ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ថ្ងៃ​៣​ឧសភា ក្នុង​កាលៈទេសៈ កូ​វីដ​១៩

339
ចែករម្លែក

ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ថ្ងៃ​៣​ឧសភា នៅ​ឆ្នាំ​២០២០​នេះ បាន​ប្រារព្ធ​ឡើង​ចំពេលដែល​ពិភពលោក ក៏ដូចជា​ប្រទេស​កម្ពុជា​យើង​កំពុង​ប្រឈម​នឹង​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​ដ៏​កាចសាហាវ​កូ​វីដ​១៩​។ ដូច្នេះហើយ​បានជា​នៅ​ថ្ងៃ​រម្លឹក​ខួប​ប្រចាំឆ្នាំ​នៃ​ទិវា​សារព័ត៌មាន​នេះ​មិនមាន ពិធី​ជួបជុំ​ដូច​រៀងរាល់ឆ្នាំ​ទេ មានតែ​សេចក្តីថ្លែងការណ៍​ពី​ក្លិប​អ្នកកាសែត សមាគម​សហព័ន្ធ​អ្នកសារព័ត៌មាន រួមទាំង​សារលិខិត​ពី​នាយករដ្ឋមន្ត្រី​។​
​ ​
​ឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក​លើក​ទី​២៧ នា​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​សារលិខិត​បី​ទំព័រ​ដើម្បី​ចូលរួម​អបអរសាទរ​យ៉ាង​កក់​ក្តៅជាមួយ​ស្ថាប័ន​សារព័ត៌មាន​និង​បងប្អូន​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទាំងអស់​ដែល​កំពុងបំពេញការងារ​លើ​វិស័យ​សារព័ត៌មាននៅ​កម្ពុជា និង​នៅលើ​សកលលោក​។​

​ក្នុង​សារលិខិត ចុះ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន ឲ្យ​បន្ត​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ និង​ផ្សព្វផ្សាយ​ព័ត៌មាន​អប់រំ​ប្រជាពលរដ្ឋ​ពី​ជំងឺកូ​វីដ​១៩​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក ថ្ងៃ​៣​ឧសភា នៅ​ឆ្នាំនេះ ប្រារព្ធ​ឡើង​ក្នុង​កាលៈទេសៈ ដែល​សកលលោក​ទាំងមូល ក៏​ដូច​កម្ពុជា​កំពុង​ទទួលរង​នូវ​សោកនាដកម្ម​នៃ​ការ​រាតត្បាត​ជំងឺឆ្លង​ជាស​កល​បង្កឡើង​ដោយ​វីរុស​កូ​វីដ​១៩​។ ដូច្នេះ​សម្តេច តេ​ជោ ហ៊ុន សែន បានប្រកាស​អំពាវនាវ​ដល់​បងប្អូន​អ្នកសារព័ត៌មាន​ទាំងអស់​សូម​ចូលរួម​ឲ្យ បាន​សកម្ម​ថែមទៀត ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងបន្លំ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្តាញ ទំនាក់ទំនង​សង្គម​នានា ដោយ​ការផ្សាយ​ព័ត៌មាន​ពិត​ដើម្បី​បន្សាប​ព័ត៌មាន​ក្លែងបន្លំ​ឲ្យ​ប្រជាពលរដ្ឋ បាន​យល់ដឹង​ទាន់សភាពការណ៍​។​

​សម្តេច​តេ​ជោ ក៏បាន​អំពាវនាវ សូម​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអស់​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ ព័ត៌មាន​អប់រំ​ដល់​ប្រជាពលរដ្ឋ​របស់​យើង ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច រួមគ្នា​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដោយ​ការរស់នៅ​ប្រកបដោយ​អនាម័យ​ល្អ​រក្សា​គម្លាតសង្គម និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល ​ជៀសវាង​ការរស់នៅ​ដោយ​គ្មាន​អនាម័យ និង​ការប្រមូល​ផ្តុំគ្នា ដែលជា​ប្រភព​នៃ​ការចម្លង​ជំងឺ​ដែល​បង្កឡើង ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី​។​

