តុលាការ​ឃុំខ្លួន​មន្ត្រី​យោធា​ពាក់​សក្តិ​៤​ដែល​បាន​បាញ់សម្លាប់​ប្រពន្ធ​ក្នុង​រថយន្ត​

75
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​បុរស​ម្នាក់​ជា​មន្ត្រី​យោធា​ពាក់​សក្តិ​៤​ដែល​បាន​បាញ់សម្លាប់​ប្រពន្ធ​ក្នុង​រថយន្ត បន្ទាប់ពី​ទាស់​ពាក្យសម្តី​គ្នា​ត្រូវ​លោក​កី​ម៉ា​នេ​រ៉ា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០២០​ក្រោម​ការចោទប្រកាន់​ពីបទ​មនុស្សឃាត​ដោយ​អ​ចេតនា​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។​

​មន្ត្រី​យោធា​រូបនេះ​ឈ្មោះ គឹម សារី អាយុ​៥៨​ឆ្នាំ ជា ជំនួយការ​លោក មុំ លី​មឿ​ន អគ្គលេខាធិការ ក្រសួងការពារជាតិរ​ស់​នៅ​ខេត្តបាត់ដំបង​។​ហេតុការណ៍​បាញ់សម្លាប់​នេះ​បាន​កើតឡើង​នៅតាម​ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២០​កន្លងទៅ ។

ចំណែក​ជនរងគ្រោះ​ជា​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះ​សោម​សា​រៀប​អាយុ​៥០​ឆ្នាំមាន​ស្រុកកំណើត​ខេត្ត​បន្ទាយមានជ័យ​។​សមត្ថកិច្ច​បានឱ្យដឹង​ថា​ក្រោយពី​បាញ់​ហើយ ជនដៃដល់​បាន​ដឹក​សព​ប្រពន្ធ​ពី​ភ្នំពេញ មកកាន់​ភូមិ​ព្រែក​រុន​ឃុំ​ព្រែក​គយ​ស្រុក​ស្អាង​ខេត្តកណ្តាល​រួចហើយ​គាត់​បាន​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល​ឱ្យមក​ឃាត់ខ្លួន​គាត់ ដោយ​គាត់​មាន​កំហុស សូម​ចូលខ្លួន​សារភាព​ទោស មិន​រត់​ទៅណា​ទេ​។​

​ជនសង្ស័យ​ជា​ឃាតក​បាន​សារភាព​ប្រាប់​នគរបាល​ខេត្តកណ្តាល​ថា​មុន​កើតហេតុ​គឺ​គាត់​មានការ​ជជែក​ជាមួយ​ភរិយា​ក្នុង​រឿង​អន់ចិត្ត​ប្រចណ្ឌ​ហើយ​ប្រពន្ធ​គាត់​ក៏​មក​ប្រតាយប្រតប់​ប៉ៈ​កាំភ្លើង​ដែល​គាត់​បញ្ចូល​គ្រាប់​រួច​ក៏​បណ្តាលឱ្យ​ផ្ទុះ​ត្រូវស្លាប់​តែម្តង​។​បន្ទាប់ពី​បានធ្វើ​ការសាកសួរ​រួច​សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល​បាន​បញ្ជូន​មន្ត្រី​យោធា​រូបនេះ​មក​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕S/​