ទិវា​ឯករាជ្យ​ជាតិ នៃ​ប្រទេស​ក្រិ​ក​

187
ចែករម្លែក

​ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ក្រិ​ក ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ​នៅ​ថ្ងៃទី ២៥ ខែមីនា ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​ពួកគេ​ងើប​បះបោរ​ប្រឆាំងនឹង​ការត្រួតត្រា​របស់​ចក្រភព អូ​តូ​ម៉​ង់ កាលពី​ឆ្នាំ​១៨២១ ដែល​ទីបំផុត ពួកគេ​អាចបង្កើត​បានជា​សាធារណរដ្ឋ​ក្រិ​ក ឯករាជ្យ នៅ​ឆ្នាំ ១៨៣០ ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
សាធារណរដ្ឋ​ក្រិ​ក មាន​ផ្ទៃដី ១៣១.៩៥៧ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​ផ្នែក​ខាងត្បូង នៃ​តំបន់ ឧបទ្វីប​បាល់​កង់ ភាគ​អាគ្នេយ៍​នៃ​អឺរ៉ុប ឬ​ស្ថិតនៅ​ចំ​កន្លែង​ទី​ខ្វែង នៃ​អឺរ៉ុប អាស៊ី និង អាហ្វ្រិក មាន​ព្រំដែន​គោក​ជាប់​នឹង​ប្រទេស​អាល់​បា​នី ម៉ា​ស៊ី​ដូ​នា ប៊ុលហ្គារី និង​តួ​ក​គី​។ នៅ​ឆ្នាំ ២០២០ មាន​ប្រជាពលរដ្ឋ ជាង ១០ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់ សាសនា​មូស្លីម និង គ្រិស្ត​។ ភាសាផ្លូវការ គឺ​ភាសា​ក្រិ​ក រដ្ឋធានី​គឺ​ទីក្រុង​អា​តែ​ន​។ ក្រិ​កមាន​ឆ្នេរ​សមុទ្ទ ល្អាង​សមុទ្ទ​ម៉េ​ឌី​ទែ រ៉ា​ណេ ប្រវែង ១៣.៦៧៦ គីឡូម៉ែត្រ ។​
​ ​
ប្រវត្តិសាស្ត្រ​-​ធ្លាក់​ក្នុង​ដៃ​រ៉ូម​
ពិភពលោក បាន​ទទួលស្គាល់ថា ក្រិ​ក ធ្លាប់ជា​ប្រទេស​ដ៏​មាន​អរិយធម៌​ខ្ពង់ខ្ពស់ ព្រោះ​ក្រិ​ក សម្បូរ​ទៅដោយ​អ្នកប្រាជ្ញ ទស្សនវិទូ ដូចជា ប្លា​តុង អា​រី​ស្តូ​ត ជាដើម​។ ប្រតិទិន ហ្ក្រេ​ហ្គោ​រាន ដែលជា​ប្រតិទិន​សកល នាពេលនេះ បច្ចុប្បន្ន ក៏​ជាការ​បង្កើតឡើង ដោយ​អ្នកប្រាជ្ញ ក្រិ​ក ដែរ ។​

​រ៉ូម ត្រូវបាន​បង្កើតជា​រដ្ឋ មុនដំបូង​នៅ​ឆ្នាំ​៧៥៣ មុន​គ្រិស្តសករាជ ដោយ​ប្រកាន់យក​របប​រាជា និយម​។ លុះដល់​ប្រមាណ​ជា ៥០០ មុន​គ្រិស្តសករាជ របបរាជានិយម ត្រូវបាន​ប្តូរ​ទៅជា​របប សាធារណរដ្ឋ​។ ទាំង​រាជាណាចក្រ​រ៉ូម ក៏ដូចជា សាធារណរដ្ឋ​រ៉ូម តែងតែ​ធ្វើសង្គ្រាម​ពង្រីក​ទឹកដី ឥតឈប់ឈរ ។ ទឹកដី​ក្រិ​ក បាន​ក្លាយជា​ផ្នែក​មួយ នៃ​សាធារណរដ្ឋ​រ៉ូម នៅ ១៦៨ ឆ្នាំ មុន​គ្រិស្ត សករាជ ។​

​គិត​ត្រឹម​សតវត្សរ៍​ទី​២ មុន​គ្រិស្តសករាជ តំបន់​នៅ​ជុំវិញ​សមុទ្ទ ម៉េ​ឌី​ទែ​រ៉ា​ណេ ទាំងមូល ធ្លាក់​ក្រោម​ការគ្រប់គ្រង​របស់​ច​ក្រ​ភព​រ៉ូម​ទាំងអស់ ។ ពេលនោះ ចក្រភព​រ៉ូម​គ្មាន​សត្រូវ​ណា​មក ពី​ខាងក្រៅ ហ៊ាន​ងើបមុខ​តទល់ ឬ​ប៉ះពាល់​ឡើយ​។ ប៉ុន្តែ រ៉ូម មានទំនាស់​ផ្ទៃក្នុង​ជា​បន្តបន្ទាប់ ។ សាធារណរដ្ឋ ត្រូវបាន​ផ្លាស់ប្តូរ​ទៅជា ចក្រភព រ៉ូម នៅ ២៧ ឆ្នាំ មុន​គ្រិស្តសករាជ ។

