​ខ្មាស់អៀន​ខ្ញុំ​ក៏​គាត់​សុំ​ដើរចេញ​ខ្ញុំ​។​មុននឹង​សុំ​ដើរ​ចេញពី​ខ្ញុំ គាត់​សុំ​យក​កូន​ម្នាក់​។ គាត់​ថា គាត់​សុំ​ចុះចេញ​គាត់​មិន​យក​អ្វី​ទេ ។​គាត់​សុំ​យក​កូន​ម្នាក់ ហើយ​ខ្ញុំ​ឆ្លើយថា ខ្ញុំ​អត់ឱ្យ​កូន​ទេ ហើយក៏​អត់ឱ្យ​អ្វី​ដែរ ព្រោះ​រកស៊ី​គ្នា​ជាមួយ​សុទ្ធតែ​ដឹង​ហើយ​ថា ខ្ញុំ​យក​ប្លង់ដី​ប្លង់​ផ្ទះ​យកទៅ​បញ្ចាំ រំលស់​ការយក​លុយ​ម​ក​កែកុន​ហាង ហើយ​ឥឡូវ​ខ្ញុំ​ក៏​គ្មាន​អី​ដែរ​។ បើ​ខ្ញុំ​ថ្ងៃ​ទៅមុខ​ខ្ញុំ​គ្រាន់បើ​ខ្ញុំ អាច​នឹង​ផ្តល់ឱ្យ​គាត់​។ ប៉ុន្តែ​ខ្ញុំ​គិត​ក្នុង​ផ្លូវច្បាប់​ប្រហែលជា​មិនអាច​ព្រោះ​គាត់​បាន​ប្រព្រឹត្តិ​ខុសផ្លូវ ច្បាប់​ជាមួយ​ខ្ញុំ​នឹង​ហើយ​។

រស្មី​កម្ពុជាៈ មុន​ផ្ទុះ​រឿង​បែបនេះ​កើតឡើង លោក​មាន​បញ្ហា​អ្វី​ផ្សេង ឬ​លោក​បង្កបញ្ហា​អ្វី​ឱ្យភរិយា​របស់លោក​បាន​ជា​នាង​បែកចិត្ត​រហូតដល់​ថ្នាក់​ចុះចោល​លោក​និង​កូន​?

នាយ​ក្រិនៈ មុន​កើត​រឿងនេះ ខ្ញុំ​ទើបតែ​ធ្លាក់ខ្លួន​ឈឺ​ប្រហែល​បី​ខែ​។ ពេលនោះ​ខ្ញុំ​ឈឺ​ខ្លាញ់​ក្នុង សរសៃឈាម​ផង ខ្លាញ់​រុំ​បេះដូង​ផង​ហើយ​ឈឺក្រពះ ពោះវៀន​ផង​។ ពេល នោះ​មើលឃើញ​គាត់ រាង​ប្លែក​ដោយសារ​ខ្ញុំ​បាន​សម្រាក​នៅផ្ទះ​ទុកឱ្យ​គាត់​មើល​ការ ខុសត្រូវ​ក្នុង​ហាង​ម្នាក់ឯង​ក៏​ចាប់ផ្តើម​រាង​ប្លែក​បាត់​ហើយ​។ នៅពេល​ខ្ញុំ​ត្រឡប់​ឡើង​ហាង​វិញ​។ ខ្ញុំ​មើលទៅ គាត់​និង​ខ្ញុំ​ហាក់បី​ជា​រាង ឆ្ងាយ​ពីគ្នា ទាំង​ការនិយាយស្តី​និង​កាយវិការ​។ គាត់​ដោយ​គាត់​,​ខ្ញុំ​ដោយ​ខ្ញុំ​។ រហូត​បានជា​កើត សាច់​រឿងនេះ​កើតឡើង​។

រស្មី​កម្ពុជាៈ នៅពេលដែល​លោក​និង​ភរិយា​យល់ព្រម​សម្រេច​ថា​បែក​គ្នា​មានការ​បែក​ចែកទ្រព្យ សម្បត្តិ​ដែល​ធ្លាប់​រួមជាមួយ​គ្នា​ដែរឬទេ​?

នាយ​ក្រិនៈ ខ្ញុំ​អត់ឱ្យ ព្រោះ​ដូច​ដឹង​ស្រាប់​។ ខ្ញុំ​អត់​មាន​ផង ហើយ​គាត់​មិនមែន​អត់​ដឹង​ណា​?​។ គាត់​ដឹង​ហាង​រកស៊ី​នេះ​លក់​មួយថ្ងៃ​ទិញ​មួយថ្ងៃ ហើយ​គាត់​ដឹង​ពី​ស្ថានភាព​បែបនេះហើយ ។ គាត់​ក៏​អត់​បានទាមទារ​អ្វី​ដែរ គ្រាន់តែ​សុំ​កូន​។ ពីដំបូង​ឡើយ​ខ្ញុំ​ចង់ឱ្យ​កូន​ដែរ​ប៉ុន្តែ​ខ្ញុំ​អត់ឱ្យ​ដោយ សារ​តែ​ខ្ញុំ​ដឹងថា​គាត់​គ្មាន​ពេល​មើល​ថែកូន​នោះទេ កូន​យក​ទុក​នៅ​ឪពុកម្តាយ​គាត់ (​យាយ​តា​) ពួកគាត់​ចាស់ៗ​ងាកៗ​ឈឺ​ទៀត​។

រស្មី​កម្ពុជាៈ ក្រោយ​ផ្ទុះ​រឿង​បែបនេះហើយ ថា​តើ​លោក​នឹង​រកប្រពន្ធ​ថ្មី​ទៀត​ទេ ឬ​ត្រឡប់​ទៅរក អតីត​ភរិយា​យ​ទី​១(​ហ៊ិ​ន ចាន់​ធឿន )​វិញ​ឬ​យ៉ាងណា​?

នាយ​ក្រិនៈ​ខ្ញុំ​មិនអាច​រកម​នុស្ស​ស្រី​ថ្មី​ទៀត ធ្វើជា​ប្រពន្ធ​ទី​៣​បានឡើយ​ព្រោះ​ខ្ញុំ​ចំណាយ​រកស៊ី និង​ចិញ្ចឹម​កូន​ទាំង​បីនាក់​នេះ​។ កូន​ទាំងបី​របស់ខ្ញុំ​កម្សត់​ដោយ​បែក​ឪពុកម្តាយ​ហើយ​ខ្ញុំ​ក៏​មិនអាច ទៅ​អតីត​ភរិយា​ទី​១​ឡើយ​ដោយសារតែ​ប្រពន្ធ​មុន​របស់ខ្ញុំ​ក្រោយ​បែក​គ្នា​ត្រឹម​ប្រាំ​មួយខែ​ក៏​ទៅរក​ប្តី​មុន​វិញ​។ ហេតុដូច្នេះ​ខ្ញុំ​សម្រេចចិត្ត​លែង​គិត​រឿង​នេះហើយ​។ បច្ចុប្បន្ននេះ​ខ្ញុំ​មាន​អាយុ​៤០​ឆ្នាំ ហើយ​។​ខ្ញុំ​ចំណាយពេល​ខំ​រកស៊ី​ដើម្បី​ចិញ្ចឹម​កូន​និង​មើលថែ​ក្រុមគ្រួសារ​របស់ខ្ញុំ​។

​សូមបញ្ជាក់ថា នាយ​ក្រិន និង អតីត​ភរិយា​លោក​គឺ​នាង​យ៉ា​យ៉ា​(​ប្រពន្ធ​ទី​២) ដែល​ស្រឡាញ់សម្រេច​រៀបការ​ជាមួយគ្នា​នោះបាន​ស្គាល់គ្នា​នៅពេល​លោក​ចូល​ផឹក​ច្រៀង​កម្សាន្ត​នៅ​ហាង​ផឹកស៊ី​មួយកន្លែង​ក៏​ផ្តើម​ស្គាល់គ្នា​ហើយក៏​តែងតែ​ហៅ​គ្នា​ដើរលេង​កម្សាន្ត​រាប់​គ្នា​អាន​រហូត​សម្រេច ចិត្ត​យកគ្នា​បានកូន​ទីមួយ​រហូត​កូន​ទី​បី​។​កូន​ទីមួយ​.​ប្រុស​មានឈ្មោះ “​មង្គល​” ហៅ​ប្រុស​អ៊ូ​ក ,​កូន​ទី​ពីរ​. ស្រី​មានឈ្មោះ “​នី​តា​” , កូន​ទី​បី​អាយុ​ត្រឹម​មួយ​ខួប​ស្រី​ឈ្មោះ “​បញ្ញា​” ។​

​នាយ​ក្រិន​ដែលជា​ឈ្មោះ​មហាជន​ស្គាល់​គ្រប់​នោះ​ជា​ឈ្មោះ​ដែល​កើតឡើង​ដោយ​តារា​កំប្លែង​នាយ កុយ ជា​អ្នក​ដាក់ឈ្មោះ​ឱ្យ​។​ឈ្មោះ​ពិត​របស់លោក​គឺ “​ទេស សុជន​”​។ លោក​បាន​បើកហាង លក់​គ្រឿងក្លែម​និង​ស៊ុប​កន្ធាយ​មានឈ្មោះ “​ជួបគ្នា ហាង​នាយ​ក្រិន​” ដោយ​ចំណាយ​ដើម ទុន​ពីរម៉ឺន​ដុល្លារ ដោយ​យក​ប្លង់​ផ្ទះ​នៅ​ស្រុក​និង​លក់​រថយន្ត​មួយគ្រឿង​មក​បើកហាង​នៅតាម បណ្តោយ​ផ្លូវ​២០០៤​ក្រោយ​បន្ទាយ​ទាហាន​។​

​នាយ​ក្រិន​កើតចេញពី​គ្រួសារ​មាន​ស្ថានភាព​ក្រីក្រ​។​ជា​កសិករ​មានជីវិត​រហូត​តស៊ូ​បាន​រៀនសូត្រ​ចេះ​សម្តែង​នៅ​អង្គការ​ហ្វារ​ខេត្តបាត់ដំបង​មុន​ចូល​សិល្បៈ​។​ក្រោយមក​ក្នុង​ឆ្នាំ​២០០២ លោក​បាន ចូល​រូ​ម​សម្តែង​ជាមួយ​ក្រុម​នាយ​កុយ ។​ពេលនោះ​ដែល​ឈ្មោះ​នាយ “​ក្រិន​” ត្រូវបាន​មហាជន ចាប់អារម្មណ៍​និង​ស្គាល់​៕ ដោយៈ បូ​រិ​ន​