តុលាការ​ឃុំខ្លួន​មន្ត្រី​សាធារណការ​ម្នាក់​ដែល​ចាប់ចង​ស្ត្រី​មាន​ផ្ទៃពោះ​៤​ខែ

95
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​បុរស​ម្នាក់​ជាម​ន្ត្រី​សាធារណ​ការដែល​បាន​យក​ក្រមា​ចង​ស្ត្រី​មាន​ផ្ទៃពោះ​៤​ខែ​ជាប់​នឹង​ទ្វារ​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នោះ​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០២០​ក្រោម​ការចោទប្រកាន់​ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​។​បុរស​រូបនេះ​ឈ្មោះ​អ៊ូ​ប៊ុន​ធី​បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ពោធិ​សែន​ជ័យ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០២០​ខណៈពេលដែល​បាន​ចូលខ្លួន​សារភាព​នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ​ទី​៣​។​

​សូមបញ្ជាក់ថា វីដេអូ​ដែល​ត្រូវបាន​បង្ហោះ​ចែកចាយ​យ៉ាង​ទូលំទូលាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ធ្វើឱ្យ​មហាជន​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ខណៈ​ឃើញ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​សាធារណការ បាន​ចាប់ចង​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​៤​ខែ ជាប់​នឹង​ទ្វារ ហើយ​ស្រែក​ខ្លាំងៗ ថា “​ចង់​ប្តឹង​ទៅណា​ប្តឹង​ចុះ​” ដែលជា​សកម្មភាព​មួយ​បង្ហាញ​ពី​ភាពព្រហើន​យ៉ាងខ្លាំង ។​

​យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​បាន​រៀបរាប់ថា​កាលពី​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០២០​វេលា​ម៉ោង​១​រសៀល​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​រើ​ឥ​វ៉ាន់​របស់​បងស្រី​ឈ្មោះ​ស្រី​ម៉ៅ​ដែល​បាន​ជួល​បន្ទប់​លេខ​A4​ស្ថិតនៅ​ភូមិ​ព្រៃទា​សង្កាត់​ចោមចៅ​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ពេល​ជនរងគ្រោះ​ទៅដល់​បាន​រើ​ឥ​វ៉ាន់ដា​ក់លើ​កង់​បី​ដើម្បី​យកមក​បន្ទប់​ជួល​ថ្មី​នៅក្បែរ​បន្ទប់​ជួល​ចាស់​ស្របពេលនោះ​ម្ចាស់ផ្ទះ​ចាស់​បានមក​រករឿងរ​ហូត​មានទំនាស់​ពាក្យសម្តី​ដោយ​យក​ក្រមា​ចាប់ចង​ជនរងគ្រោះ​ជាប់​នឹង​ទ្វារ​តែម្តង ។​

​ក្រោយ​មានការ​ផ្ទុះ​រឿង​កាន់តែ​ខ្លាំងក្លា​ឡើងៗ គេ​ឃើញ​លោក ហែម​ដា​រិ​ទ្ធិ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ហោះ​សារ​មួយ​អោយ​ត្រូវចិត្ត​ប្រជាពលរដ្ឋ​ដោយ​លោក​និយាយថា​“​ក្នុងនាម​ខ្ញុំបាទ​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នឹង​ជម្រុញ​អោយ​សមត្ថកិច្ច​កិច្ច​ទាំងអស់​តាម​ចាប់​ជនបង្ក​ហេតុ​ម្នាក់នេះ ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​”៕S/​