ទោះបី​អាជ្ញាធរ​ធ្លាប់​ហាមឃាត់ តែ​កន្លែង​លក់​ផ្លែឈើ​គល់ស្ពាន​ព្រះមុនីវង្ស​ចាស់ បន្ត​ការលក់​យ៉ាង​អនាធិបតេយ្យ

349
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: កន្លែង​លក់​ផ្លែឈើ​នៅ​ចំណុច​គល់ស្ពាន​ព្រះមុនីវង្ស​ចាស់ ខណ្ឌ​ច្បារអំពៅ នៅតែ​បន្ត​ការលក់​យ៉ាង​អនាធិបតេយ្យ​ដដែល បើទោះបីជាលោក រស់ សុភ័គ្គ អភិបាលរងខណ្ឌ​ច្បារអំពៅ ធ្លាប់​ប្រជុំ​ណែនាំ និង មាន​វិធាន​ការរុះរើចេញ​ម្តង​រួច​ក៏ដោយ ។​

​អ្នកធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​មួយ​នេះ ថ្លែងប្រាប់នៅ​ថ្ងៃទី​៧ ខែធ្នូ នេះ ថា ចំណុច​ស្ពាន​គល់​ព្រះមុនីវង្ស​ចាស់​នេះ គឺធំ​ទូលំទូលាយ​ណាស់ ងាយស្រួល​ក្នុងការ​ធ្វើដំណើរ ។ ប៉ុន្តែ​ដោយសារតែ​អ្នកលក់​ផ្លែឈើ បាន​យក​ចំណីផ្លូវ​សាធារណៈ មក​លក់ដូរ បង្ក​ការកកស្ទះ​ចរាចរណ៍ និងអាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ថែម​ទៀតផង​។​

​អ្នកធ្វើដំណើរ​ដដែល សំណូមពរ​ដល់​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ មេត្តា​មាន​វិធានការ​ឲ្យមាន​ប្រសិទ្ធភាព​ផង កុំ​ណែនាំ​ហើយ ក្រោយមក​អ្វីៗ​វិល​មករក​សភាព​ដូចដើម​វិញដូច្នេះ ។​

​ជុំវិញ​បញ្ហា​នេះ លោក រស់ សុភ័គ្គ អភិបាលរងខណ្ឌ​ច្បារអំពៅ ថ្លែងប្រាប់ ថា លោក​នឹង​ឲ្យកម្លាំង​ចុះ​ពិនិត្យមើល​ករណីនេះ ។

​ទោះបីយ៉ាងណា ពេលនេះ វិធានការ​មាន​ប្រសិទ្ធភាព គឺគ្មាន​ឡើយ ដោយ​អ្វីៗ​វិល​មករក​សភាព​ដូចដើម ការលក់​អនាធិបតេយ្យ នៅ​ដដែល ។​

​កាលពីពេល​កន្លងទៅ ក៏​ធ្លាប់មាន​បញ្ហា​ផងដែរ ដោយ​អ្នកលក់​ផ្លែឈើ​នៅ​គល់ស្ពាន​អំពៅនេះ បាន​ជំរិត​ទារប្រាក់​អ្នកលក់ដូរ​តូចតាច រួច​កើតមាន​អំពើហិង្សា ដោយ​យកឈ្មោះ លោក គួច ចំណាន ប្រធាន​ផ្សារ​ច្បារអំពៅ ជា​ខ្នងបង្អែក ផងដែរ តែ​លោក គួច ចំណាន បាន​បដិសេធករណីនេះ​៕ ល​/Ha