ទិវា​នៃ​ការបង្កើត​កងទ័ព​ប្រជាជន​កូរ៉េខាងជើង​

250
ចែករម្លែក

ភ្នំពេញៈ ដើមឡើយ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កូរ៉េខាងជើង ប្រារព្ធ​ទិវា​នៃ​ការបង្កើត​កងទ័ព របស់ខ្លួន នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​កងទ័ព​ប្រជាជន​កូរ៉េ ត្រូវបាន​ប្រកាស​បង្កើត ជា​ផ្លូវការ កាលពី​ឆ្នាំ​១៩៤៨​។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​១៩៧៨ មក ទិវា​នេះ ត្រូវបាន​ផ្លាស់ប្តូរ​មក​ធ្វើ នៅ​ថ្ងៃទី​២៥ ខែមេសា វិញ ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​លោក គឹម អ៊ី​ល​ស៊ុ​ង ប្រកាស​បង្កើត​កងទ័ព ដ៏​ទន់ខ្សោយ របស់គាត់ កាលពី​ឆ្នាំ ១៩៣២ ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ
​សាធារណរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ​កូរ៉េ ឬ​កូរ៉េខាងជើង មាន​ផ្ទៃដី ១២០.៥៤០ គីឡូម៉ែត្រ ក្រឡា ស្ថិតនៅ​អាស៊ីអាគ្នេយ៍ នា​ភាគ​ខាងជើង នៃ​ឧបទ្វីប​កូរ៉េ មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​កូរ៉េ ខាងត្បូង ចិន រុស្ស៊ី និង ជប៉ុន ។ ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ​ជិត ២៦ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​ប្រពៃណី​របស់​ប្រទេស គឺ​សាសនា​ហ្សា​ម៉ាន់ និង ខុន​ដូ ដោយមាន​អ្នក​កាន់ ពុទ្ធសាសនា និង​គ្រិស្តសាសនា​តិចតួច ភាសា ផ្លូវការ គឺ​ភាសា​កូរ៉េ រដ្ឋធានី​គឺ​ទីក្រុង​ព្យុងយ៉ាង​។ ជា​ញឹកញាប់ កូរ៉េខាងជើង ដំឡើង​សាច់ដុំ ដាក់​ប្រទេសជិតខាង ដោយ​រួមទាំង​មហាអំណាច ពិភពលោក ផងដែរ ហើយ​បើទោះបី​មិនមែនជា​មហាអំណាច​ក្តី ក៏​កូរ៉េខាងជើង មាន​អាវុធ​នុយ ក្លេ​អ៊ែរ និង មី​ស៊ី​ល ដ៏​គួរឱ្យ​ស្ញើប​ដែរ ។ សង្គ្រាម រវាង កូរ៉េខាងជើង និង កូរ៉េខាងត្បូង អាច​នឹង​ផ្ទុះឡើង គ្រប់ពេលវេលា ។​

​ប្រវត្តិសាស្ត្រ​
​មហា​អាណាចក្រ​កូរ៉េ បាន​ក្លាយជា​គោលដៅ​ដណ្តើម​គ្នា នៃ​ពួក​ចក្រពត្តិនិយម​នានា​យ៉ាងហោច ណាស់ ក៏​ចាប់តាំងពី​សតវត្សរ៍​ទី​១៣ មក​ដែរ ។ រហូតដល់​អំឡុង​សតវត្សរ៍​ទី​១៩ កូរ៉េ បាន​ក្លាយជា ចំណុច​ទាក់ទាញ​ចិត្ត​យ៉ាងខ្លាំង នៃ​ចក្រពត្តិនិយម​បស្ចិម​លោក ។ គ្រានោះ ពួក​មេដឹកនាំ​កូរ៉េ បាន​មើលទៅ​ប្រវត្តិសាស្ត្រ នៃ​ប្រទេស​ដទៃ ដែល​ធ្លាក់​ទៅ​ក្រោម​អាណានិគម​របស់​ពួក​ចក្រពត្តិ និយម ឃើញថា ភាគច្រើន តាមរយៈ​ទំនាក់ទំនង​ពាណិជ្ជកម្ម ទើប កូរ៉េ បានដាក់​ខ្លួនឯង​ឱ្យនៅ ជា​អាណាចក្រ​ឯកោ ។ ប៉ុន្តែ​ទីបំផុត ត្រូវ​បង្ខំចិត្ត​បើកទ្វារ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ពិភពលោក ខាងក្រៅ ។

​ព្រះ​ចៅ​អ​ធិ​រាជ្យ ឈី​ង របស់​ចិន និង​ព្រះ​ចៅ​អ​ធិ​រាជ្យ​ជប៉ុន បាន​ដណ្តើម​គ្នា កាន់កាប់ អាណាចក្រ​កូរ៉េ ហើយ​ទីបំផុត ក៏​ផ្ទុះ​សង្គ្រាម​ឡើង ដែល​គេ​ហៅថា សង្គ្រាម​ស៊ី​ណូ ជប៉ុន លើក​ទី​១ នៅ​ឆ្នាំ​១៨៩៤ ហើយ​បញ្ចប់ទៅ នៅ​ឆ្នាំ​១៨៩៥ ដោយ​ជប៉ុន ជា​អ្នកទទួលបាន​ជោគជ័យ​ច្រើនជាង ។​

​រុស្ស៊ី ក៏​ចង់បាន​ដែនដី​កូរ៉េ ( និង​ដែនដី​ម៉ាន់​ជូ របស់​ចិន ) ដើម្បី​ដាក់​ទីតាំង​កងទ័ពជើង ទឹក​សម្រាប់​ប្រតិបត្តិការ​កងទ័ព នៅ​មហាសាគរ ប៉ាស៊ីហ្វិក និង​បម្រើ ប្រយោជន៍​ពាណិជ្ជកម្ម​របស់ខ្លួន​ដែរ ក៏បាន​ពើប​សង្គ្រាម​ជាមួយ​ជប៉ុន ដែល​កំពុង​ពង្រីក​អំណាច របស់ខ្លួន​ដែរ ក៏បាន​កើតសង្គ្រាម ឈ្មោះថា សង្គ្រាម​រុស្ស៊ី ជប៉ុន ។ ទីបំផុត​ជោគជ័យ​បាន​ធ្លាក់​ទៅ ក្នុង​កណ្តាប់ដៃ​ជប៉ុន ហើយ​ជប៉ុន បាន​កាន់កាប់ កូរ៉េ ។​

​កូរ៉េ ត្រូវបាន​ជប៉ុន បង្ខំ​ឱ្យ​ស្ថិតនៅក្រោម​កិច្ចការពារ​របស់ មហា​ជប៉ុន នៅ​ឆ្នាំ​១៩១០ តាមរយៈ​សន្ធិ សញ្ញា ជប៉ុន​-​កូរ៉េ ឆ្នាំ​១៩០៥ ដែល​បានសេចក្តីថា ជប៉ុន បានដាក់ កូរ៉េ ឱ្យ​ស្ថិតក្រោម​អាណានិគម របស់ខ្លួន តាមរយៈ​សន្ធិសញ្ញា​នោះឯង ។ ប៉ុន្តែ​ប្រជាជន​កូរ៉េ​ជាច្រើន​មិន​សុខចិត្ត​ទទួលយក សន្ធិសញ្ញា ដោយ​បង្ខំ​នេះឡើយ ទើប​ជម្លោះ កើតមាន​ជា​បន្តបន្ទាប់ ។​

