ត្រាំលុបចោលកិច្ចប្រជុំ G7 នៅខែមិថុនា ដោយសារកូវីដ១៩

136
ចែករម្លែក

សេតវិមានបាននិយាយថា លោកប្រធានាធិបតីដូណាល់ត្រាំកាលពីថ្ងៃព្រហស្បតិ៍ទី១៩មីនាបានលុបចោលកិច្ចប្រជុំ G7 នៅឯទីក្រុងខេមដេវីដ ដែលគ្រោងនឹងធ្វើឡើងនៅខែមិថុនា ដោយលើកឡើងពីការរីករាលដាលនៃជំងឺកូវីដ១៩។

អ្នកនាំពាក្យសេតវិមាន លោក ចាត់ ឌា និយាយថា មេដឹកនាំនៃប្រទេសឧស្សាហកម្មធំៗទាំង ៧ រួមមានអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និង សហរដ្ឋអាម៉េរិកនឹងមកចូលរួមតាមរយៈវីដេអូខុនហ្វើរិនជំនួសវិញ។

លោកត្រាំបាននិយាយជាមួយមេដឹកនាំ G7 កាលពីថ្ងៃចន្ទតាមរយៈវីដេអូខុនហ្វើរិននៅក្នុងកិច្ចប្រជុំមួយ ដែលរៀបចំឡើងដោយប្រធានាធិបតីបារាំងលោក អេមម៉ានូអែល ម៉ាក្រុង។ លោកឌានិយាយថា លោកត្រាំ ដែលកាន់មុខតំណែងជាអ្នកដឹកនាំក្រុមប្រទេស G7 នៅឆ្នាំនេះ នឹងរៀបចំការប្រជុំតាមរយៈវីដេអូបែបនេះរៀងរាល់ខែ ខណៈពិភពលោកកំពុងជួបការលំបាកក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត និង ផលប៉ះពាល់សេដ្ឋកិច្ចរបស់ខ្លួន។

លោកឌានិយាយថា ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមានលោក ឡារី ឃូដឡូវ បានជូនដំណឹងដល់សហសេវិករបស់លោកអំពីការផ្លាស់ប្តូរនេះដើម្បីអនុញ្ញាតឱ្យ “ប្រទេសនីមួយៗផ្តោតធនធានទាំងអស់លើការឆ្លើយតបទៅនឹងបញ្ហាសុខភាពនិងសេដ្ឋកិច្ចបង្កឡើងដោយកូវីដ១៩” ។

ការប្រកាសនេះធ្វើឡើងនៅពេលដែលប្រទេសនានានៅទូទាំងពិភពលោកបានអនុវត្តការរឹតត្បិតការធ្វើដំណើរនិងការរក្សាគម្លាតឆ្ងាយពីគ្នាដើម្បីព្យាយាមទប់ស្កាត់ការរីករាលដាលនៃជំងឺកូរ៉ូណា។ គេមិនទាន់ដឹងច្បាស់ទេថាតើការរឹតបន្តឹងទាំងនោះនឹងត្រូវរក្សាទុករយៈពេលយូរប៉ុនណា។

ដំបូងឡើយលោកត្រាំសង្ឃឹមថានឹងរៀបចំកិច្ចប្រជុំកំពូលនេះនៅឯរមណីយដ្ឋានវាយកូនហ្គោលឯកជនរបស់គាត់នៅក្រៅក្រុងម៉ៃអាមី មុនពេលប្តូរទៅទីក្រុងខេមដេវីដ បន្ទាប់ពីមានការរិះគន់ជាសាធារណៈ៕ ដោយ៖ កញ្ញាដាលីស

លោកត្រាំលុបចោលកិច្ចប្រជុំកំពូល G7 នៅខែមិថុនានៅទីក្រុងខេមដេវីដ ដោយសារកូវីដ១៩