ទស្សនាវដ្តី The Lancet ៖ ការសាកល្បងវ៉ាក់សាំងកូវីដ១៩របស់ចិនបង្ហាញលទ្ធផលគួរជាទីរំពឹង

190
ចែករម្លែក

ការសាកល្បងវ៉ាក់សាំងកូវីដ១៩របស់ចិន ដែលជាវ៉ាក់សាំងដំបូងគេឈានដល់ការសាកល្បងលើមនុស្សនៅដំណាក់កាលទី១ ត្រូវបានរកឃើញថាមានសុវត្ថិភាព ពុំបង្កប្រតិកម្ម និង អាចបង្កើតការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំប្រឆាំងនឹងវីរុស SARS-COV-2 ចំពោះមនុស្ស។ នេះយោងតាមការសិក្សាមួយបង្ហោះលើអនឡាញកាលពីថ្ងៃសុក្រទី២២ឧសភាដោយទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet។

សេចក្តីប្រកាសព័ត៌មានរបស់ទស្សនាវដ្តី The Lancet បាននិយាយថា ការសាកល្បងជាក់ស្តែងចំពោះមនុស្សពេញវ័យដែលមានសុខភាពល្អចំនួន ១០៨ នាក់បានបង្ហាញលទ្ធផលល្អបន្ទាប់ពី ២៨ ថ្ងៃហើយលទ្ធផលចុងក្រោយនឹងត្រូវវាយតម្លៃក្នុងរយៈពេល ៦ ខែទៀត។ ទស្សនាវដ្តីវេជ្ជសាស្ត្រនេះនិយាយថា ការសាកល្បងបន្ថែមទៀតគឺចាំបាច់ត្រូវធ្វើឡើងដើម្បីប្រាប់ថាតើការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំអាចជួយការពារពីការឆ្លងមេរោគ SARS-COV-2 បានយ៉ាងមានប្រសិទ្ធិភាពឬយ៉ាងណា។

សាស្ត្រាចារ្យ វៃ ចិន មកពីវិទ្យាស្ថានជីវបច្ចេកវិជ្ជាប៉េកាំងនៅទីក្រុងប៉េកាំងប្រទេសចិន ដែលទទួលខុសត្រូវចំពោះការសិក្សានេះបាននិយាយថា “លទ្ធផលទាំងនេះតំណាងឱ្យព្រឹត្តិការណ៍សំខាន់មួយ។ ការសាកល្បងបង្ហាញថា វ៉ាក់សាំង Ad5-nCoV មួយដូស អាចបង្កើតអង់ទីករជាក់លាក់ប្រឆាំងវីរុស និង កោសិកា T ក្នុងរយៈពេល ១៤ ថ្ងៃ ដោយធ្វើឱ្យវាក្លាយជាបេក្ខជនវ៉ាក់សាំងដ៏មានសក្តានុពលសម្រាប់ការស៊ើបអង្កេតបន្តទៀត”។

លោកចិននិយាយថា “ទោះយ៉ាងណា លទ្ធផលទាំងនេះគួរតែត្រូវបានបកស្រាយយ៉ាងប្រុងប្រយ័ត្ន។ បញ្ហាប្រឈមក្នុងការបង្កើតវ៉ាក់សាំងការពារកូវីដ១៩គឺមិនធ្លាប់មានពីមុនមកទេ ហើយសមត្ថភាពក្នុងការរុញឱ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ មិនអាចចង្អុលបង្ហាញថា វ៉ាក់សាំងនឹងអាចការពារមនុស្សពីកូវីដ១៩បាននោះទេ។ លទ្ធផលនេះបង្ហាញចក្ខុវិស័យគួរជាទីរំពឹងសម្រាប់ការបង្កើតវ៉ាក់សាំងការពារកូវីដ១៩ ប៉ុន្តែយើងនៅត្រូវការពេលយូរទៀតទើបអាចមានវ៉ាក់សាំងនេះសម្រាប់គ្រប់គ្នា”៕ ដោយ៖ កញ្ញាដាលីស

វ៉ាក់សាំង Ad5-nCoV បង្ហាញលទ្ធផលល្អក្នុងការសាកល្បងលើមនុស្សនៅដំណាក់កាលទីមួយ