តំណាង​ផ្នែក​វប្បធម៌ និង​សារមន្ទីរ​ប្រទេស​អាស៊ាន ចុះ​សិក្សា​ស្វែងយល់​ពី​ការងារ​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​

1334
ចែករម្លែក

​ដោយ:​គូលែន​/​សៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា សិក្ខាកាម​ជា​តំណាង​ស្ថាប័ន​ផ្នែក​វប្បធម៌ និង​សារមន្ទីរ​នៃ​ប្រទេស​អាស៊ាន បាន​ចូលជួប​សម្ដែង​ការគួរសម​ជាមួយ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា ក៏ដូចជា​សិក្សា​ស្វែងយល់​ពី​ការងារ​គ្រប់គ្រង​រមណី​ដ្ឋា​ន​អង្គរ ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។​

លោក ហង់ ពៅ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បាន​អរគុណ​ដល់​កិច្ចសហប្រតិបត្តិការ​នា​នា​របស់​ប្រទេស​អាស៊ាន ក៏ដូចជា​ការជ្រើសរើស​រមណីយដ្ឋាន​អង្គរ​ជា​គោលដៅ​សម្រាប់​សិក្សា​ស្វែងយល់​នានា រួមទាំង​សិក្ខាសាលា​នៅពេលនេះ​ជាដើម រួមទាំង​ការធ្វើ​បទ​បង្ហាញ​ខ្លី​ទាក់ទង​នឹង​ការងារ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ជូន​ដល់​អ្នកចូលរួម​ឱ្យ​យល់​ផងដែរ ហើយ​តាមរយៈ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​រីករាយ​ជានិច្ច ក្នុងការ​ចែករំលែក​ប​ទ​ពិសោធន៍​ការងារ​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ ដល់​ប្រទេស​នានា​ដែល​ចង់​រៀនសូត្រ ។​

​លោក​បណ្ឌិត យូ យ៉ុ​ន​ហាន់ មន្ត្រី​ផ្នែក​វប្បធម៌ និង​កិច្ចការ​សាសនា​នៃ​ប្រទេស​ភូមា និង​តំណាង​លោក​សាស្ដ្រាចារ្យ យូ​ស៊ី​អាគី អ៊ី​ស៊ី​សាវ៉ា ប្រធាន​សាកលវិទ្យាល័យ​ស៊ូ​ហ្វី​យ៉ា បាន​លើកឡើងថា សាកលវិទ្យាល័យ​ស៊ូ​ហ្វី​យ៉ា បានរៀបចំ​សិក្ខាសាលា​រយៈពេល​៧​ថ្ងៃ ដោយ​ពិភាក្សា​ពី​តួនាទី​របស់​សារមន្ទីរ​នៅក្នុង​តំបន់​អាស៊ាន ហើយ​នេះ​ក៏​ជា​ឆ្នាំ​ទី​២ ដែល​សិក្ខាសាលា​នេះ​ត្រូវបាន​រៀបចំឡើង ដោយ​ប្រធានបទ​សម្រាប់​ឆ្នាំនេះ គឺ​ការ​ទុកដាក់​វត្ថុ​បុរាណ​ដែល​រកឃើញ​នៅក្នុង​តំបន់​ការពារ ការចុះ​ប​ញ្ជើ​សារពើភ័ណ្ឌ ការតាំង​បង្ហាញ និង​ការ​ផ្តល់ព័ត៌មាន​ដល់​ប្រជាជន​ក្នុង​តំបន់ ឱ្យ​ស្គា​ល់ពី​ស្ថាប័ន​គ្រប់គ្រង​ដោយ​របៀប​ណា ។​ល​។​

​លោក​បណ្ឌិត ឡៅ គឹម​លាង អ្នកដឹកនាំ​កម្មវិធី​សិក្ខាសាលា​អន្ដរជាតិ​សារមន្ទីរ និង​វត្ថុ​បុរាណ អាស៊ាន​ឆ្នាំ ២០១៨ បានឱ្យដឹងថា បណ្ដា​ប្រទេស​អាស៊ាន​មាន​បញ្ហា​ទាក់ទង​នឹង​ការងារ​សារមន្ទីរ និង​វត្ថុ​បុរាណ ប្រហាក់​ប្រហែល ដូច្នេះ​សិក្ខាសាលា​នេះ គឺ​ចង់​ធ្វើយ៉ាងណា​ឱ្យ​បណ្ដា​ប្រទេស​ទាំងនោះ​មាន​យន្តការ​តែមួយ បែបបទ​តែមួយ ដើម្បី​ដោះស្រាយ​បញ្ហា​រួមគ្នា គម្រោង​របស់​សាកលវិទ្យាល័យ​ស៊ូ​ហ្វី​យ៉ា គ្រោង​នឹង​រៀបចំ​សិក្ខាសាលា​នេះ​រយៈពេល​៣​ឆ្នាំ ដោយ​ឆ្នាំ​ទី​១ ធ្វើឡើង​កាលពី​ឆ្នាំទៅ ផ្តោតលើ​ប្រធានបទ ការគ្រប់គ្រង​សារមន្ទីរ​នៅតាម​ជនបទ ឬ​តាម​បណ្តា​ខេត្ត​។​

​គួរ​បញ្ជាក់ថា សិក្ខាសាលា​អន្ដរជាតិ​សារមន្ទីរ និង​វត្ថុ​បុរាណ អាស៊ាន​ឆ្នាំ ២០១៨ ធ្វើឡើង​រយៈពេល​៧​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២ ដល់ទី​៨ ខែវិច្ឆិកា ដោយ​កម្មវិធី​នេះ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ខណៈ​នៅ​ខេត្តសៀមរាប សិក្ខាកាម​នឹង​ចុះ​សិក្សា​ស្វែងយល់​នៅ​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ អភិរក្ស​ដ្ឋា​ន​អង្គរ ការដ្ឋាន​ជួសជុល​ប្រាសាទ និង​ទស្សនា​ប្រាសាទ​មួយចំនួនទៀត​៕B/