​ចំណែក​ក្លិប​អ្នកកាសែត​កម្ពុជា​បានលើកឡើង​៧​ចំណុច​។ ក្នុងនោះ ក្លិប​អ្នកកាសែត​កម្ពុជា​បាន ប្រកាស​សម្តែង​ការកោតសរសើរ ចំពោះ​អ្នកសារព័ត៌មាន​ទាំងអស់​ដែល​បាន​បំពេញការងារ​យ៉ាងសកម្ម ដើម្បី​បម្រើ​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ទោះបីជា​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នៃ​ការ​រា​តត្បា​តរបស់​ជំងឺ Covid-19 ក៏ដោយ ក៏​អ្នកសារព័ត៌មាន នៅតែ​ពុះពារ​គ្រប់បែបយ៉ាង​ដោយ​ជម្នះ គ្រប់​ឧបសគ្គ ក្នុង​បុព្វហេតុ រាយការណ៍​ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ​។
​ ​
​ក្លិប​អ្នកកាសែត​កម្ពុជា សង្កេតឃើញថា សារព័ត៌មាន បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់ព័ត៌មាន​ពិត ក៏ដូចជា ជួយ​ផ្សព្វផ្សាយ​សារ​អប់រំ​នានា ស្តីពី Covid-19 ជូន​ដល់​ប្រជាពលរដ្ឋ​។​
​ ​
​ជាមួយគ្នានេះ ក្លិប​អ្នកកាសែត​កម្ពុជា កត់សម្គាល់ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ធ្វើ​សន្និសីទកាសែត​ដោយផ្ទាល់​ជាច្រើនលើក ដើម្បី​ផ្តល់ព័ត៌មាន​ដល់​ពលរដ្ឋ​អំពី​កិច្ចការ របស់​រាជរដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ Covid-19 និង​ដោយ​បើក​ឲ្យ​អ្នកសារព័ត៌មាន ចោទ​សំណួរ​ដោយ​សេរី​។

​ក្លិប​អ្នកកាសែត​កម្ពុជា យល់ឃើញថា នេះ​ជាស​ញ្ញា​វិជ្ជមាន​ដ៏​គួរ​ឲ្យ​លើកទឹកចិត្ត​ដែល​បាន​បើកចំហ សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​។​

​ក្នុង​សេចក្តីថ្លែងការណ៍​ក្លិប​អ្នកកាសែត​កម្ពុជា​ក៏បាន​លើកឡើង​នូវ​ការសង្កេត​ឃើញ​ដោយ​មោទកភាព​ថា វិស័យ​សារព័ត៌មាន នៅ​កម្ពុជា បាននិងកំពុង​រីកដុះដាល​គួរ​ឲ្យ​កត់សម្គាល់​ទាំង​សារព័ត៌មានបែប​ប្រពៃណី ( កាសែត វិទ្យុ និង​ទូរទស្សន៍ ) និង​សារព័ត៌មាន​បែប​ថ្មី ( អន​ឡាញ ) ដែល​បានផ្តល់ ជម្រើស​កាន់តែ​ងាយស្រួល និង​សម្បូរបែប​ដល់​ប្រជាពលរដ្ឋ​។​

​ទន្ទឹមនឹងនោះ ក្លិប​អ្នកកាសែត​កម្ពុជា ក៏​សង្កេតឃើញ​ដែរ​ថា កង្វះខាត​ក្រមសីលធម៌​វិជ្ជាជីវៈ របស់​អ្នក​ប្រកប​អាជីព​សារព័ត៌មាន​មួយចំនួន នៅតែ​ជា​ចំណោទ​ដ៏​ធំ​មួយ​ដែល​បង្ក​ផលប៉ះពាល់ ដល់​តម្លៃ​សារព័ត៌មាន នៅ​កម្ពុជា ក៏ដូចជា ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សង្គម​។​

​ស្របពេល​ជាមួយគ្នា​នោះ ក្លិប​អ្នកកាសែត​កម្ពុជា ក៏​កត់សម្គាល់ថា​ ចំណាត់ការ​របស់​អាជ្ញាធ​រ​មានសមត្ថកិច្ច និង​ភាគី​ពាក់ព័ន្ធ មកលើ​អ្នកសារព័ត៌មាន ដែល​រង​ការ​ចោទថា បាន​ប្រព្រឹត្ត​ខុស​វិជ្ជាជីវៈ នោះ ពេលខ្លះ នៅ​មិនទាន់​សមស្រប​តាមច្បាប់​ស្តីពី​របប​សារព័ត៌មាន​នៅឡើយ​។​ក្នុងន័យនេះ ក្លិប​អ្នកកាសែត​កម្ពុជា បានប្រកាស​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ ត្រូវ​រួមគ្នា​ការពារ និង​លើកស្ទួយ​សេរីភាព​សារព័ត៌មាន នៅ​កម្ពុជា តាមរយៈ​ការគោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ ដែលជា​តម្លៃ​មិនអាច​ខ្វះ​បាន​របស់​អ្នកសារព័ត៌មាន និង​ត្រូវ​រួមគ្នា​ការពារ​វិជ្ជាជីវៈ របស់ខ្លួន​ពី​ការ​បំពាបំពាន​គ្រប់​រូបភាព​។