ចលនា ១ មីនា
​នៅក្នុង​សន្និសីទ ដើម្បី​ស្វែងរក​សន្តិភាព នាទី​ក្រុងប៉ារីស ខែមករា ឆ្នាំ​១៩១៩ ប្រធានា ធិបតី​អាមេរិក លោក វូ​ដ្រូ​វ វី​ល​សុន បានប្រកាស​នូវ​គោល​ករ​ណ៍ ១៤ ចំណុច ជាគោល ការណ៍​ច្បាប់​អន្តរជាតិ ។ បានឮ​សេចក្តីប្រកាស​នេះ និស្សិត​កូរ៉េ ដែល​កំពុង​សិក្សា​នៅ​ទីក្រុង តូ​ក្យូ ប្រទេស​ជប៉ុន​បានចេញ សេចក្តីថ្លែងការណ៍ ជា​សាធារណៈ​មួយ ទាមទារ​រក​សេរីភាព​ពី​អាណានិគម​ជប៉ុន ។​

​បន្ថែម​ពីលើ​នេះ​ទៅ នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​១៩១៩ នោះដែរ ព្រះ​ចៅ​អ​ធិ​រាជ្យ ហ្កូ​យ៉ុង នៃ​រាជវង្ស Joeson កូរ៉េ បាន​សោយ​ទិវង្គត ហើយ​មាន​ពាក្យ​ច​ចាម​អារាម​ថា ព្រះអង្គ​ត្រូវគេ​បំពុល​ដែល​ជន ជាតិ​កូរ៉េ ដាក់​ការសង្ស័យថា ជា​ទង្វើ​របស់​អាណានិគម​ជប៉ុន ។​

​នៅ​ទីបំផុត ក្រុម​ចលនា​តស៊ូ​ប្រឆាំងនឹង​ការត្រួតត្រា យ៉ាង​ឃោរឃៅ​របស់​ជប៉ុន បាន​លេចឡើង នៅ​ឆ្នាំ ១៩១៩ ដោយ​ឱ្យ​ឈ្មោះថា “ ចលនា ១ មីនា “ ។ តាមពិត នៅមុន នេះ មាន​ចលនា​ជាតិ និយម​មួយ​ប្រឆាំងនឹង​ការត្រួតត្រា​របស់ ជប៉ុន ដោយមាន​ឈ្មោះថា “ ចលនា សាម អ៊ី​ល “ ។​

​នៅ​រសៀល​ថ្ងៃទី​១ ខែមីនា ឆ្នាំ​១៩១៩ សកម្មជន ៣៣ នាក់ នៃ​ចលនា​សាម​អ៊ី​ល​បាន​អាន​សេចក្តី ប្រកាស​ឯករាជ្យភាព របស់​កូរ៉េ ពី​ជប៉ុន នៅក្នុង​ភោជនីយដ្ឋាន​មួយ នាទី​ក្រុង សេ​អ៊ូ​ល ។
​ ​
​បន្ទាប់មក ជនជាតិ​កូរ៉េ ប្រមាណ​ជា ពីរ លាន​នាក់ បានចេញ​ធ្វើបាតុកម្ម​ជាង ១.៥០០ កន្លែង ដើម្បី​ទាមទារ​ឯករាជ្យភាព​កូរ៉េ ពី​ជប៉ុន ។ កងទ័ព និង​នគរបាល​ជប៉ុន បាន​បើក​ការ​វាយ​បង្ក្រាប បាញ់សម្លាប់​រង្គាល ទៅលើ​បាតុករ​ទាំងនោះ យ៉ាង​ឃោរឃៅ​ជាទីបំផុត ដោយ មនុស្ស ៧.៥០៩ នាក់ ត្រូវបាន​សម្លាប់ ១៥.៨៤៩ នាក់ រងរបួស ហើយ​មនុស្ស ៤៦.៣០៣ នាក់ ត្រូវបាន​ចាប់ខ្លួន ។ ការលះបង់​ដ៏​មហា​ធំធេង ដែល​កម្រ​បានឃើញ​ក្នុង​វ​ត្តិ​សាស្ត្រ​មនុស្សជាតិ​នេះ​ក៏​នៅតែ​មិនអាច​រំដោះ ប្រទេសជាតិ​ចេញពី​ការត្រួតត្រា​របស់ ជប៉ុន បានដែរ ។​
​ ​
​ប៉ុន្តែ​ជន​ដែលមាន​ឈាមជ័រ និង​បេះដូង​ជា​កូរ៉េ នៅតែ​មិនទាន់​ដាច់​ពូជ​នៅឡើយ ហេតុនេះ ចលនា​តស៊ូ​របស់​ជន​ជាតិ​កូរ៉េ ប្រឆាំង​នឹ​ការ​ត្រួ​ត្រា​របស់ ជប៉ុន នៅតែ​បន្ត ហើយ​ថែមទាំង រីក​រាលដាល​ទៅដល់​តំបន់​ម៉ាន់​ជូ និង​ស៊ី​ប៊ើ​រី ទៀតផង ។ ចលនា​បះបោរ​ទូទាំងប្រទេស​រប​ស់​ពួក និស្សិត នៅ​ឆ្នាំ​១៩២៩ បាន​កើតឡើង​ម្តងទៀត ហើយក៏​ត្រូវ​ជប៉ុន បង្ក្រាប​យ៉ាង​ចាស់ដៃ​ទៀត​។ ប្រកា​រទាំ​នេះ ធ្វើឱ្យ ជប៉ុន រឹតបន្តឹង​ការគ្រប់គ្រង ដោយ​កងទ័ព នៅ​ឆ្នាំ​១៩៣១​។

​ចាប់ពី​ឆ្នាំ​១៩៣៧ ជប៉ុន កាន់តែ​រឹតបន្តឹង​ចំពោះ​ជនជាតិ​កូរ៉េ ជាង​មុន សឹងតែ​លុបបំបាត់​អត្ត​សញ្ញា​កូរ៉េ ទាំងស្រុង ។ ប្រពៃណី ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ ត្រូវ​ជប៉ុន លុបបំបាត់ ជំនួស ដោយ​អក្សរ​ជប៉ុន​វិញ សូម្បីតែ​ឈ្មោះ ក៏ត្រូវ​ជប៉ុន បង្ខំ​ឱ្យប្រើ​តាមបែប​ជប៉ុន​ទាំងអស់ ( ប្រការ​ទាំងនេះ​ធ្វើ​ឱ្យគេ​នឹកឃើញ ប្រជាជន​ខ្មែរ ដែល​កំពុង​រស់នៅ​លើក​ទឹកដី កម្ពុជា​ក្រោម ឬ ឬ វៀតណាម​ខាងត្បូង​នាពេល​បច្ចុប្បន្ន នេះ )​។

​ចលនា​តស៊ូ បាន​កើតឡើង​ប្រឆាំងនឹង​អាណានិគម​ជប៉ុន ពាសពេញ​ផ្ទៃ​ប្រទេស​។ ផ្នែក​ខ្លះ​នៃ ចលនា​នោះ បាន​ចងសម្ព័ន្ធ​មិត្ត​ជាមួយ ចិន និង អាស៊ី អាគ្នេយ៍ ហើយ​មេដឹកនាំ​ម្នាក់ នៃ​មេដឹកនាំ ទាំងនោះ គឺជា​ជន​កុ​ម្មុយ​និ​ស្ត​ឈ្មោះ គឹម អ៊ី​ល ស៊ុ​ង​( Kim Il-sung ) ។ លោក គឹម អ៊ី​ល​ស៊ុ​ង បានប្រកាស​បង្កើត​កង​ទ័ព​ដ៏​ខ្សត់ខ្សោយ​របស់គាត់​ប្រឆាំងនឹង​ជប៉ុន នៅ​ថ្ងៃទី​២៥ ខែ មេសា ឆ្នាំ​១៩៣២ ។ នៅ​ឆ្នាំ​១៩៣៩ ជប៉ុន បាន​បង្ខំ​កូរ៉េ ឱ្យ​រំលាយខ្លួន ( កូរ៉េ ) ឱ្យក្លាយ​ទៅជា​ផ្នែក​មួយ នៃ​មហា​ជប៉ុន ពោលគឺ​មិនមែន​គ្រាន់តែ​ជា​ដែនដី ក្រោម​អាណានិគម ឬ ត្រួតត្រា​របស់​ជប៉ុន ទៀត​ទេ គឺ​ឱ្យទៅជា ជប៉ុន តែម្តង ។​

