ទិវា​សហភាព​តង់​សានី​

188
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​តង់​សានី ប្រារព្ធ​ទី​វា សហភាព​របស់ ពួកគេ នៅ​ថ្ងៃទី​២៦ ខែមេសា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ដែនដី Tanganyika និង Zanzibar រំលាយ​បញ្ចូល​គ្នា​បង្កើតបាន ជា​សាធារណរដ្ឋ​តង់​សានី​រួបរួម កាលពី​ឆ្នាំ ១៩៦៤ ប៉ុន្តែ​ទម្រាំ​ដល់​ថ្ងៃនោះ​ក៏មាន​បដិវត្តន៍ ប្រល័យពូជសាសន៍ ដ៏​អាក្រក់ ស្ទើរ តែ​គ្មាន​អ្នកណាម្នាក់​ជឿថា អាចមាន​រឿង​បែប​នោះ​កើតឡើង ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​តង់​សានី រួប​រួមមាន​ផ្ទៃដី ៩៤៧. ៣០៣ គីឡូម៉ែត្រ​ក្រឡា ស្ថិត នៅ​អាហ្វ្រិក​ខាងកើត មាន​ព្រំដែន​ជាប់​ប្រទេស​កេ​ន​យ៉ា រ​វ៉ាន់ដា អ៊ូ​កង់​ដា កុង​ហ្គោ សាំ​ប៊ី ម៉ាឡាវី ម៉ូ​សាំ​ប៊ិក និង​មហា​ស​មុ​ទ្ធ ឥណ្ឌា ។ នៅ​ដើមឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ​ជិត ៦០ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា គ្រិស្ត និង​អ៊ិ​ស្លាម ជា​ប្រទេស​ពហុ​ភាសា ពោលគឺ មិនទាន់មាន​ភាសា​ណាមួយ ត្រូវបាន​ចាត់ទុកថា ជា​ភាសាផ្លូវការ​របស់​ជាតិ​នៅឡើយ រដ្ឋធានី គឺ​ទីក្រុង​ដា​អេស​សា​ឡឹម ។​

​ប្រវត្តិសាស្ត្រ​
​នៅ​ឆ្នាំ​១៤៩៨ អ្នករុករក ជនជាតិ​ព័រទុយហ្កាល់ ឈ្មោះ Vasco da Gama​បាន​ទៅ​ទស្សនា​ឆ្នេរ​សមុទ្ទ តង់​សានី​។ នៅ​ឆ្នាំ​១៥០៦ ជនជាតិ​ព័រទុយហ្កាល់ ដណ្តើមបាន​ការត្រួតត្រា ភាគច្រើនបំផុត​នៅ​តំបន់ អាហ្វ្រិក​ខាងត្បូង​។ តំបន់​នោះ គឺជា​ដែនដី​នៅឯ​នាយ​សមុទ្ទ​របស​អូ​ម៉​ង់ ចាប់ពី​ឆ្នាំ​១៦៩៨ ។ នៅ​ឆ្នាំ​១៦៩៩ ព័រទុយហ្កាល់ ត្រូវបាន​ពួក អូ​ម៉ា​នី អារ៉ាប់ បណ្តេញ​ចេញពី​តំបន់ Zanzibar ។​

​ដើម្បី​បញ្ជាក់​ពី​កម្មសិទ្ធិ​ទៅលើ​តំបន់ឆ្នេរ​សមុទ្ទ​ស៊ុ​លត​ង់ របស់​អូ​ម៉​ង់​ឈ្មោះ Seyyid Said បាន​ផ្លាស់ រាជធានី ទៅ​ទីក្រុង Zanzibar នា​ឆ្នាំ​១៨៤០ ។ អំឡុង​ពេលនោះ រាជធានី Zanzibar បាន​ក្លាយជា មណ្ឌល​ពាណិជ្ជកម្ម​ទាសករ​អារ៉ាប់​។ ប្រជាពលរដ្ឋ នៅ​តំបន់​នោះ ប្រមាណ​ជា ៦៥-៩០ ភាគរយ បាន​ក្លាយជា​ទាសករ ។​

​នៅ​ឆ្នាំ​១៨៩៨ Zanzibar ទទួលបាន​ឯករាជ្យ ពោលគឺ​បាន​ក្លាយជា អាណាចក្រ​ឯករាជ្យ​មួយ ហើយ​គឺជា​រដ្ឋ​ក្រោម​កិច្ចការពារ​របស់​ចក្រ​ភព​អង់គ្លេស បើទោះជា​អង់គ្លេស មិនដែល​ដាក់​កិច្ច ការពារ ដោយផ្ទាល់​ក៏ដោយ ។ គិត​ត្រឹម​ឆ្នាំ ១៩៦៤ Zanzibar បាន​ក្លាយជា​ប្រទេស​គ្រប់គ្រង ដោយ​របប​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ ។​

