ត្រាំ​និយាយថា​ការបាញ់ប្រហារ​នៅ​បា​រាំងជា​ភស្តុតាង​បញ្ជាក់ថា អាមេរិក​ត្រូវការ​របង​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​ច​

738
ចែករម្លែក

ប្រធានាធិបតីដូណាល់ ត្រាំរបស់អាមេរិកបានចង្អុលទៅកាន់ការបាញ់ប្រហារនៅផ្សារណូអែលមួយនៅបារាំងដើម្បីពង្រឹងការទាមទាររបស់លោកសំរាប់ប្រាក់សាងសង់របងព្រំដែនអាមេរិកជាមួយម៉ិកស៊ិច។

ការសរសេរបង្ហោះសាររបស់ត្រាំដោយភ្ជាប់បញ្ហាព្រំដែនទៅនឹងការបាញ់ប្រហារនៅទីក្រុងស្រ្តាសបួកកាលពីថ្ងៃអង្គារបានកើតឡើងទោះជាការពិតបង្ហាញថាជនសង្ស័យជាអ្នករស់នៅក្នុងទីក្រុងនេះនិងមានប្រវត្តិប្រព្រឹត្តបទល្មើសនិងមានគំនិតជ្រុលនិយមក្តី។

រដ្ឋអាជ្ញាបារាំងម្នាក់បាននិយាយថា ខ្មាន់កាំភ្លើងបានស្រែក«អាឡាហ៊ូ អាក់បា» ជាភាសាអារ៉ាប់មានន័យថា«ព្រះអស្ចារ្យបំផុត»មុនពេលបាញ់ប្រហារនៅផ្សារណូអែលពេញនិយមមួយនៅក្នុងក្រុងស្រ្តាបួក ដោយបានសម្លាប់មនុស្ស៣នាក់និងរបួសជាងដប់នាក់។

សូមបញ្ជាក់ថា ត្រាំបានប៉ះទង្គិចសម្តីជាខ្លាំងជាមួយមេដឹកនាំក្រុមសម្លេងភាគិចក្នុងព្រឹទ្ធសភានិងប្រធានសភាមកពីបក្សសាធារណរដ្ឋអំពីការផ្តល់ប្រាក់សំរាប់សាងសង់របងព្រំដែននេះ ដោយលោកត្រាំបានគំរាមបិទរដ្ឋាភិបាលបើសភាមិនអនុម័តថវិកានេះទេ។

ជុំវិញការបាញ់ប្រហារនៅបារាំងនេះដែរ ខណៈកម្លាំងប៉ូលិសកំពុងតាមប្រមាញ់ជនសង្ស័យ ស្រាប់តែលេចឡើងការចោទប្រកាន់ថា រដ្ឋបារាំងបង្កើតការវាយប្រហារនេះឡើងដើម្បីទាក់ទាញការចាប់អារម្មណ៍ពីការតវ៉ាប្រឆាំងរបស់ចលនាអាវកាក់ពណ៌លឿង។

តាមរយៈបណ្តាញសង្គម ពួកអ្នកតវ៉ាប្រឆាំងបានធ្វើការអះអាងថា ប្រធានាធិបតីអេមម៉ានុយអែល ម៉ាក្រុង បានបង្កើតការវាយប្រហារនេះឡើងសំរាប់ជាលេសសុំអោយបាតុករនៅស្ងៀមកុំបន្តធ្វើការទាមទារនៅថ្ងៃសៅរិ៍ខាងមុខនេះទៀត៕ដោយ៖វាសនា

អ្នកប្រឆាំងតវ៉ាពាក់អាវកាក់ពណ៌លឿង ធ្វើបាតុកម្មរាល់ចុងសប្តាហ៍អស់ពេល១ខែមកហើយប្រឆាំងនឹងការដំឡើងពន្ធប្រេង និងថ្លៃរស់នៅខ្ពស់