​លុះដល់​ឆ្នាំ​៤៦៧ នៃ​គ្រិស្តសករាជ ចក្រភព​រ៉ូម បាន​ដួលរលំ ប៉ុន្តែ​មុននឹង​ឈានដល់​ការ​ដួល រលំ​នេះ ចក្រភព​រ៉ូម ត្រូវបាន​បែងចែក​ជា ២ ផ្នែក គឺ ចក្រភព​រ៉ូម​ខាងលិច និង ចក្រភព​រ៉ូម ខាងកើត ឬ​ចក្រភព ប៊ី​ហ្ស​ង់​តាំង ។ ចក្រភព​រ៉ូម​ខាងលិច មាន​រាជធានី ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី បច្ចុប្បន្ននេះ បាន​រលាយបាត់​រូប​ទៅជា​នគរ​តូចៗ ចំណែក​រ៉ូម​ខាងកើត ឬ​ចក្រភព​ប៊ី​ហ្ស​ង់​តាំង មាន​រាជធានី ឈ្មោះ កង់​ស្តង់​ទី​ណូ​ប នៅតែ​រក្សាបាន​នូវ​អត្ថិភាព​។ ទឹកដី​ក្រិ​ក​ស្ថិតក្នុង​ផ្នែក​មួយ​នៃ ចក្រភព ប៊ី​ហ្ស​ង់​តាំង ឬ ចក្រភព​រ៉ូម ខាងកើត​នោះឯង ។​

ធ្លាក់​ក្នុង​ដៃ​ចក្រភព​អូ​តូ​ម៉​ង់ និង ចលនា​ប្រឆាំង​
ការលេចឡើង​នូវ​ចក្រភព​អូ​តូ​ម៉​ង់ (​តួ​ក​គី​) ដែលជា​មហាអំណាច​មូស្លីម​បាន​ពើប​សង្គ្រាម​ជាមួយ ចក្រភព ប៊ី​ហ្ស​ង់​តាំង ជា​បន្តបន្ទាប់ ។ ទីបំផុត ឆ្នាំ​១៤៥៣ រាជធានី កុង​ស្តង់​ទី​ណូ​ប របស់ ចក្រភព ប៊ី​ហ្ស​ង់​តាំង បាន​ដួលរលំ​ក្រោម​ការវាយលុក​របស់ ចក្រភព អូ​ត៉ូ​ម៉​ង់ ។ ពេលនោះ ក្រិ​ក បាន​ក្លាយជា​ផ្នែក​មួយ នៃ ចក្រភព អូ​តូ​ម៉​ង់​វិញ​ម្តង​។​

​បញ្ញាជន​ក្រិ​ក​មួយចំនួន ដែល​បាន​ភៀសខ្លួន​ទៅ​ប្រទេស​លោកខាងលិច នៅមុន ឬ នៅក្នុង អំឡុង នៃ​ការ​លុកលុយ​របស់​ចក្រភព​អូ​តូ​ម៉​ង់ ទៅលើ​ទឹកដី​ក្រិ​ក ក្នុងនោះ​មានដូចជា ដេ​ម៉េ​ទ្រើស ឆាល​កូ​កូន​ឌី​ឡេស និង លោក ឡេ​អូ​នា​ដូ​ស ហ្វ៊ី​ឡា​រ៉ា​ស ជាដើម បានចាប់ផ្តើម​អំពាវនាវ រក​សេរីភាព សម្រាប់​មាតុប្រទេស​របស់​ពួកគេ ។​

​លោក Demetrius Chalcondyles​បាន​អំពាវនាវ​សុំ​ជំនួយ​ពី សាធារណរដ្ឋ​វេ​នី​ស និង ជន​ឡាតាំង​ទាំងអស់​ថា “ សូមជួយ​ដល់​ប្រជាជន​ក្រិ​ក ដើម្បី​ប្រឆាំងនឹង​ជនជាតិ​តួ​ក​គី (​អូ​តូ​ម៉​ង់​) ដ៏​ឃោរឃៅ​ព្រៃផ្សៃ គួរឱ្យ​ស្អប់ខ្ពើម និង​គួរឱ្យខ្លាច​យ៉ាង​ក្រៃលែង “ ។

​ពេញ​ទាំង​សតវត្សរ៍​ទី​១៧ មានការ​ប្រឆាំង នឹង​ការត្រួតត្រា​របស់​ចក្រភព​អូ​តូ​ម៉​ង់​យ៉ាង ខ្លាំង​ក្លា ជាពិសេស​នៅ​តំបន់​ភាគ​ខាងកើត នៃ​ប្រទេស​ក្រិ​ក ហើយ​ក្នុងនោះ មាន​ចលនា​បះបោរ​មួយ ដឹកនាំ​ដោយ​ទស្សនវិទូ​ម្នាក់ គឺ​លោក ឌី​អូ​នី​ស៊ើ​ស ។​

​ទីបំផុត​នៅ​ឆ្នាំ​១៦៨៤ មាន​សង្គ្រាម រវាង​សាធារណរដ្ឋ​វេ​នី​ស និង ចក្រភព​អូ​តូ​ម៉​ង់ តួ​ក​គី បាន​ផ្ទុះឡើង​នៅ​តំបន់​ម៉ូរា ។ ពេលនោះ ចក្រភព​អូ​តូ​ម៉​ង់ កំពុង​ជាប់ដៃ​នឹង​សង្គ្រាម​ជាមួយ ពួក​អូទ្រីស ទីបំផុត​នៅ​ឆ្នាំ ១៦៩៩ ជ័យជម្នះ ក៏​ធ្លាក់​ទៅលើ​សាធារណរដ្ឋ វេ​នី​ស ។​