សង្គ្រាមលោកលើកទី ២
​ឆ្នាំ​១៩៣៩ សង្គ្រាមលោកលើកទី​២ បាន​ផ្ទុះឡើង ( ដល់​ឆ្នាំ ១៩៤៥ ) ។ ជនជាតិ​កូរ៉េ ជាង ៥​លាន នាក់ ត្រូវបាន​កេណ្ឌ ឱ្យធ្វើ​ពលកម្ម​ធ្ងន់ធ្ងរ បុរស​រាប់ម៉ឺន​នាក់ ត្រូវបាន​បង្ខំ​ឱ្យចូល​ធ្វើ​កងទ័ព​ជប៉ុន​។ ពលករ​កូរ៉េ ជិត ៤០០.០០០ នាក់ បាន​ស្លាប់ ដោយ​ធ្វើការ​ហួសកម្លាំង ទារុណកម្ម និង​គ្រោះថ្នាក់ ការងារ ។ ស្ត្រី​ជនជាតិ​កូរ៉េ ( និង​ជនជាតិ​ចិន​) ប្រមាណ​ជា ២០០.០០០ នាក់ ត្រូវបាន​បង្ខំ​ឱ្យធ្វើជា ទាសី​ផ្លូវភេទ ដល់​ទាហាន​ជប៉ុន ។

​កងទ័ព​ស្ម័គ្រចិត្ត​កូរ៉េ ( KVA ) ត្រូវបាន​បង្កើត នៅ​យ៉ាន​អាន នៃ​ប្រទេស​ចិន នៅ​ឆ្នាំ ១៩៣៩ ។ កងទ័ព KVA រួម​ដៃ​ជាមួយ​កងទ័ព​កុ​ម្មុយ​និ​ស្ត​ចិន ប្រយុទ្ធ​ប្រឆាំងនឹង​កង​ទ័ព​ជប៉ុន នៅក្នុង​ប្រទេស​កូរ៉េ​។ កងទ័ព KVA បាន​ចូល​ទៅដល់​ប្រទេស កូរ៉េ ដោយមាន​ទីតាំង​កណ្តាល​នៅ​ទីក្រុង ព្យូ​ង​យ៉ាង ។​

បំបែក កូរ៉េ ជា​ពីរ​ផ្នែក​
​បន្ទាប់ពី​កងទ័ព​អាមេរិក ទម្លាក់​គ្រាប់បែកបរមាណូ ទៅលើ​ទីក្រុង​ហ៊ី​រ៉ូ​ហ្ស៊ី​ម៉ា ( ៦ សីហា ) និង​ទីក្រុង ណា​ហ្កា​សា​គី ( ៩ សីហា ) នា​ឆ្នាំ​១៩៤៥ មក ជប៉ុន បាន​ចុះចាញ់​សង្គ្រាម លោកលើកទី​២ នៅ​ឆ្នាំ ១៩៤៥ និង​បានបញ្ចប់​សង្គ្រាមលោក​នេះ​ទៅ ហើយ​កងទ័ព​ជប៉ុន ក៏បាន​ដកចេញ​អស់ពី​កូរ៉េ ។ ប្រជាជន​កូរ៉េ នឹក​រំពឹងថា ពួកគេ នឹង​ទទួលបាន​សេរីភាព ឬ​ឯករាជ្យភាព​របស់​ពួកគេ ក្នុងឋានៈ​ជា ម្ចាស់​ប្រទេស​។ ប៉ុន្តែ​ជោគវាសនា​របស់​ជនជាតិ​កូរ៉េ ដែល​ចាត់ទុកថា​ជា​ផ្នែក​មួយ​នៃ​អ្នកឈ្នះ សង្គ្រាម​នោះ ក៏​មិន​ខុសពី​ជនជាតិ​អាល្លឺម៉ង់ ដែលជា​អ្នកចាញ់​សង្គ្រាម (​វៀតណាម​ក៏​ស្រដៀង គ្នា​នេះដែរ ) ប៉ុន្មាន​ឡើយ ។​

​សង្គ្រាមលោកលើកទី​២ បាន​រលត់​បាត់ទៅ​មែន ប៉ុន្តែ​វា​ជាការ​ចាប់បដិសន្ធិ នៃ សង្គ្រាម ត្រជាក់ (​រវាង​ប្លុក​សេរី ដែលមាន​អាមេរិក ជា​ប្រមុខ និង​ប្លុក​កុ​ម្មុយ​និ​ស្ត ដែលមាន​សហភាពសូវៀត ជា​ប្រមុខ ) ។​

​នៅក្នុង​សង្គ្រាមលោកលើកទី​២ សហភាពសូវៀត មិនមែនជា​សមាជិក នៃ​សម្ព័ន្ធមិត្ត ដែលមាន អង់គ្លេស និង​អាមេរិក ជា​ប្រមុខ​ឡើយ ។ ប៉ុន្តែ សហភាពសូវៀត តែម្នាក់ឯង គឺជា​កម្លាំង​ដ៏​សំខាន់ បំផុត​មួយ ប្រយុទ្ធប្រឆាំង និង​បាន​កម្ទេច​កងទ័ព​ហ៊ី​ទ្លែ​រ៍ ដែលជា​មេក្លោង​ដ៏​ធំ​បំផុត​មួយ​នៃ​គូប​ដិ​កប​ក្ខ របស់​សម្ព័ន្ធមិត្ត ហើយក៏​ជា​គន្លឹះ​ដ៏​សំខាន់បំផុត​មួយ នាំឱ្យ សម្ព័ន្ធមិត្ត បាន​ជោគជ័យ​ក្នុង​សង្គ្រាម លោក​លើក​ទី​២ នោះដែរ ។ ពេលនេះ សហភាពសូវៀត បានដាក់​ប្រទេស​កូរ៉េ ជាទី​បញ្ជាការ កងទ័ព​ទី​២៥ របស់ខ្លួន (សូ​វៀត ) ។​

​ប៉ុន្តែ អាមេរិក និង​សម្ព័ន្ធមិត្ត មិន​សុខចិត្ត​ប្រគល់​ប្រទេស​កូរ៉េ ទៅឱ្យ​ក្រោម​ការត្រួតត្រា​របស់ សហភាពសូវៀត តែម្នាក់ឯង​ឡើយ គឺ​អាមេរិក និង​សម្ព័ន្ធមិត្ត បានទាមទារ ចំណែក​ត្រួតត្រា ប្រទេស​កូរ៉េ ដែរ ។ ដោយហេតុ​នោះ កូរ៉េ​ដ៏​អភ័ព្វ ក៏​នៅតែ​ជា​សាច់​ខ្លាញ់​ដ៏​ធំ​មួយ​ដុំ ដែល​ពួក​មហា អំណាច​ដណ្តើម និង​ហែក​ចែកគ្នា​បន្ត​ពី ជប៉ុន ។​

