ទីក្រុងសេអ៊ូលនឹងដាក់ដំណើរការយានយន្តបើកស្វ័យប្រវត្តិនិងមនុស្សយន្តដឹកជញ្ជូននៅលើផ្លូវជាក់ស្តែង

356
ចែករម្លែក

រដ្ឋបាលក្រុងសេអ៊ូលនឹងដាក់ដំណើរការយានយន្តបើកស្វ័យប្រវត្តិចំនួន ៧ គ្រឿងនិង​មនុស្សយន្តដឹកជញ្ជូនចំនួន ៣ គ្រឿងនៅលើដងផ្លូវជាក់ស្តែងក្នុងទីក្រុង ដែលជាផ្នែកមួយនៃគម្រោងចល័តទីឆ្លាតវៃរបស់ខ្លួន។

យោងតាមវេបសាយ Pulse បានឱ្យដឹងថា ទីក្រុងសេអ៊ូលបានរៀបចំពិធីបើកសម្ភោធកម្មវិធីនេះកាលពីថ្ងៃអង្គារទី១២ឧសភានៅសង្កាត់សានហ្គាមដុង ភាគខាងលិចទីក្រុងសេអ៊ូលជាមួយក្រុមហ៊ុន LG Uplus ក្រុមហ៊ុន Unmanned Solution ក្រុមហ៊ុន Control Works ក្រុមហ៊ុន Dogugonggan ក្រុមហ៊ុន SML ក្រុមហ៊ុន Automos ក្រុមហ៊ុន Spring Cloud និងសាកលវិទ្យាល័យយ៉ុនសី។

ទីក្រុងសេអ៊ូលនឹងដំណើរការឡានក្រុងចំនួន ៣ រថយន្តខ្នាតតូចចំនួន ៤ និងមនុស្សយន្តដឹកជញ្ជូនចំនួន ៣ នៅលើដងផ្លូវដែលមិនមានការគ្រប់គ្រងនៅក្នុងសង្កាត់សាងហ្គាមដុងដើម្បីធ្វើការសាកល្បងរថយន្តនិងមនុស្សយន្តស្វ័យប្រវត្តិនៅក្នុងស្ថានភាពផ្លូវពិតជាក់ស្តែង។

យានយន្តទាំងនេះនឹងត្រូវប្រើប្រាស់សម្រាប់សេវាកម្មដឹកភ្ញៀវដោយគ្មានការប៉ះពាល់គ្នា ការចតស្វ័យប្រវត្តិ និង សេវាកម្មដឹកជញ្ជូនទំនិញទៅកន្លែងដែលរថយន្តមិនអាចទៅដល់។

ទីក្រុងសេអ៊ូលនិយាយថារថយន្តគ្មានអ្នកបើកបរទាំងនោះត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញាបច្ចេកវិជ្ជាខ្ពស់និងប្រព័ន្ធដែលអាចចាប់សញ្ញាចរាចរណ៍រៀងរាល់ ០,១ វិនាទីដើម្បីការពារគ្រោះថ្នាក់៕ ដោយ៖ កញ្ញាដាលីស

រថយន្តស្វ័យប្រវត្តិនឹងដាក់ឱ្យដំណើរការនៅសង្កាត់សានហ្គាមដុង