​ប៉ុន្តែ ពេល​ចប់​សង្គ្រាម ជនជាតិ​ក្រិ​ក​ដែល​បាន​ដុតដៃដុតជើង​ជួយ ពួក វេ​នី​ស ដណ្តើម​យកជ័យ ជម្នះ​ពី អូ​តូ​ម៉​ង់ ដោយ​ស្មានថា​ពេល​ឈ្នះ​សង្គ្រាម នឹង​បាន​ទឹកដី​របស់ខ្លួន​មកវិញ​នោះបាន​ជួប ការខកចិត្ត​យ៉ាង​ឥត​ឩ​ប​មា ដ្បិត តំបន់​Peloponnese​ភាគ​អាគ្នេយ៍ នៃ​ប្រទេស​ដែល​ទើប ដណ្តើមបាន​ពី​អូ​តូ​ម៉​ង់ នោះ ពួក​វេ​នី​ស មិនបាន​ប្រគល់ឱ្យ​ជនជាតិ​ក្រិ​ក វិញ​ឡើយ គឺ​ពួក វេ​នី​ស បាន​យកទៅ​ត្រួតត្រា​ដោយ​ខ្លួនឯង​បន្ត​ពី​អូ​តូ​ម៉​ង់​។ ក្រៅពីនោះ ទឹកដី​ភាគច្រើន​ស្ថិតក្រោម​គ្រប់ គ្រង​របស់ អូ​តូ​ម៉​ង់ ដដែល ។​

​ក្នុង​បំណង​បន្ថយអំណាច​របស់ ចក្រភព​អូ​តូ​ម៉​ង់ និង ដើម្បី​បង្កើត​រដ្ឋ​ក្រិ​ក​ឯករាជ្យ​មួយ​ដែល​គាំទ្រ រុស្ស៊ី មន្ត្រី​ទូត​រុស្ស៊ី​ជាច្រើនរូប​ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់ Mani Peninsula នៅ​ពាក់កណ្តាល ទ​សវ​ស្សរ៍​១៧៦០​ដើម្បី​បង្កើត​កតិកាសញ្ញា​ជាមួយ​ពួក​មេដឹកនាំ​ដែលមាន​កម្លាំងយោធា​ខ្លាំងៗ​នៅក្នុង​ប្រទេស​ក្រិ​កនា​យុគ​នោះ​។​

​ដោយហេតុ​នោះ នៅ​ឆ្នាំ​១៧៦៩ សង្គ្រាម​ដ៏​ធំ​មួយ រវាង​ចក្រភព​អូ​តូ​ម៉​ង់ និង​ពួក​ជនជាតិ​រុស្ស៊ី ក៏បាន​ឆាបឆេះ​ឡើង នៅលើ​ទឹកដី​ក្រិ​ក ប៉ុន្តែ​ជ័យជម្នះ ធ្លាក់​ទៅលើ​ពួក​អូ​តូ​ម៉​ង់​ហើយ​ពួកគេ បន្ត​ត្រួតត្រា​ក្រិ​ក​តទៅទៀត​។​

​សង្គ្រាម​រវាង​ជនជាតិ​ក្រិ​ក ប្រឆាំងនឹង​អូ​តូ​ម៉​ង់ នៅតែ​បន្ត​ចាញ់ឈ្នះ គ្នា​ទៅវិញទៅមក​ជា​ហូរហែ ហើយ​ក៏មាន​ជនជាតិ​ក្រិ​ក​ខ្លះ សោយសុខ​នឹង​តំណែង​សំខាន់ៗ នៅលើ​ទឹកដី​របស់ខ្លួន ក្រោម​ការ​ត្រួ​ត្រា​របស់​ចក្រភព​អូ​តូ​ម៉​ង់ តួ​ក​គី ដែរ ។​

​ចាប់ពី​សតវត្សរ៍​ទី​១៨ ទៅ ទើប​សមាជិកគ្រួសារ​អភិជន​ក្រិ​ក​សំខាន់ៗ​នៅ​តំបន់​កុង​ស្តង់​ទី​ណូ​ប ដណ្តើមបាន​សិទ្ធិ​កាន់កាប់ គួរឱ្យកត់សម្គាល់ ទៅលើ​នយោបាយ​ការបរទេស​ពី អូ​តូ​ម៉​ង់ ហើយ​ទីបំផុត ក៏​ដណ្តើម​អំណាច នៅ​តំបន់​នោះ​ទាំងស្រុង ។​

​នៅ​សតវត្សរ៍​ទី​១៨ នោះ ជនជាតិ​ក្រិ​ក​ច្រើនឡើងៗ បានធ្វើ​ជំនួញ​នៅក្រៅ​ប្រទេស ហើយ​បាន នាំនូវ​ទ្រព្យសម្បត្តិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៅ​ប្រទេស​របស់ខ្លួន ។ តាមរយៈ​ជីវភាព​ធូរធា ជាង​មុន​នោះ ពួកគេ​បាន​កសាង​សាលារៀន បណ្ណាល័យ និង​ចំណាយ​ឱ្យ​យុវជន​សិក្សា នៅតាម​សកល​វិទ្យាល័យ​នានា​នៅ​ប្រទេស​អឺរ៉ុប​ខាងលិច ។ ពេល​នោះឯង​ហើយ​ដែល​ពួក អ្នកសិក្សា​ទាំងនោះ​បានទទួល​មនោគមវិជ្ជា រ៉ាឌីកាល់ អឺរ៉ុប ដូចជា​បដិវត្តន៍​បា​រ៉ាំ​ង និង ចលនា​ជាតិនិយម ។​

​ពួក​អ្នកមាន​ការអប់រំ​ខ្ពង់ខ្ពស់ និង មាន​ឥទ្ធិពល​ទាំង​នោះបាន​នាំយក​ទស្សនៈ​ទាំងនោះ​ត្រលប់ ទៅ​មាតុប្រទេស​របស់​ពួកគេ ក្នុង​បំណង​លើកកម្ពស់​ការសិក្សា​រប​ស់​ពួកគេ និង​ពង្រឹង​អត្ត សញ្ញាណ​ជាតិ​របស់​ពួកគេ​ផង ហើយ​ទស្សនៈ​ជាតិនិយម​នោះ​ក៏បាន​រីកសាយ​តាមរយៈ​ការនិពន្ធ និង បោះពុម្ព​ជា​សៀវភៅ​ជាដើម ដែល​ក្នុងនោះ​ពណ៌នា​ក្នុង​ក្របខណ្ឌ​ថា ពន្លឺ នៃ ក្រិ​ក ទំនើប ។​

