ថ្ងៃបុណ្យ​ក្តី​ស្រលាញ់ ជា​ប្រពៃណី​គ្រិស្ត​សាសនិក ខ្មែរ​មិន​គប្បី​ជ្រួលជ្រើម

1450
ចែករម្លែក
  • 38
    Shares

ដោយ:មេសា​/ភ្នំពេញ ៖ គេ​ត្រូវតែ​ដឹងថា​អស់​រយៈពេល​ជាច្រើន សតវត្សរ៍ នៅ​ចក្រភព​រ៉ូ​ម៉ាំង គ្រិស្តសាសនា និង សាសនា​ប្រពៃណី​របស់​អ្នកស្រុក គឺជា​ប្រភព នៃ សង្គ្រាម​ដ៏​ក្តៅគគុក និង រ៉ាំរ៉ៃ ដែល​បានក​ផ្តាច់ផ្តិល​អាយុជីវិត​មនុស្ស​ដ៏​ច្រើន​បំផុត​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​​មនុស្សជាតិ ហើយ​ត្រូវបាន​គេ​មើលឃើញថា សាសនា​ទាំងនោះ​ឡើងចាង ឬ ធ្លាក់​ដុនដាប វា​អាស្រ័យទៅលើ​ថា អ្នក​ក្រុម​អ្នក​ឡើងកាន់​អំណាច ជា​អ្នកមាន​និ​ន្ន​ការ​ខាង​ណា ដែល​គេ​អាច​និយាយ​ម្យ៉ាង​ទៀតថា ការរើសអើង​សាសនា បាន​ឡើង​ដល់ក​ម្រិ​តិ​ស្លា​ប់រស់ ។​

នៅក្នុង​អំឡុង សតវត្សរ៍​ទី ៣ នៃ គ​.​ស ព្រះ​ចៅ​អធិរាជ ក្លូ​ឌី​យើ​ស​ទី ២ នៃ មហា​ចក្រ​ភពរ៉ូ​ម៉ាំង ដែលជា​អ្នកមាន​និន្នាការ​ប្រឆាំងនឹង​គ្រិស្តសាសនា បានដាក់​បញ្ជាឲ្យ​អាណាចក្រ​ទាំងមូល​គោរព​តែ​សាសនា​ប្រពៃណី របស់​ចក្រភព​រ៉ូ​ម៉ាំង ដែល​គោរ​ព្រះ​អាទិត្យមួយ​ប៉ុណ្ណោះ ហើយ​ហាមប្រាម​ដាច់ខាត​មិនឲ្យ​គោរព​គ្រិស្តសាសនា​ឡើយ ហើយនឹង​ដាក់ទោស​ដល់​ជីវិត​ចំពោះ​បុគ្គល​ណា​ហ៊ាន​ប្រតិបត្តិ​គ្រិស្តសាសនា។ ប៉ុន្តែ​បព្វជិត​គ្រិស្តសាសនា​មូ​យ​រូប ឈ្មោះ វ៉ា​ឡិន​ទី​នូ​ស (Valentinus) នៅតែ​ចចេស​មានះ​ជឿ និង ប្រតិបត្តិ​តាម​សាសនា​គ្រិស្ត។​

សម័យ​កាលនោះ ព្រះ​ចៅ​អធិរាជ​ក្លូ​ឌី​យើ​ស​ទី​២ ត្រូវការ​កេណ្ឌ​ទ័ពឲ្យបាន​ច្រើន ប៉ុន្តែ​មាន​គេ​ថ្វាយ​យោបល់​ថា ពួក​បុរស​មិន​ធ្វើ​កងទ័ព​ទេ ប្រសិនបើ​ពួកគេ​មាន​ប្រពន្ធ និង កូន ទើប​ទ្រង់​បានចេញ​រាជបញ្ជា​ហាមឃាត់​បុរស​នៅ​លីវ គឺ​បុរស​ទាំងឡាយណា​ដែល​មិនទាន់មាន​ប្រពន្ធ​ទូទាំង​អាណាចក្រ​រ៉ូ​ម៉ាំង​មិនឱ្យ​រៀបការ​ឡើយ។ ​ប៉ុន្តែ បព្វជិត វ៉ា​ឡិន​ទី​នូ​ស មិន​គ្រាន់តែ​មិន​គោរព​រាជបញ្ជា​ដែល​មិនឱ្យ​ប្រតិបត្តិ​គ្រិស្តសាសនា​ឡើយ គាត់​ថែមទាំង​បំពាន​ ដោយ​តែងតែ​លួចលាក់​រៀបការ​ឲ្យ​គូស្នេហ៍​ក្មេងៗ​ជា​បន្តបន្ទាប់​នៅក្នុង​វិហារ​របស់គាត់ រហូត​បែកធ្លាយ​លេចឮ​ដល់​ព្រះ​ចៅ​អធិរាជ។