​ពេលនោះ ព្រះរាជាណាចក្រ Zanzibar មាន​ប្រជាពលរដ្ឋ ប្រមាណ​ជា ២៣០.០០០ នាក់ ជា​ជន អាហ្វ្រិក ដែល​ក្នុងចំណោម​នោះ អ្នកខ្លះ​មាន​ដើមកំណើត​ជា​ជនជាតិ​ពែ​ក (​អ៊ីរ៉ង់​)​ហើយ​មាន​ជនជាតិ ដើម​អារ៉ាប់​ប្រមាណ​ជា ៥០.០០០ នាក់ ជា​ម្ចាស់​ដី​ភាគច្រើន និង​ជា​អ្នកមាន​ជីវភាព​ធូរធា​ជាង ពួក​ជនជាតិ អាហ្វ្រិក បូក​បន្ថែម​ដោយ​ជន​អាស៊ី​ខាងត្បូង ប្រមាណ​ជា ២០.០០០ នាក់ ដែលជា​អ្នក កាន់កាប់​មុខ​ជំនួញ​ពាណិជ្ជកម្ម ភាគច្រើន ។​

​គណបក្សនយោបាយ ក៏ត្រូវ​បានរៀបចំ​អនុលោម​ទៅតាម​អម្បូរ នៃ​ជាតិ​សាសន៍​ទាំង​នោះដែរ ដោយ​ពួក​ជន​អារ៉ាប់ កាន់កាប់​គណបក្ស Zanzibar Nationalist Party (ZNP) ហើយ​ពួក អាហ្វ្រិក ជា​ម្ចាស់​គណបក្ស Afro-Shirazi Party (ASP) ។ គណបក្ស The ZNP មាន​ទំនោរ​ទៅរក អេ​ហ្ស៊ី​ប ជា​មហាអំណាច មូ​ស្ល៊ី​ម ជាហេតុ​នាំឱ្យមាន​ភាព​តានតឹង​ជាមួយ​អាណានិគម​អង់គ្លេស ជាម​ហា អំណាច គ្រិស្ត​និយម ។ ប៉ុន្តែ​ព្រះរាជណាចក្រ Zanzibar ត្រូវបាន​ត្រួតត្រា​ដោយ អភិជន អារ៉ាប់ រាប់រយឆ្នាំ​មកហើយ ហើយ​ពួក​អាណានិគម​មិនដែល​នឹក​ស្រមៃ​ថា ព្រះរាជាណាចក្រ​កោះ​ក្នុង មហាសាគរ​ឥណ្ឌា មួយ​នេះ ត្រូវបាន​គ្រប់គ្រង​ដោយ​ពួក​ជន​អាហ្វ្រិក គឺ​ជន​ស្បែក​ខ្មៅ​ឡើយ ។

​បន្ទាប់ពី ស៊ុ​លត​ង់ អូ​ម៉​ង់ បាន​ឈ្លានពាន តំបន់ Zanzibar កាលពី​១៦៩៨ មក ដីធ្លី ត្រូវបាន​ចែក​ទៅ ឱ្យ​គ្រួសារ​អភិជន អូ​ម៉​ង់ ហើយ​ជា​អ្នក​បន្ត​កេរដំណែល​រហូតដល់​ឆ្នាំ ១៩៦៤ ។ ប្រការ​ទាំងនេះ បាន​នាំឱ្យមាន​ទំនាស់​រវាង​ជាតិ​សាសន៍​នានា នៅ Zanzibar ហើយ​បង្កើតជា​ភាព​ទោមនស្ស ច្រណែន និង ស្អប់ខ្ពើម យ៉ាងខ្លាំង​ដល់​ពួក​ជន អាហ្វ្រិក ដែលជា​ជន​ភាគច្រើន ប៉ុន្តែ​ជា​អម្បូរ​ដែល មាន​ជីវភាព​ក្រីក្រ​តោកយ៉ាក​ជាងគេ ។​

