ទិវា​ឯករាជ្យ​ជាតិ សេ​ណេ​ហ្គា​ល់​

440
ចែករម្លែក

ភ្នំពេញៈ ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល​សេ​ណេ​ហ្គា​ល់ ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ​នៅ​ថ្ងៃទី ៤ ខែមេសា ដើម្បី​រំឭក​ដល់​ព្រឹត្តិការណ៍ ចុះហត្ថលេខា រវាង​អាណា និគម​បារាំង និង​សហព័ន្ធ​ម៉ាលី កាលពី​ឆ្នាំ​១៩៦០ ដែល​តាមរយៈ​កិច្ចព្រមព្រៀង​នេះ នាំឱ្យ​សេ​ណេ​ហ្គា​ល់ ( និង​ស៊ូដង់ បារាំង ដែល​កាលណោះ រួមគ្នា​បង្កើតបានជា សហព័ន្ធ​ម៉ាលី ) ក្លាយជា​រដ្ឋ​ឯករាជ្យ​ពី​បារាំង ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​សេ​ណេ​ហ្គា​ល់ មាន​ផ្ទៃដី​ប្រមាណ​ជា ១៩៧.០០០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​ឆ្នេរ សមុទ្ទ នៃ​តំបន់​អាហ្វ្រិក​ខាងលិច មាន​ព្រំដែន​ជាប់​ប្រទេស​ម៉ាលី ហ្គី​ណេ និង​មហាសាគរ អា​ត្ល​ង់​ទិ​ក​ខាងជើង ។ ដើមឆ្នាំ​២០២០ មាន​ប្រជាជន​ជាង ២០ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់ សាសនា​អ៊ិ​ស្លាម ភាសា​ដែល​ប្រើប្រាស់​ច្រើន​បំផុត គឺ​ភាសា​វ៉ូ​ឡូ​ហ្វ និង​ភាសា​បារាំង រដ្ឋធានី គឺ​ទីក្រុង​ដា​កា ។​

​ប្រវត្តិសាស្ត្រ​
​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​១៥ ជនជាតិ​ព័រទុយហ្កាល់ បាន​ទៅ​ចត​នាវា​របស់​ពួកគេ​នៅ​ឆ្នេរ​សមុទ្ទ សេ​ណេ​ហ្កា​ល់ ដែល​អមដំណើរ​ដោយ​ពាណិជ្ជករ នៃ​ជាតិ​សាសន៍​ផ្សេងៗ​ដោយ​រួមទាំង ពាណិជ្ជករ​បារាំង ផង ។​

​មហាអំណាច​អឺរ៉ុប មានដូចជា ព័រទុយហ្កាល់ ហុ​ល្លង់ និង​ចក្រភព​អង់គ្លេស​បាន​ប្រជែង​អំណាច​គ្នា ត្រួតត្រា វិស័យ​ពាណិជ្ជកម្ម នៅ​តំបន់ឆ្នេរ​សមុទ្ទ សេ​ណេ​ហ្គា​ល់ ចាប់ពី​សតវត្សរ៍​ទី​១៥​។ នៅ​ឆ្នាំ ១៦៧៧ ពួកគេ​ដណ្តើមបាន​កាន់កាប់ នៅ​ចំណុច​ចេញដំណើរ នៃ ជំនួញ​ទាសករ​អា​ត្ល​ង់​ទិ​ក នៅ Gorée ហើយ​ក្រោយមក បានក្លាយ​ជាទី​ក្រុង​ដា​កា នាពេល​បច្ចុប្បន្ននេះ​ប្រើប្រាស់​ជាទី​តាំង​ទិញ ទាសករ ។

​ពួក​សាសនទូត​អឺរ៉ុប បាន​នាំ​សាសនា​គ្រិស្ត ចូលទៅ​សេ​ណេ​ហ្គា​ល់ និង​តំបន់ Casamance នៅក្នុង​សតវត្សរ៍​ទី​១៩ ។ អំឡុង​ទសវត្សរ៍​ឆ្នាំ​១៨៥០ បារាំង បានចាប់ផ្តើម​ពង្រីក​ឥទ្ធិពល​របស់ខ្លួន ចូលទៅ​ដែនដី​គោក សេ​ណេ​ហ្គា​ល់ ហើយ​បាន​លុបបំបាត់​នូវ​ទាសភាព និង​បាន​លើកកម្ពស់​នូវ លទ្ធិ​គ្រិស្ត លុបបំបាត់​បន្ថែម​ទាំង អាណាចក្រ​ដើម ដូចជា​អាណាចក្រ Waalo, Cayor, Baol និង អាណាចក្រ Jolof Empire ។ អាណា​និគមជន បារាំង បាន​ឈ្លានពាន​យ៉ាង​គឃ្លើន ។ ក្រុម​អ្នក តស៊ូ​សេ​ណេ​ហ្គា​ល់ ប្រឆាំងនឹង​ការពង្រីក​អំណាច​របស់ បារាំង ដោយ​ប្រការ​ផ្សេងៗ​ជាច្រើន ។

