តំណាងរាស្ត្រឥណ្ឌាអំពាវនាវឱ្យប្រជាជនផឹកទឹកនោមគោដើម្បីកម្ចាត់វីរុសកូរ៉ូណា

1823
ចែករម្លែក

វីរុសកូរ៉ូណាបានឆ្លងដល់មនុស្ស ៣១ នាក់នៅក្នុងប្រទេសឥណ្ឌា។ វីរុស ដែលកើតចេញពីទីក្រុងវូហាននៅខេត្តហ៊ូប៉ីរបស់ចិន បានរាលដាលដល់ប្រទេសយ៉ាងតិច ៨៥ ហើយបានសម្លាប់មនុស្សជាង ៣.៣០០ នាក់នៅទូទាំងពិភពលោក។ ចាប់តាំងពីពេលនោះមក មានមនុស្សច្រើនជាង ៥៣.៧០០ នាក់បានជាសះស្បើយពីជំងឺនេះ។

មេរោគកូរ៉ូណាកំពុងក្លាយជាវិបត្តិពិភពលោកដោយសារវាបានឆ្លងដល់មនុស្សខ្ទង់ ១០ ម៉ឺននាក់នៅទូទាំងពិភពលោក ដោយក្នុងនោះមានមនុស្ស ៣១ នាក់ធ្វើតេស្តវិជ្ជមាននៅក្នុងប្រទេសឥណ្ឌា រូមមានភ្ញៀវទេសចរអ៊ីតាលី ១៦ នាក់។ ដោយគិតគូរខ្លាំងអំពីស្ថានភាពអាសន្ននៅក្នុងចិត្តរហូតនោះ មនុស្សជាច្រើនកំពុងបង្កើតទ្រឹស្តីផ្ទាល់ខ្លួនដើម្បីទប់ស្កាត់មេរោគនេះ ហើយវិធីព្យាបាលមួយក្នុងចំណោមនោះគឺទឹកនោមគោ ដែលលើកឡើងដោយសមាជិកសភាបក្សកាន់អំណាច Bharatiya Janata (BJP) មកពីរដ្ឋអ៊ូតថារ៉ាខាន់។

លោក សានចាយ ហ្គូបតា សមាជិកសភាគណបក្ស BJP មកពីតំបន់ឡាក់សាក្នុងទីក្រុងហារីដវ៉ា ជឿថា ពិធីសាសនាបែបហិណ្ឌូបុរាណនិងទឹកនោមគោអាចសម្លាប់វីរុសកូរ៉ូណានៅក្នុងខ្យល់និងក្នុងខ្លួនមនុស្សបាន។

នៅក្នុងវីដេអូមួយ ដែលកំពុងល្បីលើបណ្តាញសង្គម គេអាចស្តាប់ឮគាត់និយាយថា “ការថ្វាយបង្គំព្រះវេឌីកក្នុងជំនឿសាសនាហិណ្ឌូបុរាណនឹងជួយសម្លាប់មេរោគកូរ៉ូណានៅក្នុងខ្យល់អាកាស”។

គាត់ក៏មានអារម្មណ៍ផងដែរថា ការជូតសម្អាតឥដ្ឋជាមួយនឹងអាចម៍គោក៏នឹងជួយក្នុងការកម្ចាត់មេរោគផងដែរ។

លោកបាននិយាយថា “កាលពីមុនប្រជាជននៅក្នុងប្រទេសនេះបានជូតអាចម៍គោលើកម្រាលឥដ្ឋក្នុងផ្ទះរបស់ពួកគេដោយបង្ហាញពីប្រសិទ្ធភាពសម្លាប់មេរោគ។ ប៉ុន្តែឥឡូវនេះមនុស្សបានភ្លេចវាហើយ។ ខ្ញុំប្រាកដណាស់ថា ប្រសិនបើពួកគេចាប់ផ្តើមវាម្តងទៀត វីរុសកូរ៉ូណានឹងមិនចូលក្នុងផ្ទះរបស់ពួកគេនោះទេ។ ក្រៅពីនេះ ប្រជាជនក៏គួរផឹកទឹកនោមគោដើម្បីការពារការឆ្លងវីរុសកូរ៉ូណាដែរ ព្រោះវាមានគុណសម្បត្តិប្រឆាំងនឹងមេរោគយ៉ាងអច្ឆរិយៈ”៕ ដោយ៖ កញ្ញាដាលីស

លោក សានចាយ ហ្គូបតា សមាជិកសភាគណបក្ស BJP ប្រាប់ប្រជាជនឱ្យផឹកទឹកនោមគោដើម្បីកម្ចាត់វីរុសកូរ៉ូណា
លោក សានចាយ ហ្គូបតា សមាជិកសភាគណបក្ស BJP ប្រាប់ប្រជាជនឱ្យផឹកទឹកនោមគោដើម្បីកម្ចាត់វីរុសកូរ៉ូណា