ទេព កញ្ញា ស្ងាត់ៗ​ត្រៀម​ឡើងផ្ទះ​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​

960
ចែករម្លែក

​ភ្នំពេញៈ​តារា​សម្តែង​មាន​ប្រជាប្រិយភាព​ក្នុង​រឿង​ភាគ​ខ្មែរ ​គឺ​កញ្ញា ទេព កញ្ញា ស្ងាត់ៗត្រៀមសម្ពោធ​ផ្ទះល្វែង​ថ្មីសន្លាង​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​នាពេលខាងមុខ​ពេលនេះកំពុងតែ​ដើរ​ចែក​សំបុត្រ​អញ្ជើញ​ចូលរួម​ពិធីជប់លៀង​។​

​តារា​ស្រី​ទម្រង់​មុខ​ដូច​កូនកាត់​រូបនេះ​បាន​បង្ហើប​ឱ្យ​រស្មី​កម្ពុជា​ដឹង​កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៩ ថា នាង​ត្រៀម​រៀបចំ​ពិធី​ធំ​សម្រាប់​ឆ្នាំនេះ​គឺ​ផ្ទះល្វែង​ថ្មី​មួយ​ខ្នង​ដែល​ទើប​ទិញ ក្រោយ​ខំ​រកប្រាក់​និង​សន្សំ​អស់​ជាច្រើន​ឆ្នាំ​ជាមួយ​ឪពុកម្តាយ​របស់​នាង​។ ផ្ទះ​របស់​នាងថ្មី​មួយ​នេះ នាង​ចំណាយ​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។ ប៉ុន្តែ​បើនិយាយ​បូករួម ការ​តុ​ប​តែ​និង​សម្ភារ​អាច​ថា​លើសពីនេះ​ទៀត​។

​កញ្ញា ទេព កញ្ញា ជា​តារា​ស្រី​សុភាព​នោះបាន​ប្រាប់ថា កម្មវិធី​ជប់លៀង​អបអរ​ឡើងគេហដ្ឋាន​ថ្មី​របស់​នាង​នោះ នឹង​រៀបចំឡើង​នា​ថ្ងៃទី​១៦ ខែមិថុនា ដែល​ផ្ទះ​របស់​នាងនេះ​ស្ថិត ក្នុង​បុរី ហុង ឡាយ នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ នាង​ក៏​សូម​អញ្ជើញ​មិត្ត​សិល្បៈ​ដែល​នាង​រាប់អាន​ជិតស្និទ្ធ និង រៀមច្បង​សិល្បៈ​ចូល​រួម​កម្មវិធី​អបអរ​របស់​នាង​។

​សូមបញ្ជាក់ថា តារា​សម្តែង ទេព កញ្ញា កាលពីដើមឆ្នាំ​២០១៩ នាង​មាន​ប្រជាប្រិយ​ខ្លាំង ក្នុង​រឿង​ភាគ “​គ្រូខ្មែរ​” របស់​ស្ថានីយ​បាយ័ន ។ ជាមួយគ្នា​នោះ​នាង​ក៏បាន​បញ្ចេញ​បទចម្រៀង​ថ្មី​មួយ​បទ ដែល​ស្តាប់​ហើយ ធ្វើ​អ្នកគាំទ្រ​មាន​អារម្មណ៍​ត្រូវចិត្ត ឬ​ចាក់​ដោត​ដល់អារម្មណ៍​មែនទែន​គឺ មាន​ចំណងជើង​ថា “​បេះដូង​ខ្វះ​ស្នេហ៍​ពិត​” ដែល​អ្នកគាំទ្រ និង អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាំ​ស្តាប់​ហើយ​ពេញចិត្តចំពោះ​អត្ថន័យ និង​សំនៀង​របស់នាង​។

​អ្នកគាំទ្រ​របស់​នាង​លាន់មាត់ និងសរសើរ​ចំពោះ​តារា​ស្រី​ស្អាត​រូបនេះ មិន​ត្រឹមតែ​ស្អាត និងពូកែ​សម្តែង​នោះទេ ថែមទាំង​ចេះ​ច្រៀង​បង្ហាញ​ពី​ទេពកោសល្យ​នៃ​ការ​ច្រៀងរបស់​នាង​ធ្វើឱ្យ​មហាជន​ភ្ញាក់ផ្អើល​៕ ដោយៈ បូ​រិ​ន​/Ha