ថ្ងៃទី​៤​មេសា សង្វៀន​ជាច្រើន បើក​ឡើងវិញ​

186
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា​/
​ភ្នំពេញ​៖
កម្មវិធី​ប្រដាល់ តាម​បណ្ដា​ស្ថានីយ៍ទូរទស្សន៍​នានា ដែល​បាន​ផ្អាក​បណ្ដោះអាសន្ន​នោះ នៅ​ថ្ងៃទី​៤ មេសា ខាងមុខនេះ សង្វៀន​ភាគច្រើន បាន​បើក​ឡើងវិញ តែ​ការប្រកួត​ធ្វើឡើង តាម​រូបភាព​បិទទ្វារ តែមាន​ការផ្សាយ​បន្ត​ផ្ទាល់ ដើម្បី​ឲ្យ​ប្រជាជន បាន​ទស្សនា ។​

​សម្រាប់​សង្វៀន នៅ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ នៅសល់តែ​សង្វៀន ខា​រ៉ា​បាវ នា​រសៀល ថ្ងៃទី​៤ មេសា មួយ​តែប៉ុណ្ណោះ ដែល​ការប្រកួត គឺជា​ការប្រកួត រវាង​អ្នក​ប្រដាល់​រួម​ជាតិ ។​

​លោក ញាន សុធី ដែលជា​អ្នកគ្រប់គ្រង កម្មវិធី​ប្រដាល់​របស់ ទូរទស្សន៍​អាស៊ីអាគ្នេយ៍ បាន​ប្រាប់​ឲ្យ​ដឹងថា យើង​បាន​សុំ​ទៅ សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ហើយ​លោក​ប្រធាន​សហព័ន្ធ បានអនុញ្ញាត​ឲ្យ បើក​ការប្រកួត​ឡើងវិញ ដូច​ការស្នើសុំ​ពី​បណ្ដា ទូរទស្សន៍​នានា​ដែរ ។​

​នៅក្នុង​ការប្រកួត នា​រសៀល​ថ្ងៃទី​៤ មេសា នេះ អតីត​ជើង​ខ្លាំង ហ៊ឹម សារ៉ាន នៃ​សមាគម​ប្រដាល់ ក្រសួងការពារជាតិ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជើង​ខ្លាំង មាស សុជាតិ ។​

អ្នកខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ហាត់​ក្នុង​ជំនាន់​ជាមួយគ្នា តែ សារ៉ាន់ ហាក់ដូចជា​ធ្លាក់ចុះ យ៉ាងខ្លាំង ក្នុងខណៈដែល សុជាតិ នៅ​ប្រកួត​បានល្អ​មើល និង មានពេលខ្លះ គេ​មានឱកាស​ប្រកួត ជាមួយ​អ្នក​ប្រដាល់ បរទេស​ទៀតផង ។ សារ៉ាន់ វ៉ៃ​បានតែ​ត្រឹម ៣ ទឹក កម្លាំង​គេ​ធ្លាក់ចុះ​តែម្ដង ចំពោះ សុជាតិ វិញ កម្លាំង​គេ អស្ចារ្យ​ណាស់ ។​

​ទោះបី សារ៉ាន់ មិនមែនជា​អ្នក​ប្រដាល់ ដែល​អាច​មើលស្រាល បាន​ក៏ពិតមែន តែ​ការប្រកួត​មួយ​នេះ លទ្ធភាព ក្នុងការ​ប្រជែង​យកជ័យ​ជំនះ លើ មាស សុជាតិ ពិតជា​លំបាក់​ហើយ ។​

​នឹម នន ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់ មកពី​ខេត្តបាត់ដំបង ណា​ម ម៉ូ​រ៉ា​ក់ នៃ​ក្លិប​ពន្លឺ​សាមគ្គី ខេត្តបាត់ដំបង​។ អ្នក​ប្រដាល់ ទាំង ២ រូបនេះ សុទ្ធតែ​មហា​កម្លាំង​ដូចគ្នា ចិត្តធំ​ដូចគ្នា តែ​ការ​វ៉ៃ​ចេញ​របស់គេ មិនសូវ​ច្បាស់​ឡើយ ។ នៅពេល​ប្រកួត គេ​ចូលចិត្ត​វ៉ៃ​ចេញ​ច្រើន ដូចគ្នា តែ​មិនសូវ​ចំ​គោលដៅ​ឡើយ ។ ជំនួប​មួយ​នេះ ទាំងសងខាង សុទ្ធតែ​មានឱកាស​ឈ្នះ​ដូចគ្នា តែ​មិនដឹងថា នរណា ជួប​សំណាង ល្អ​នោះទេ ។​

​ថន ភឿ​ត ក្លិប​ឃ្លាំងមឿង​កីឡា ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​រួម​ជាតិ ដែរនោះ​គឺ ឡូញ វ៉ាន់ឌី ក្លិប​ពន្លឺ​វិបុល ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ ពួកគេ​មាន​សមត្ថភាព ប្រហាក់ប្រហែលគ្នា តែ ថន ភឿ​ត ទាប​បន្តិច ហេតុនេះ គេ​អាច​នឹង​លំបាក​ដោយ សា​វ៉ាន់ឌី ហើយ ។​

​ងួន គា ក្លិប​ខេត្ត​រតនគីរី ដែល​ត្រូវបាន​គេ​កត់សម្គាល់ថា ពុំ​ធ្លាប់​ត្រូវ​គូប្រកួត វាយ​ឲ្យ​សន្លប់​នោះ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់ រឿង សារិទ្ធ ក្លិប​ម្កុដ​រាជសីហ៍ ។ ងួន គា ពុំ​ធ្លាប់​ត្រូវ​គូប្រកួត វាយ​ឲ្យ​សន្លប់​នោះទេ លើកលែងតែ​គេ ត្រូវ​គូប្រកួត​វាយ​ឲ្យ​របួស​ធំ ហើយ​ត្រូវ​គ្រូពេទ្យ បញ្ឈប់​ប៉ុណ្ណោះ​។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ទាំង​អ្នកឈ្នះ ទាំង​អ្នកចាញ់ នឹងត្រូវ​ទ្រមខ្លួន​ដូចគ្នា ជាមិនខាន​ឡើយ​។

​អ្នក​ស្នេហា​កីឡាប្រដាល់​មួយចំនួន បាន​ជជែក​គ្នា​ថា ការប្រកួត​ធ្វើឡើង តាម​រូបភាព​បិទទ្វារ ដូចជា​ម្យ៉ាងដែរ ប៉ុន្តែ​សម្រាប់​អាជ្ញាកណ្ដាល ចៅក្រម ព្រមទាំង​អ្នក​ប្រដាល់ គប្បី​ពាក់​ម៉ាស់ និង​ត្រូវមាន​អាល់កុល ឬ​ជែ​ល​លាងដៃ នៅក្នុង​ពេលមុន ពេល​ឱ្យ​ទឹក និង​ក្រោយ​ការប្រកួត​ដែរឬទេ ខណៈពេលដែល ជំងឺ​រាតត្បាត កូ​វីដ​-១៩ នៅ​មិនទាន់​បានប្រកាស ដោយ​ក្រសួងសុខាភិបាល ថា​មានការ​ថមថយ​ចុះ​នោះ​៕v