​នៅ​សតវត្សរ៍​ទី​១៩ មហាអំណាច អាល្លឺម៉ង់ បាន​ចូលលុកលុយ​តំបន់ Zanzibar នោះ ហើយ​បាន ដាក់បញ្ចូល​គ្នា​បង្កើតបានជា អាហ្វ្រិក ខាងកើត អាល្លឺម៉ង់ ។​ចំណែក តំបន់ Kionga Triangle ដែល ជា​តំបន់​ដ៏​តូច​មួយ ត្រូវបាន​ដាក់បញ្ចូល​ប​ង្កើ​ត​បានជា អាហ្វ្រិក ខាងកើត ព័រទុយហ្កាល់ (​សព្វថ្ងៃ​គឺ តំបន់​ប្រទេស ម៉ូ​ហ្សាំ​ប៊ិក )​។ ចំណែក​តំបន់​Tanganyika​ស្ថិតក្រោម​ការត្រួតត្រារ​បស់ អង់គ្លេស ។​

​ទទួលបាន​ឯករាជភាព​
​នៅ​ឆ្នាំ ១៩៥៤ លោក​Julius Nyerere បាន​កែប្រែ​អង្គការ​សប្បុរស​មួយ​ឱ្យទៅជា​អង្គការ​នយោបាយ ឈ្មោះ Tanganyika African National Union (TANU) ដើម្បី​ទាមទារ​អធិបតេយ្យភាព​ជាតិ​សម្រាប់ តំបន់ Tanganyika ។ លោក Nyerere បាន​ក្លាយជា​រដ្ឋមន្ត្រី នៃ រដ្ឋបាល​ចក្រភព​អង់គ្លេស នៅ​ឆ្នាំ ១៩៦០ ។​

​ជា​ផ្នែក​មួយ​នៃ​ដំណើរ ក្នុង​ការរំសាយ​អាណានិគម​អង់គ្លេស ទៅលើ​ដែនដី Zanzibar អាជ្ញាធរ ពាក់ព័ន្ធ បានរៀបចំ​ឱ្យមាន​ការបោះឆ្នោត​ដោយ​ប្រជាធិបតេយ្យ នៅ​ខែមករា ឆ្នាំ​១៩៦១ ។ ពេលនោះ​គណបក្ស ASP និង គណបក្ស ZNP បានឈ្នះ ១១ អាសនៈ ក្នុងចំណោម​អាសនៈ​ទាំង ២២ នៃ Zanzibar​។ នៅក្នុង​ការបោះឆ្នោត​ជុំ​បន្ទាប់​ដែល​ប្រារព្ធ​នៅ​ខែ មិថុនា ឆ្នាំ​ដដែល​នោះ កៅអី​បាន​កើនឡើង​ដល់ ២៣ អាសនៈ ។​

​ពេលនោះ គណបក្ស ZNP បាន​ចូល​ជា​សម្ព័ន្ធ​ជាមួយ​គណបក្ស​Zanzibar and Pemba People’s Party (ZPPP) ហើយ​ឈ្នះ​បាន ១៣ កៅអី ខណៈ គណបក្ស ASP (​របស់​ពួក អាហ្វ្រិក​) បើទោះជា ទទួលបាន​សំឡេងឆ្នោត ភាគច្រើនបំផុត ក៏​ជា​ផ្លូវការ ឈ្នះ​បានតែ ១០ អាសនៈ​ប៉ុណ្ណោះ​។ ប្រការ នេះ បង្ក​ឱ្យ ASP ចោទថា មាន​ការលួចបន្លំ​សន្លឹកឆ្នោត ។ ដោយហេតុនេះ ភាព​ឥត​ណ្តា​ប់​ធ្នាប់ ក៏បាន​ផ្ទុះឡើង ដែលជា​លទ្ធផល បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់ ៦៨ នាក់ ។ ដើម្បី​ធានា​ឱ្យ​ស្ថានភាព ស្ថិតក្រោម​ការគ្រប់គ្រង​នោះ រដ្ឋាភិបាលចម្រុះ បាន​ហាម​មិនឱ្យ​មានការ​ចូលរួម​ពី​សំណាក់ គណបក្សប្រឆាំង​ឡើយ ដោយ​ធ្វើការ​និង​កាន់អំណាច​ដោយ​មនុស្ស ដែល​តែងតាំង​ដោយ​ខ្លួនឯង (​រដ្ឋាភិបាលចម្រុះ ) និង​តាមច្បាប់​ដែល​តាក់តែង​ដោយ​ខ្លួនឯង​។​

