ថៃ​បិទ​ជើងហោះហើ​រដឹក​អ្នកដំណើរ​ចូល​ទាំងអស់​៣​ថ្ងៃ​នៅពេល​ចំនួន​អ្នក​ឆ្លង​កើន​ជាង​២​ពាន់​នាក់​

200
ចែករម្លែក

​ទីភ្នាក់ងារ​អាកាសចរណ៍​ថៃ​បាន​និយាយថា​ចាប់ពី​ថ្ងៃ​សៅរ៍​ទី​០៤​មេសា ថៃ​នឹង​បិទ​ជើងហោះហើ​រដឹក​អ្នកដំណើរ​ចូល​ទាំងអស់​ចំនួន​៣​ថ្ងៃ​ដើម្បី​ទប់ស្កាត់​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩ ។​នរណា​ម្នាក់​ដែល​ចូល​​ដល់​ប្រទេស​ថៃ​តាម​យន្តហោះ​ណាមួយ​មុន​បទបញ្ជា​នេះ​ចូល​ជា​ធរមាន ត្រូវ​នៅ​ដាច់​ពី​គេ​១៤​ថ្ងៃ​បន្ទាប់ពី​មក​ដល់​ថៃ​។​

​ថៃ​កាលពី​ថ្ងៃ​០៤​មេសា បាន​រាយការណ៍​អ្នក​ស្លាប់​ម្នាក់​ទៀត​ដោយ​ជំងឺ​កូវី​ដ​១៩ និង​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​៨៩​នាក់​។​តួលេខ​ចុងក្រោយ​នេះ​នាំ​អោយ​ថៃ​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន ២.០៦៧​នាក់ និង​២០​នាក់​ស្លាប់​។​ក្នុង​ចំនួន​ឆ្លង​ជាង​២​ពាន់​នេះ ៦១២​នាក់​ត្រូវបាន​ព្យាបាល​ជា​និង​ចេញពី​មន្ទីរពេទ្យ​។​

​សូមបញ្ជាក់​ថា​ចាប់តាំងពី​ថ្ងៃ​០១​មីនា​មក ថៃ​ជួប​កំណើន​អ្នក​កើតកូ​វីដ​១៩ ដែល​បាន​ឆ្លង​នៅ​បរទេស​មុន​ពួកគេ​វិល​មក​ប្រទេស​ថៃ​។​អាជ្ញាធរ​ក៏​ដាក់​មនុស្ស​ជិត​២.០០០​នាក់​នៅ​ដាច់​ពី​គេ​បន្ទាប់ពី​ពួកគេ​​បាន​ប៉ះពាល់​ឬ​ទាក់ទង​អ្នកជំងឺ​។​

​បំរាម​ធ្វើដំណើរ​ចូល​នេះ​កើតឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​រដ្ឋាភិបាល​ថៃ​បានស្នើ​ពលរដ្ឋ​ខ្លួន​ពន្យារ​ពេល​វិល​មក​ស្រុក រហូត​ដល់​ថ្ងៃ​១៥​មេសា ក្នុង​បំណង​បញ្ឈប់​ការ​នាំចូល​ជំងឺ​។​

​ថៃ​មាន​អាកាសយានដ្ឋាន​អន្តរជាតិ​ចំនួន​១១ រួម​ទាំង​អាកាសយាន​នៅ​ក្រុង​បាងកក​ដែល​ស្ថិត​ក្នុង​បំរាម​គោចរ​កាលពី​ថ្ងៃ​សុក្រ​មក​។​

អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ​ដែល​គ្មាន​មនុស្ស​នៅ​ក្រុង​បាងកក​

​បំរាម​គោចរ​ទូទាំង​ប្រទេស​ហាម​ការធ្វើដំណើរ​ចាប់ពី​ម៉ោង​១០​យប់​ដល់​ម៉ោង​៤​ព្រឹក និង​លើកលែង​តែ​អ្នក​ត្រូវ​ដឹកជញ្ជូន​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​និង​បុគ្គលិក​ពេទ្យ​។​អាជ្ញាធរ​បាន​និយាយថា​ប៉ូលិស​និង​​ទាហាន​ព្រមទាំង​កម្លាំង​សន្តិសុខ​ដទៃ​ទៀត​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​៤២១​កន្លែង​នៅ​ទូទាំង​ប្រទេស​ដើម្បី​អនុវត្ត​បំរាម​គោចរ​៕​ប្រែ​សម្រួល​៖​វាសនា​

​ប៉ូលិស​និង​ទាហាន​ព្រមទាំង​កម្លាំង​សន្តិសុខ​ដទៃ​ទៀត​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​៤២១​កន្លែង​នៅ​ទូទាំង​ប្រទេស​ដើម្បី​អនុវត្ត​បំរាម​គោចរ​