តារា​ស្រី​កូរ៉េ​អាយុ​២៨​ឆ្នាំ​ស្លាប់ បន្ទាប់ពី​រថយន្ត​ពីរ​គ្រឿង​បើក​បុក​នៅលើ​ផ្លូវ​ហាយវ៉េ​

1117
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​៨​ឧសភា​ថា ស្ត្រី​អាយុ ២៨ ឆ្នាំ​ម្នាក់​ដែល​ស្លាប់​បន្ទាប់ពី​ត្រូវ​រថយន្ត​ពីរ​គ្រឿង​បុក​នៅលើ​ផ្លូវ​ហាយវ៉េ​មួយ​កាលពី​ថ្ងៃ​ចន្ទ​គឺជា​តារា​សម្តែង​។​

​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​ដកស្រង់​ប្រភព​ប៉ូលិស​ដោយ​និយាយថា ជនរងគ្រោះ ដែល​ស្លាប់​នៅលើ​ផ្លូវ​ហាយវ៉េ​ឈ្មោះ Incheon Expressway នៅ​ម៉ោង ៣:៥២ ទៀបភ្លឺ​កាលពី​ថ្ងៃ​ចន្ទ តាមពិតទៅ​គឺជា​តារា​សម្តែង​ក្នុង​ខ្សែភាពយន្ត​ភាគ​ទូរទស្សន៍​ក្នុងស្រុក​។​

​ទោះបីជា​ប៉ូលិស​មិន​បង្ហាញ​អត្តសញ្ញាណ​អ្នកស្លាប់​ពេញលេញ​ក៏ដោយ ក៏ប៉ុន្តែ​ក្រោយមក​នាង​ត្រូវ​បង្ហាញ​អត្តសញ្ញាណ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ជា​តារា​សម្តែង​ស្រី​ឈ្មោះ ហាន ជី​សឹង (Han Ji-seong)​។​

​ប៉ុស្តិ៍​ប៉ូលិស​គីម​ប៉ូ​បាន​យក​វីដេអូ​ឃ្លី​ប​ចេញពី​កាមេរ៉ា​នៅក្នុង​រថយន្ត​របស់​តារា​ស្រី​រូបនេះ ដែល​បង្ហាញថា នាង​បាន​ឈប់​នៅ​ពាក់​កណ្តាលផ្លូវ Expressway ដែលមាន​បី​គន្លង​ផ្លូវ​ឆ្ពោះទៅ​ទីក្រុង​សេ​អ៊ូ​ល ដោយបាន​បើកភ្លើង​សុំ​ផ្លូវ​ដើម្បី​ឈប់​ចត រួច​ដើរ​ចេញពី​ផ្នែក​ខាងមុខ​រថយន្ត​ដើម្បី​ទៅ​អង្គុយ​នៅ​ខាងក្រោយ​វិញ​។​

​បន្ទាប់មក នាង​ក៏ត្រូវ​រថយន្ត​តាក់ស៊ី​មួយគ្រឿង និង​រថយន្ត SUV មួយគ្រឿង​ទៀត​បើក​បុក​ពេញទំហឹង​។​

​ស្វាមី​របស់​តារា​សម្តែង​រូបនេះ​ដែល​អង្គុយ​នៅ​កៅអី​អ្នកដំណើរ មុនពេល​ការបុក​នេះ បាន​និយាយថា ពួកគេ​បាន​ឈប់​ដោយសារតែ​គាត់​ចង់​បន្ធូរ​សរសៃសរសូង​។​

​អ្នកបើក​តាក់ស៊ី​និង​អ្នកបើកបរ SUV ត្រូវបាន​កត់​ក្នុង​បញ្ជី​ពិន័យ​ដោយ​គ្មាន​ការឃុំខ្លួន​​ពីបទ​បង្ក​ឱ្យស្លាប់​មនុស្ស​ចេញពី​គ្រោះថ្នាក់​ចរាចរណ៍​។​

​ប៉ូលិស​កំពុង​ស៊ើបអង្កេត​ថា​តើ​ហេតុអ្វី​បានជា​តារា​ស្រី​ម្នាក់នេះ​ចាំបាច់​ត្រូវ​ឈប់​កណ្តាលផ្លូវ​ជំនួស​ឱ្យ​ការ​អែប​រថយន្ត​ទៅ​កៀន និង​ហេតុអ្វី​បានជា​នាង​ចេញ​ក្រៅ​រថយន្ត​។

​ប៉ូលិស​កំពុង​ស៊ើបអង្កេត​ថា​តើ​នាង​បាន​ស្ថិតក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ឬ​អត់​នៅ​គ្រានោះ​៕ ដោយ៖ កញ្ញាដាលីស/Ha

នាង ហាន ជី​សឹង ត្រូវ​រថយន្ត​ពីរ​គ្រឿង​បុក​ស្លាប់​នៅលើ​ផ្លូវ​ហាយវ៉េ​កាលពី​ថ្ងៃ​ចន្ទ