ទីភ្នាក់ងារ​យូ​សេដ​គាំទ្រ​គម្រោង​សញ្ញាប័ណ្ណ​ជីវភាព​សម្រាប់​ស្ត្រី​ជិត​៤០​ម៉ឺន​នាក់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​

1280
ចែករម្លែក

​ភ្នំពេញៈ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បានប្រកាស​កាលពី​ថ្ងៃទី​៧ ខែសីហា​នេះ​ថា​មាន​ស្ត្រី​ប្រមាណ ៣៨៥.០០០​នាក់​មកពី​កម្ពុជា​,​វៀតណាម​និង​ហ្វីលីពីន​ត្រូវបាន​គេ​រំពឹងថា​នឹង​ទទួលបាន​ផលប្រយោជន៍​ពី​គម្រោង​សញ្ញាប័ណ្ណ​ជីវភាព​សម្រាប់​ស្ត្រី​មានតម្លៃ​៨​លាន​ដុល្លារ​ដែល​ផ្តល់​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​ឬ​យូ​សេដ​(USAID)​។​សញ្ញាប័ណ្ណ​នេះ​នឹង​ផ្តល់​ឲ្យ​ស្ត្រី​អាច​ទទួលបាន​នូវ​សេវា​ឥណទាន​ការតភ្ជាប់​ទៅកាន់​ទីផ្សារ ព្រមទាំង​ទំនិញ និង​សេវា​មួយចំនួនទៀត​ដែលមាន​តម្លៃ​សមរម្យ ដើម្បី​ជួយ​ឲ្យ​ក្រុមហ៊ុន​របស់​ពួកគេ​រីកលូតលាស់​។

កុមារីនៃកម្ពុជា(រូបយូនីសេហ្វ)

​សេចក្តីប្រកាសកាលពី​ថ្ងៃទី​៧​ខែសីហា​នោះ​បញ្ជាក់ថា​គម្រោង​សញ្ញាប័ណ្ណ​ជីវភាព​សម្រាប់​ស្ត្រី​នឹង​ផ្តល់​មូលធន​ទៅដល់​វិទ្យាស្ថាន​មីក្រូហិរញ្ញវត្ថុ និង​សហគ្រាស​សង្គម​មួយក្រុម​ដែល​នឹង​ជួយ​ប្រែក្លាយ​ស្ត្រី​ដែលមាន​ប្រាក់ចំណូល​ទាប​ពី​ជីវភាព​សមល្មម​គ្រាន់តែ​ចិញ្ចឹមជីវិត​ទៅកាន់​ជីវភាព​ប្រកបដោយ​ចីរភាព ហើយនឹង​ជួយ​ស្ត្រី​ទាំងនោះ​ឲ្យ​ធន់​ទៅនឹង​ភាព​តានតឹង​ផ្នែក​សេដ្ឋកិច្ច និង​សង្គមកិច្ច​។​បន្ថែម​លើ​ភាពជោគជ័យ​លើ​មុខ​ជំនួញ​ដែល​គ្រប់គ្រង​ដោយ​ស្ត្រី​មាន​ផលប្រយោជន៍​រយៈពេល​វែង​ជាច្រើន​ទៀត​ដែល​ពួកគេ​នឹង​ទទួលបាន​ដោយ​ក្នុងនោះ​រួមមាន​៖ ការកើនឡើង​នូវ​ការចូលរួម​របស់​ស្ត្រី​ក្នុង​កម្លាំង​ពលកម្ម ជីវភាព​រស់នៅ​កាន់តែ​ប្រសើរឡើង​ព្រមទាំង​មានឱកាស​កាន់តែច្រើន​ស​ម្រា​ប់​ស្ត្រី​និង​កុមារ​ក្នុងការ​ទទួលបាន​នូវ​ឱកាស​អប់រំ និង​សុខាភិបាល​។

​សេចក្តីប្រកាស​ដដែល​ស្រង់​សម្តី​លោក Todd Sorenson អនុប្រធាន​បេសកកម្ម​នៃ​ទីភ្នាក់ងារ​អភិវឌ្ឍ​ប្រចាំ​តំបន់​អាស៊ី​របស់​ទីភ្នាក់ងារ យូ​សេដ ដែលមាន​ទីតាំងនៅ​ទីក្រុង​បាងកក​មក​បញ្ជាក់ថា “​ទីភ្នាក់ងារ យូ​សេដ មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុង​ការជួយ​គាំទ្រ​ដល់​គម្រោង​សញ្ញាប័ណ្ណ​ជីវា​ភាព​សម្រាប់​ស្ត្រី​ជាមួយ​កម្ចី​ដែលមាន​ការធានា​។​” សញ្ញាប័ណ្ណ​នេះ​ផ្តល់​ប្រយោជន៍​ដល់​ស្ត្រី​ដែល​រស់​នៅតាម​បណ្តា​រដ្ឋ​ក្នុង​តំបន់​អាស៊ាន និង​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​មួយ​ដែលមាន​មូលដ្ឋាន​ក្នុង​តំបន់​អាស៊ាន​។ អាស៊ាន គឺជា​សហគមន៍​ប្រជាជាតិ​អាស៊ី​-​អាគ្នេយ៍​។

