តុលាការ​កំពុង​សាកសួរ​ម្ចាស់​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ម៉ាក​ហ្គូ​ល​ខាប់ ដែល​សមត្ថកិច្ច​អះអាងថា ជា​ប៊ីចេង​ក្លែងក្លាយ​

1235
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: ស្ត្រី​ម្នាក់​ជា​ម្ចាស់​ទីតាំង​វេច​ខ្ចប់​ប៊ីចេង នៅផ្ទះ លេខ​AB4-5 ផ្លូវ​56R សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ បាន​ត្រូវ​សមត្ថកិច្ច​បញ្ជូនមក​តុលាការ​នៅ​រសៀល​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៨ ដើម្បី​ឲ្យ​លោក​ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្វើការ​សាកសួរ​។​

​ស្ត្រី​ម្ចាស់​ទីតាំង​រូបនេះ​ឈ្មោះ សុខ វួ​ច​លីន អាយុ​៤១​ឆ្នាំ បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨ ក្នុង​ប្រតិបត្តិ​ការចុះ​ឆែកឆេរ​ទីតាំង​វេច​ខ្ចប់​ប៊ីចេង ដែល​សមត្ថកិច្ច​ចោទថា​ក្លែងក្លាយ​។​

​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ដកហូត​ភស្តុ​តា​មួយចំនួន​មាន​: ប៊ីចេង​បាវ​ស​ចំនួន ៣៥២​បាវ ប៊ីចេង​បាវ​គគីរ​ចំនួន ១២៥​បាវ ប៊ីចេង​រាយ​ម៉ាក Win Win ចំនួន ១៤០​បាវ ប៊ីចេង​ច្រក​រួច​(500g)​ចំនួន ៣២​បាវ ប៊ីចេង​ច្រក​រួច​ម៉ាក​Gold Cup​ចំនួន ៤៧​កេស ប៊ីចេង​រូប​វែក​(250g) និង​ប៊ីចេង​រាយ​មិនទាន់​វេច​ខ្ចប់​មួយចំនួនទៀត​សរុប​ទំងន់​ទាំងអស់​ប្រមាណ ១៧​តោន​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ ក្រុមគ្រួសារ​ម្ចាស់​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ខាងលើ​បានបង្ហាញ​ឯកសារ ដែល​បញ្ជាក់ថា ទីតាំង​វេច​ខ្ចប់​ប៊ីចេង​នៅផ្ទះ លេខ​AB4-5 ផ្លូវ​56R សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ​នេះ បាន​ត្រូវ GS1 CAMBIDIA ចេញ​វិ​ញ្ញាប​ន​ប័ត្រ ចុះ​ថ្ងៃទី​៣១​ខែតុលា​ឆ្នាំ​២០១៦ បញ្ជាក់ថា ជា​សិប្បកម្ម​វេច​ខ្ចប់​ប៊ីចេង​សុខ វួ​ច​លីន និង​ជា​សមាជិក​នៃ​ស្ថាប័ន​GS1 CAMBIDIA​។​

​ក្រុមគ្រួសារ​ដដែល​បាន​អះអាងថា ប៊ីចេង​ម៉ាក Gold Cup បាន​ត្រូវ​ក្រសួងពាណិជ្ជកម្ម​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ម៉ាក កាលពី​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០១៦ ត្រឹមត្រូវ​តាមច្បាប់​។ ដោយឡែក​ប៊ីចេង​ម៉ាក Win Win គឺ​ខាង​សិប្បកម្ម​វេច​ខ្ចប់​ប៊ីចេង​សុខ វួ​ច​លីន ទិញ​ពី​ដេប៉ូ​ចែកចាយ​តែ​សេះ​មាស​ប៊ីចេង​Win Win និង​ឈ្មោះ ញ៉េប​ហួយ ដោយមាន​វិក័យប័ត្រ​បញ្ជាក់​ច្បាស់លាស់ ពោលគឺ​ប៊ីចេង​ទាំងអស់នេះ មិនមែន​ក្លែងក្លាយ​ទេ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ ខាង​សមត្ថកិច្ច​នគរបាល​និយាយថា ការកំណត់​បទល្មើស​ក្លែងក្លាយ ឬ​មិន​ក្លែងក្លាយ​នោះ គឺ​អាស្រ័យ​លើ​សមត្ថកិច្ច​របស់​តុលាការ ដែល​កំពុង​ចាត់ការ​តាម​នីតិវិធី ព្រោះ​ផុតដៃ​សមត្ថកិច្ច​នគរបាល​ហើយ​៕ ល​