​គណបក្ស Umma Party ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​នោះ ត្រូវបាន​ហាមឃាត់ ហើយ នគរបាល ជា​ជន​ស្បែក​ខ្មៅ​នៅលើ​តំបន់​ដីគោក ត្រូវបាន​បណ្តេញចេញ ។ ប្រការនេះ​បាន​ដកចេញ​យ៉ាងច្រើន នូវ​កម្លាំង​សន្តិសុខ ហើយ​បាន​បង្កើត​នូវ​ក្រុម​ទាហាន​វិញ ។ លើសពីនេះ​ទៅ រដ្ឋាភិបាល​ដែល​គ្រប់ គ្រង​ដោយ អភិជន អារ៉ាប់​នៅ​ហ្ស​ង់​ហ្ស៊ី​បា បានបង្ហាញ​គោលជំហរ​យ៉ាងច្បាស់​ថា ស៊ុ​លត​ង់ នឹង​ស្វែងរក​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ ពិភព​អារ៉ាប់ ជាពិសេស​ជាមួយ អេ​ហ្ស៊ី​ប​ហើយ​គ្មាន​ចំណាប់ អារម្មណ៍​នឹង​ទំនាក់ទំនង​ជាមួយ អាហ្វ្រិក​ដីគោក​ដែលជា​បំណង​របស់​ជន​ស្បែក​ខ្មៅ​ភាគច្រើន ឡើយ ។

​ទាសករ នៅ​ហ្ស​ង់​ហ្ស៊ី​បា​ត្រូវបាន​លុបបំបាត់​នៅ​ឆ្នាំ ១៨៩៧ ប៉ុន្តែ​អភិជន​អារ៉ាប់ ភាគច្រើន​បាន លាក់ទុក​ជន​ស្បែក​ខ្មៅ សម្រាប់​ជា​ទាសករ​របស់​ពួកគេ​ដដែល ដោយ​ពួកគេ​ចាត់ទុកថា ជន​ស្បែក ខ្មៅ​សាក​សមតែ​ធ្វើជា​ទាសករ​របស់​ពួកគេ​តែ​ម្យ៉ាង​ប៉ុណ្ណោះ ។ និយាយ​ជារួម ជន​ស្បែក​ខ្មៅ​នៅ ហ្ស​ង់​ហ្ស៊ី​បា រហូតដល់​ឆ្នាំ ១៩៦៣ ក៏​នៅតែ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ទាសករ ដោយសារតែ អតីតភាព របស់​ពួកគេ​ធ្លាប់ជា​ទាសករ​ផង ដោយសារ​បច្ចុប្បន្ន​ពួកគេ​មាន​ជីវភាព​ទន់ទាប​ផង ហើយ​ម្យ៉ាងទៀត​ក៏​ព្រោះតែ​ភាព​ផ្សេងគ្នា នៃ សាសនា គឺ​ពួកគេ​ជា​អ្នក​គ្រិស្តបរិស័ទ​ខណៈ​ពួក អភិជន អារ៉ាប់ ជា​អ្នក​ជន​មូ​ស្ល៊ី​ម ជាហេតុ​ធ្វើឱ្យ​ពួកគេ​ប្រកាន់​រើសអើង​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គ្នា ទៅវិញទៅមក ។

​ហ្ស​ង់​ហ្ស៊ី បាទ​ទួលបាន​ឯករាជភាព​ពេញលេញ​របស់ខ្លួន ពី​ចក្រភព​អង់គ្លេស នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​១៩៦៣ ដោយមាន​រដ្ឋាភិបាល​ប​ក្ស​សម្ព័ន្ធ ZNP/ZPPP ដែលជា​រដ្ឋាភិបាល​រប​ស់​អភិជន​អារ៉ាប់ ជា​អ្នកគ្រប់គ្រង​អំណាច ។ រដ្ឋាភិបាល បានស្នើ​សុំឱ្យ​កងទ័ព​អង់គ្លេស បន្ត​នៅ​ទីនោះ​ទៀត ប៉ុន្តែ អង់គ្លេស​បាន​បដិសេធ ព្រោះ​មិន​ស្របច្បាប់​អន្តរជាតិ​ផង ម្យ៉ាង​និន្នាការ នៃ​ចលនា​ពួក​អ្នក​កុ​ម្មុយ និ​ស្ត​ផង អាច​នាំមក​នូវ​ភាព​តានតឹង ឬ​ផុយស្រួយ​ចំពោះ​វត្តមាន​កងទ័ព​អង់គ្លេស​នៅ​ទីនោះ ។