​ទន្ទឹមនឹងនេះ ក្លិប​អ្នកកាសែត​កម្ពុជា ក៏​សូម​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច តុលាការ ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត សូម​គោរព និង​ផ្តល់​តម្លៃ​ដល់​អ្នកសារព័ត៌មាន និង​សូម​រួមគ្នាអនុវត្តច្បាប់ ស្តីពីរបប​សារព័ត៌មាន​ឲ្យ​មាន​ប្រសិទ្ធភាព​។​

​រីឯ​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍ អបអរសាទរ ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ៣ ឧសភា ដែល​នៅ​ឆ្នាំនេះមិនមាន​ការជួបជុំ ប្រារព្ធ​ទិវា​ប្រចាំ​ឆ្នាំនេះ​ទេ ដោយសារតែ​នៅពេលនេះ ពិភពលោក​ទាំងមូល​រួមទាំង​ប្រទេស​កម្ពុជា យើង​ផង រង​ការ​រាតត្បាត​ពី​ជំងឺ​កូ​វីដ​១៩​នៅឡើយ​។​

​ក្នុងន័យនេះ ស​.​ស​.​ស​.​ក សូម​ប្រែក្លាយ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំនេះ ទៅជា​ការ ប្តេជ្ញាចិត្ត រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​បន្ត​ចូលរួម​ផ្សព្វផ្សាយ​វិធានការ នានា​បម្រើ​ការយល់ដឹង​អំពី​សុវត្ថិភាព​សុខុមាលភាព​ដល់​សាធារណជន​។​

​តាម​ស​.​ស​.​ស​.​ក «​សុខភាព​» ពោលគឺ «​សិទ្ធិ​រស់រានមានជីវិត​» ក្នុង​ពេលនេះ​នៅតែ​ជា​អាទិភាពចម្បង​បំផុត និង​មានតម្លៃ​ជាង​អ្វីៗ​ទាំងអស់​។ ដរាបណា​អាយុជីវិត​ត្រូវបាន​ថែរក្សា​ការពារ​ល្អប្រសើរ ទើប​មនុស្ស​គ្រប់ៗ​រូប​មានឱកាស​អនុវត្ត​សិទ្ធិ​ដទៃទៀត រួមទាំង​សិទ្ធិសេរីភាព​សារព័ត៌មាន និង​សិទ្ធិ​បញ្ចេញមតិ​ផងដែរ​។​

​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា សូម​យក​ឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ឆ្នាំនេះ ប្រែក្លាយជា​ថ្ងៃ​នឹករលឹក និង​ការដឹងគុណ​ដល់​រៀមច្បង​សារព័ត៌មាន​របស់​យើង សរុប​១៨​រូប ដែល​ពួកគាត់ បាន​ដឹក​ដៃ​អ្នក​ទាំងឡាយ ក្នុង​វិស័យនេះ ឆ្លងកាត់​ដំណាក់កាល​នីមួយៗ​ហើយ ឥឡូវ​ពួកគាត់​ខ្លះ ក្លាយជា​ព្រឹទ្ធាចារ្យ និង​មាន​វ័យ​ជរា​ទៅហើយ​។ ស​.​ស​.​ស​.​ក បានរៀបចំ​នូវ អំណោយ រួមមាន​៖ អង្ករ ភេសជ្ជៈ សម្ភារប្រើប្រាស់ និង​ថវិកា ជូន​ដល់​រៀមច្បង​យើង​ក្នុង​ស្មារតី កតញ្ញូ «​ជួយ​គ្នា ក្នុង​គ្រា​លំបាក​» និង «​ធ្វើបុណ្យ ទាន់​ខែភ្លឺ​»​។​

