តារា​កំប្លែង នាយ សាន ម៉ៅ ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ហើយ​ផ្តាំ​កុំឱ្យ​ប្រាប់​គេ​

1797
ចែករម្លែក

(​ភ្នំពេញ)​៖ តារា​កំប្លែង​នាយ សាន ម៉ៅ ធ្លាក់ខ្លួន​ឈឺ​យ៉ាង​ធ្ងន់ ដោយ​ចូល​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ កាល់​ម៉ែត្រ កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៨ ហើយ​គាត់​នៅ​ឆ្លៀត​ផ្តាំ​អ្នក​ទៅសួរសុខទុក្ខ​កុំ​ប្រាប់ ឱ្យគេ​ដឹងថា ខ្លួន​ឈឺ​ធ្ងន់ ព្រោះ​ខ្លាច​ខ្មាស់​មហាជន និង​អ្នក​រិះគន់​។​

​តារា​កំប្លែង លោក​ធូ ចំ​រ៉ុង ហៅ​នាយ សាន ម៉ៅ បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ភ្លាមៗ និង​ត្រូវបាន​ក្រុម គ្រួសារ​ដឹកបញ្ជូន​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដោយសារ​ជំងឺ​បេះដូង និង​ទឹក ក្នុង​សួត​ធ្ងន់ធ្ងរ កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៨ ខណៈ​លោក​មាន​ជំងឺ​ប្រចាំកាយ​ផង គឺ​ជំងឺ​លើស​ជាតិ​ស្ករ ផងដែរ​។

​លោក អ៊ឹម ជីវ៉ា ដែលជា​សមាជិក​ក្រុមប្រឹក្សា​សមាគម​សិល្បករ​ខ្មែរ បាន​រៀបរាប់​ឱ្យដឹង កាលពី​ថ្ងៃទី​១៨​ខែមីនា ថា “​ស្តាប់​សម្តី​បង​សាន​ម៉ៅ មាន​អារម្មណ៍​ថា​ក្តុកក្តួល​ណាស់ យប់មិញ នាយ​សាន​ម៉ៅ បាន​ប្រាប់​ខ្ញុំ​ដោយ​សំឡេង​ខ្សាវៗ​ថា នា​យមក​សម្រាក​នៅ​ពេទ្យ ២​ថ្ងៃ​ហើយ មិន​ហ៊ាន​ប្រាប់​គេ​ឱ្យដឹង​ទេ ព្រោះ​កុំឱ្យ​ខ្មាស់​គេ កុំ​ឱ្យគេ​ដៀល​ថា សិល្បករ ពេល​ឈឺ​រក​ជំនួយ អូន​ជីវ៉ា​ឯង គ្រាន់តែ​ប្រាប់​សិល្បៈ​គ្នា​យើង​ឱ្យដឹង​ទៅបាន​ហើយ បើទោះបី​បង​អត់លុយ បង​សុខចិត្ត លក់​ឡានរ​បស់បង​ព្យាបាល​ជំងឺ កុំឱ្យ​ទស្សនិកជន គេ​ដៀល​ដល់​សិល្បករ​យើង​អូន​។ បង​សុខចិត្ត​ធ្វើ​ទៅតាម​លទ្ធភាព បាន​ប៉ុនណា គឺ​បាន​ប៉ុណ្ណឹង​ចុះ យើង​ជាម​នុស្ស​ធ្វើ​ឱ្យគេ សប្បាយ​។ អីចឹង​ហើយ​ពេល​យើង​ឈឺ ក៏​កុំទៅ​ធ្វើ​អី​ឱ្យគេ​ទើសចិត្ត​ដែរ​អូន​។

​សូម​បញ្ជាក់ដែរថា នាយ​សាន​ម៉ៅ កំពុង​សង្គ្រោះបន្ទាន់ ក្នុង​ដំណាក់​ការ​ធ្ងន់ធ្ងរ នៅក្នុង​មន្ទី​ពេទ្យ កាល់​ម៉ែត្រ ដោយសារ​ជំងឺ​ទឹក​ក្នុង​សួត និង​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម​”​។ បន្ទាប់ពី​ទទួលបាន ដំណឹង​ថា នាយ​សាន​ម៉ៅ ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ត្រូវបញ្ជូន​ចូល​បន្ទប់សង្គ្រោះបន្ទាន់​ក្នុង​មន្ទីរពេទ្យ កាល់ម៉ែត​ភ្លាមនោះ មាន នាយ​កុយ និង​នាយ​ក្រឹម ដែលជា​ដៃគូ​លេង​កំប្លែង ជាមួយគ្នា បាន​ទៅសួរសុខទុក្ខ​មិត្ត​រួម​អាជីព ដល់​បន្ទប់សង្គ្រោះបន្ទាន់ ដោយបាន​នាំយក​នូវ​ថវិកា មួយចំនួន ជួយឧបត្ថម្ភ​ដល់​នាយ​សាន​ម៉ៅ ។​

​ ​
​សូមបញ្ជាក់ថា ស្ថានភាព​ជំងឺ​របស់លោក កំពុងស្ថិត​នៅក្រោម​ការ​តាមដាន និង​ព្យ​បាលរ​បស់ ក្រុមគ្រូពេទ្យ មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ខណៈ​ក្រុមគ្រួសារ​មិន​ច្បា​ស់រឿង​ពេលណា ធូរស្រាល ឬ​អាច​ចេញពី​មន្ទីរពេទ្យ​ឡើយ​។ ជាមួយគ្នា​នោះ កាកបាទក្រហម ដែល​ទទួលដំណឹង​ថា នាយ សាន​ម៉ៅ ចូល​សង្គ្រោះបន្ទាន់​បន្ទាប់ ឈឺ​ធ្ងន់​ភ្លាមៗ​នោះ បានផ្តល់​ថវិកា​មួយចំនួន​ជូន​គ្រួសារ របស់លោក​ដើម្បី​ចាត់ចែង និង​ជួយ​សម្រួល​ថ្លៃ​ការព្យាបាល​ផងដែរ​៕ ដោយ​: បូ​រិ​ន​