​នៅ​យុគ​នោះ មាន​បញ្ញវន្ត និង អ្នកនិពន្ធ​ក្រិ​ក​ដ៏​ចំណានៗ​ជាច្រើន ហើយ​អ្នកនិពន្ធ​ដែលមាន ឥទ្ធិពល​បំផុត​គឺ​លោក រី​ហ្កា​ស ហ្វេ​រ៉ា​យ​អូស​គឺជា​មនុស្ស​ផ្តួចផ្តើម និង​ចាត់ចែង​ចលនា​ជាតិ និយម​មុនគេ​ដើម្បី​ទាមទារ​រក​សេរីភាព​សម្រាប់​ជាតិ​សាសន៍​នៅ​តំបន់​បាល់​កង់​ទាំងអស់ ដោយ​រួមទាំង​តំបន់​ក្រោម​ការត្រួតត្រា​របស់​ទួ​ក​គី​ផង ហើយ​ចង់​បង្កើត​សាធារណរដ្ឋ បាល់​កង់ ។​

​ដើម្បី​សម្រេច​បំណង​របស់គាត់ លោក រី​ហ្កា​ស ក៏មាន​ទំនាក់ទំនង​ជាមួយ​ព្រះ​ចៅ ណាប៉ូឡេអុង បា​រ៉ាំ​ង និង ឩ​ត្ត​ម​សេនីយ៍ យោធា អ៊ីតាលី ផង​ធ្វើឱ្យ​ពួក​អូ​តូ​ម៉​ង់ មិន​សប្បាយចិត្ត​យ៉ាងខ្លាំង ហើយ​នៅពេល​គាត់ និង​សហការី​កំពុងធ្វើដំណើរ​ទំនាក់ទំនង​នោះ មិត្ត​របស់គាត់​ម្នាក់​ដែលជា អ្នកជំនួញ​ជនជាតិ​ក្រិ​ក បាន​ក្បត់​គាត់ ដោយ​លួច​ឯកសារ​របស់គាត់​ធ្វើឱ្យ​បេសកកម្ម​សម្ងាត់ របស់គាត់​ត្រូវ​បែកធ្លាយ ។ ដោយហេតុ​នោះ លោក រី​ហ្កា​ស និង សហការី ត្រូវបាន​អាជ្ញាធរ អូទ្រីស ចាប់ខ្លួន​ហើយ​ប្រគល់​ទៅឱ្យ​មន្ត្រី​ត្រួតត្រា​អូ​តូ​ម៉​ង់​នៅ​ឆ្នាំ ១៧៩៧ ហើយ​បញ្ជូនទៅ​ទីក្រុង បែ​ល​ក្រា​ដ ដាក់ពន្ធនាគារ និង ធ្វើ​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ ។

​នៅ​ខែមិថុនា ឆ្នាំ​១៧៩៨ ពួក​វីរបុរស​ស្នេហា​ជាតិ​ក្រិ​ក​ទាំងនេះ​ត្រូវបាន​មន្ត្រី អូ​តូ​ម៉​ង់​បញ្ជូនទៅ កាត់ទោស នៅឯ​ទីក្រុង​កុង​ស្តង់​ទី​ណូ​ប ប៉ុន្តែ​ខណៈ​បញ្ជូនទៅ​ទីនោះ ពួក​អូ​តូ​ម៉​ង់ បារម្ភ​ខ្លាចក្រែង ពួក​អ្នកទោស​ទាំងនេះ ត្រូវបាន​គេ​ដណ្តើមយក​ទើប​ពួកគេ​សម្រេចចិត្ត​កាត់ទោស​ព្យួរ​ក ប្រហារជីវិត​អ្នក​ទាំងអស់នោះ ហើយ​បោះចោល​សាកសព​របស់​ពួកគេ​ក្នុង​ទន្លេ ដា​នូ​ប ។

​ហេតុការណ៍​នេះ ធ្វើឱ្យ​កក្រើក​បេះដូង​ជនជាតិ​ក្រិ​ក​ទូទាំងប្រទេស ក្នុងនោះ​មាន​អ្នកជំនួញ​វ័យ ក្មេង​បីនាក់ គឺ​Nikolaos Skoufas លោក Emmanuil Xanthos និង Athanasios Tsakalov​ហើយ នៅ​ឆ្នាំ ១៨១៤ ពួកគេ​បាន​បង្កើត​សមាគម​ពាណិជ្ជកម្ម​សម្ងាត់​មួយ​ឈ្មោះ FilikiEteria​នៅ​ទីក្រុង អូ​សេស្សា (​បច្ចុប្បន្ន​ទីក្រុង​ធំ​ទី​បី​របស់​អ៊ុយ​ក្រែ​ន​) ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំខាន់ របស់​ឈ្មួញ​ជនជាតិ​ក្រិ​ក​។

​ដោយមាន​ការគាំទ្រ​ពី​ជនជាតិ​ក្រិ​ក​ដែលជា​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​នៅ​សហគមន៍​និរទេស​នានា​នៅ​ប្រទេស​អង់គ្លេស និង សហរដ្ឋអាមេរិក និង​ដោយមាន​ជំនួយ​ពី​ពួក​អ្នក​មានចិត្ត​ផ្សេងៗ ទៀត ពួក​ឈ្មួញ​វ័យក្មេង​ទាំងបី​រូបនោះ បានរៀបចំ​ផែនការ​ឩ​ទ្ទាម​កម្ម​ប្រឆាំងនឹង​អូ​តូ​ម៉​ង់ នៅលើ​ទឹកដី​ក្រិ​ក ។​