​បដិវត្តន៍​ដ៏​ឃោរឃៅ
​ឆ្នាំ​១៩៥៩ នាយ​សារថី (​អ្នក​បររទេះ​) ម្នាក់​ជា​ជនជាតិ អ៊ូ​ហ្ក​ង់​ដា ឈ្មោះ ច​ន អូ​កេ​ឡូ បានមក​ដល់ តំបន់ Pemba ប្រកបមុខរបរ​ជាជាង​កំបោរ ។ លុះដល់​ខែ កុម្ភៈ ឆ្នាំ​១៩៦៣​គាត់​បាន​ផ្លាស់​ទៅ​ហ្ស​ង់ ហ្ស៊ី​បា ដោយបាន​ប្រកបមុខរបរ​ជាម​ន្ត្រី​នៅក្នុង​សហជីព កម្មករ​ជាងគំនូរ ហ្ស​ង់​ហ្ស៊ី​បា​និង Pemba ហើយក៏​ជា​សកម្មជន​នៅក្នុង​គណបក្ស ASP ផងដែរ ។

​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​១៩៦៤ ជន​ស្បែក​ខ្មៅ រួមទាំង​ពួក អតីត​ប៉ូលិស ដែល​ទើបតែ​ត្រូវបាន បណ្តេញចេញ​ថ្មីៗ​នោះ ប្រមាណ​ជា ៦០០-៨០០ ប្រដាប់​ដោយ​ដាវ លំពែង កាំបិត និង ដំបង​ដែក បាន​វាយប្រហារ​ទៅលើ​ទីតាំង ប៉ូលិស​នៅ​កោះ Unguja និង ស្ថានីយ​វិទ្យុ ។ កង​ប៉ូលិស អារ៉ាប់ ដែល​ទើបតែ​ដាក់ជំនួស​ថ្មីៗ ហើយ​ស្ទើរតែ​គ្មាន​ការហ្វឹកហាត់​ផង​នោះ មិនយូរប៉ុន្មាន​ក៏ត្រូវ​បាន​ពួក អ្នកបះបោរ​យកឈ្នះ​បាន​ដោយ​ងាយ​។ ចំណែក​លោក អូ​កេ​ឡូ បាន​ដឹកនាំ​វាយប្រហារ​ទៅលើ ការិយាល័យ​កណ្តាល​រប​ស់ ប៉ូលិស Ziwani ដោយ​ជោគជ័យ ហើយ​មាន​អ្នកបះបោរ​តែ​៤-៥ នាក់​ប៉ុណ្ណោះ ត្រូវបាន​បាញ់សម្លាប់ ។​

​ព្រឹកស្អែក​ឡើង លោក អូ​កេ​ឡូ បានប្រកាស​តាម​វិទ្យុ​ថា មនុស្ស​របស់គាត់​គ្រប់គ្រង​ស្ថានការណ៍ បាន​ជោគជ័យ​ហើយ និង​អំពាវនាវ​ឱ្យ​ជន​អាហ្វ្រិក ទាំងអស់ ក្រោក​ឡើង​បះបោរ​គ្រប់ទិសទី ដើម្បី​ផ្តួលរំលំ​ពួក​ចក្រ​ព័​ត្ត​និយម ។ លោក អូ​កេ​ឡូ បានប្រកាស​ខ្លួនឯង​ថា ជា​សេនាប្រមុខ ។ ត្រឹមតែ​រយៈពេល ប្រាំមួយ​ម៉ោង ទីតាំង​សំខាន់ៗ​របស់​រដ្ឋាភិបាល ត្រូវបាន​កាន់កាប់​ដោយ​ពួក​អ្នក បះបោរ ។​

​នៅ​ទូទាំង​ទីក្រុង Stone Town ហាង​ទំនិញ និង ផ្ទះសម្បែង​ដែលជា​កម្មសិទ្ធិ​របស់​ជ​ន​អារ៉ាប់ និង​ជន​អាស៊ី​ខាងត្បូង ត្រូវបាន​ចូល​លួច​ប្លន់ ខណៈ​ស្ត្រី​អារ៉ាប់ និង​ស្ត្រី​អាស៊ី​ខាងត្បូង​ត្រូវបាន​ចាប់ រំលោភ​សេពសន្ថវៈ និង​សម្លាប់ចោល ដោយ​សេរី តាម​ទំនើងចិត្ត ។​