​ដោយ​មិន​ចង់ឱ្យមាន​សង្គ្រាម ឆាបឆេះ​ឡើង​ភ្លាម​ទៀត​នោះ អង្គការសហប្រជាជាតិ បានដាក់​ចេញ នូវ​ផែនការ​អាណាព្យាបាល នៅ​ប្រទេស​កូរ៉េ ។ ពេលនោះ សហភាព សូវៀត​បានធ្វើ​អាណាព្យាបាល លើ​ពាក់កណ្តាល​ប្រទេស ភាគ​ខាងជើង​។ ចំណែក សហរដ្ឋ អាមេរិក និង​សម្ព័ន្ធមិត្ត ជា​អ្នកធ្វើ អាណាព្យាបាល លើ​ពាក់កណ្តាល​ប្រទេស ភាគខាងត្បូង ។ តាម​ស្មារតី​របស់​អង្គការសហប្រជាជាតិ ផែនការ​អាណាព្យាបាល​នេះ គ្រាន់តែ​ជា​ដំណោះស្រាយ​បណ្តោះអាសន្ន រង់ចាំ​បង្កើត​រដ្ឋាភិបាល​កូរ៉េ មក​គ្រប់គ្រង​ប្រទេស​កូរ៉េ ដោយ​ខ្លួនឯង​តែប៉ុណ្ណោះ​។ ប្រទេស​កូរ៉េ ត្រូវបាន​បែងចែក​ជា​ពីរ​ផ្នែក ចាប់ពីពេលនោះ និង​ដោយ​ប្រការ​ដូច្នោះ​ឯង ។ ទោះយ៉ាងណា នៅពេលនោះ ប្រទេស​កូរ៉េ នៅ​មិនទាន់​ក្លាយជា​ប្រទេស ឬ ជា​រដ្ឋ​ចំនួន​ពីរ​នៅឡើយ គឺ​គ្រាន់តែ​បែង​ចែកជា​ពីរ ។​

​ដោយហេតុនេះ ប្រទេស​កូរ៉េ របូត​ចេញពី​ក្រញាំ​ជប៉ុន​ធ្លាក់​ចូលក្នុង​ចង្កូម​របស់​ពួក​មហាអំណាច ឈ្នះ​សង្គ្រាម​ទាំងពីរ​ប្លុក​នេះ​ទៅវិញ ។ ឯករាជ្យភាព និង​ឯកភាព​ជាតិ​កូរ៉េ ដែល​ជនជាតិ​កូរ៉េ បាន​តស៊ូ​លះបង់ និង​ទន្ទឹងរង់ចាំ​យ៉ាង​ស្រេកឃ្លាន អស់​រយៈពេល រាប់រយឆ្នាំ​មកហើយ​នោះ ក៏​នៅតែ​មិនអាច​ក្លាយ ជា​ការណ៍​ពិត​នៅឡើយ ។​

បង្កើត​កងទ័ព កូរ៉េ​
​នៅ​ខែតុលា ឆ្នាំ​១៩៤៥ សូ​វៀត បា​នប​ង្កើ​អាជ្ញាធរ​សូ​វៀត នៅ​កូរ៉េខាងជើង ។ ដោយ សារ​តែមាន សហភាពសូវៀត នៅលើ​ទឹកដី​កូរ៉េ ភាគ​ខាងជើង នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​១៩៤៥ កងទ័ព​របស់ គឹម អ៊ី​ល​ស៊ុ​ង ដែលជា​ជន​កុ​ម្មុយ​និ​ស្ត ដូច​សូ​វៀត ដែរ បាន ប្រកាស​តាំងខ្លួន​ថា ជា​អ្នកគ្រប់គ្រង​បញ្ជា លើ​ក្រុម​កងទ័ព​ចលនា​តស៊ូ​របស់ កូរ៉េ ទាំងអស់ នៅ​ភាគ​ខាងជើង នៃ​ឧបទ្វីប​កូរ៉េ ។​

​ដោយមាន​ការអនុញ្ញាត​ពី សហភាពសូវៀត ជនជាតិ​កូរ៉េ រាប់ពាន់នាក់ ដែលមាន​បទពិសោធន៍ ក្នុង​ការងារ​កងទ័ព​ជាមួយ សូ​វៀត កន្លងមក ត្រូវបាន​បញ្ជូនទៅ​ផ្នែក​ផ្សេងៗ នៃ ប្រទេស ដើម្បី​រៀប ចំ​បង្កើត​កង​នគរបាល ហើយ​កម្លាំង​នេះ ត្រូវបាន​បង្កើត នៅ​ថ្ងៃទី​២១ ខែ តុលា ឆ្នាំ​១៩៤៥ ។

​សហភាពសូវៀត បាន​បង្កើត គណៈកម្មាធិការ​ប្រជាជន​បណ្តោះអាសន្ន សម្រាប់​កូរ៉េ ខាងជើង នៅ​ខែកុម្ភៈ ឆ្នាំ​១៩៤៦ ដោយមាន​អតីត​មេ​ចលនា​ឩ​ទ្ទាម​ប្រឆាំង​ជប៉ុន គឹម អ៊ី​ល ស៊ុ​ង ជា​ប្រធាន ព្រោះ​គាត់​គឺ ជា​ជនក​ម្មុយ​និ​ស្ត​ស្រាប់ ។

​បន្ទាប់មក កងទ័ព និង​កងកម្លាំង​នគរបាល ដែល​ត្រូវបាន​បណ្តុះបណ្តាល​ទាំង​ជំនាញ​ផ្នែក​កងទ័ព និង​ជំនាញ​ខាង​នគរបាល អមដោយ​មនោគមវិជ្ជា​នយោបាយ​កុ​ម្មុយ​និ​ស្ត ត្រូវបាន​ដាក់បញ្ចូល​ទៅជា អគ្គ​ទីបញ្ជាការ​កងទ័ព​ប្រជាជន​កូរ៉េ ហើយ​បំពាក់​ទៅដោយ​យុទ្ធភណ្ឌ​ទំនើប​របស់ សហភាព សូ​វៀត ។

​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​១៩៤៨ នាយកដ្ឋាន​សន្តិសុខ​ជាតិ ជា​នាយកដ្ឋាន​ឈានមុខ​របស់ ក្រសួង ការពារ​ប្រជាជន ។ ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​១៩៤៨ កិច្ចប្រជុំពេញអង្គ​លើក​ទី​៤ នៃ​សភា​ប្រជាជន​កូរ៉េ ( ភាគ​ខាងជើង ) បានអនុម័ត​នូវ​ផែនការ​បែងចែក កាតព្វកិច្ច និង​តួនាទី​របស់​កងទ័ព និង​នគរបាល ។ មួយថ្ងៃ​ក្រោយមក ពោលគឺ​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​១៩៤៨ ដដែល​នោះ កងទ័ព​ប្រជាជន​កូរ៉េ ( Korean People’s Army= KPA ) ត្រូវបាន​ប្រកាស​បង្កើត ជា​ផ្លូវការ ។

​កងទ័ព​ប្រជាជន កូរ៉េ ឬ KPA មាន​ប្រាំ ផ្នែក​គឺ ១. កងទ័ពជើងគោក ២. កងទ័ពជើងទឹក ៣.​កងទ័ព អាកាស ៤. កងទ័ព រ៉ុក្កែត យុទ្ធសាស្ត្រ និង ៥. កងទ័ព​ប្រតិបត្តិការ ពិសេស ។ ចំណែក​កងសន្តិសុខ ក្រហម កម្មករ​-​កសិករ ក៏​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ KPA ដែរ ។​

​កងទ័ព រ៉ុក្កែត យុទ្ធសាស្ត្រ ប្រជាជន គឺជា​កង​ដ៏​សំខាន់​របស់ KPA ក្នុងការ​គ្រប់គ្រង អាវុធ​នុយ​គ្លី​អ៊ែ​រ៍ និង​មី​ស៊ី​ល​យុទ្ធសាស្ត្រ​នានា ។ កង​មួយ​នេះ ត្រូវបាន​បំពាក់​ទៅដោយ មី​ស៊ី​ល ផលិត​នៅ​ប្រទេស សូ​វៀត ប្រទេស ចិន និង មី​ស៊ី​ល​ហ្វូង​ប្រតិបត្តិការ​ចម្ងាយ​ឆ្ងាយ ដែល​ផលិត​ក្នុងប្រទេស​ផងដែរ ។

