ទុស្សេ​ខ្សែភ្លើង​ឆេះ​តូប​លក់ដូរ​ចំនួន​បី​អស់ទាំង​ស្រុង នៅ​ស្រុក​សំរោង​ទង​

1105
ចែករម្លែក

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ ​/ កំពង់ស្ពឺ​៖ ករណី​អគ្គិភ័យ​ឆាបឆេះ​តូប​លក់ដូរ​ចំនួន​បី​អស់ទាំង​ស្រុង ដោយសារ​ទុ​ស្សេ​ខ្សែភ្លើង​។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង នៅ​ចំណុច​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់ ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា តូប​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​មាន​ម្ចាស់ ទី​១.​ឈ្មោះ​ប៉ិច ភាន់ ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​មាន​តូប​ចំនួន​២ គឺ​តូប​លក់​ទូរស័ព្ទដៃ​១ និង​តូប​លក់​ខោអាវ​១​។ ទី​២.​ឈ្មោះ លៀង រដ្ឋា ភេទ​ប្រុស អាយុ​២៨ ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង​មាន តូប​លក់​ទូរស័ព្ទដៃ​១​។​

​តាម​សម្តី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​អណ្ដាតភ្លើង​ឆេះ​ចេញពី​តូប​លក់​ទូរស័ព្ទដៃ ហើយ​ក៏បាន​រាយការណ៍​មក​នគរបាល​។ ការខូចខាត​ទ្រព្យសម្បតិ្ត​រួមមាន តូប​លក់​ខោអាវ និង​ទូរស័ព្ទ​ទាំងស្រុង​។​

​ចំពោះ​ករណី​​នោះដែរ ក៏បាន​ប្រើប្រាស់រ​ថយ​ន្ព​ពន្លត់​អគ្គិភ័យ​ចំនួន​៧​គ្រឿង ក្នុងនោះ រថយន្ត​របស់​ស្រុក​អង្គស្នួល​២​គ្រឿង​, រថយន្ត​ខេត្ត​២​គ្រឿង​, រថយន្ត​ពន្លត់​អគ្គិភ័យ​ស្រុក​ឧដុង្គ ១​គ្រឿង​, រថយន្ត​ពន្លត់​អគ្គិភ័យ​ស្រុក​គងពិសី ១​គ្រឿង​, រថយន្ត​ពន្លត់​អគ្គិភ័យ​ស្រុក​ភ្នំស្រួច​១​គ្រឿង និង​បាន​ប្រើប្រាស់​ទឹក​អស់​ប្រមាណ​១៥​ឡាន​។ មូល​ហេតុដែល​បណ្ដាល​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​តូប​ដោយសារ​ទុស្សេ​ខ្សែភ្លើង​៕L​