​នៅ​ឆ្នាំ​១៨២១ ចក្រភព​អូ​តូ​ម៉​ង់ បាន​ប្រឈម​សំខាន់ នឹង​សង្គ្រាម​ជាមួយ​ជនជាតិ​ពែ​ក (​បច្ចុប្បន្ន អ៊ីរ៉ង់​) និង ការបះបោរ​មួយចំនួន កើត​ច្របូកច្របល់​នៅ​តំបន់ ម៉ូរា ។ ក្នុង​បរិបទ​នោះ​ជនជាតិ ក្រិ​ក​បានចាប់ផ្តើម​នាំគ្នា​មើលឃើញថា វា​គឺជា​ពេលវេលា​ទុំ​ជោរ​សម្រាប់​បដិវត្តន៍រ​បស់​ពួកគេ ហើយ ហើយ​គម្រោង​បដិវត្តន៍​នោះបាន​ចាប់ផ្តើម​ដំបូង​នៅ​ទីក្រុង Peloponnese នៅ​Danubian Principalities​និង កុង​ស្តង់​ទី​ណូ​ប ។​

​ពួក​អ្នកមាន​ទ្រព្យ​ជនជាតិ​ក្រិ​ក ដែល​ភៀសខ្លួន​ទៅ​នៅ​បរទេស បានផ្តល់​ប្រាក់​ជាច្រើន​ដល់ចលនា​បដិវត្តន៍​ក្នុងប្រទេស​ក្រិ​ក ។​

​នៅឯ​អឺរ៉ុប ឯណោះ ការបះបោ​របស់​ក្រិ​ក បានកើត​ឡើង​រីក​រាលដាល នៅក្នុង​ចំណោម​ពួក មហាជន ហើយ​នៅ​ឆ្នាំ​១៨២២ ពួក​អូ​តូ​ម៉​ង់ បាន​បើក​ការសម្លាប់​រង្គាល​ទៅលើ​ជន​ស៊ីវិល​ក្រិ​ក នៅ​កោះ Chios ។​

​ជាម​នុស្ស នៅក្នុង​គ្រួសារ​អភិជន​ក្រិ​ក និង​ជា​មន្ត្រីជាន់ខ្ពស់​ម្នា​ក់រប​ស់ រុស្ស៊ី នៅ​ខែ មេសា ឆ្នាំ​១៨២០ លោក អា​ឡិច​សាន់​ឌឺ​រ៍ អ៊ី​ប​ស៊ី​ឡាន​ទី​ស ត្រូវបាន​ជ្រើសរើស​ជា​មេដឹកនាំ​របស់ សមាគម​ពាណិជ្ជកម្ម​សម្ងាត់ FilikiEteria​។​

​លោក អា​ឡិច​សាន់​ឌឺ​រ៍ បាន​ដើរ​ប្រមែប្រមូល​ពួក​អ្នក​ជឿ​គ្រិស្តសាសនា នៅក្នុង​ប្រទេស​ក្រិ​ក និង ប្រទេស​រ៉ូ​ម៉ា​នី (​ដែល​ពួក​អូ​តូ​ម៉​ង់​មិនសូវ​ផ្តល់​សេរីភាព​ឱ្យ​) ឱ្យចូល​រួមជាមួយ​គាត់​ហើយ​គាត់ បានប្រកាសថា គាត់​មានការ​គាំទ្រ​ពី​ប្រទេស​មហាអំណាច​ដែល​ទំនងជា​គាត់​ចង់​និយាយ ថា​ប្រទេស​រុស្ស៊ី ។ នៅ​ទីក្រុង​ចា​ស្ស៊ី នៃ​ប្រទេស​ម៉ុ​ល​ដូ​វី លោក អា​ឡិច​សាន់​ឌឺ​រ៍​បានចេញ​សេចក្តី អំពាវនាវ​ជា​សារ​ធារ​ណៈ​ឱ្យ​ជនជាតិ​ក្រិ​ក​ទាំងអស់ និង​អ្នក​កាន់សាសនា​គ្រិស្ត​ក្រោកឈរ​ប្រឆាំង នឹង​អូ​តូ​ម៉​ង់ (​មូស្លីម​) ដែល​កំពុង​ត្រួតត្រា​ក្រិ​ក​។​

​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី បាន​ផ្ញើលិខិត​មួយច្បាប់ ទៅ​លោក​អ៊ី​ប​ស៊ី​ឡាន់​ទី​ស ហើយ​ថា​គាត់ ប្រើប្រាស់​អំណាច​ខុស​ហើយ​ឈ្មោះ​គាត់​ត្រូវបាន​ផ្អាក​នៅក្នុង​ជួរ​កងទ័ព​រុស្ស៊ី​ហើយ​តម្រូវឱ្យ​គាត់​ទម្លាក់អាវុធ​។​

​លោក​អ៊ី​ប​ស៊ី​ឡាន់​ទី​ស មិន​អើពើ​នឹង​លិខិត​បង្គាប់​នោះឡើយ​ទើប​មានទំនាស់​កើតឡើង នៅក្នុង​បន្ទាយ Eteria របស់គាត់​ហើយ​គាត់ ត្រូវបាន​កាត់ទោស​ប្រហារជីវិត​នៅក្នុង​បន្ទាយ​នោះ នៅ​ថ្ងៃទី​២៦ ខែ​ឩ​សភា ឆ្នាំ​១៨២០ នោះ ប៉ុន្តែ​គាត់​ត្រូវបាន​អមដំណើរ​ដោយ​ប្អូនប្រុស​របស់គាត់ និង​បរិវារ គេចខ្លួន​ទៅ​តំបន់ RâmnicuVâlcea ហើយ​ត្រូវបាន អូ​តូ​ម៉​ង់ ចាប់​ឃុំឃាំង​អស់​រយៈ ពេល ៧​ឆ្នាំ ដោយ​បន្សល់ទុក​នូវ​ភាពអនាធិបតេយ្យ កាប់សម្លាប់ លួច​ប្លន់​ពាសពេញ​អាណាចក្រ អូ​តូ​ម៉​ង់ ។​

