ទិវា​សេរីភាព អាហ្វ្រិក ខាងត្បូង​

158
ចែករម្លែក

​ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ នៃ ប្រទេស​អាហ្វ្រិក​ខាងត្បូង ប្រារព្ធ ទិវា​សេរីភាព​របស់ខ្លួន នៅ​ថ្ងៃទី ២៧ ខែ មេសា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​ប្រជាជាតិ​អាហ្វ្រិក ខាងត្បូង​មាន​សិទ្ធិ​បោះឆ្នោត​ស្មើ ភាព​គ្នា​កាលពី​ឆ្នាំ ១៩៩៤ ។​
​ ​
ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ អាហ្វ្រិក ខាងត្បូង ស្ថិតនៅ​ភាគខាងត្បូង នៃ ទ្វីបអាហ្វ្រិក មាន​ផ្ទៃដី ១ ២២១ លាន គីឡូម៉ែត្រ​ក្រឡា មាន​ព្រំដែន​ជាប់​មហាសមុទ្ទ​អា​ត្ល​ង់​ទិ​ក មហាសាគរ ឥណ្ឌា ប្រទេស ណា​មី​ប៊ី ស៊ីម​បា​វ៉េ ម៉ូ​សាំ​ប៊ិក និង ណូ​វ៉ែល​ហ្ស៊ី​ឡង់ ។ ដើមឆ្នាំ ២០២០ មាន ប្រជាពលរដ្ឋ ជាង ៥៩ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់​គ្រិស្តសាសនា និង អ៊ិ​ស្លាម ភាសា ដែល​គេ​និយាយ​ច្រើន​បំផុត គឺ​ភាសា អា​ហ្វ្រី​ក និង ភាសា​អង់គ្លេស រដ្ឋធានី​គឺ​ទីក្រុង ប្រេ​តូ​រី​យ៉ា ។​
​ ​
​ប្រវត្តិសាស្ត្រ​
​នៅ​ឆ្នាំ ១៤៨៨ អ្នកដើរ​កប៉ាល់​ជនជាតិ​ព័រទុយហ្កាល់ ឈ្មោះ Bartolomeu Dias គឺ ជា​ជន​អឺរ៉ុប ទី ១ ដែល​បាន ទៅដល់ អាហ្វ្រិក​ខាងត្បូង ក្នុង​បំណង​រុករក​ផ្លូវ​សម្រាប់ធ្វើ ពាណិជ្ជកម្ម​នៅ​ឆ្នេរ​អាហ្វ្រិក ខាងត្បូង ។​
​ ​
​នៅ​ឆ្នាំ ១៤៩៧ កង​កប៉ាល់​របស់ ព័រទុយហ្កាល់ ក្រោម​បញ្ជាការ​របស់ លោក Vasco da Gama បាន​ទៅដល់ ប្រទេស ឥណ្ឌា ហើយ​បាន​បើកផ្លូវ​ពាណិជ្ជកម្ម ទៅ​ភាគ​ខាងកើត ។​
​ ​
​ក្រុមហ៊ុន ឥណ្ឌា ខាងកើត ហុ​ល្លង់ ហៅ​កាត់​ថា VOC បានសម្រេច​ចិត្ត​បង្កើត​ទីតាំង​អចិន្ត្រៃយ៍ នៅ​ជ្រោយ​ទីនោះ ។ VOC បានធ្វើ​ជំនួញ​តាម​កប៉ាល់​ទៅ​ទិសខាងកើត​ដោយ​ពុំមាន​ចេតនា​កាន់ កាប់​តំបន់​ទាំង​នោះឡើយ គឺ​គ្រាន់តែ​ចាត់ទុកថា ជា​មូលដ្ឋាន ឬ ជា​ជំរុំ សម្រាប់​សំចត នៃ​ពួក​ដើរ កប៉ាល់​ក្នុង​ចូល​សម្រាក និង ស្វែងរក​អាហារ​តែប៉ុណ្ណោះ ។ ដំណើរ​ជំនួញ​នេះ​បាន​ទៅដល់​តំបន់ Table Bay នៅ​ខែ មេសា ឆ្នាំ ១៦៥២ ។​
​ ​
​ក្រុមហ៊ុន VOC បាន​ចូលទៅ​សំចត​នៅ​ជ្រោយ​នោះ​ក្នុង​បំណង​ស្វែងរក​អាហារ​ដាក់​ក្នុង​កប៉ាល់ របស់​ពួកគេ ដើម្បី ចេញដំណើរ​ធ្វើ​ពាណិជ្ជកម្ម​ផ្លូវ​សមុទ្ទ​របស់​ពួកគេ​ទៀត ។ ប៉ុន្តែ​ដោយសារ​នៅ តំបន់​នោះ​គ្មាន​កសិករ​ធ្វើស្រែ​ចម្ការ ទើប​ពួកពាណិជ្ជករ​របស់​ក្រុមហ៊ុន VOC សម្រេចចិត្ត​នាំយក កសិករ​ពី​ប្រទេស ហុ​ល្លង់ មក​ធ្វើស្រែ​ចម្ការ​នៅ​ទីនោះ​សម្រាប់​ផលិត​ស្បៀងអាហារ​ផ្គត់ផ្គង់​កប៉ាល់ ទាំងឡាយ​ដែល​ឆ្លងកាត់​តំបន់​នោះ ក៏​នាំឱ្យមាន​ជនជាតិ​ហុ​ល្លង់ តាំង​ទីល​នៅ នា​តំបន់​នោះ ។​
​ ​
​ជនជាតិ ហុ​ល្លង់ បាន​កើន​ចំនួន​ច្រើនឡើងៗ និង បាន​ពង្រីក​ដី​កសិកម្ម​របស់​ពួកគេ​ធំ​ទៅៗ​។ ក្រោយមក​ក៏មាន​ពួក​ជនជាតិ អាល្លឺម៉ង់ បាន​ទៅ​ចូលរួម​ប្រកប​របរ​រកស៊ី​នៅ​តំបន់​នោះដែរ ។ នៅ​ឆ្នាំ ១៦៨៨ ក៏មាន​ជនជាតិ បារាំង​ដែល​រត់គេច​ពី​ការកាត់ទោស​ផ្នែក​សាសនា​ទៅ​ចូលរួម​នៅ​តំបន់ នោះ​ទៀត ។​
​ ​
​ពេល​ជិត​ដល់​សតវត្សរ៍​ទី ១៨ ឥទ្ធិពល​របស់ ហុ​ល្លង់ បានចាប់ផ្តើម​សាបរលាប​បន្តិច​ម្តងៗ​ហើយ បែរជា​កើន​អំណាច​របស់ ចក្រភព អង់គ្លេស ទៅវិញ ។ អង់គ្លេស បាន​ចាប់យក​តំបន់​នោះ​នៅ​ឆ្នាំ ១៧៩៥ ដើម្បី កុំអោយ​ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ បារាំង ហើយក៏​បានប្រគល់​ទៅអោយ ហុ​ល្លង់ វិញ​នៅ​ឆ្នាំ ១៨០៣ ។​
​ ​
​នៅ​ឆ្នាំ ១៨០៦ នា​អំឡុង​សង្គ្រាម ណាប៉ូឡេអុង ប្រទេស ហុ​ល្លង់ ត្រូវបាន​លុកលុយ​ដោយ​កងទ័ព បារាំង ។ ប៉ុន្តែ​ត្រូវបាន អង់គ្លេស ដណ្តើមយក ពី បារាំង វិញ ។ ដោយហេតុនេះ រាល់​ដែនដី​ក្រោម អាណានិគម​របស់ ហុ​ល្លង់ ត្រូវបាន​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់​អង់គ្លេស​វិញ ដោយ​រួមទាំង​តំបន់ នៅ​ឆ្នេរ​អាហ្វ្រិក ខាងត្បូង ផង ហើយ​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​នៅ​ឆ្នាំ ១៨១៥ ។​
​ ​
​នៅ​ឆ្នាំ ១៨២០ មាន​ពាណិជ្ជករ​ថ្នាក់កណ្តាល​ប្រមាណ​ជា ៥.០០០ នាក់​បាន​ទៅ​តាំង​លំនៅ​នា​តំបន់ Grahamstown និង Port Elizabeth ។

