តុលាការ​ធម្មនុញ្ញ​ដល​តំណែង​សភា​របស់​សមាជិកសភា​ប្រឆាំង​ដ៏​លេចធ្លោ​

599
ចែករម្លែក

​មហាសេដ្ឋី​លេចធ្លោ​ជាង​គេ​នៃ​ប្លុក​ប្រឆាំង​យោធា​ថៃ ត្រូវបាន​ដក​ឋានៈ​សមាជិក​សភា​កាលពី​ថ្ងៃ​ពុធ​ទី​២០​វិច្ឆិកា ដោយសារ​តែ​ការចោទប្រកាន់ថា​លោក​នៅ​កាន់កាប់​ភាគហ៊ុន​​ក្នុង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​មួយ​ក្នុងពេល​ឈរឈ្មោះ​បោះឆ្នោត​កាលពី​ខែ​មីនា​។​ការសំរេច​របស់​តុលាការ​នេះ នឹង​បើកផ្លូវ​អោយមាន​ការកាត់ទោស​ដែល​អាច​នាំ​ដល់​ការហាម​លោក​​មិនអោយ​ធ្វើ​នយោបាយ​៥​ឆ្នាំ និង​ជាប់គុក​១០​ឆ្នាំ​។​

​ថា​ណា​ថន រឿង​រុងរឿង​គិត និង​គណបក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ​របស់​លោក បាន​ទាក់ទាញ​ការគាំទ្រ​ភ្លូ​កក​ទឹក​ភ្លូ​កដី​ក្នុងចំណោម​យុវជន​នៅក្នុង​ការបោះឆ្នោត​កាលពី​ខែ​មីនា ដោយ​ធ្វើអោយ​វា​ក្លាយជា​បក្ស​ជាប់ឆ្នោត​ធំ​លំដាប់​ទី​៣ និង​ជា​ការប្រកាសអាសន្ន​មួយ​ដល់​ស្ថាប័ន​ជាន់​លើ​។​

​បុរស​និយាយ​មិន​សំចៃមាត់​វ័យ​៤០​ឆ្នាំ​រូប​នេះ បាន​លើក​ពី​ការព្រួយបារម្ភ​របស់​ប្រជាជន​ថៃ​អំពី​តួនាទី​របស់​យោធា​នៅ​ក្នុង​នយោបាយ​ថៃ ដែល​បាន​ធ្វើ​រដ្ឋប្រហារ​យ៉ាងតិច​១២​លើក​​ចាប់តាំងពី​ឆ្នាំ​១៩៣២​។​លោក​ចង់​កាត់​បន្ថយ​ឥទ្ធិពល​យោធា​ក្នុងសង្គម​ថៃ ដោយ​បន្ថយ​ចំណាយ​យោធា​និង​លុបបំបាត់​កំណែន​ទ័ព ព្រមទាំង​ជំរុញ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​​បច្ចុប្បន្ន ដែល​តំរូវ​អោយ​ព្រឹទ្ធសភា​ដែល​ពោរពេញ​ដោយ​សមាភាព​យោធា​មាន​ភារកិច្ច​ជ្រើសរើស​នាយករដ្ឋមន្ត្រី ។​

​តែ​ចាប់​តាំងពី​ការ​បោះឆ្នោត​មក លោក​តស៊ូ​នឹង​ករណី​ក្តីក្តាំ​ហើយ​ត្រូវ​ផ្អាក​អាសនៈ​នៅ​សភា​ក្រោយ​ពី​រង​បណ្តឹង​ថា​លោក​នៅ​មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​មួយ​នៅពេល​​លោក​ចុះ​ឈ្មោះ​ជា​បេក្ខជន​សភា​។​

​លោក​បាន​បដិសេធ​ការចោទប្រកាន់ និង​បាន​អះអាងថា បណ្តឹង​នេះ​មាន​ហេតុផល​នយោបាយ តែ​ចៅក្រម​នៅ​តុលាការ​ធម្មនុញ្ញ​សំរេច​ប្រឆាំង​រូប​លោក​កាលពី​ថ្ងៃ​ពុធ ដោយ​ហៅ​​ភស្តុតាង​របស់​លោក​ថា​«​គួរអោយ​សង្ស័យ​»​និង​បាន​ដកតំណែង​សភា​របស់​លោក​។​

​ការដក​ឋានៈ​សភា​នេះ អាច​នាំ​អោយ​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត​ធ្វើបណ្តឹង​ព្រហ្មទណ្ឌ ដែល​អាច​មាន​ទោស​ធ្ងន់ រួម​មាន​បំរាម​ធ្វើ​នយោបាយ​និង​ការជាប់គុក​។​

​ថា​ណា​ថន បាន​និយាយ​ដដែលៗ​ថា ភាគហ៊ុន​៦៧៥.០០០​ដែល​លោក​កាន់កាប់​ក្នុង​ក្រុមហ៊ុន V-Luck Media ត្រូវ​លោក​លក់​ទៅ​អោយ​ម្តាយ​នៅ​ថ្ងៃ​៨​មករា នៅ​ប៉ុន្មាន​សប្តាហ៍​​មុន​លោក​ចុះ​ឈ្មោះ​ជា​បេក្ខជន​។​តែ​តុលាការ​ច្រាន​ចោល​ការអះអាង​នេះ ដោយ​ថា​មិនមាន​«​ភស្តុតាង​ផ្លូវការ​»​អំពី​ការផ្ទេរ​ភាគហ៊ុន​នៅ​ថ្ងៃ​នោះទេ​។​

​លោក​ថា​ណា​ថន នៅ​តែ​បង្ហាញ​ការ​មិន​តក់ស្លុត​ក្រោយ​តុលាការ​ចេញ​សាលក្រម ដោយ​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ក្រៅ​តុលាការ​ថា ពួក​ចៅក្រម​អោយ​ទម្ងន់​ខ្លាំង​លើ​​ការ​សន្មតិ ជាជាង​ភស្តុតាង​ដែល​លោក​ផ្តល់អោយ​៕​ដោយ​៖​វាសនា​

​លោក​ថា​ណា​ថន និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ក្រៅ​តុលាការ និង​ប្រាប់​អ្នកគាំទ្រ​ថា​«​បក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ​មិន​ទាន់​ចប់​នៅឡើយ​ទេ​»