ត្រាំនិយាយថាអាម៉េរិកនឹងមិនចេញលុយថ្លៃការពារសន្តិសុខឱ្យហារីនិងមេហ្គាន

205
ចែករម្លែក

ប្រធានាធិបតីដូណាល់ត្រាំបាននិយាយកាលពីថ្ងៃអាទិត្យទី២៩មីនាថា សហរដ្ឋអាម៉េរិកនឹងមិនបង់ថ្លៃសន្តិសុខសម្រាប់ព្រះអង្គម្ចាស់ហារីនិងព្រះនាងមេហ្គានឡើយ ដោយទំនងហាក់បញ្ជាក់ថា គូស្នេហ៍រាជវង្សអង់គ្លេសនេះបានផ្លាស់មករស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាហើយ។

តាមសេចក្តីរាយការណ៍ពួកទ្រង់បានហោះតាមយន្តហោះឯកជនពីកាណាដាទៅឡូសអ៊ែនជេឡេសមុនពេលព្រំដែនរវាងប្រទេសទាំងពីរបិទទ្វារដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩។

គូស្វាមីភរិយានេះ ដែលបានរស់នៅក្នុងប្រទេសកាណាដាអស់រយៈពេលជាច្រើនខែ បានធ្វើឱ្យរង្គោះរង្គើគ្រួសាររាជវង្សកាលពីដើមឆ្នាំនេះ ដោយពួកទ្រង់សម្រេចចិត្តលែងតំណាងឱ្យរាជាធិបតេយ្យអង់គ្លេសនិងបន្តជីវិតឯករាជ្យថ្មី។

លោកត្រាំបានសរសេរលើ Twitter ថា “ខ្ញុំជាមិត្តអស្ចារ្យនិងជាអ្នកកោតសរសើរព្រះមហាក្សត្រិយានីនិងចក្រភពអង់គ្លេស។ មានសេចក្តីរាយការណ៍ថា ហារីនិងមេហ្គាន ដែលបានចាកចេញពីចក្រភពអង់គ្លេស នឹងស្នាក់នៅជាអចិន្ត្រៃយ៍នៅប្រទេសកាណាដា។ ទោះយ៉ាងណា ឥឡូវនេះពួកទ្រង់បានចាកចេញពីកាណាដាទៅកាន់សហរដ្ឋអាម៉េរិក។ សហរដ្ឋអាម៉េរិកនឹងមិនបង់ថ្លៃការពារសន្តិសុខរបស់ពួកទ្រង់ទេ។ ពួកទ្រង់ត្រូវតែបង់ថ្លៃ!”។

មេហ្គានធំធាត់នៅទីក្រុងឡូសអ៊ែនជេឡេសហើយម្តាយរបស់ទ្រង់ ឈ្មោះ ដូរៀ រ៉ាកលែន នៅកំពុងរស់នៅក្នុងទីក្រុងនេះនៅឡើយ។

អតីតតារាសម្តែងរូបនេះមានបណ្តាញមិត្តភក្តិជាច្រើន និង កុងត្រាការងារនៅឡូសអ៊ែនជេឡេស កន្លែងដែលព្រះនាងឥឡូវនេះអាចចាប់ផ្តើមអាជីពរបស់ទ្រង់ឡើងវិញ។

ក្រុមហ៊ុន Disney បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា មេហ្គាននឹងសម្តែងក្នុងរឿងថ្មីអំពីគ្រួសារដំរីអាហ្វ្រិក៕ ដោយ៖ កញ្ញាដាលីស

ហារីនិងមេហ្គានត្រូវតែចេញថ្លៃការពារដោយខ្លួនឯង