​ចាប់ពីពេលនោះ​មក រដ្ឋាភិបាល និង ប្រជាពលរដ្ឋ កូរ៉េ ខាងជើង បាន​ប្រារព្ធ ទិវា នៃ​ការបង្កើត​កង ទ័ព​ប្រជាជន កូរ៉េ នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​ពួកគេ​បង្កើត​កងទ័ព​ប្រជាជន​កូរ៉េ កាលពី​ឆ្នាំ ១៩៤៨ នោះឯង ។​

​លុះដល់​ឆ្នាំ​១៩៧៨ ទិវា​នៃ​ការបង្កើត​កងទ័ព​នេះ ត្រូវបាន​ផ្លាស់ប្តូរ ពីថ្ងៃ​ទី​៨ ខែកុម្ភៈ ទៅជា​ធ្វើ​នៅ ថ្ងៃទី​២៥ ខែមេសា វិញ ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​លោក គឹម អ៊ី​ល​ស៊ុ​ង ប្រកាស​បង្កើត​កងទ័ព​កូរ៉េ ដ៏​ទន់ខ្សោយ កាលពី​ឆ្នាំ ១៩៣២ ។​

បង្កើត​រដ្ឋ​កូរ៉េ ត្បូង​-​ជើង​
​ជាការ​ពិតណាស់ ការបង្កើត​រចនាសម្ព័ន្ធ និង​កងទ័ព នៅ​កូរ៉េ ភាគ​ខាងជើង​ដូចដែល​បានលើកឡើង ខាងលើនេះ គឺជា​ការត្រៀម​ខ្លួ​សម្រាប់​ឱ្យ​ជនជាតិ​កូរ៉េ គ្រប់គ្រង​ប្រទេស កូរ៉េ ដោយ​ខ្លួនឯង​បន្ទាប់ ពី​ជប៉ុន បាន​ដក​ចេញទៅ ។ មើលឃើញ​នូវ​សមិទ្ធផល​ដ៏​ធំធេង​របស់ កូរ៉េ ភាគ​ខាងជើង​ដែលជា​វិថី ឆ្ពោះទៅរក​ការកាន់កាប់​ប្រទេស​កូរ៉េ​ទាំង មូល​នេះ ញ៉ាំងឱ្យ​អាមេរិក មិន​ស្រណុកចិត្ត​ទាល់តែសោះ ហើយ​មិនអាច​នៅ​ស្ងៀម​បានឡើយ ។​

​អាមេរិក ក៏បាន​ផ្តួចផ្តើម​ឱ្យ​ក្រុម​នានា នៅ​កូរ៉េ​ភាគខាងត្បូង បង្កើតជា​រចនាសម្ព័ន្ធ​ក្នុង​គោលបំណង បង្កើត ជា​រដ្ឋាភិបាល​គ្រប់គ្រង​កូរ៉េ ផងដែរ ដោយ​អាមេរិក គិតថា ប្រសិនបើ ក្រុម​កូរ៉េ​ភាគខាងត្បូង កាន់កាប់​ប្រទេស​កូរ៉េ នោះ ប្រទេស​កូរ៉េ នឹង​មុខជា​ឱនលំទោន​ចំពោះ អាមេរិក​។ ប៉ុន្តែ​ថា​ពេលនោះ ពួក​មេដឹកនាំ នៅ​កូរ៉េ​ភាគខាងត្បូង គឺជា​ពួក​មនុស្ស​ប្រើ​អំណាច​ផ្តាច់ការ ឃោរឃៅ និង​ពុករលួយ យ៉ាងខ្លាំង ដែល​អ្នកណាៗ​ក៏​ដឹង ខណៈ​អ្នក​នៅ​កូរ៉េ ភាគ​ខាងជើង កំពុង​ទទួលបាន​ជោគជ័យ ជា​បន្តបន្ទាប់ និង​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន​ច្រើន​ទៅៗ ។​

​ដោយហេតុនេះ កូរ៉េ​ភាគខាងត្បូង ក៏​កើត​កោលាហល​យ៉ាង​ក្រាសក្រែល ហើយ​ទីបំផុត ប្រជា ពលរដ្ឋ នាំគ្នា​ងើប​បះបោរ​ប្រឆាំង​រដ្ឋាភិបាលយោធា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ។ នៅ​ខែ មេសា ឆ្នាំ​១៩៤៨ ក៏មាន​ការបះបោរ​ដ៏​ធំ​មួយ ឈានទៅដល់​ការបង្ក្រាប​យ៉ាង​ហិង្សា ។ ចលនា​ប្រឆាំង ទាំងនេះ គឺ​ត្រូវបាន​គេ​ដឹងថា ចលនា​ឧទ្ទាម​កុ​ម្មុយ​និ​ស្ត មាន​ភាព​សកម្ម និង​លេចធ្លោ​ជាងគេ ដែលមាន​សមាជិក ប្រមាណ​ជា ៥.០០០ នាក់ ហើយ​ជា​ញឹកញាប់ ពួកគេ​បាន​ពើប​ប្រយុទ្ធ​ជាមួយ កងទ័ព​ពួក​កូរ៉េ ភាគខាងត្បូង ដែល​ឱនលំទោន​ចំពោះ​អាមេរិក ។ ពួក​ឧទ្ទាម​កុ​ម្មុយ​និ​ស្ត​ទាំងនេះ ត្រូវបាន​កងទ័ព​ពួក​កូរ៉េ ភាគខាងត្បូង ( និង​កងទ័ព​អាមេរិក និង សម្ព័ន្ធមិត្ត ) កាប់សម្លាប់ ស្ទើរ​ផុត ពូជ ដោយ​គិត​ត្រឹម​ឆ្នាំ​១៩៤៩ ពួក​ឧទ្ទាម​កុ​ម្មុយ​និ​ស្ត នៃ កូរ៉េ​ភាគខាងត្បូង​នៅសល់​សមាជិក ប្រមាណ​ជា ១.០០០ នាក់​ប៉ុណ្ណោះ​។ ប៉ុន្តែ​ដោយ​ការ​ពើប​ប្រយុទ្ធ​ទាំងនោះ កងទ័ព​របស់​ពួក​មេដឹកនាំ កូរ៉េ ភាគខាងត្បូង ចុះខ្សោយ​មិនតិច​តួច​ដែរ ។

​ក្នុង​បំណង​ដណ្តើម​ភាពស្របច្បាប់ ដើម្បី​លេប​ត្របាក់​គ្រប់គ្រង កាន់កាប់ កូរ៉េ​ទាំងមូល ( ខាងជើង និង ខាងត្បូង ) ឱ្យបាន​មុន ទើប​នៅ​ខែឧសភា ឆ្នាំ​១៩៤៨ ក្រោម​ការ​ផ្ចុងផ្តើម​របស់​អាមេរិក និង សម្ព័ន្ធមិត្ត ពួក​កូរ៉េ​ភាគខាងត្បូង បានប្រកាស​ខ្លួនឯង​ថា​ជា “ រដ្ឋ “ គឺ សាធារណរដ្ឋ​កូរ៉េ ។ ប្រការនេះ បានសេចក្តីថា ពួក​កូរ៉េ ភាគខាងត្បូង បានប្រកាស​បំបែក​ជាតិ​សាសន៍​ខ្លួនឯង ដោយសារតែ​អាមេរិក នៅ​ពី​ក្រោយខ្នង ។​