​ស៊ុ​លត​ង់ និង​នាយករដ្ឋមន្ត្រី មូ​ហា​ម៉ា​ដ់ ហ្សា​ម​តេ ហា​ម៉ា​ឌិ មួយអន្លើ​ដោយ​សមាជិក​គណៈរដ្ឋមន្ត្រី បាននាំគ្នា​ភៀសខ្លួន​ចេញពី​កោះ​នោះ​។ ចំណែក​រាជវាំង​របស់​ស៊ុ​លត​ង់ និង​ទ្រព្យសម្បត្តិ​ទាំង​ប៉ុន្មាន របស់​ស៊ុ​លត​ង់ ត្រូវបាន​ពួក​អ្នកបះបោរ​រឹបអូស ។

​បុរស​ជា​ជនជាតិ​អារ៉ាប់ ត្រូវបាន​គេ​សម្លាប់ នៅតាម​ពាសពេញ​ផ្លូវ ហើយ​លិង្គ​របស់​ពួកគេ​ត្រូវបាន កាត់ ហើយ​ញាត់​ចូល​មាត់​សព​ទាំងនោះ​វិញ​។ ជា​ផ្នែក​មួយ នៃ​បញ្ជា​យ៉ាង​ប្រុងប្រយ័ត្ន​របស់លោក អូ​កេ​ឡូ បាន​បញ្ជា​ឱ្យ​ជន​អាហ្វ្រិក កាប់សម្លាប់​មិន​រើសមុខ នូវ​រាល់​ជន​អារ៉ាប់​ទាំងឡាយណា ដែល​គេ​បានឃើញ ។

​បន្ទាប់ពី​បាន​ត្រួតត្រា​លើក​ទីក្រុង Stone Town រួចមក នៅ​ថ្ងៃទី​២ ពួក​អ្នកបះបោរ​បាន​បន្ត​វាយ ប្រហារ​ទៅលើ​ទីក្រុង Manga ដើម្បី​កាន់កាប់​តំបន់​ជនបទ ហើយ​នៅក្នុង​យុទ្ធនាការ​ទាំងនោះ ជន​អារ៉ាប់ ត្រូវបាន​កាប់សម្លាប់​ទាំង​គ្រួសារៗ ហើយ​ផ្ទះសម្បែង​របស់​ពួកគេ ត្រូវបាន​ដុតបំផ្លាញ ។

​លោក ច​ន អូ​កេ​ឡូ បាន​អះអាង​ជា​បន្តបន្ទាប់ និង ដោយ​ម៉ឺងម៉ាត់ អំពី​មូល​ហេតុដែល​គាត់​ដឹកនាំ បះបោរ​បដិវត្តន៍ យ៉ាង​ឃោរឃៅ​នោះ​ថា គឺ​គាត់​បានឮ​សំឡេង​របស់​ព្រះ​ជា​ម្ចាស់​បាន​ស្រែក​បញ្ជា គាត់ ក្នុងនាម​ជា​គ្រិស្ត​សាសនិក​ម្នាក់ ឱ្យ​រំដោះ​ប្រជាពលរដ្ឋ នៅ​ហ្ស​ង់​ហ្ស៊ី​បា​សម្រាប់​ព្រះ​យេស៊ូ គ្រិស្ត ពី​ពួក​មូ​ស្ល៊ី​ម អារ៉ាប់ ហើយ​ថា អ្វីៗ​គ្រប់យ៉ាង​ដែល​គាត់​ចេះ គឺ​រៀន​ពី​ព្រះគម្ពីរ​បាយ​ប៊​ល (​គម្ពីរ​ពិសិដ្ឋ ឬ​គម្ពីរ​គោល​របស់​គ្រិស្តសាសនា ដូចជា​គម្ពីរ​ព្រះ​ត្រៃបិដក​របស់​ព្រះពុទ្ធសាសនា និង​គម្ពីរ កូ​រ៉ា​ន់ របស់​អ៊ិ​ស្លាម​) ។

​នៅក្នុង​អំឡុង នៃ​ការបះបោរ​នោះ ស្ត្រី​ជនជាតិ​អារ៉ាប់ និង​ស្ត្រី​ជនជាតិ​អាស៊ី​ខាងត្បូង រាប់ពាន់នាក់ ត្រូវបាន​ចាប់រំលោភ​សេពសន្ថវៈ ហើយ​សម្លាប់ចោល ដោយ​មនុស្ស​ពពួក​ជន​ស្បែក​ខ្មៅ​របស់លោក ច​ន អូ​កេ​ឡូ ។ អ្នកទោស​ដែលជា​ជនជាតិ​អារ៉ាប់ ត្រូវបាន​មនុស្ស​របស់លោក អូ​កេ​ឡូ​សម្លាប់​ទាំង ក្រុម​ទាំង​ហ្វូង ។ ដើម្បី​រក្សា​អាយុជីវិត ជន​អារ៉ាប់ និង​អាស៊ី​ខាងត្បូង ជាច្រើន​នាក់ នាំគ្នា​រត់គេចខ្លួន សម្រុក​ចូលទៅ​ប្រទេស អូ​ម៉​ង់ ។​

