តារា​បង្ហាញ​ម៉ូត​ម៉ាប់​របស់​ថៃ បង្កើត​ស្ទីល​សម្លៀកបំពាក់​តាម​គេ​ឡើងវិញ ដោយ​ប្រើ​ចំណីអាហារ​

1550
ចែករម្លែក

​តារា​បង្ហាញ​ម៉ូត​រាង​កា​ម៉ាប់ និង​ជា​អ្នកលេង Blog មកពី​ប្រទេស​ថៃ នាង ស៊ី​ណេ បិ​ន​ចា​ផន (Sine Benjaphorn) ពូកែ​ធ្វើ​ឱ្យគេ​សើច​ខ្លាំងណាស់ ខណៈដែល​នាង​ចេះ​រក​នឹកឃើញ​វិធី​ដ៏​គួរឱ្យ​អស់សំណើច​ដើម្បី​ធ្វើឱ្យ​អ្នកគាំទ្រ​លើ​បណ្តាញ​សង្គម​របស់​នាង​សប្បាយរីករាយ​។ តារា​រូបនេះ​បានរួម​បញ្ចូល​គ្នា​រវាង​ម៉ូត​និង​ម្ហូបអាហារ​តាម​វិធី​មិនធម្មតា​។​

​នាង ស៊ី​ណេ បិ​ន​ចា​ផន អាយុ ២២ ឆ្នាំ មកពី​ទីក្រុង​រាជា​បុរី បាន​បង្កើត​ឡើងវិញ​នូវ​ម៉ូត​សម្លៀកបំពាក់​តាម​ជន​ល្បីៗ​ជាច្រើនរូប ដោយ​បង្កើត​ឈុត​ទាំងនោះ​ចេញពី​វត្ថុធាតុដើម​អាច​រលាយ​បាន ដែល​ភាគច្រើនបំផុត​គឺ​ប្រើ​អាហារ​។​

​នាង​បាន​ទទួលស្គាល់ថា នាង​ស្រឡាញ់​សម្លៀកបំពាក់ ប៉ុន្តែ​នាង​ក៏​ចូលចិត្ត​ញ៉ាំ​អាហារ​ដែរ ដូច្នេះ​នាង​បានរួម​បញ្ចូល​គ្នា​រវាង​ចំណង់​ចំណូលចិត្ត​ទាំង​២​នេះ​តែម្តង​។​

​ក្នុង​រូបថត​មួយ នាង​ស៊ី​ណេ បានប្រែក្លាយ​ខ្លួនឯង​ទៅជា​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន​។ រូបថត​នេះ​បាន​ទាក់ទាញ​អ្នក​ចុច Like រាប់ពាន់​។​

​នៅក្នុង​រូបថត​មួយទៀត នាង​បាន​បង្កើត​ម៉ូត​តាម​គ្រប​មុខ​ទស្សនា​វ​ដ្តី Vogue ដោយ​ប្រើ​កញ្ចប់​នំ Lays​។ សម្លៀកបំពាក់​នេះ​មើលទៅ​គួរឱ្យ​អស់សំណើច​ណាស់​។​

​មួយ​ក្នុងចំណោម​រូបថត​ដែលមាន​ប្រជាប្រិយ​បំផុត​របស់​នាង គឺ​ឈុត​អាវ​ផាយ ធ្វើ​ពីសា​ឡា​ត់​។ ជំនួស​ឱ្យ​ការ​កាន់​កាបូប នាង​បាន​ប្រើ​កូន​ឆ្នាំង​តូច​មួយ​។ រូបថត​នេះ​ត្រូវបាន​គេ​ចុច “Like” ជិត ១២.០០០ នាក់​។​

​នាង​ត្រូវបាន​ម្តាយ​និង​មីង​ជួយ​ក្នុងការ​ច្នៃ​ម៉ូត​ទាំងនេះ​ឡើង​។ នាង​មាន​អ្នកគាំទ្រ​លើ​អ៊ី​ន​ស្តា​ក្រាម​ចំនួន ៥១.០០០ នាក់​៕ ដោយ៖ កញ្ញាដាលីស

នាង ស៊ី​ណេ បិ​ន​ចា​ផន ច្នៃ​ម៉ូត​តាម​តារា​និង​ជន​ល្បី ដោយ​ប្រើ​ចំណីអាហារ