​ពួក​កូរ៉េ ភាគ​ខាងជើង បាន​មើលឃើញថា ប្រសិនបើ​ប្រគល់​ប្រទេស​កូរ៉េ​ទាំងមូល​ទៅឱ្យ​ពួក​កូរ៉េ ភាគខាងត្បូង ដែល​ទើបតែ​ប្រកាស​បង្កើតជា​រដ្ឋ នាពេល​ថ្មីៗ​នេះនោះ ប្រទេស​កូរ៉េ​មុខជា​ធ្លាក់ខ្លួន ទៅជា អាយ៉ង របស់​អាមេរិក ជាក់​ជាមិនខាន ហើយ​ជា​លទ្ធផល នឹង​ក្លាយជា​ទៅ​ប្រទេស​ក្រោម អាណានិគម​របស់​ពួក​ច្រក​ព​ត្តិ​និយម​បស្ចិម​លោក បន្ត​ពី​ជប៉ុន ដោយ​គ្មាន​ថ្ងៃ​រើខ្លួន​រួច​ឡើយ ។ ដោយហេតុនេះ ពួក​កូរ៉េ ភាគ​ខាងជើង បាន ចាត់ទុក​ការប្រកាស​បង្កើត សាធារណរដ្ឋ​កូរ៉េ ( កូរ៉េខាងត្បូង ) របស់​ពួក​កូរ៉េ ភាគ ខាងត្បូង ថា​ជា​អំពើ​មិន​ស្របច្បាប់ និង ក្បត់ជាតិ ឬ​ជា​ពួក​អ្នក បម្រើ​ផលប្រយោជន៍ ឱ្យ​ពួក​ចក្រពត្តិ អាមេរិក​។​

​ដោយហេតុ​នោះ ពួក​កូរ៉េ​ភាគ​ខាងជើង ដែលមាន សូ​វៀត នៅ​ពី​ក្រោយខ្នង ក៏​មានតែ​ប្រកាស​បង្កើត “ សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​កូរ៉េ “ ( ក៉ូ​រ៉េ​ខាងជើង ) នៅ​ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ​១៩៤៨ នោះដែរ ក្រោម​ការដឹកនាំ​របស់​លោក គឹម អ៊ី​ល ស៊ុ​ង ។​

​គំនិត​ផ្តួចផ្តើម​នានា ដើម្បី​ការរួបរួម និង​ឯកភាព​កូរ៉េ ក៏​រលាយ​ខ្សុល ហើយ​បាន​បង្កើត កូរ៉េ ជា​រដ្ឋ​ពីរ គឺ កូរ៉េខាងជើង ក្រោម​ការត្រួតត្រា​របស់​សូ​វៀត ( កុ​ម្មុយ​និ​ស្ត​) និង កូរ៉េ ខាងត្បូង ក្រោម​ការ​ត្រួ​ត្រា​ពី អាមេរិក និង​សម្ព័ន្ធមិត្ត ( មាន​ឈ្មោះថា សេរី ប៉ុន្តែ​ឃោរឃៅ ផ្តាច់ការ និង ពុករលួយ ) ធ្វើឱ្យ​ជាតិ សាសន៍​កូរ៉េ ទៅជា​សត្រូវ​នឹង​គ្នា កាប់សម្លាប់​ជាតិ​សាសន៍​ឯង​យ៉ាង​ព្រៃផ្សៃ ។

​សង្គ្រាម​កូរ៉េ
​ស្ថានភាព​ពិភពលោក និង​នៅក្នុង​ប្រទេស មានការ​ប្រែប្រួល ទើប​នៅ​ឆ្នាំ ១៩៤៨ នោះ សូ​វៀត បាន​ដក​កងទ័ព​របស់ខ្លួន​ចេញពី កូរ៉េខាងជើង ចំណែក​អាមេរិក ត្រូវ​បង្ខំចិត្ត​ដក​កងទ័ព​របស់ខ្លួន ចេញពី កូរ៉េ ខាងត្បូង នៅ​ឆ្នាំ ១៩៤៩ ដែរ ។​

​ទោះបី​កងទ័ព​មហាអំណាច បាន​ដក​ចេញពី កូរ៉េ ទាំងពីរ​ក្តី ក៏​ពួក​មហាអំណាច នៅតែ​ចិញ្ចឹមចិត្ត​យក កូរ៉េ ធ្វើជា​បរិវា​អំណាច​របស់​ពួកគេ​រៀងៗ​ខ្លួន​តាមរយៈ​ការជួយ​ផ្ចុងផ្តើម​ដល់​មេដឹកនាំ​កូរ៉េ​ទាំងពីរ ឱ្យ​ដណ្តើម​អំណាច​ពីគ្នា ដោយ​រំពឹងថា បើ​មេដឹកនាំ​ណាមួយ ជា​អ្នកត្រួតត្រា​ប្រទេស​កូរ៉េ​ទាំង ស្រុង នោះ ប្រទេស​កូរ៉េ នឹង​ក្លាយជា​បរិវារ​របស់ខ្លួន ( មហាអំណាច គឺ​អាមេរិក និង​សូ​វៀត ) ហើយ​នេះ​គឺ ជា​ផ្នែក​មួយ នៃ​ឥទ្ធិពល​សង្គ្រាម ត្រជាក់ ដែលមាន អាមេរិក និង សូ​វៀត ជា​មេក្លោង ។

​ដោយមាន​អាមេរិក ជា​អ្នក​ដឹកច្រមុះ កូរ៉េខាងត្បូង បានរៀបចំ​គម្រោង វាយប្រហារ​កម្ទេច រដ្ឋាភិបាល កូរ៉េ ខាងជើង ដើម្បី​ក្តោប​ក្តាប់ កូរ៉េ ទាំងមូល​តែម្នាក់ឯង ។ កូរ៉េ ខាងជើង​បានដឹង​ជើង ព្រួល​បែប​នោះ នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​១៩៥០ ក៏​បើក​ការវាយលុក​ទៅលើ កូរ៉េ ខាងត្បូង​មុន ហើយ​ក៏បាន​បញ្ឆេះ​ភ្លើងសង្គ្រាម កូរ៉េ​ទាំងពីរ ឱ្យ​ឆាបឆេះ​សន្ធោសន្ធៅ​ឡើង ។ កូរ៉េ ខាងជើង ដែលមាន​យុទ្ធភណ្ឌ​ទំនើប មាន​កងទ័ព​ប្រកបដោយ​ការហ្វឹកហាត់​យ៉ាង​តឹងរឹង បាន​វាយ​រុលចូល កូរ៉េ ខាងត្បូង យ៉ាងជ្រៅ ធ្វើឱ្យ កូរ៉េ ខាងត្បូង ស្ទើរតែ​រលាយ​រលត់ ។​

​អាមេរិក​ដែល​ខ្លាច កូរ៉េ​របូត​ពី​ដៃ​ខ្លួន ក៏​ចង់​ធ្វើ​អន្តរាគមន៍​សង្គ្រាម​នៅ​កូរ៉េ​នេះ​ណាស់​ប៉ុន្តែ​ខុសច្បាប់ អន្តរជាតិ ក៏​ទៅ​អន្ទោកអន្ទោល រហូត​យកបាន​ឈ្មោះ អង្គការសហប្រជា ជាតិ ដឹកនាំ​បក្ខពួក ទៅធ្វើ​អន្តរាគមន៍​យោធា វាយប្រហារ ទៅលើ​កូរ៉េខាងជើង ហើយ​បាន​រុល​ជ្រុល​ចូល កូរ៉េខាងជើង យ៉ាង​គឃ្លើន ។ ចិន ដែលមាន​ព្រំដែន​ជាប់​នឹង​កូរ៉េខាងជើង ស្គាល់​ច្បាស់​នូវ​ពុតត្បុត​អាមេរិក និង​សម្ព័ន្ធមិត្ត ក៏បាន​ជួយ​កូរ៉េខាងជើង នាំឱ្យមាន​តុល្យភាព​កម្លាំង​ទ័ព​ម្តងទៀត​នៅក្នុង​សង្គ្រាម កូរ៉េ​នេះ ( កូនប្រុស​ម្នាក់​របស់ ម៉ៅ សេទុង បាន​ស្លាប់​នៅក្នុង​សង្គ្រាម​នេះ )​។