​គម្រោង​រយៈពេល​បួន​ឆ្នាំ ដែលមាន​អាត្រា​ការប្រាក់ ៥,៦​ភាគរយ ត្រូវបាន​រៀបចំ​ដោយ​ក្រុមហ៊ុន Impact Investment Exchange (IIX) ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី ត្រូវបាន​គេ​រំពឹងថា​នឹង​ចុះបញ្ជីរ​ក្នុង​ទីផ្សារ​មូលប័ត្រ​សិង្ហ​បុរី​ក្នុង​ខែ​នេះ​។ គម្រោង​នេះ​នឹង​ក្លាយជា​សញ្ញាប័ណ្ណ​និរន្តរភាព​សង្គម​ដំបូង​គេ​ដែល​ផ្តោតលើ​ចំណូល​សង្គម និង​ហិរញ្ញវត្ថុ​ដែល​នឹងត្រូវ​ចុះបញ្ជី​រលើ​ទីផ្សារ​មូលប័ត្រ​ធំ​មួយ​។

​ទីភ្នាក់ងារ​យូ​សេដ កំពុងផ្តល់​ប្រាក់​ធានា​ចំនួន ៥០​ភាគរយ​នៃ​គោលការណ៍​ទំ​ហ៊ំ​ប្រាក់កម្ចី ដើម្បី​កាត់បន្ថយ​ហ​និ​ភ័យ ទាក់ទាញ​អ្នកវិនិយោគ និង​គាំទ្រ​ដល់​ការអភិវឌ្ឍ​។
​ដោយ​សង្កេតឃើញថា​គម្រោង​សញ្ញាប័ណ្ណ​ជីវភាព​សម្រាប់​ស្ត្រី​ត្រូវបាន​គាំទ្រ​ដោយ​ស្ថាប័ន​សាធារណៈ ស្ថាប័នឯកជន និង​អង្គការ​មនុស្សធម៌​មួយចំនួន​ដូចជា ធនាគារ DBS ធនាគារ ANZ មូលនិធិ Rockefeller អង្គការ​គំនិត​ផ្តួចផ្តើម​សកល​របស់​គ្លី​ន​តុ​ន និង​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី​។​
លោក Durreen Shahnaz ស្ថាបនិក​ក្រុមហ៊ុន IIX បាន​មានប្រសាសន៍ថា​៖ “​គម្រោង​នេះ​នាំ​យើង​ខិត​កាន់តែ​ជិត​មួយ​ជំ​ហ៊ាន​ថែមទៀត​ទៅកាន់​ពេលវេលា​មួយ​ដែល​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​យើង​គិតគូរ​អំពី​ផលប៉ះពាល់​សង្គម និង​បរិស្ថាន ដូចគ្នា​ទៅនឹង​ចំណូល​ហិរញ្ញវត្ថុ​”​។ ៦០​ភាគរយ​នៃ​មូលធន​សម្រាប់​សញ្ញាប័ណ្ណ​នេះ​ត្រូវបាន​ផ្តល់​ដោយ​អ្នកវិនិយោគ​អាស៊ី ដែល​ភាគច្រើន​ជា​អតិថិជន​របស់​ធនាគា​រ​ឯកជន​។ ក្រុមហ៊ុន IIX កំពុងមាន​ផែនការ​អភិវឌ្ឍ​សញ្ញាប័ណ្ណ​និរន្តរភាព​សង្គម​បន្ថែមទៀត​នាពេល​អនាគត​។
​ចាប់តាំងពី​ឆ្នាំ ១៩៩៩ តាមរយៈ​អាជ្ញាធរ​ឥណទាន​អភិវឌ្ឍ ទីភ្នាក់ងារ​យូ​សេដ បានរៀបចំ​ឥណទាន​ជាង ៣៥០​លាន​ដុល្លារ​តាមរយៈ​អ្នកធានា​ចំនួន ៦៣ ក្នុងប្រទេស​អាស៊ី​ចំនួន ១៣​។ អ្នកធានា​កម្ចី​របស់​ទីភ្នាក់ងារ យូ​សេដ សម្រាប់​គម្រោង​សញ្ញាប័ណ្ណ​ជីវភាព​ស្ត្រី គឺជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​អភិវឌ្ឍ​តំបន់​អាស៊ាន​។ សហរដ្ឋអាមេរិក​ចាប់​ដៃគូ​ជាមួយ​អាស៊ាន​ដើម្បី​គាំទ្រ​សមាហរណកម្ម​សេដ្ឋកិច្ច ពង្រីក​កិច្ចសហប្រតិបត្តិការ​លំ​ហរ​សមុទ្រ បណ្តុះបណ្តាល​អ្នកដឹកនាំ​ជំនាន់​ក្រោយ លើកកម្ពស់​កាលានុវត្តភាព​សម្រាប់​ស្ត្រី ព្រមទាំង​ដោះស្រាយ​បញ្ហា​ប្រឈម​ឆ្លងដែន​នានា​៕MN
ដោយៈបញ្ញាសាស្រ្ត