​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ក្នុងឱកាស​នេះដែរ សូម​លើកទឹកចិត្ត​ដល់​មិត្ត​អ្នក​សារព័ត៌មាន​ទាំងអស់ បន្ត​បំពេញ​តួនាទី ដោយ​ប្រកាន់ខ្ជាប់​គោលការណ៍​វិជ្ជាជីវៈ និង​សេចក្តីថ្លៃថ្នូរ ដើម្បី​បន្ត​ទទួលបាន​ការគោរព​ស្រឡាញ់ និង​ការជឿទុកចិត្ត​។​

​ជាមួយគ្នានេះ ស​.​ស​.​ស​.​ក សូម​លើកទឹកចិត្ត​ដល់​មិត្ត​អ្នកសារព័ត៌មាន ចំណាយ​ផ្នែក ឬ​ជ្រុង​ណាមួយ​នៃ​អាជីព​ខ្លួន ជួយ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​ប្រទេសជាតិ​របស់​យើង​ដើម្បី​រួមចំណែក​បង្ហាញផ្ទះ​កម្ពុជា​ដ៏​ល្អ​ស្អាត​ទៅកាន់​ឆាក​អន្តរជាតិ និង​កសាង​មោទនភាព​សម្រាប់​អនាគត​កូនៗ​និង​ប្រជាជាតិ​យើង​។ ព្រឹទ្ធាចារ្យ​ខ្មែរ​យើង​ទូន្មាន​ថា «​នៅពេល​អ្នក​មានគំនិត​វិជ្ជមាន​សូម្បីតែ​អ្នករក​ឃើញនូវ​ចំណុច​ល្អ​ឬ​ពន្លឺ​តូច​១ នោះ​អ្នក​ក៏​នឹង​អាច​រកឃើញ​នូវ​ទិស​ពិតប្រាកដ​សម្រាប់​ការដើរ​ឆ្ពោះទៅមុខ​»​។​

​ស​.​ស​.​ស​.​ក ក៏បាន​ជូនពរ​មិត្ត​សារព័ត៌មាន​ទាំងអស់ ទទួលបាន​ជោគជ័យ​ថ្មីៗ​ថែមទៀត​នៅក្នុង អាជីព ជាមួយនឹង​ការតម្កល់​ខ្ពស់​ជានិច្ច​នូវ​ឧ​ត្ត​ម​គតិ​ជាតិនិយម «​សេរីភាព​ក្រោម​ស្មារតី​ជាតិ ឯករាជ្យ​»​។​

​ក្នុង​ពិធី​ជួប​សំណេះសំណាល​រវាង​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នកសារព័ត៌មាន លើក​ទី​៤ កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានប្រកាសថា នៅក្នុង​ប្រទេស​កម្ពុជា​យើង នៅ​ឆ្នាំ​២០១៩ សារព័ត៌មាន​បោះពុម្ពផ្សាយ​តាម បែប​ប្រពៃណី រួមមាន កាសែត ព្រឹត្តិបត្រ និង​ទស្សនា​វ​ដ្តី ដែល​ដំណើរការ​ចេញផ្សាយ​ជាប្រចាំ បាន​ធ្លាក់ចុះ​ពី ៥១២​អង្គភាព នៅ​ឆ្នាំ​២០១៨ មក​នៅត្រឹម ៣១០​អង្គភាព នៅ​ឆ្នាំ​២០១៩​។ ចំណែក​គេហទំព័រ និង​ទូរទស្សន៍​អន​ឡាញ ដែល​បាន​ចុះបញ្ជី និង​កំពុងដំណើរការ​ធ្វើ​អាជីវកម្ម កើនឡើង​រហូតដល់ ៤០០ អង្គភាព​។ ស្ថានីយទូរទស្សន៍ ដែល​ផ្សាយ​ផ្ទាល់ និង​ផ្សាយ​បន្ត នៅ​ទូទាំងប្រទេស មាន ២០០ ស្ថានីយ​។ ទូរទស្សន៍​ផ្កាយរណប មាន ២​ស្ថានីយ​។ ទូរទស្សន៍ ឌីជីថល មាន ៥​ស្ថានីយ​។ ទូរទស្សន៍​ខ្សែកាប មាន ២១០ ស្ថានីយ​។ វិទ្យុ មាន ២២១ ស្ថានីយ​។ ការិយាល័យ​តំណាង​សារព័ត៌មាន​បរទេស និង​ការិយាល័យ​តំណាង​ទូរទស្សន៍ វិទ្យុ​បរទេស ប្រចាំការ​អចិន្ត្រៃយ៍​នៅ​កម្ពុជា មាន​ចំនួន ២២​អង្គភាព​ក្នុងនោះ ក៏មាន​ការិយាល័យ​តំណាង​វិទ្យុ សំឡេង​សហរដ្ឋ​អាម៉េរិក VOA ដែល​បាន​ចុះបញ្ជី​ផ្លូវការ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៩ និង​សមាគម អ្នកសារព័ត៌មាន​សរុប​មាន ៤២ អង្គភាព​។​