ព្រះ​ចៅ​អ​ធិ​រាជ្យ ក្លូ​ឌី​យើ​ស​ទី​២ បាន​បញ្ជាឲ្យ​រាជបុរស​ចាប់​បព្វជិត​វ៉ា​ឡិន​ទី​នូ​ស ទៅ​ឃុំឃាំង​ក្នុង​គុក​រង់ចាំ​ថ្ងៃ​ប្រហារជីវិត ពីបទ​ទោស​ពីរ​យ៉ាង​របស់គាត់ គឺ​៖ ១.លោក​ប្រតិបត្តិ​គ្រិស្ត​សា​នា និង ២.លោក​រៀប​ការឱ្យ​គូស្នេហ៍​នៅ​លីវ ជា​ទង្វើ​បំពាន​នឹង​រាជបញ្ជា ។​

ឯកសារ​ខ្លះ​អះអាងថា អំឡុង​នៅក្នុង​គុក អធិរាជ ក្លូ​ឌី​យើ​ស ទី​២ បាន​ទៅ​ជួប​បព្វជិត វ៉ា​ឡិន​ទី​នូ​ស ហើយ​ព្យាយាម​ពន្យល់​លោក​ឲ្យបោះបង់​ជំនឿ និង ទង្វើ​របស់លោក​ចោល​ចេញ នោះ​ព្រះអង្គ​នឹង​លើកលែងទោស​ឱ្យ​បព្វជិត​រូបនោះ ។​

ប៉ុន្តែ​ព្រះអង្គ​បរាជ័យ ហើយ​ត្រូវ​បព្វជិត​អង្គ​នេះ​បញ្ចុះបញ្ចូល​ព្រះអង្គ​ឲ្យ​ជឿ និងគោរព​គ្រិស្តសាសនា​តាម​លោក​ទៅវិញ បណ្តាលឲ្យព្រះអង្គ​ពិរោធ​កាន់តែខ្លាំង​។ ​ក្នុងពេល​នៅក្នុង​គុក​នោះដែរ បព្វជិត វ៉ា​ឡិន​ទី​នូ​ស ក៏បាន​ព្យាបាល​ក្មេងស្រី​ដ៏​ស្រស់ស្អាត​ម្នាក់​ដែល​ខ្វាក់ភ្នែក​ទាំងពីរ​តាំងពី​កំណើត ។ នាង​នោះ​ឈ្មោះ ជូ​លា ជា​កូនស្រី​របស់​អ្នក​យាមគុក ។ បព្វជិត វ៉ា​ឡិន​ទី​នូ​ស និង នាង ជូ​លា មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា។​
គាត់​បាន​បញ្ចុះបញ្ចូលឲ្យ​នាង​ជឿ​លើ​ព្រះ ( យេ​ហូ​វ៉ា ឬ យេស៊ូ ) ហើយ​នាង​ក៏បាន​ជឿ​យ៉ាង​ស៊ប់។ ពីរ​បី​សប្តាហ៍​បាន​កន្លងផុតទៅ ភ្នែក​របស់​នាង​នៅតែ​គ្មានអ្វី​ប្រែប្រួល ទើប​ទាហាន​យាមគុក​ម្នាក់​បាន​ចូលទៅ​រើ​ក្រវាត់​ក្រវែង​ចោល​អស់​នូវ​ថ្នាំ​របស់​បព្វជិត​រូបនេះ​ដែល​បាន​ប្រើ​សម្រាប់​ព្យាបាល​ភ្នែក​នាង ជូ​លា។​

​ថ្ងៃទី​១៣ ខែកុម្ភៈ គឺ​មួយ​ថ្ងៃមុន​ថ្ងៃ​ដែល​លោក​ត្រូវ​ប្រហារជីវិត បព្វជិត វ៉ា​ឡិន​ទី​នូ​ស បាន​​​សុំក្រដាស និង ប៊ិច ពី​អ្នក​យាមគុក រួច​សរសេរ​លិខិត​ខ្លី​មួយច្បាប់​ផ្ញើរ​ទៅឲ្យ​នាង ជូ​លា តាមរយៈ​អ្នក​យាមគុក​ដែលជា​ឪពុក​របស់​នាង។​ ស្អែក​ឡើង គឺ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ២៧០ នៃ គ​.​ស ជា​ថ្ងៃ​ដែល វ៉ា​ឡិន​ទី​នូ​ស ត្រូវ​ប្រហារជីវិត។ នៅពេល​អ្នកយាម​គុក​រូ​ប​នោះ​ត្រឡប់ទៅផ្ទះ​វិញ កូនស្រី​របស់គាត់​គឺ​នាង ជូ​លា បាន​ចេញមក​ទទួល​គាត់។ គាត់​បាន​ហុច​សំបុត្រ​នោះ​ទៅឱ្យ​កូនស្រី​របស់គាត់​ដែល​ខ្វាក់ភ្នែក​ទាំងសងខាង។