​ដំណាក់កាល​នេះ សម្រាប់ ចិន និង កូរ៉េ ខាងជើង ត្រូវបាន​គេ​ហៅថា​ជា ” រលក​មនុស្ស ” ដោយ សារ​ពួកគេ នាំគ្នា​កេណ្ឌ​មនុស្ស ចូល​ប្រយុទ្ធ ចេះតែ​កើនឡើងៗ ឥត​ថមថយ គឺថា ស្លាប់ ១០ ចូល ១០០ , ស្លាប់ ១០០ ចូល ២០០ , ស្លាប់ ២០០ ចូល ៣០០ …..​។​

​ដោយហេតុនេះ ទើប​កូរ៉េខាងជើង មិន​ធ្លាក់​ចូលក្នុង​កណ្តាប់ដៃ អាមេរិក និង​សម្ព័ន្ធមិត្ត​ហើយក៏ ដោយ សារ​តែ​តុល្យភាព នៃ​កម្លាំង​ទ័ព​នេះ ទើប​ទីបំផុត មាន​សន្ធិសញ្ញា​មួយ​ចុះហត្ថលេខា ដោយ​ភាគី​ពាក់ព័ន្ធ នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​១៩៥៣ បានបញ្ចប់​សង្គ្រាម​នោះ​ទៅដោយ​បាន កំណត់ព្រំដែន នៃ​កូរ៉េ​ទាំងពីរ ។ សង្គ្រាម​នេះ បាន​ផ្តាច់ផ្តិល​អាយុជីវិត​ជន​ស៊ីវិល និង​កងទ័ព​ជាង មួយ​លាន​នាក់ ។ អគារ និង​ហេដ្ឋា រចនាសម្ព័ន្ធ នៃ​កូរ៉េខាងជើង ត្រូវបាន​បំផ្លិចបំផ្លាញ​ស្ទើរ​ទាំងស្រុង ។

​ការបញ្ចប់​សង្គ្រាម​នេះ ត្រូវបាន​អ្នកជំនាញ​ពិភពលោក មើលឃើញ និង​ឱ្យនិយមន័យ​ថា គ្រាន់តែ ជា​បទ​ផ្អាក​សង្គ្រាម​បណ្តោះអាសន្ន​ប៉ុណ្ណោះ ហើយ​សង្គ្រាម​នេះ​នឹង​អាច​ផ្ទុះ​ឡើងវិញ​គ្រប់ពេល វេលា ។ ដោយហេតុនេះ​ទើប​កូរ៉េ ទាំងពីរ​មិនដែល​ធ្វេសប្រហែស​មួយ​វិនាទី​ណា​ឡើយ គឺជា​និច្ច កាល សុទ្ធតែ​បាន​ត្រៀមលក្ខណៈ​រៀងៗ​ខ្លួន ដើម្បី​ធ្វើសង្គ្រាម​នឹង​គ្នា ។​

​តាមពិតទៅ​សង្គ្រាម កូរ៉េ​នេះ គឺជា​សង្គ្រាម​របស់​ពួក​មហាអំណាច​ទាំងពីរ​សុទ្ធសាធ ឬ ថា​ជា​សង្គ្រាម ដែល​ពួក​មហាអំណាច ខ្ចី​ប្រទេស​ដទៃ ធ្វើជា​សមរភូមិ​ប្រយុទ្ធ​របស់ខ្លួន​តែប៉ុណ្ណោះ ក៏​ព្រោះតែ​ពួក មហាអំណាច ចៀសវាង​មិន​ចេញមុខ ធ្វើសង្គ្រាម​ដោយផ្ទាល់ ។

​ដើម្បី​ចិញ្ចឹម​មហិច្ឆតា​របស់ខ្លួន កងទ័ព​អាមេរិក ត្រូវ​បានដាក់​ឱ្យនៅ​កូរ៉េខាងត្បូង តាំងពី​សម័យ សង្គ្រាម​នោះមក រហូត​បច្ចុប្បន្ន ហើយ​ទង្វើ​នេះ ត្រូវបាន​កូរ៉េខាងជើង​ហៅថា​ជាការ​ត្រួតត្រា របស់​ពួក​ចក្រពត្តិនិយម​។ តាមពិត វត្តមាន​កងទ័ព​អាមេរិក នៅលើ​ទឹកដី​កូរ៉េខាងត្បូង គឺជា​កិច្ចការ ដ៏​សំខាន់ នៃ​យុទ្ធសាស្ត្រ​កងទ័ព​របស់​អាមេរិក ជាពិសេស ក្នុងការ​ឡោមព័ទ្ធ ចិន ដែល​កំពុង​លេច ធ្លោ​គ្រប់​វិស័យ​។ ប៉ុន្តែ​អាមេរិក បែរជា​តម្រូវឱ្យ​កូរ៉េខាងត្បូង ចំណាយ​ប្រាក់​ទៅឱ្យ​អាមេរិក ដោយសារតែ​វត្តមាន​កងទ័ព​នោះ ក្នុង ១ ឆ្នាំ ជាង ១ ពាន់​លាន​ដុល្លារ ដោយ​បង្វែរ​ស្ថានការណ៍ នៃ​វត្តមាន​កងទ័ព​អាមេរិក នៅលើ​ទឹកដី​កូរ៉េ​នោះ ថា​ជា​អ្នកការពារ​កូរ៉េ ខាងត្បូង​ទៅវិញ (​ចំណុច នេះហើយ ដែល​ត្រូវបាន​ពិភពលោក មើលឃើញ​គ្រប់គ្នា​ថា ជម្លោះ​នៅ​ឧបទ្វីប​កូរ៉េ​មិនអាច ដោះស្រាយ​បានឡើយ ព្រោះថា បើ​តំបន់​នោះ មាន​សុវត្ថិភាព​នោះ អាមេរិក ពិបាក​រកហេតុ​ផល ដាក់ពង្រាយ​កងទ័ពរ​បស់​ខ្លួន ដើម្បី​ត្រួតត្រា និង​ងាយស្រួល​បង្វិល កូរ៉េខាងត្បូង ផង ដើម្បី​ឡោម ព័ទ្ធ​ចិន​ផង ) ។

​មិនតែប៉ុណ្ណោះ នៅ​ឆ្នាំ​២០២០ នេះ អាមេរិក បាន​តម្រូវឱ្យ កូរ៉េខាងត្បូង បង់ប្រាក់ ៥ ពាន់​លាន ក្នុង ១ ឆ្នាំ ទៅឱ្យ​អាមេរិក ចំពោះ​ការដាក់​កងទ័ព​អាមេរិក នៅលើ​ទឹកដី​កូរ៉េ ខាងត្បូង​នោះ​ទៀតផង ដែល​ប្រការនេះ បានសេចក្តីថា កូរ៉េខាងត្បូង ធ្វើការ រកស៊ី ដើម្បី​ចិញ្ចឹម​កងទ័ព​អាមេរិក ដើម្បីឱ្យ កងទ័ព​អាមេរិក មានលទ្ធភាព​គ្រប់យ៉ាង ដើម្បី​ក្តោប​កូរ៉េខាងត្បូង និង​ឡោមព័ទ្ធ​ចិន ។​

​ប្រមាណ​ជា ២ សប្តាហ៍​ចុងក្រោយ​នេះ ពិភពលោក កំពុង​ចាប់អារម្មណ៍ ហើយ​បាន​រាយការណ៍​ថា លោក គឹម ជុង អ៊ុន ប្រធានាធិបតី កូរ៉េខាងជើង មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ហើយ​គេ​នាំគ្នា​ទស្សន៍ ទាយ អំពី​អនាគត​អ្នកដឹកនាំ ប្រសិនបើ​លោក គឹម ជុង​អ៊ុន មិនអាច​ត្រឡប់មក​ដឹកនាំ​ប្រទេស​វិញ​បាន ។​