​សមិទ្ធផល​ទាំងអស់​ខាងលើនេះ ត្រូវបាន​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បញ្ជាក់ថា បានបង្ហាញ​យ៉ាងច្បាស់​នូវ​ថាមពល​ដ៏​ខ្លាំងក្លា​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​កម្ពុជា និង​ការបើក ទូលាយ​នូវ​សេរីភាព​នៃ​ការបញ្ចេញមតិ និង​សេរីភាព​ខាង​សារព័ត៌មាន​ដ៏​ពេញលេញ​នៅ​កម្ពុជា​។​

​យ៉ាងណាក៏ដោយ ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​១៩ កំពុង​កើតឡើង កាលពី​ខែមេសា​កន្លងមក យ៉ាងហោចណាស់ មាន​ស្ថាប័ន​សារព័ត៌មាន អន​ឡាញ​ពីរ ត្រូវបាន​ក្រសួង​ព័ត៌មាន សម្រេច​ដកអាជ្ញាប័ណ្ណ ដោយសារតែ​ប្រព្រឹត្ត​ខុស​នឹង​វិជ្ជាជីវៈ ក្រមសីលធម៌​ជា​អ្នកសារព័ត៌មាន​និង​ផ្សាយ​បែប ញុះញង់​។​

​ដូច្នេះ ក្នុង​កាលៈទេសៈ​កូ​វីដ​១៩ នាពេលនេះ អ្នកសារព័ត៌មាន​យើង​គួរតែ​បង្កើន​ការប្រុងប្រយ័ត្ន បន្ថែមទៀត​។ គឺ​ប្រុងប្រយ័ត្ន​ទាំង​សុខភាព កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ផង​និង​បង្កើន​ការប្រុងប្រយ័ត្ន នឹង​វិជ្ជាជីវៈ ក្រមសីលធម៌​របស់ខ្លួន​ផង ហើយ​បន្ត​ផ្សព្វផ្សាយ​តែ​ព័ត៌មាន​ពិត មាន​ប្រភព​ច្បាស់លាស់ ដែល​នាំ​ឲ្យ​មហាជន​ជឿទុកចិត្ត​បាន ដើម្បី​បន្ត​បេសកកម្ម​ក្នុង​សមរភូមិ​សតិអារម្មណ៍​តទៅទៀត​។

​គ្មានអ្វី​លំបាក​ទេ ដើម្បី​ឆ្លងកាត់​កាលៈទេសៈ​កូ​វីដ​នេះ ដោយ​អ្នកសារព័ត៌មាន គ្រាន់តែ​បំពេញ ការងារ​ប្រចាំថ្ងៃ តាម​ក្រមសីលធម៌ វិជ្ជាជីវៈ ដែល​បាន​រៀនសូត្រ​នៅ​សាលា ផ្សាយ​តែ​ព័ត៌មាន​ពិត ច្បាស់លាស់ ត្រឹមត្រូវ និង​មាន​តុល្យភាព​។ ក្នុងនោះ ក៏​សូមអ្នក​សារព័ត៌មាន​យើង​នឹក​ដល់​បាលី មួយ​ឃ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ពិធី​ជួបជុំ​សំណេះសំណាល កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ គឺ «​អ្នកសារព័ត៌មាន កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំ​បំភ្លៃ​ការពិត​»៕ ដោយៈ ម៉េង​ឆៃ​/Ha

សម្តេច​តេ​ជោ​ជាមួយ​អ្នកសារព័ត៌មាន ​(​រូប​ឯកសារ​)