​ការរកឃើញ រ៉ែ ត្បូង​ពេជ្រ នៅ​ឆ្នាំ ១៨៦៧ និង រ៉ែ​មាស នៅ​ឆ្នាំ ១៨៨៤ បណ្តាលឱ្យមាន​បដិវត្ត​ន៍​រ៉ែ និង​មាន​សន្ទុះ​សេដ្ឋកិច្ច និង ជនអន្តោប្រវេសន៍ ហើយក៏​នាំឱ្យមាន​ការ ដណ្តើម​គ្នា​កាន់កាប់​តំបន់ នោះ​រវាង​ជនជាតិ Boers (​ពួក​អាហ្វ្រិក​ខាងត្បូង​) និង ជនជាតិ អង់គ្លេស នាំឱ្យមាន​សង្គ្រាម​រវាង អង់គ្លេស និង អាណាចក្រ ហ្ស៊ូ​លូ បាន ចាប់ផ្តើម​នៅ​ថ្ងៃទី ២២ ខែ មករា ឆ្នាំ ១៨៧៩ ហើយ​ជ័យ ជម្នះ​បាន​ទៅលើ អង់គ្លេស រីឯ​ឯករាជភាព​ជាតិ​របស់​អាណាចក្រ ហ្ស៊ូ​លូ ក៏ត្រូវ​បានបញ្ចប់ ។​