ចលនា​បះបោរ និង បដិវត្តន៍ ២៥ មីនា
នៅ​ថ្ងៃទី ១៧ ខែ មី ឆ្នាំ ១៨២១ សង្គ្រាម​រវាង​ពួក​អ្នក​តំបន់​ឧបទ្វីប Mani ភាគ​អាគ្នេយ៍ នៃទីក្រុង Peloponnese ប្រឆាំង ជនជាតិ​ទួ​ក​គី បាន​ផ្ទុះឡើង ។ កងទ័ព​២.០០០ នាក់​របស់​តំបន់ Mani បានធ្វើ​ដំណើរ​ទៅ​ចូលរួម​កងទ័ព​ក្រិ​ក​ដទៃទៀត​ហើយ​បាន​ជួបជុំគ្នា​នៅ​ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ដដែល ។​

​គិត​ត្រឹម​ដាច់​ខែមីនា នោះ កងទ័ព​ជនជាតិ​ក្រិ​កបាន​គ្រប់គ្រង​តំបន់​ជនបទ នៃ ទីក្រុង Peloponnese បាន​ទាំងស្រុង ចំណែក​កងទ័ព​ទួ​ក​គី រក្សា​បានតែ​ប៉ម និង បន្ទាយ​ប៉ុណ្ណោះ ។​ទីបំផុត​ទីក្រុង ទ្រី​បូ​លី​ត​សា ជាទី​ប្រជុំជន​កណ្តាល នៃ ទីក្រុង Peloponnese ត្រូវបាន​កងទ័ព បះបោរ​ក្រិ​ក ត្រួតត្រា​បាន​នៅ​ថ្ងៃ​តី ២៣ ខែកញ្ញា ឆ្នាំ ដដែល​នោះ ។ បន្ទាប់ពី​ការចរចា​ដ៏​វែង ឆ្ងាយ​មក កងទ័ព​ទួ​ក​គី​បាន​ព្រម​ចុះចាញ់​នៅឯ​តំបន់​Actrocorinth​នា​ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ១៨២២ ។​

​ពេលនោះ​តំបន់​ដទៃទៀត​ក៏​ចាប់ផ្តើម​បះបោរ​ដែរ​គឺ​ក្រិ​ក​ភាគ​កណ្តាល បះបោរ​នៅ​ថ្ងៃទី ២៤ ខែមីនា ។ ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​១៨២១ នោះ ជនជាតិ​ក្រិ​ក Peloponnese បាន​លើក​ទង់​បដិវត្តន៍ ហើយ​ស្រែក​ស្លោ​កថា “ សេរីភាព ឬ ស្លាប់ “ ។ ស្លោក​នេះ​បានក្លាយ​ជា​ទង់​បដិវត្តន៍​ជនជាតិ ក្រិ​ក​យ៉ាង​រាលដាល​ទៅ​តំបន់​ផ្សេងៗ​ទៀត​ក្នុងនោះ នៅ​តំបន់ សា​ឡូ​ណា នៅ​ថ្ងៃទី ២៧ ខែ មីនា ។ នៅ​តំបន់​Boeotia និង តំបន់​Livadeia​កងទ័ព​ក្រិ​ក​កាន់កាប់​នៅ​ថ្ងៃទី ៣១ ខែ មីនា​ហើយពីរ ថ្ងៃ​ក្រោយមក កងទ័ព​ក្រិ​ក​ដណ្តើមបាន​តំបន់​Thebes ទៀត ។​

​នៅ​ពាក់​កណ្តាលខែ មេសា ឆ្នាំ ១៨២២ នោះ កងទ័ព​បដិវត្តន៍ ក្រិ​ក បាន​ចូលដល់​ទីក្រុង អា​តែ​ន រុញច្រាន​កងទ័ព​ទួ​ក​គី​ចាក​ចេញទៅ​តំបន់ Acropolis វិញ ។ ការបះបោរ​នៅ​តំបន់ Missolonghi កាលពី​ថ្ងៃទី​២៥ ខែមីនា ក៏បាន​រីក​រាលដាល​ទៅ​ទីក្រុង​ផ្សេងៗ​ទៀត នៃ​ភាគ​ខាងលិច​ប្រទេស ក្រិ​ក​យ៉ាង​ឆាប់រ​ហ័យ​ដែរ​។​

​ប៉ុន្តែ​ជោគជ័យ​នោះ ពុំបាន​យូរអង្វែង​ឡើយ​ដោយ​ពួកគេ​បាន​ចាញ់​សង្គ្រាម​ជា​បន្តបន្ទាប់ នៅ​តំបន់ Alamana និង​តំបន់ Eleftherohori ពេល​ប្រយុទ្ធ​ជាមួយ​កងទ័ព​អូ​តូ​ម៉​ង់​ដឹកនាំ​ដោយ មេទ័ព Omer Vrioni ។

​បន្ទាប់មក​មេទ័ព Omer Vrioni របស់​អូ​តូ​ម៉​ង់ បាន​ផ្អាក​ការដណ្តើមយក​តំបន់ Peloponnese វិញ​ដោយ​រង់ចាំ​កងទ័ព​ទួ​ក​គី​ផ្សេងទៀត​មក​បង្រួម​ចូលគ្នា​សិន ពេលនោះ​គាត់​បែរជា​លុកលុយ និង កាន់កាប់​ទីក្រុង​Livadeia​បាន​ជោគជ័យ​នៅ​ពាក់កណ្តាល ខែ មិថុនា និង ទីក្រុង​អា​តែ​ន ហើយ​បន្ត​ឡោម​ព័​ទ​ទីក្រុង​Acropolis ។​