​ជា​សរុបមនុស្ស​ពី​ចន្លោះ ២.០០០-៤.០០០ នាក់ ដែលជា​ជន​អារ៉ាប់ និង ជន​អាស៊ី​ខាងត្បូង ត្រូវបាន​ពពួកមនុស្ស​ស្បែក​ខ្មៅ​របស់លោក ច​ន អូ​កេ​ឡូ សម្លាប់​យ៉ាង​ឃោរឃៅ​ព្រៃផ្សៃ បំផុត​។

​មន្ត្រីការទូត​អាមេរិក លោក Don Petterson ដែល​បានឃើញ​ទិដ្ឋភាព​ទាំងនោះ​ផ្ទាល់ បាន​ហៅ អំពើ​កាប់សម្លាប់ ពី​សំណាក់​ជន​អាហ្វ្រិក ទៅលើ​ជន​អារ៉ាប់​ទាំងនោះ​ថា “ ជា​អំពើ​ប្រល័យ​ពូជ សាសន៍ “ ។ ពួក​មនុស្ស​របស់លោក ច​ន អូ​កេ​ឡូ នាំគ្នា​ដើរ​ស្រែក​ជ័យ​ឃោស នៅតាម​វិថី​នានា​ថា “ ព្រះ​ជា​ម្ចាស់ (​យេ​ហ៊ូ​វ៉ា ) ប្រទាន​ពរ ដល់​ជន​អាហ្វ្រិក “ ដោយ​ពួកគេ បាន​ហៅ​ខ្លួនគេ​ថា​ជា “​កងទ័ព របស់​ព្រះ​ជា​ម្ចាស់ “ ។ លោក អូ​កេ​ឡូ បាន​អះអាងថា ព្រះ​គ្រិស្ត គឺជា​ជន អ​ហ្វ្រិ​ក (​ដែល​តាមពិត ព្រះ​គ្រិស្ត គឺជា​ជនជាតិ​អ៊ីស្រាអែល គឺ​នៅ​ទឹកដី​អារ៉ាប់​ឯណោះ​ទេ ) ហើយ​ទ្វីបអាហ្វ្រិក គឺជា​ទ្វីប ដ៏​ពិសិដ្ឋ របស់​ព្រះ​ជា​ម្ចាស់ ។

​បន្ទាប់ពី​បដិវត្តន៍​
​បន្ទាប់ពី​នោះមក ក្រុមប្រឹក្សា​បដិវត្តន៍ មួយ​ត្រូវបាន​បង្កើតឡើង​ដោយ គណបក្ស ASP និង គណបក្ស Umma ដើម្បី​បំពេញ​តួនាទី​ជា​រដ្ឋាភិបាលបណ្តោះអាសន្ន ដោយមាន​លោក​Abeid Amani Karume ជា​ប្រធានាធិបតី ។ ប្រទេស ត្រូវបាន​ផ្លាស់ប្តូរ​ទៅជា​សាធារណរដ្ឋ ហ្ស​ង់​ហ្ស៊ី​បា និង ប៉េ​ម​បា ។

​គិត​ត្រឹម​ថ្ងៃទី​៣ ខែកុម្ភៈ និង​ឆ្នាំ​១៩៦៤ ដដែល​នោះ​ស្ថានភាព​បាន​វិលត្រឡប់​ទៅរក​ភាព​ប្រក​ក្រ​តី វិញ ហើយ​លោក Karume ត្រូវបាន​ប្រជាពលរដ្ឋ​ទទួលស្គាល់​ជាទូទៅ​ថា ជា​ប្រធានាធិបតី ។​