ព្រឹត្តិការណ៍​ដ៏​មិន​នឹកស្មាន​ដល់​បាន​កើតឡើង​នៅ​ទីនោះ គឺ​ជូ​លា បាន​បើក​សំបុត្រ​នោះ ក៏​ស្រាប់តែ​នាង​អាច​មើលឃើញ ហើយ​ពាក្យ​បណ្តាំ​ជា​ប្រយោគ​ខ្លីៗ​ដែល​ជម្រុញ​ឱ្យ​នាង​នៅ​ជឿ ព្រះ​ជា​ម្ចាស់ និង ផ្កា​ពណ៌​លឿង​ខ្លះៗ​ខាងក្នុង​នោះ។ ចុងបញ្ចប់ នៃ លិខិត​នោះ មាន​សរសេរថា “ ពី វ៉ាឡង់​ទីន របស់​អ្នក (From your Valentine) “។​ គឺ​ភ្នែក​របស់​នាង ជូ​លា បាន​មើលឃើញ​នៅ​គ្រា​នោះឯង ហើយ​ពណ៌​ដែល​នាង​មើលឃើញ​មុន​ដំបូង​​បំផុត​ក្នុង​ជីវិត​របស់​នាង គឺ​ពណ៌​លឿង នៃ ផ្កា ដែល​ខ្ចប់​ដោយ​សំបុត្រ​តូច​នោះឯង ។ តាមពិត​វា​ពុំមែន​ជាម​ហិ​ទ្ធិ​ឬ​ទ្ធិ៍ នៃអាទិទេព​អង្គ​ណាមួយ​ទេ​ដែល​បាន​ជួយឲ្យ​ភ្នែក​នាង ជូ​លា បាន​មើលឃើញ ប៉ុន្តែ​គឺជា​ប្រសិទ្ធភាព នៃថ្នាំ​ដែល​បព្វជិត វ៉ា​ឡិន​ទី​នូ​ស បាន​ប្រើ​ក្នុងការ​ព្យាបាល​កាល​ប៉ុន្មាន​ថ្ងៃមុន​នោះឯង។​

បន្ទាប់ពី​ត្រូវបាន​ប្រហារជីវិត សព​របស់​បព្វជិត វ៉ា​ឡិន​ទី​នូ​ស ត្រូ​បាន​គេ​កប់​នៅក្នុង​វិហារ ប្រា​ក្សេ​ដេ​ស (Praxedes) នាទី​ក្រុង រ៉ូម។ នាង ជូ​លា បាន​ដាំ​ផ្កា​ពណ៌​លឿង និង​ពណ៌​ផ្កាឈូក​ជាច្រើន​នៅក្បែរ​ផ្នូរ​របស់​បព្វជិត វ៉ា​ឡិន​ទី​នូ​ស របស់​នាង ​ដើម្បី​អរគុណ​ដែល​បព្វជិត​រូប​នោះបាន​ព្យាបាល​ភ្នែក​របស់​នាង។​ មនុស្ស​ជាច្រើន​ដែល​មិន​ពេញ​ចិត្តនឹង​បម្រាម​របស់​ព្រះ​ចៅ​អ​ធិ​រាជ្យ ក្លូ​ឌី​យើ​ស ទី​២ ដែល​មិនឱ្យ​បុរស​នៅ​លីវ​រៀបការ ជាពិសេស​ពួក​គូស្នេហ៍​ដែល​ត្រូវបាន បព្វជិត វ៉ា​ឡិន​ទី​នូ​ស រៀបការឲ្យ បាន​នាំគ្នា​ទៅ​គោរព​ផ្នូ​របស់លោក រំលឹក​ដល់​ការដែល​ពួកគេ​បាន​គ្នា​ជា​ស្វាមី ភរិយា និង សរសេរ​សារ​ខ្លីៗ​ចេញពី​ចិត្ត​របស់​ពួកគេ​ទុក​នៅ​ទីនោះ​ជា​រៀងរាល់ឆ្នាំ។​