​នៅ​ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ១៨២១ កងទ័ព​ក្រិ​ក​២.០០០ នាក់ បើក​ការ​វាយ​ដណ្តើម​កាន់កាប់ សមរភូមិ​Vassilika​ជា​ផ្លូវ​យុទ្ធសាស្ត្រ​កងទ័ព​ទួ​ក​គី ។ គិត​ត្រឹម​ដាច់​ឆ្នាំ ១៨២១ នោះ​កងទ័ព បដិវត្តន៍​ក្រិ​កបាន​ឈរជើង​នៅ​ក្រិ​ក​កណ្តាល ហើយ​បាន​បង្កើតជា​រដ្ឋាភិបាល​បដិវត្តន៍​ក្រិ​ក ហើយ​សង្គ្រាម​រវាង​កង​ទ័ព​បដិវត្តន៍​ក្រិ​ក​ដែល​មានតែ​ឆន្ទៈ​ពុះកញ្ជ្រោល​ប៉ុន្តែ​ពុំ​សូវ​ខ្លាំង​ខាង ការដឹកនាំ និង​ការចាត់ចែង និង​កងទ័ព​ចក្រភព​អូ​តូ​ម៉​ង់ នៅតែ​បន្ត​គ្រប់ទិសទី​ទូទាំងប្រទេស ។​

​បដិវត្តន៍​ស្ទើរ​រលាយ​រលត់​
ពេលនោះ ស៊ុ​លត​ង់ ម៉ា​ហមូដ ទី​២ (Sultan Mahmud II )​របស់​ចក្រភព​អូ​តូ​ម៉​ង់​បាន​ស្វែងរកជំនួយ​ពី ស្តេច មូ​ហា​ម៉ា​ដ់ អា​លី នៃ​ប្រទេស​អេ​ហ្ស៊ី​ប ហើយ​នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ ១៨២២ កប៉ាល់ចម្បាំង ៣០ គ្រឿង​របស់​អេ​ហ្ស៊ី​ប បាន​ចូលដល់​ទឹកដី​ក្រិ​ក​ក្នុង​បំណង​កម្ចាត់​ក្រុម​ឩ​ទ្ទាម ដែលជា​ចលនា​តស៊ូ​របស់​ក្រិ​ក ហើយ​កងទ័ព​អេ​ហ្ស៊ី​ប​ទាំង​នោះបាន​ដុតបំផ្លាញ​ភូមិ​ស្រុក ពាសពេញ​តំបន់ ។​

​ខែកុម្ភៈ ឆ្នាំ​១៨២៣ រាជសុនិសា (​កូនប្រសារ​) របស់​ស្តេច​អេ​ហ្ស៊ី​ប បាន​ដឹកនាំ​ទ័ព​ចូលរួម​ជួយ ទួ​ក​គី​ដោយមាន​កងទ័ព ១២០០០ នាក់ គាំទ្រ​ដោយ​កាំភ្លើង​ធំ ។ លុះដល់​ត្រឹម​រដូវ​ផ្កា​រីក ឆ្នាំ​១៨២៤ រាជសុនិសា អេ​ហ្ស៊ី​ប និង​តួ​ក​គី​បានធ្វើឱ្យ​កងទ័ព​តស៊ូ​របស់​ក្រិ​ក​នៅមាន​ទីតាំង​តែ ប៉ុន្មាន​ប៉ុណ្ណោះ ដែល​បានសេចក្តីថា កងទ័ព​បដិវត្តន៍​ក្រិ​ក ស្ទើរតែ​ដល់ទី​អវសាន​ទៅហើយ ។​

ពី​ជិត​ក្ស័យ​ទៅជា​រដ្ឋ​ស្វយ័ត និង​រដ្ឋ​ឯករាជ្យ​
ប៉ុន្តែ​នៅ​អំឡុង​ឆ្នាំ​១៨២៥ មាន​ពួក​មហាអំណាច គ្រិស្តសាសនា អឺរ៉ុប ចំនួន ៣ ក្នុងនោះ​គឺ អង់គ្លេស រុស្ស៊ី និង បារាំង បាន​ចូលខ្លួន​ទៅ​អន្តរាគមន៍ នៅក្នុង​សង្គ្រាម​បដិវត្តន៍​ជនជាតិ​ក្រិ​ក និង​ចក្រភព​អ៊ិ​ស្លាម​អូ​តូ​ម៉​ង់ ដែល​កំពុង​ត្រួតត្រា​ក្រិ​ក ។​

​នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​១៨២៨ អគ្គរាជទូត​អង់គ្លេស រុស្ស៊ី និង បារាំង​បាន​ជួបពិភាក្សា​គ្នា​នៅ​កោះ ប៉ូ​រ៉ូ​ស ដើម្បី​រៀបចំ​ពិធីសារ​បង្កើត​រដ្ឋ​ស្វយ័ត​មួយ ដែលជា​ដែនដី​កំពុង​គ្រប់គ្រង​របស់​អូ​តូ​ម៉​ង់ ហើយ​លទ្ធភាព​ដែល​អាចធ្វើ​បែប​នោះបាន មាន​ត្រឹមតែ​កោះ Cyclades កោះ Sporades កោះ Samos និង Crete ប៉ុណ្ណោះ ។ យោងតាម​លទ្ធផល​ពិធីសារ​នោះ សន្និសីទ​នៅ​ទីក្រុង​ឡុង​ដ៍ នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​១៨២៩ បាន​ទទួលយក​សំណើ​គម្រោង​បង្កើត​រដ្ឋ​ក្រិ​ក​ស្វយ័ត​នោះ ។​