​នៅ​ឆ្នាំ ១៨៨០-១៨៨១ ក៏មាន​សង្គ្រាម​រវាង អង់គ្លេស និង សាធារណរដ្ឋ Boer និង ពី​ឆ្នាំ ១៨៩៩-១៩០២ ហើយ​ទីបំផុត ជ័យជម្នះ​បាន​ទៅ អង់គ្លេស ទៀត និង​បានធ្វើឱ្យ​ឯករាជភាព​ជាតិ​របស់ សាធារណរដ្ឋ Boer ធ្លាក់​ក្រោម​ការ​អាណានិគម អង់គ្លេស ។ ប៉ុន្តែ​ក៏​នៅតែមាន​ក្រុម​អ្នក​ប្រឆាំងនឹង អង់គ្លេស នៅឡើយ ដោយ​ចលនា​ប្រឆាំង​ទាំងនេះ​នាំឱ្យមាន​ការចរចា​រហូត​បាន​ឯកា​រាជ្យ ។​

ឯករាជ​ភាពមិន​គ្រប់​-​ប្រកាន់​ពណ៌​សម្បុរ​
​ប្រាំបី ឆ្នាំ បន្ទាប់ពី​សាធារណរដ្ឋ Boer បាន​ធ្លាក់​ទៅ​ក្រោម​ការត្រួតត្រា​របស់ អង់គ្លេស និង​បន្ទាប់ ពី​ការចរចា​អស់​រយៈពេល​បួន​ឆ្នាំ មក សភា អង់គ្លេស បាន​ព្រម​ប្រគល់​ឯករាជភាព​ដល់​ពួក​ជនជាតិ Boer ហើយ​បង្កើតបានជា​សាធារណរដ្ឋ រួបរួម អាហ្វ្រិក ខាងត្បូង នៅ​ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ១៩១០ ប៉ុន្តែ​ក៏​នៅតែមាន​ការគ្រប់គ្រង​ការងារ​មួយចំនួន​ដោយ អង់គ្លេស​នៅឡើយ រហូតដល់​ឆ្នាំ ១៩៣១ ទើប​អំណាច​របស់ អង់គ្លេស ត្រូវ​បានបញ្ចប់​ទាំងស្រុង​ពី សាធារណរដ្ឋ អាហ្វ្រិក ខាងត្បូង ។ ប៉ុន្តែ ស្តេច​របស់ អង់គ្លេស នៅតែ​ជា​ស្តេច​លើ អាហ្វ្រិក ខាងត្បូង នៅឡើយ ។​

​នៅ​ឆ្នាំ ១៩៤៨ គណបក្ស​ជាតិ បានឈ្នះ​ការបោះឆ្នោត ហើយ​បាន​ប្រកាន់​ច្បាប់​តឹងរឹង និង​បាន​បែង ចែក​ប្រជាពលរដ្ឋ​ជា ៣ វណ្ណៈ ដែលជា​ការប្រកាន់​ពូជសាសន៍​ពណ៌​សម្បុរ​ដោយ​អោយអំណាច ទៅលើ​ជន​ស្បែក ស ( ប្រមាណ​ជា ២០ ភាគរយ ត្រួ​ត្រា​លើ​ពួក​ស្បែក​ខ្មៅ ដ៏​ភាគច្រើនបំផុត ) គឺ​ដូច​អ្វីដែល​ពួក​អាណានិគម អង់គ្លេស និង ហុ​ល្លង់ ធ្លាប់​បានធ្វើ​ចំពោះ​ប្រជាពលរដ្ឋ អាហ្វ្រិក នា​អំឡុង​សម័យ​ដែល​ពួក អឺរ៉ុប ទាំងនោះ​ត្រួតត្រា អាហ្វ្រិក ខាងត្បូង ។

​ពួក​ស្បែក ស ទទួលបាន​សិទ្ធិអំណាច​ត្រួតត្រា​លើសលប់​លើ​ជន​ស្បែក​ខ្មៅ​ដោយ​រួមទាំង សេដ្ឋកិច្ច សិទ្ធិសេរីភាព ដីធ្លី ផ្ទះសំបែង ជីវភាព​រស់នៅ ការអប់រំ និង សេវា​សុខភាព ជាដើម ។ ប្រការនេះ​នាំ ឱ្យមាន​ការប្រឆាំង​តវ៉ា​ជាច្រើន រហូត សភា​សម្ព័ន្ធ បានអនុម័ត​ច្បាប់​សេរីភាព​នៅ​ឆ្នាំ ១៩៥៥ តម្រូវឱ្យ​សង្គម​មួយ​គ្មាន​ការប្រកាន់​ពូជសាសន៍ និង ឱ្យ​បញ្ចប់​នូវ​ការរើសអើង ។