​កំណើត នៃ ទិវា​ក្តី​ស្រឡាញ់​-​ថ្ងៃបុណ្យ​សង្សារ​ ​ឆ្នាំ៤៩៦ សម្តេច ប៉ាប ចេ​ឡា​ស៊ើ​ស ទី​១ (Pope Gelasius I) ដាក់ឈ្មោះ​ថ្ងៃទី​១៤ កុម្ភៈ ថា “ ទិវា ព្រះ​វ៉ាឡង់​ទីន (​ឬ វ៉ា​ឡិន​ថា​ញ​ស្ន៍ ដេ​យ៍​)(Saint Valentine’s Day) “។​ ទិវា វ៉ាឡង់​ទីន ឬ វ៉ា​ឡិន​ថា​ញ​ស្ន៍ ដេ​យ៍ ក៏បាន​ចាប់កំណើត​ក្នុង​លោក​ចាប់ពីពេលនោះ​មក ហើយ​ជាច្រើន​ឆ្នាំ​មកនេះ កំណត់ត្រា​នៅក្នុង​ឯកសារ​នានា​ហាក់ដូចជា​ថា ទិវា​នេះ​មាន​ប្រជាប្រិយ​សម្រាប់​ពួក​យុវវ័យ​ជាង​ពួក​មនុ​ស្សវ័យ​ចំណាស់​ទេ ។​

ប៉ុន្តែ​គួរឲ្យឆ្ងល់​នៅ​កម្ពុជា ដែល​មិនមែនជា​គ្រិស្តបរិស័ទ​ទាល់តែសោះ​នោះ ទិវា​នេះ ក៏ត្រូវ​បាន​យុវវ័យ​ហៅ​យ៉ាង​ពេញនិយម​ផងដែរ​ថា “ ថ្ងៃបុណ្យ​សង្សារ​” ។ យើង​រក​មិន​ទាន់​ឃើញថា មាន​ប្រទេស​ដទៃ​ណាមួយ​ហៅ​វា​ថា​បែបនេះ​ទេ ។ ប៉ុន្តែ​យុវវ័យ​កម្ពុជា​ហៅថា “ ថ្ងៃបុណ្យ​សង្សារ ” ប្រហែលជា​មកពី​យុវវ័យ​ខ្លះ​រកបាន​សង្សារ បាត់បង់​សង្សារ បាន​ខ្លួន​សង្សារ ហើយ​សង្សារ​ខ្លះ​សម្លាប់ខ្លួន​នៅ​ថ្ងៃ​១៤ កុម្ភៈ និង ដោយសារតែ​ថ្ងៃ​១៤ កុម្ភៈ នេះ​ទេ​ដឹង​! ។​

ឥឡូវនេះ​យើង​បានដឹងហើយថា ទិវា​វ៉ាឡង់​ទីន ឬ វ៉ា​ឡិន​ថា​ញ​ស៍ ដេ​យ៍ នេះ គឺជា​ដំណើររឿង​គ្រាន់តែ​គេ​អរគុណ​ដល់​បព្វជិត វ៉ា​ឡិន​ទី​នូ​ស តែប៉ុណ្ណោះ ហើយ​ក្រោយ​មកវា​បាន​ក្លាយជា​ទិវា​ដែល​នាំមក​នូវ​ប្រយោជន៍​ដល់​ការបញ្ជ្រាប​មនោគមនវិជ្ជា នៃ គ្រិស្តសាសនា​ប៉ុណ្ណោះ ។

ប្រការ​ដែល​គួរឲ្យ​សោកស្តាយ​នោះ យុវវ័យ​កម្ពុជា ដែល​មិន​យល់ច្បាស់​អំពី​ឥទ្ធិពល និង តម្លៃ នៃ វប្បធម៌ សាសនា បែរជា​នាំគ្នា​យក​ថ្ងៃ ១៤ កុម្ភៈ នេះ ទៅ​ប្រព្រឹត្ត​រឿង​ភ្លើតភ្លើន​នានា​ដូចជា​ការជូន និងទទួល​កាដូ ដើម្បីប្តូរ​យកគ្នា​ធ្វើជា​សង្សារ ហើយក៏​ប្រគល់​ខ្លួនប្រាណ​បំពាន​ប្រពៃណី​ទំនៀមទម្លាប់​ដ៏​ផូរផង់​របស់​ខ្មែរ ដែលជា​លទ្ធផល​នាំមក​នូវ​ការ​ខូចចិត្ត ខូច​ប្រាណ ខូច​កិត្តិយស​ខ្លួន គ្រួសារ និងអន្តរាយ​ដល់​វប្បធម៌ សាសនា​ជាតិ​របស់ខ្លួន៕B/