​ឯករាជ្យភាព​
​ដើម្បី​បានជា​កម្លាំង​កាន់តែ​រឹងមាំ ទើប​នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​១៩៥៩ ប្រទេស សេ​ណេ​ហ្គា​ល់ និង​ស៊ូដង់ បារាំង បាន​រំលាយ​ចូលគ្នា បង្កើតបានជា សហព័ន្ធ ម៉ាលី ។ មួយឆ្នាំ​ក្រោយមក គឺ​នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​១៩៦០ មានការ​ចុះហត្ថលេខារ​វាង​អាណានិគម​បារាំង និង​សហព័ន្ធ ម៉ាលី ។

​គឺ​តាមរយៈ​ការចុះហត្ថលេខា​នោះឯង​ហើយ ដែល​បានធ្វើឱ្យ សហព័ន្ធ​ម៉ាលី ក្លាយជា​សហព័ន្ធ ឯករាជ្យ យ៉ាង​ពេញលេញ នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ ដដែល​នោះ​។ ថ្ងៃទី​៤ ខែ មេសា ឆ្នាំ​១៩៦០ នេះឯង បាន​ក្លាយជា​ទិវា​ប្រវត្តិសាស្ត្រ​របស់ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ សេ​ណេ​ហ្គា​ល់ ។​

​ប៉ុន្តែ​ទំនាស់​ផ្នែក​នយោបាយ បានធ្វើឱ្យ សហព័ន្ធ​ម៉ាលី បាន​បែកបាក់​គ្នា ហើយ សេ​ណេ​ហ្គា​ល់ និង ស៊ូដង់ បារាំង បានប្រកាស​ឯករាជភាព​រៀងៗ​ខ្លួន នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​១៩៦០ នោះ ( ស៊ូដង់ បារាំង បានប្រកាស់​ប្តូរ​ឈ្មោះ​របស់ខ្លួន ទៅជា​សាធារណរដ្ឋ​ម៉ាលី រហូតមកដល់​សព្វថ្ងៃ )​។​

​លោក Léopold Sédar Senghor ត្រូវបាន​ប្រកាស​ជា​ប្រធានាធិបតី​ដំបូង របស់ សេ​ណេ​ហ្គា​ល់ នៅក្នុង​ខែកញ្ញា ឆ្នាំ​១៩៦០ ។ លោក Senghor ជា​មនុស្ស​ទទួលបាន​អប់រំ​ជ្រះ​ជ្រៅ​នៅ​ប្រទេស បារាំង ។ គាត់​ជា​កវី ជា​ទស្សនវិទូ ហើយ​ជា​អ្នកនិពន្ធ​បទ​ភ្លេងជាតិ ដោយ​ខ្លួន​គាត់​ផ្ទាល់ ។

​ឆ្នាំ​១៩៨០ គាត់​បាន​ចូលនិវត្តន៍ ពី​នយោបាយ ហើយ​បានប្រគល់​អំណាច ទៅអោយ​លោក Abdou Diouf ។ អតីត​នាយករដ្ឋមន្ត្រី លោក Mamadou Dia ដែលជា​គូប្រជែង​នយោបាយ​របស់លោក Senghor បានរៀបចំ​ឱ្យមាន​ការបោះឆ្នោត នៅ​ឆ្នាំ​១៩៨៣ ប៉ុន្តែ​គាត់​បាន​បរាជ័យ​ក្នុង​ការបោះ ឆ្នោត​នោះ​។ លោក Senghor ផ្លាស់​ទៅ​រស់នៅ​ប្រទេស​បារាំង រហូត​អស់​ជីវិត នៅ​អាយុ ៩៦ ឆ្នាំ ។​

​សេ​ណេ​ហ្គា​ល់ បាន​រួបរួម​ជាមួយគ្នា រដ្ឋ Gambia បង្កើតបានជា សហព័ន្ធ Senegambia នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​១៩៨២ ។ ប៉ុន្តែ​សហព័ន្ធ​នេះ បាន​បែកបាក់ នៅ​ឆ្នាំ​១៩៨៩ ។