​លោក ច​ន អូ​កេ​ឡូ បាន​បង្កើត​ក្រុម​កងកម្លាំង​រំដោះ (FMF) ជា​កងទ័ព​ផ្ទាល់ខ្លួន​របស់គាត់ (​គឺជា​ពួក ជនដៃដល់ ដែល​បាន​ចាប់រំលោភ កាប់សម្លាប់​លួច​ប្លន់​ជន​អារ៉ាប់ និង​អាស៊ី​ខាងត្បូង​នា​អំឡុង​ងើប បះបោរ ) ។ ប៉ុន្តែ​គិត​ត្រឹម​ខែមីនា ឆ្នាំ ដដែល​នោះ កងកម្លាំង FMF ភាគច្រើន​របស់លោក អូ​កេ​ឡូ ត្រូវបាន​ដកហូត​អាវុធ ដោយ​កងទ័ព​ដែល​គាំទ្រ​លោក Karume និង គណបក្ស Umma ។ នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​ដដែល​នោះ លោក អូ​កេ​ឡូ ត្រូវបាន​ដកហូត​តំណែង​ជា​សេនាប្រមុខ ហើយ​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​ត្រលប់​ចូល ហ្ស​ង់​ហ្ស៊ី​បា វិញ​ឡើយ ។ អូ​កេ​ឡូ​ត្រូវបាន​និរទេស​ទៅ ដែនដី Tanganyika រួច​បញ្ជូនទៅ កេ​ន​យ៉ា ហើយ​ទីបំផុត​ត្រូវបាន​បញ្ជូនទៅ អ៊ូ​ហ្ក​ង់​ដា ដែលជា ប្រទេស​កំណើត​របស់គាត់​វិញ ដោយ​គ្មាន​ទ្រព្យ​អ្វី​ជាប់​នឹង​ខ្លួន​មួយ​កាក់​មួយ​សេន​ឡើយ ។ នៅ​ខែ មេសា រដ្ឋាភិបាល​បង្កើត កងទ័ព​រំដោះ​ប្រជាពលរដ្ឋ (PLA) ហើយ​កង​កង​ម្លាំ​ង FMF របស់លោក អូ​កេ​ឡូ ដែល​នៅ​សេសសល់ ត្រូវបាន​រំលាយចោល​ជា​ស្ថាពរ ។

​ការត្រួតត្រា​របស់​អង់គ្លេស នៅ​តំបន់ Tanganyika ត្រូវបាន​បញ្ចប់​នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​១៩៦១ ហើយ​លោក Nyerere បាន​ធ្វើជា​នាយករដ្ឋមន្ត្រី​។ ប៉ុន្តែ​មួយឆ្នាំ​ដំបូង Tanganyika មាន​អគ្គ​ទេ​សា ភិ​បាល នៅ​តំណាង​អង់គ្លេស​នៅឡើយ​។ នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​១៩៦២ Tanganyika បាន​ក្លាយជា សាធារណរដ្ឋ​ប្រជាធិបតេយ្យ ក្រោម​ការដឹកនាំ​របស់​ប្រធាន​ប្រតិបត្តិ​។ បន្ទាប់ពី​បដិវត្តន៍ Zanzibar បាន​ផ្តួលរំលំ​រាជវង្ស អារ៉ាប់ Zanzibar​មក ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​១៩៦៤ ដែនដី Tanganyika និង ហ្ស​ង់​ហ្ស៊ី​បាន ( Zanzibar ) រួបរួមគ្នា​បង្កើតបាន​ជា​រដ្ឋ​មួយ​ឈ្មោះ Tanzania​គឺ តង់​សានី សព្វថ្ងៃនេះ​។​

​នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​១៩៦៤ ដដែល​នោះ ប្រទេស​នេះ ត្រូវបាន​ប្តូរ​ឈ្មោះ​ឱ្យទៅជា​សាធារណរដ្ឋ រួបរួម តង់​សានី ដែល​សរ​សរសេរ​ជា​អក្សរ​អង់គ្លេស​ថា Tanzania ។ ពាក្យ​ថា Tan ជា​ទម្រង់​កាត់ របស់​ឈ្មោះ​ដើម នៃ​ដែនដី Tanganyika ចំណែក Zan ជា​ទម្រង់កា​ត់របស់​អតីត​ដែនដី Zanzibar ។​

​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ តង់​សានី បានចាត់ទុក​ថ្ងៃទី​២៦ ខែមេសា ដែលជា​ថ្ងៃ​រួបរួម​បញ្ចូល​គ្នា នៃ​ដែនដី Tanganyika និង Zanzibar ថា​ជា​ថ្ងៃ សហភាព​របស់​ពួកគេ រហូតមក ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

ស្ថូប​អនុស្សាវរីយ៍​ឯករាជ្យ​ជាតិ​របស់ តង់​សានី
ទីក្រុង ដា​អេស​សា​ឡឹម នៃ ប្រទេស តង់​សានី
ពិធី​រំលាយ​ចូលគ្នា នៃ ដែនដី Tanganyika និង Zanzibar