ត្រាំ​ប្រកាស​កិច្ចព្រមព្រៀង​ជាមួយ​សមាជិកសភា​ដើម្បី​បញ្ចប់​ការបិទ​រដ្ឋាភិបាល​

643
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៥​មករា​ថា​លោក​បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ពួក​សមាជិកសភា​អាមេរិក​សម្រាប់​រយៈពេល​៣​សប្តាហ៍​នៅក្នុង​ការផ្តល់​មូលនិធិ​បណ្តោះអាសន្ន​ដែល​អាច​នឹង​បញ្ចប់​ការបិទ​រដ្ឋាភិបាល​ដោយ​អន្លើរ ដែល​ឥឡូវនេះ​បាន​ឈានចូល​ថ្ងៃទី ៣៥ របស់ខ្លួន ជាមួយ​ជំនួយការ​ជាន់ខ្ពស់​ម្នាក់​របស់​បក្ស​ប្រជាធិបតេយ្យ​បាន​និយាយថា លុយ​ដែល​ប្រធានាធិបតី​ទាមទារ​ដើម្បី​សង់​ជញ្ជាំង​ព្រំដែន​មិន​ត្រូវបាន​រាប់បញ្ចូល​ទេ​។​

​មុននេះ​លោក​ត្រាំ​បាន​ទទូច​សុំឱ្យ​មានការ​ដាក់បញ្ចូល​ទឹកប្រាក់​ចំនួន ៥,៧ ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ទូទាត់​ថ្លៃ​សង់​ជញ្ជាំង​តាម​បណ្តោយ​ព្រំដែន​អាមេរិក​និង​ម៉ិ​ក​ស៊ិ​ក​ដែលជា​ការសន្យា​ធំ​នៃ​យុទ្ធនាការ​បោះឆ្នោត​របស់​គាត់ ប៉ុន្តែ​គណបក្ស​ប្រជាធិបតេយ្យ​បាន​រារាំង​គាត់​។​

​ប្រសិនបើ​សមាជិកសភា​មិន​យល់ព្រម បន្ទាប់ពី​កិច្ចចរចា​រយៈពេល​៣​សប្តាហ៍​ដើម្បី​ផ្តល់​មូលនិធិ​សង់​ជញ្ជាំង លោក​ត្រាំ​បាន​បញ្ជាក់ថា​ការបិទ​រដ្ឋាភិបាល​អាច​នឹង​បន្ត​ឬ​មិន​អ៊ីចឹង​គាត់​អាច​នឹង​ប្រកាស​គ្រាអាសន្ន​ថ្នាក់ជាតិ​ដើម្បី​ទទួលបាន​លុយ​នោះ​។ លោក​ក៏បាន​និយាយ​ផងដែរ​ថា លោក​មិន​សម្លឹងមើល​ការសង់​ជញ្ជាំង​បេតុង​នៅតាម​ព្រំដែន​ភាគខាងត្បូង​ទាំងស្រុង​នោះទេ​។​

​កិច្ចព្រមព្រៀង​នេះ​បាន​កើតឡើង​ដោយសារតែ​សម្ពាធ​បាន​កើនឡើង​ខ្លាំង​លើ​លោក​ត្រាំ​និង​សភា​ដើម្បីឱ្យ​រដ្ឋាភិបាល​បើក​ពេញលេញ​ឡើងវិញ និង​បុគ្គលិក​សហព័ន្ធ​ចំនួន ៨០០.០០០ នាក់​បាន​ត្រឡប់មក​ធ្វើការ​វិញ​។ លោក​ត្រាំ​បាន​និយាយថា​លោក​នឹង​ចាត់វិធានការ​ដើម្បី​ធានាថា បុគ្គលិក​រដ្ឋាភិបាល​ទ​ទួលបាន​ប្រាក់ខែ​របស់​ពួកគេ “​យ៉ាង​ឆាប់រហ័ស​ឬ​ឆាប់ៗ​តាម​ដែល​អាចធ្វើ​ទៅបាន​”​។​

​លោក​ត្រាំ​បាន​និយាយ​នៅក្នុង​សួន​កូ​ឡាប​របស់​សេត​វិមាន​ថា “​ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​ប្រកាស​ថ្ងៃនេះ​ថា​យើង​បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បញ្ចប់​ការបិទ​រដ្ឋាភិបាល ហើយ​បើក​ឡើងវិញ​នូវ​រដ្ឋាភិបាល​សហព័ន្ធ​”​។​

​ជំនួយការ​របស់​សភា​បក្ស​ប្រជាធិបតេយ្យ​ម្នាក់​បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​ដែល​នឹង​ត្រូវការ​ការអនុម័ត​នៅក្នុង​សភា​និង​ព្រឹទ្ធសភា​និង​ហត្ថលេខា​របស់លោក​ត្រាំ​នឹង​ទុក​សំណើ​របស់លោក​ត្រាំ​សម្រាប់​មូលនិធិ​សង់​ជញ្ជាំង​ព្រំដែន​ពិភាក្សា​នៅពេល​ក្រោយ​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​ត្រាំ​ប្រកាស​កិច្ចព្រមព្រៀង​ដើម្បី​បើក​រដ្ឋាភិបាល​ឡើងវិញ​កាលពី​ថ្ងៃ​សុក្រ​នៅ​សេត​វិមាន