​មិន​ថា លោក គឹម ជុង​អ៊ុន ឬ អ្នកណា​ផ្សេង​ឡើងមក​ដឹកនាំ​ទេ កូរ៉េ ខាងជើង ក៏​នៅតែមាន​ជម្រើស​តែ ២ ប៉ុណ្ណោះ​ដដែល គឺ​៖ ១. ត្រូវតែ​រណប​អាមេរិក ដើម្បី ផ្តល់​លទ្ធភាព​ឱ្យ​អាមេរិក​កាន់តែច្រើន ថែមទៀត​ក្នុងការ​កាង​នៅ​តំបន់​ឧបទ្វីប​កូរ៉េ និង​ឡោមព័ទ្ធ​ចិន កាន់តែ​កៀក , ២.​នៅតែ​ប្រឈមមុខ ចំពោះ​អាមេរិក និង បក្សពួក តទៅទៀត ។​

​ការផលិត​អាវុធ​យុទ្ធសាស្ត្រ​
​ចាប់ពី​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ កូរ៉េខាងត្បូង បានចាប់ផ្តើម​ធ្វើកំណែទម្រង់​យ៉ាងច្រើន​ធ្វើឱ្យ សេដ្ឋកិច្ច កូរ៉េខាងត្បូង មាន​សន្ទុះ​យ៉ាង​លឿន ក្លាយជា​ខ្លា​សេដ្ឋកិច្ច​នៅ​អាស៊ី ។​

​ចំណែក​នៅឯ​កូរ៉េខាងជើង​ឯណោះ មិនដែល​ភ្លេចខ្លួន​ម្តងណា​ឡើយ គឺ​នៅតែ​ចាត់ ទុកថា កូរ៉េខាងត្បូង នឹង​ត្រូវបាន​អាមេរិក ញុះញង់​ឱ្យធ្វើ​សង្គ្រាម​នឹង​ខ្លួន ( កូរ៉េខាងជើង ) ហើយ​អាច​ថា ថ្ងៃ​ណាមួយ អាមេរិក ( និង​សម្ព័ន្ធមិត្ត ) អាច​នឹង​ដើរ​លើផ្លូវ​ចាស់ ដូច​នៅ​ក្នុងសម័យ​សង្គ្រាម​កូរ៉េ ពោល​អាមេរិក នឹង​ដឹកនាំ​បក្ខពួក ចេញមុខ​ធ្វើសង្គ្រាម ដោយផ្ទាល់​តទល់​នឹង​ខ្លួន ( កូរ៉េខាងជើង ) ជាក់​ជាមិនខាន ។ ដោយហេតុនេះ កូរ៉េខាងជើង បាន​យក​ការពង្រឹង​វិស័យ​កងទ័ព គឺជា​អាទិភាព​ទី​១ របស់ខ្លួន ។​

​នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០០៦ កូរ៉េខាងជើង បានប្រកាស​អំពី​ការពិសោធន៍​អាវុធ​នុយក្លេអ៊ែរ ជា​លើកដំបូង​របស់ខ្លួន ញ៉ាំងឱ្យ​ពួក​មហាអំណាច​ខាង​អាមេរិក បារម្ភ​។ នៅ​ឆ្នាំ​២០១៣ វិបត្តិ​អន្តរជាតិ បាន​ផ្ទុះឡើង ដោយ​ចាត់ទុកថា កូរ៉េខាងជើង មានបំណង​ផលិត​មី​ស៊ី​ល អន្តរទ្វីប ។ កងទ័ព​រ៉ុក្កែត យុទ្ធសាស្ត្រ ប្រជាជន បាន​សាកល្បង​បាញ់​មី​ស៊ី​ល​របស់ខ្លួន តាំងពី​ឆ្នាំ ១៩៩៣ , ១៩៩៨ , ២០០៦ , ២០០៩ និង ២០១៣ ។ កូរ៉េខាងជើង ក៏​នៅតែ​បន្ត​ពិសោធន៍​អាវុធ​នុយក្លេអ៊ែ​រ៍​របស់ខ្លួន​ជា​បន្តបន្ទាប់ មកទៀត នៅ​ឆ្នាំ​២០០៩ ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៦ ជាពិសេស​នៅ​ឆ្នាំ​២០១៧ ថ្មីៗ​នេះ​ដែល​ប្រការ នេះ បាន​រុញច្រាន​ស្ថានភាព នៅ​ឧបទ្វីប​កូរ៉េ ឱ្យ​ឡើងក​ម្តៅ​ស្ទើរតែ​ផ្ទុះ​សង្គ្រាម​នុយ ក្លេអ៊ែរ ។ ចំណែក​អាវុធយុទ្ធភណ្ឌ និង​សាច់ដុំ​កងទ័ព របស់​កូរ៉េខាងត្បូង ភាគច្រើន គឺ​ពឹង​លើ​បងធំ​របស់ខ្លួន គឺ​អាមេរិក និង បក្ខពួក ។​

​ពេលខ្លះ មហាអំណាច​ខាង​លោក​សេរី ដែលមាន​អាម​រិ​ក ជា​បងធំ សឹងតែ​ភ្លេចខ្លួន​ហើយក៏​ចេញ មក​ប្រឈមមុខ ដោយផ្ទាល់​ចំពោះ​កូរ៉េខាងជើង ។ ប៉ុន្តែ​ដោយ​នៅតែ​ក្រែង​ចំពោះ​មហាអំណាច ដទៃ​ខ្លះ និង​មតិ​អន្តជាតិ​ខ្លះ បូករួម​នឹង​ស្ថានភាព​ជាច្រើន​នៅ​ជុំវិញ​ឧបទ្វីប និង​នៅ​កន្លែង​ផ្សេងទៀត នៃ​ពិភពលោក ដូចជា​នៅ​ស៊េរី និង អ៊ីរ៉ង់ ជាដើម​នោះ ទើប​ជា​ញឹកញាប់ អាមេរិក​បែរជាយក​ប្រទេស ដទៃ ហើយ​ជា​ញឹកញាប់​គឺ កូរ៉េខាងត្បូង ឱ្យ​ជា​អ្នក​ចេញមុខ​ឈ្លោះ ជាមួយ​កូរ៉េខាងជើង​ជា​ជំនួស វិញ ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

ម៊ី​ស៊ី​ល និង គ្រាប់បែក​នុយ​គ្លី​អ៊ែ​រ៍ របស់ កូរ៉េខាងជើង បាន​រុញច្រាន​ឧបទ្វីប កូរ៉េ​ទៅដល់​មាត់ជ្រោះ នៃ​សង្គ្រាម​នុយ​គ្លី​អ៊ែ​រ៍
ទីក្រុង ព្យូ​ង​យ៉ាង នៃ ប្រទេស កូរ៉េ ខាងជើង
ម៊ី​ស៊ី​ល និង គ្រាប់បែក​នុយ​គ្លី​អ៊ែ​រ៍ របស់ កូរ៉េខាងជើង បាន​រុញច្រាន​ឧបទ្វីប កូរ៉េ​ទៅដល់​មាត់ជ្រោះ នៃ​សង្គ្រាម​នុយ​គ្លី​អ៊ែ​រ៍
ម៊ី​ស៊ី​ល និង គ្រាប់បែក​នុយ​គ្លី​អ៊ែ​រ៍ របស់ កូរ៉េខាងជើង បាន​រុញច្រាន​ឧបទ្វីប កូរ៉េ​ទៅដល់​មាត់ជ្រោះ នៃ​សង្គ្រាម​នុយ​គ្លី​អ៊ែ​រ៍