​អវសាន​អំណាច​អាណានិគម​
​នៅ​ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ១៩៦១ ប្រទេស​នេះ​បាន​បោះឆ្នោត​ធ្វើ​ប្រជាមតិ ហើយ​ម្ចាស់​ក្ស​ត្រី​យ៍ អេ​លីហ្សា​ប៊ែ​ត ទី ២ របស់ អង់គ្លេស ត្រូវបាន​បញ្ចប់​ភាពជា​ម្ចាស់​ក្ស​ត្រី​យ៍ របស់ អាហ្វ្រិក ខាងត្បូង នាគ្រា​នោះឯង ។ អគ្គទេសាភិបាល​ចុងក្រោយ​បំផុត​គឺ​លោក Charles Robberts Swart បានក្លាយ ជា​ប្រធាន​រដ្ឋ ។ ប៉ុន្តែ​សិទ្ធិសេរីភាព​នៅតែ​មានកំ​ណ​ត់​នៅឡើយ រីឯ​ការរើសអើង​ក៏​នៅតែមាន​កម្លាំង ខ្លាំង​ក្លាយ​ដែរ ។ ដូច្នេះ​ចលនា​ប្រឆាំង​ក៏​នៅតែមាន​ក្នុងនោះ​មេដឹកនាំ​ដ៏​មាន​ប្រជាប្រិយ​បំផុត គឺ​លោក ណែ​សុន ម៉ាន់​ដេ​ឡា ហើយ​គាត់​ត្រូវបាន​រដ្ឋាភិបាល​របស់​គណបក្ស​ជាតិ ចាប់​ដាក់ ពន្ធនាគារ ដោយសារតែ​ការតស៊ូ ដើម្បី សេរីភាព ។

​ឆ្នាំ ១៩៩០ រដ្ឋាភិបាល គណបក្ស ជាតិ ត្រូវបាន​បង្ខំចិត្ត​ឱ្យ​ដក​បម្រាម ពី​សភាជាតិ អាហ្វ្រិក និង ពី​អង្គការ​នយោបាយ​នានា និង បាន​ដោះលែង​លោក ណែ​ល​សុន ម៉ាន់​ដេ​ឡា ឱ្យមាន​សេរីភាព​វិញ បន្ទាប់ពី​គាត់​បាន​ជាប់ពន្ធនាគារ​អស់ ២៧ ឆ្នាំ ។ ដំណើរ នៃ ការចរចា ក៏បាន​ចាប់ផ្តើម ។​

​ការតស៊ូ​ផ្តល់​ផ្លែផ្កា
​ទីបំផុត​ការបោះឆ្នោត​ដោយ​ស្មើភាព​គ្នា​មួយ គឺ​ជន​ស្បែក ស និង ស្បែក​ខ្មៅ​មាន​សិទ្ធិ​បោះឆ្នោត ស្មើៗ​ភាព​គ្នា​ហើយ​ការបោះឆ្នោត​ដោយ​ស្មើភាព​គ្នា​នេះ​គឺជា​លើកដំបូង​ហើយ​ដែល​ត្រូវបាន​ប្រារព្ធ ឡើង​នៅ​ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ១៩៩៤ ។

​ប្រជាជាតិ នៃ សាធារណរដ្ឋ រួបរួម អាហ្វ្រិក ខាងត្បូង​បានកំណត់​យក​ថ្ងៃ​ដែល​ប្រជាជាតិ​ទាំងមូល មាន​សិទ្ធិ​បោះឆ្នោត​ស្មើៗ​ភាព​គ្នា​នេះ ថា​ជា ទិវា សេរីភាព នៃ ប្រជាជាតិ អាហ្វ្រិក ខាងត្បូង រហូតមក ។ លោក ណែ​ល​សុន ម៉ាន់​ដេ​ឡា បាន​ក្លាយជា វីរបុរស​របស់​អាហ្វ្រិក ខាងត្បូង​ហើយក៏​ត្រូវបាន ពិភពលោក​ទទួលស្គាល់​ថា​ជា​អ្នកតស៊ូ ដើម្បី សេរីភាព ហើយ​រូបសំណាក​របស់គាត់​ត្រូវបាន គេ​ស្ថាបនា​នៅ​ច្រើន​កន្លែង​៕ ចងក្រង​ប្រែ​សម្រួលៈ មេសា​

ទីក្រុង ប្រេ​តូ​រី​យ៉ា នៃ អាហ្វ្រិក​ខាងត្បូង
ពួក​អ្នក​ស្នេហា​សេរីភាព​តែងតែ​នាំគ្នា​ទៅ​គោរព​រូបសំណាក​លោក ណែ​ល សុន ម៉ាន់​ដេ​ឡា