តុលាការ​សម្រេច​ឃុំខ្លួន​មន្ត្រី​យោធា​បាញ់​ក្នុង​ហាង​ខារ៉ាអូខេ ប៊ី ហ្គោល​

977
ចែករម្លែក
ខ្មាន់កាំភ្លើង​ឈ្មោះ សាន សុច

​ដោយៈ មុនី​រ័ត្ន​-​សុផាន់​/​ភ្នំពេញៈ​លោក​គឹម រ័ត្ន​ណារិន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បានសម្រេច​ឃុំខ្លួន​មន្ត្រី​យោធា​ម្នាក់​ដែល​បាន​បាញ់​ច្រើន​គ្រាប់​ក្នុង​ហាង​ខារ៉ាអូខេ​ប៊ី ហ្កោ​ល ( B-Gold) ដាក់ពន្ធនាគារ និង​ដាក់​ឲ្យ​ស្ថិតក្រោម​ការពិនិត្យ​ពីបទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា និង​ការប្រើប្រាស់​អាវុធ​គ្មាន​ការអនុញ្ញាត​។ ការសម្រេច​នេះ បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩​។​


​បុរស​ជា​យោធា​និង​ជា​ខ្មាន់កាំភ្លើង​ត្រូវបាន​គេ​ស្គាល់ឈ្មោះ សាន សុច អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​
​មន្ត្រី​យោធា​រូបនេះ​បាន​ផឹកស៊ី​ស្រវឹង​បាញ់​ក្នុង​ហាង​ខារ៉ាអូខេ​B-Gold ដោយ​គ្មាន​ញញើត​កាលពី​យប់​ថ្ងៃទី​២​ខែមិថុនា​រួច​ក៏​គេចខ្លួន​។​ប៉ុន្តែ បាន​ចូលខ្លួន​មក​សារភាព​នៅ​ប៉េអឹម​ក្រុង​តាខ្មៅ ខេត្តកណ្ដាល កាលពី​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា ដើម្បី​ឲ្យ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ បន្ទាប់ពី​ស្តាប់​ចម្លើយ​រួច ប៉េអឹម​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​រូបនេះ ទៅ​សាលាដំបូង​ខេត្តកណ្តាល កាលពី​រសៀល​ថ្ងៃទី​៣ ខែមិថុនា ។​


​ករណី​បាញ់បោះ​អនាធិបតេយ្យ​នេះ បាន​កើតឡើង​កាលពី​យប់​ម៉ោងជាង​៨ ថ្ងៃទី​២ ខែមិថុនា នៅ​ហាង​ខារ៉ាអូខេ B-Gold ភូមិ​ព្រែ​ករាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ​។ បន្ទាប់ពី​មាន​ករណីនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល រួមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​។​
​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា​មន្ត្រី​យោធា​រូបនោះ បាញ់​ចំនួន​បួន​គ្រាប់ តែ​ផ្ទុះ​តែ​បី​គ្រាប់​ទេ​។ ករណី​បាញ់​នេះ គឺ​មិនបាន​បណ្ដាល​ឲ្យ​មាន​អ្នករបួស​និង​អ្នកស្លាប់​នោះទេ​។ ខ្មាន់កាំភ្លើង​ឈ្មោះ សាន សុច គឺជា​អង្គរក្ស​ផ្ទាល់​របស់​មន្ត្រី​ម្នាក់​នៅក្នុង​ខេត្តកណ្ដាល​។ ប៉ុន្តែ​ទោះបីជា​អង្គរក្ស​អ្នកធំ​ណាក៏ដោយ​សមត្ថកិច្ច​ត្រូវតែ​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាពថា បន្ទាប់ពី​ជួបជុំ​មិត្ត​ភ​ក្រ័​ផឹកស៊ី​ច្រៀង​កម្សាន្ត​លេង​នៅ​ខារ៉ាអូខេ​ប៊ី​ហ្គោល ។​គឺ​រូបគេ​ស្រវឹង​យ៉ាងខ្លាំង​រហូតដល់​បាត់បង់​ស្មារតី​និង​មិន​ចង់ចាំ​អស់រឿង​ហេតុដែល​បណ្តាល​ឲ្យ​មានការ​ផ្ទុះអាវុធ​នោះទេ​។ គ្រាន់តែ​ចាំ​ថា​មានទំនាស់​ពាក្យសំដី​ជាមួយ​បុគ្គលិក​។​


​តាម​ការស្រាវជ្រាវ​និង​ចុះ​ពិនិត្យ​កន្លែងកើតហេតុ​បឋម ការបាញ់បោះ​នេះ​ពុំ​បណ្តាល​ឲ្យ​រងរបួស​ដល់​អ្នកដទៃ​ឡើយ​គ្រាន់តែ​គ្រាប់កាំភ្លើង​ត្រូវ​សម្ភារៈ​ខ្លះ​ប៉ុណ្ណោះ​។​វត្ថុតាង​មាន ស្រោម​កាំ​ភ្លើងពណ៌​ខ្មៅ​ចំនួន​មួយ​,​សោរ​ម៉ូតូ​មួយ​ចង្កោម​(​កូនសោរ​ម៉ូតូ​មួយ​កូនសោរ​រថយន្ត​មួយ​តេ​ឡេ​រថយន្ត​មួយ​)​។ គ្រាប់​កាំភ្លើងខ្លី ម៉ា​កឡុក​ចំនួន​បួ​យ បាញ់​ផ្ទុះ អស់បី​គ្រាប់​(​លេខ​A-USA 9MM-LUGER) ។​


​ប្រភព​បន្តថា​ដំបូង​ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​សេ​១២៥​ពណ៌​ខ្មៅ សេរី​២០១៩ ចូល​ផឹកស៊ី​ច្រៀង​កា​រ៉ា​អូ​ខេ​នៅ​ហាង​B-Gold​បន្ទប់​លេខ​៨៨៨​ជាមួយ​មិត្តភក្តិ​ប្រុស​ពីរ​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ​។​បន្ទាប់មក​ក៏បាន​ឈ្លោះប្រកែក​គ្នា ហើយ​គេ​ឃើញ​ជនសង្ស័យ​ដើរ​ចេញមកក្រៅ​ហាង​ចាក់​កែបម៉ូតូ​យក​កាំភ្លើងខ្លី​ពណ៌​ខ្មៅ​យក​ដើរ​ចូលទៅ​បាញ់​ក្នុង​ហាង​ចំនួន​បួន​គ្រាប់ ហើយ​ផ្ទុះ​បី​គ្រាប់​។​បុរស​នេះ ស្រែកថា អញ​ឈ្មោះ អា​សុច អាណា​ខ្លាំង​ចេញមក​អញ បាញ់​ឲ្យ​ងាប់​!! រួចហើយ​ជិះ​ម៉ូតូ​តាមផ្លូវ​១១៥​ទៅ​ទិស​ខាងលិច​រួច​បាញ់​ឡើងលើ​មួយ​គ្រាប់​ទៀត ហើយ គេចខ្លួន​បាត់ទៅ​៕SRN