តួក្នុងរឿង Star Wars ស្លាប់ដោយសារកូវីដ១៩នៅអាយុ ៧៦ ឆ្នាំ

185
ចែករម្លែក

តារាសម្តែងក្នុងរឿង Star Wars លោកអេនឌ្រូ ជែក បានស្លាប់ដោយសារកូវីដ១៩នៅចក្រភពអង់គ្លេស នៅអាយុ ៧៦ ឆ្នាំ។ នេះយោងតាមភ្នាក់ងាររបស់គាត់ប្រកាសនៅថ្ងៃពុធទី១មេសានេះ។

ភ្នាក់ងាររបស់គាត់ឈ្មោះ ជីល ម៉ាកឃូលឡូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តារាសម្តែង ដែលធ្វើការជាគ្រូបង្ហាត់ពាក្យគ្រាមដែរនោះ បានស្លាប់នៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុងសួរីរបស់អង់គ្លេសកាលពីថ្ងៃអង្គារទី៣១មីនា។

លោកម៉ាកឃូលឡូនិយាយថា​ “លោកអេនឌ្រូរស់នៅលើផ្ទះទូកចាស់បំផុតមួយនៅលើទន្លេថាមស៍។ គាត់ជាមនុស្សឯករាជ្យបំផុត ប៉ុន្តែលង់ស្នេហ៍ខ្លាំងជាមួយប្រពន្ធរបស់គាត់ ដែលជាគ្រូបង្វាត់ភាសាគ្រាមផងដែរ”។

លោកជែកបានបង្ហាញខ្លួនក្នុងរឿង “Star Wars: Episode VIII – The Last Jedi” ជាតួឧត្តមសេនីយ៍អេម៉ាត ក៏ដូចជាខ្សែភាពយន្តរឿង “Solo: A Star Wars Story” និងរឿង “Star Wars: Episode VII – The Force Awakens” ផងដែរ។

ប្រពន្ធរបស់គាត់ ឈ្មោះ ហ្គាព្រីល រ៉ូជើ ដែលកំពុងបង្ខាំងខ្លួនដាច់ដោយឡែកនៅអូស្ត្រាលី បានបង្ហោះលើបណ្តាញសង្គមថា “អេនឌ្រូ ជែក បានធ្វើរោគវិច្ឆ័យឃើញកូវីដ១៩ពីរថ្ងៃមុន។ គាត់គ្មានការឈឺចាប់ ហើយគាត់បានលាចាកលោកដោយសុខសាន្តព្រោះបានដឹងថាគ្រួសារគាត់ទាំងអស់នៅជាមួយគាត់”៕ ដោយ៖ កញ្ញាដាលីស