​តួ​ក​គី ពិតជា​មិន​ចង់ឃើញ​ប្រទេស​ក្រិ​ក ទៅជា​បែប​នោះឡើយ ប៉ុន្តែ​ដោយសារ​សម្ពាធ​ពី​រុស្ស៊ី នៅ​ទីបំផុត ចក្រភព​អូ​តូ​ម៉​ង់ ព្រម​ទទួលយក​លទ្ធផល នៃ​សន្និសីទ​ទីក្រុង​ឡុង​ដ៍​នោះ​។ ភ្លាមៗ បន្ទាប់ពីនោះ​ទៅ អង់គ្លេស និង​បារាំង ឃើញថា អំណាច​របស់​រុស្ស៊ី នៅក្នុង​រដ្ឋ​ក្រិ​ក​ថ្មី​នោះ ឡើង​ខ្លាំងណាស់ បើ​បណ្តែតបណ្តោយ​តែ​បន្តិចទៀត​នោះ ក្រិ​ក នឹង​ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ​រុស្ស៊ី ជាមិនខាន ក៏បាន​ផ្តួច​ផ្តើមគំនិត​មួយ​ឡើង គឺ​ការបង្កើត “ រដ្ឋ​ក្រិ​ក​ឯករាជ្យ “ ។​

​រុស្ស៊ី មិន​ពេញ​ចិត្តនឹង​ការផ្តួចផ្តើម​នោះ​សោះឡើយ ព្រោះ​ធ្វើ​បែប​នោះ អាចឱ្យ ក្រិ​ករ​បូត​ពី ដៃ​ខ្លួន ប៉ុន្តែ​មិនអាច​បដិសេធ​បាន ក៏​ព្រម​ទទួលយក​គំនិត​នោះ ហើយ​ទីបំផុត​មហាអំណាច​ទាំង ៣ បាន​ព្រមព្រៀងគ្នា​បង្កើត​រដ្ឋ​ក្រិ​ក​ឯករាជ្យ​មួយ​ដែល​ស្ថិតនៅក្រោម​ការការពារ​បស់​ពួកគេ ទាំងបី ហើយ​បានបញ្ចប់​ពិធីសារ​នោះ នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​១៨៣០ ។

​នៅក្រោម​ពិធីសារ ថ្ងៃទី​៧ ខែ​ឩ​សភា ឆ្នាំ​១៨៣២ ដោយមាន​ការការពារ​ពី​មហាអំណាច​អឺរ៉ុប​ទាំង ៣ នោះ ក្រិ​ក ត្រូវបាន​កំណត់ថា ជា​រដ្ឋ​រាជានិយម និង ឯករាជ្យ ប៉ុន្តែ​ត្រូវ​ចេញថ្លៃ​សំណង​មួយ ចំនួន​ទៅឱ្យ អូ​តូ​ម៉​ង់​។​

​នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​១៨៣២ អគ្គរាជទូត​អង់គ្លេស តំណាងឱ្យ​មហាអំណាច​ទាំង​៣ បាន​ជួប​ជាមួយ​តំណាង​អូ​តូ​ម៉​ង់ ដើម្បី​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​របស់ រាជាណាចក្រ​ក្រិ​ក ហើយ​ព្រំដែន​នោះ ត្រូវបាន​បញ្ជាក់​ឡើងវិញ នៅក្នុង​ពិធីសារ​នៅ​ទីក្រុង​ឡុង​ដ៍ នា​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​១៨៣២ នោះ ។​
​ ​
ដោយហេតុនេះ ប្រទេស​ក្រិ​ក បាន​ក្លាយជា​រដ្ឋ​ឯករាជ្យ​ពី​ចក្រភព​អូ​តូ​ម៉​ង់ ដោយសារ​ការតស៊ូ របស់​ពួកគេ​យ៉ាងច្រើន​របត់​ប៉ុន្តែ​ដោយសារ​អេ​ហ្ស៊ី​ប​រួម​ដៃ​ជា​ជំនួយ​ដល់​អូ​តូ​ម៉​ង់​ធ្វើឱ្យ​កងទ័ព បដិវត្តន៍​ក្រិ​ក ឈានដល់​ដំណាក់កាល ហៀបនឹង​រលាយ​រលត់​ទៅហើយ​ជា​កុសល​ដោយ មាន​មហាអំណាច​គ្រិស្តសាសនា អឺរ៉ុប​ចំនួន ៣ គឺ រុស្ស៊ី អង់គ្លេស និង បារាំង ចូលខ្លួន​អន្តរាគមន៍ ទើប​មហាអំណាច​មូស្លីម​អូ​តូ​ម៉​ង់ បង្ខំចិត្ត​ប្រគល់​សិទ្ធិ​ស្វយ័ត ទៅឱ្យ​ក្រិ​ក ហើយ​បារាំង និង​អង់គ្លេស មិន​ចង់ឱ្យ​រុស្ស៊ី​ឡើងអំណាច​ខ្លាំងពេក នៅ​ទីនោះ ទើប​រក​វិធី​ធ្វើ​រដ្ឋ​ស្វយ័ត​ក្រិ​ក ឱ្យទៅជា​រដ្ឋ​ឯករាជ្យ​វិញ ប៉ុន្តែ​ប្រជាជន​ក្រិ​ក ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់ខ្លួន ដើម្បី​រំឭក​ដល់ ការលើក​ទង់​បដិវត្តន៍ ពួកគេ​កាលពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​១៨២១ ឯណោះ​ទេ ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា

ក្បួនព្យុហយាត្រា នៃ កងទ័ព​ក្រិ​ក
ក្បួនព្យុហយាត្រា នៃ កងទ័ព​ក្រិ​ក
ទីក្រុង អា​តែ​ន នៃ ប្រទេស​ក្រិ​ក