​ការបែកបាក់​ជាតិ​
​លោក Abdou Diouf ជា​ប្រធានាធិបតី ពី​ឆ្នាំ ១៩៨១-២០០០ ។ គាត់​បាន​លើកទឹកចិត្ត​ឱ្យមាន​ការ ចូលរួម ក្នុង​ផ្នែក​នយោបាយ យ៉ាង​ទូលំទូលាយ បាន​កាត់បន្ថយ​ការចូលរួម​របស់​រដ្ឋា​ភិ​បាល ក្នុង​វិស័យសេដ្ឋកិច្ច និង​ការជាប់​ពាក់ព័ន្ធ យ៉ាង​ទូលាយ នូវ​ការទូត​របស់ សេ​ណេ​ហ្គា​ល់ ជាពិសេស​ជាមួយ​ជាតិ​សាសន៍ កំពុងអភិវឌ្ឍន៍ ។

​នយោបាយ​ក្នុងប្រទេស ជួនកាល​បាន​រីក​រាលដាល ជា​អំពើហិង្សា​នៅតាម​ដង​វិថី​នានាភាព​តាន តឹង​តាម​ព្រំដែន និង​បង្កើតបានជា​ចលនា​ពួក​អ្នក​ផ្តាច់ខ្លួន​នៅ​ភាគខាងត្បូង នៃ​តំបន់ Casamance ។ ទោះជា​មានការ​ចរចា​ស​ន្តិ​ភាពជា​ច្រើនលើកច្រើនសា​រ​ក្តី​ក្រុម​ពួក​ផ្តាច់ខ្លួន​នៅ​ភាគ ខាងត្បូង នៅ​តំបន់ Casamance ក៏​នៅតែមាន​ការប៉ះទង្គិច​គ្នា​ជា​ហូរហែ​ជាមួយ​កម្លាំង​រដ្ឋាភិបាល តាំងពី​ឆ្នាំ​១៩៨២ មក ។

​នៅ​ដើម​សតវត្សរ៍​ទី​២១ អំពើហិង្សា​បាន​ស្រាកស្រាន្ត ហើយ​លោក​ប្រធានាធិបតី Macky Sall បានរៀបចំ​ការចរចា ជាមួយ​ពួក​ឧទ្ទាម នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី នៅ​ខែធ្នូ ឆ្នាំ ២០១២ ។​

​ទោះយ៉ាងណា ការប្តេជ្ញាចិត្ត​របស់ សេ​ណេ​ហ្គា​ល់ ចំពោះ​លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស ត្រូវបាន​ពង្រឹង ។ លោក Abdou Diouf បាន​កាន់តំណែង ជា​ប្រធានាធិបតី បួន អាណត្តិ ។​

​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី នា​ឆ្នាំ​១៩៩៩ មេដឹកនាំ​បក្សប្រឆាំង​លោក Abdoulaye Wade បាន​យកឈ្នះ​លើ​លោក Diouf នៅក្នុង​ការបោះឆ្នោត ដែល​ត្រូវបាន​មើលឃើញថា ដោយ​សេរី និង​យុត្តិធម៌ ពី​សំណាក់​អ្នក​អង្កេត​ការណ៍​អន្តរជាតិ ។ នេះ​ជា​លើក​ទី ២ ហើយ ដែល សេ​ណេ ហ្គា​ល់ បាន​ផ្ទេរអំណាច ពី​បក្ស​មួយ ទៅ​បក្ស​មួយ ដោយ​សន្តិវិធី ។

​នៅ​ខែធ្នូ ឆ្នាំ​២០០៤ លោក​ប្រធានាធិបតី Wade បានប្រកាសថា លោក​នឹង​ចុះហត្ថលេខា​ជាមួយ ពួក​អ្នក​ផ្តាច់ខ្លួន នៅ​តំបន់ Casamance ។ ប៉ុន្តែ​រហូតមកទល់​ពេលនេះ ការសន្យា​នេះ មិនទាន់ ត្រូវបាន​អនុវត្ត​នៅឡើយ ។ ឆ្នាំ ២០០៥ មានការ​ចរចា​មួយ​ជុំ​ទៀត ប៉ុន្តែ​លទ្ធផល​នៅ​មិនទាន់ ត្រូវបាន​ប្រកាស​នៅឡើយ ៕ ចងក្រង​ប្រែ​សម្រួលៈ មេសា​

លោក Léopold Sédar Senghor ជា​ប្រធានាធិបតី​ដំបូង របស់ សេ​ណេ​ហ្គា​ល់
ទីក្រុង ដា​កា នៃ ប្រទេស សេ​ណេ​ហ្គា​ល់