ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០

128
ចែករម្លែក

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​លោកអ្នក​មានរឿង​រាវ​រកាំរកូស​ច្រើន​ត្រូវ​ចេះ​រំងាប់​ចិត្ត​ឱ្យ​ត្រជាក់ ហើយ​មិនត្រូវ​តបត​ជាមួយ​ក្រុមមនុស្ស​បាបមិត្ត​ឡើយ​ពុំ​នោះទេ​បញ្ហា​នឹង​រត់​ចូល​មិនចេះចប់​ឡើយ​។ ការប្រកប​ការងារ​រ​បស់​លោកអ្នក​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ហើយ​កំពុងមាន ភាព​សុខដុម​គួរសម​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ឬ​ពី​ចម្ងាយ​ដោយ​ប្រការ​ណាមួយ​ផង​។​

​ចំណែក​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ​ហើយ​ពិសេស​ងាយ​កើត ជម្លោះ​វិវាទ​ដោយសារ​ការមិន​សូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ជួប​នូវ​រឿង​រាវ​ប្រទាំង​ប្រទើស​និង​កើតការ​រកាំចិត្ត​ផង​។​ក្រៅពីនេះ​កិច្ចការងារ​ចូរ​ប្រយ័ត្ន​ចៅហ្វាយនាយ​ថា​ស្តីបន្ទោស​ណាមួយ​ឡើង​គប្បី​ប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង ហើយ​ស្រួល​មិន​ស្រួល​កើត មាន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​ជឿនលឿន​ទៅមុខ​និង​ពិសេស​អាច​ទទួលដំណឹង​ល្អ​ក្នុង​រឿង​អ្វីមួយ​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខ របរ​ថ្មី​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។ ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខ ដុម​និង​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក ល្អប្រសើរ ហេតុនេះ​បើ​ចង់​ប្រកប​កិច្ច ការងារ​តូចធំ​ឃើញថា​មានការ​ជឿនលឿន​និង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។ ក្រៅពី នេះ​បើ​មាន​កិច្ចការ​អ្វី​សំខាន់​លោកអ្នក​គប្បី​ប្រញាប់​ធ្វើ​កុំ​រង់ចាំ​យូរ​ព្រោះ​ថ្ងៃនេះ​ជា​ឱកាសល្អ​ក្នុងការ​បំពេញការងារ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​កាក់កប​គួរសម​ហើយ​កំពុង មាន​ភាព​សុខដុម​ប្រពៃ​។

សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួរ​សារ​ជា​ឱកាសល្អ​បំផុត​និង​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុងការ​ផ្សះផ្សារ​ទៀតផង​៕

​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ឃើញថា ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ជឿនលឿន​ទៅមុខ និង​មានជោគ​មាន​សិរី​គ្រាន់​គាប់ប្រសើរ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លំនឹង​ល្អ​ពោលគឺ​ការរក​ផល​ចំណូល​លោកអ្នក​អាច​រកបាន​គ្រាន់​បំពេញ​ក្រពះ​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​យាយី​ច្រើន​បន្តិច​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ភ្លើតភ្លើន​ហួស​ព្រំដែន​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​មកវិញហើយ​នាំ​មាន​វិបត្តិ​ទៅ​គ្រា​ខាងមុខ​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​ងើប​ប្រសើរ​ឡើងវិញ​មិន​ថា​ជា កិច្ចការងារ​ឬ​ប្រាក់កាស​តែង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​លើ ផល​លំបាក​ច្រើន​ព្រោះ​ចំណូល​រកបាន​ដោយ​តានតឹង​និង​ភាគ ច្រើន​លាភ​ហេង​ធំៗ​ច្រើន​បោល​ហួស​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវ​ជួប​បញ្ហា លំបាក​ទេ​គឺ​ដូច​សព្វមួយដង​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ចាញ់ឈ្នះ​គ្នា​ដោយសារ​ការ​ចិត្តខ្លាំង​ប្រយ័ត្ន​ជម្លោះ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។ នៅក្នុង​អំឡុង​ពេលនេះ​លោកអ្នក​ជួប​ការលំបាក​ពិតមែន ប៉ុន្តែ​ការ ប្រកប​ការងារ ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​ផង​។​សម្រាប់​កិច្ចការងារ​ថ្មី​ចាស់​បើ​មានការ​សម្រុក​ឬ​ព្យាយាម​ពុះពារ​ក៏​តែង​អាច​ទម្លុះទម្លាយ​សម្រេច​ជោគជ័យ​ផងដែរ​។​អ្នក​អាជីវករ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ ស្រាយ​ចំពោះគ្នា​ប្រពៃ​ណាស់​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មាន​បញ្ហា​រាំងស្ទះ​ខ្លះៗ​យាយី ហេតុនេះ​បើ​មានការ​ប្រឹងប្រែង​តែង​ទទួល ជោគជ័យ​ត្រឡប់មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ហើយ​បើ​ថយក្រោយ​នោះ​ក៏មាន​ច្រើន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​កើត​បញ្ហា​ណាមួយ​ដោយសារ​អ្នកដទៃ​បង្កឡើង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំំ​លោះ​ក្រមុំ​មានការ​ងាយ​ទាំង​ផ្អែមល្ហែម​ហើយក៏​ងាយ​កើតរឿង​រាវ​ទាស់ទែង​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ចេះ​ធ្វើ​សន្សឹមៗ​កុំ​បំបោល​ហើយ មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ពិតជា​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ចង់​ចំណេញ​ពិតជា​ដាច់​ចំណង​ជាក់​ជាពុំខាន​។​ក្រៅពីនេះ​បញ្ហា​ប្រាក់កាស​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ងាយ​ហូរ​ធ្លាយ​និង​ចាញ់បោក​គេ​ណាស់ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​សម្រេច​កិច្ចការ​ធំៗ​ទៅរួច​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​បញ្ហា​ងាយ​ថយក្រោយ​តែ​ពិបាក​រុលទៅមុខ​ហើយ​បើ​មាន​ជម្លោះ​វិវាទ​ផង​ងាយ​បាក់បែក​ណាស់ដែរ​៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង និង​ចេះ​មើលមុខ​ក្រោយ ទើប​ពុំមាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​ប្រកប​របរ​ពេញដៃពេញជើង​ឡើងវិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បញ្ហា​តូចធំ​មួយចំនួន​បាន​ធូរស្បើយ​ហើយ​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន គួរសម​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​មកវិញ​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​នឿយហត់​ពិសេស​រឿង​រាវ​តូចធំ​តែង​ចូល​យាយី​ច្រើន​ទៀតផង​។​ទោះបីយ៉ាងណា​លោកអ្នក​អាចមាន​ជីវិត​គាប់ប្រសើរ​ជាង​មុន​បើសិន​មានការ​ព្យាយាម​អត់ធ្មត់​ក្នុងការ​បំពេញការងារ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​បង្កើតជា​រឿង​រាវ​តូចធំ​ណាស់ ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕​