ធនាគារ​ស្ថាបនា បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ប័ណ្ណ​ឥណ​ពន្ធ និង​ប័ណ្ណឥណទាន​វី​សា​

556
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ធនាគារ​ស្ថាបនា បាន​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​នូវ​ប័ណ្ណ​ឥណ​ពន្ធ​វិ​សា និង​ប័ណ្ណឥណទាន​វី​សា​កាលពី​ល្ងាច​ថ្ងៃទី​១៥ មករា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​។ នេះ​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​សម្រាប់​ធនាគារ​ស្ថាបនា​និង​ក្រុមហ៊ុន​វី​សា​ដែល​បានរួម​សហការគ្នា​បង្កើត​និង​ផ្តល់ជូន​នូវ​ផលិតផល​ហិរញ្ញវត្ថុ​ងាយស្រួល​ថ្មី​មួយកម្រិត​ទៀត​ដល់​អតិថិជន​រប​ស់​ធនាគារ​ស្ថាបនា​។​

ប័ណ្ណ​ឥណ​ពន្ធ​វិ​សា​និង​ប័ណ្ណឥណទាន​វី​សា​របស់​ធនាគារ ស្ថាបនា រួមមាន Classic Gold និង Platinum ដែល​ត្រូវ​បានដាក់​ឲ្យ​ប្រើប្រាស់​នៅ​សាខា​ទាំង ១៦៩ សាខា​ទូទាំងប្រទេស​កម្ពុជា​ផ្តល់ជូន​នូវ​ជម្រើស​ផ្សេងៗ​គ្នា​តម្រូវ​តាមបែប​បទ​ជីវិត និង​តម្រូវការ របស់​អតិថិជន​។

​អតិថិជន នឹង​ទទួលបាន​នូវ​ការជូនដំណឹង​តាមរយៈ​សារ​អេឡិចត្រូនិក​ដើម្បី​បញ្ជាក់​ពី​ចំនួន​ទឹកប្រាក់ ដែល​អតិថិជន​បាន​ចំណាយ​ចំនួន​ទឹកប្រាក់​ដែល​កាត់​ចេញពី​គណនី ឈ្មោះ​អ្នកលក់ ឬ​អ្នកផ្តល់​សេវា ជូន​អតិថិជន ឈ្មោះ​ទីក្រុង និង​ប្រទេស​។ សេវា​ស្ថាបនា Mobile បានផ្តល់​ជូន​នូវ​ទម្រង់​ដែល អនុញ្ញាត​ឲ្យ​អតិថិជន មាន​ភាព​ងាយ ស្រួល​ក្នុងការ ពិនិត្យមើល​ទំហំ​ទឹកប្រាក់​ដែល​អាច​ប្រើប្រាស់ ជាមួយ​ប័ណ្ណ ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​បង់ និង​ការអនុញ្ញាតអោយ​អតិថិជន​អាច​ទូទាត់​ចំនួន​ទឹកប្រាក់ ដែល​ខ្លូន​ត្រូវ​បង់ ឬ​ទូទាត់​ជំនួស​ឲ្យ​ប័ណ្ណឥណទាន​ផ្សេងទៀត តាមរយៈ​គណនី CASAs របស់ អតិថិជន​ដោយផ្ទាល់​។ ធនាគារ​ក៏​នឹង​កំពុងធ្វើការ​អភិវឌ្ឍន៍​បន្ថែម​នូវ​ទម្រង់​ផ្សេងទៀត​លើ​សេវា ធនាគារ Mobile ដោយ​បញ្ចូល​នូវ​ការស្វែងរក​ការធ្វើ​ប្រតិបត្តិការ​តាមរយៈ​កាលបរិច្ឆេទ​ដែល អតិថិជន​ប្រើប្រាស់ ឬ​តម្លៃ​ទឹកប្រាក់​ទូទាត់​។​

​លោក រ័ត្ន សុវណ្ណ​នរៈ ឧបការី​ទេសាភិបាល​និង​អគ្គនាយក​ត្រួតពិនិត្យ ធនាគារជាតិ​នៃ​កម្ពុជា បាន​ចូលរួម​អបអរសាទរ​ចំពោះ​ធនាគារ​ស្ថាបនា និង​ក្រុមហ៊ុន​វី​សា ដែល​បាន​សហការ​ដៃគូ​ក្នុង​ការធ្វើ​ប្រតិបត្តិ​ការផ្តល់សេវា​ទូទាត់​ជា​ប័ណ្ណ​ឥណ​ពន្ធ និង​ឥណទាន ដែលជា សេវា​ធនាគារ​កំពុងមាន​ភាព​រីកចម្រើន និង​ប្រកួតប្រជែង​ខ្លាំង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​
​លោក​បាន​គូសបញ្ជាក់ថាៈ​”​ភាពជា​ដៃគូ​រវាង​ធនាគារ​ស្ថាបនា និង​ក្រុមហ៊ុន​វី​សា​នេះ បាន​ចូលរួមចំណែក​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​វិស័យ​ធនាគារ និង ហិរញ្ញវត្ថុ​នៅ​កម្ពុជា ជាពិសេស​ការជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​តាមរយៈ​ការពង្រីក សេវា​ទូទាត់​សង ប្រាក់​សំដៅ​ជួយ​ពង្រឹង​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ទាំងមូល​”​។​

​លោក លឹម អូន អនុប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ស្ថាបនា បាន​មានប្រសាសន៍ថាៈ​ការផ្លាស់ប្តូរ​ពី​ប្រព័ន្ធ​ធនាគារ​បែប​ប្រពៃណី​ទៅជា​ប្រព័ន្ធ​ធនាគារ​បែប​ឌីជីថល គឺជា​ផ្នែក​មួយ​នៃ បេសកកម្ម​ចំបង​របស់​ធនាគារ ស្ថាបនា​។ អតិថិជន​នឹង​ទទួលបាន​នូវ​ភាពងាយស្រួល និង​អត្ថប្រយោជន៍​ជាច្រើន​ពី​ការប្រើប្រាស់ ប័ណ្ណ​ឥណ​ពន្ធ និង​ប័ណ្ណឥណទាន​ប្រភេទ​វី​សា​ថ្មី​របស់ ធនាគារ ស្ថាបនា ដែល​ស្របទៅនឹង​ពាក្យស្លោក​របស់​ធនាគារ​យើង ថា “​ស្ថាបនា ធ្វើ​ឲ្យ​ជីវិត​ប្រសើរឡើង​” ។​

​លោក​បាន​បន្ថែមថា​៖ “​ប័ណ្ណ​វី​សា​មិនមែនជា​ផលិតផល​ថ្មី​នៅ​កម្ពុជា​ទេ​។ នៅ​ធនាគារ​ស្ថាបនា ប័ណ្ណ​វី​សា​គឺជា​ផ្នែក​មួយ នៃ​ការអភិវឌ្ឍ​ផលិតផល​យុទ្ធសាស្ត្រ​ស្នូល​របស់​ធនាគារ​។ ប្រព័ន្ធ​ធនាគារ​ឌីជីថល​របស់​យើង​នឹង​ផ្តល់ជូន​នូវ​ចំណាត់ថ្នាក់​ល្អ​បំផុត សម្រាប់​អតិថិជន របស់​យើង​ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​គ្រប់​ទីកន្លែង​និង​គ្រប់ពេលវេលា​នៅលើ​ឧបករណ៍​ផ្សេងៗ​។ តាមរយៈ​ការរួម​សហការ​ជាមួយ​ក្រុមហ៊ុន​វី​សា ដែលជា​ដំណោះស្រាយ​លើ​ការទូទាត់​ជាស​កល ឈានមុខ​គេ យើង​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា ដើម្បី​ឲ្យ​អតិថិជន​របស់​យើង​អាចធ្វើ​ការទូទាត់​ការចំណាយ ផ្សេងៗ​ដោយ​មិនចាំបាច់​ដាក់​ប្រាក់​តាម​ខ្លួន​”​។​

​អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​វី​សា ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា “​នៅ​វី​សា តួនាទី​របស់​យើង គឺត្រូវធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​សំខាន់ៗ​របស់​យើង ក្នុងនោះ​រួមមាន​ធនាគារ​ស្ថាបនា ដើម្បី​រៀបចំ​និង​ផ្តល់នូវ​ដំណោះ ស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដែល​ជួយ​បង្កើន​ការទូទាត់​តាមរយៈ​អេឡិចត្រូនិក នៅក្នុង​ប្រទេស​។ ជាមួយនឹង​ភាពជា​ដៃគូ​នេះ យើង​អាច​ផ្តល់ជូន​ប្រជាជន​កម្ពុជា​កាន់តែច្រើន​នូវ​ជម្រើស​ក្នុង ការប្រើ​ប័ណ្ណឥណទាន (Credit Card) ឬ​ប័ណ្ណ ឥណ​ពន្ធ (Debit Card) របស់​ពួកគេ គ្រប់​ទីកន្លែង​ដែល Visa ទទួលយក​”​។​

​គួរ​ជម្រាប​ថា លក្ខណៈពិសេស​សំខាន់ៗ​របស់​ប័ណ្ណ​ឥណ​ពន្ធ និង​ប័ណ្ណឥណទាន​វី​សា​រួមមាន​៖ ធ្វើ​ប្រតិបត្តិការ​ជាមួយ​ម៉ាស៊ីន​អេ​ធី​អឹម​ដែលមាន​ស្លាក​សញ្ញា “Plus” ,​ធ្វើ​ប្រតិបត្តិការ​ជាមួយ​ម៉ាស៊ីន​អេ​ធី​អឹម និង​ម៉ាស៊ីន​ឆូត​កាត “POS” របស់​ធនាគារ ស្ថាបនា​,​ធ្វើ​ប្រតិបត្តិការ​ជាមួយ​ម៉ាស៊ីន​អេ​ធី​អឹម និង​ម៉ាស៊ីន​ឆូត​កាត “POS” នៅ​ទូទាំង​ពិភពលោក​ដែលមាន ស្លាក​សញ្ញា “Visa”,​ការបញ្ជារ​ទិញ​តាម អន​ឡាញ​,​ទូទាត់​ការចំណាយ​ប័ណ្ណឥណទាន​តាមរយៈ​ម៉ាស៊ីន​ឆូត​កាត​“POS”​របស់​ធនាគារ ស្ថាបនា ,​បញ្ចូល​កាត​ទូរស័ព្ទ​តាមរយៈ​ម៉ាស៊ីន​អេ​ធី​អឹម និង​ម៉ាស៊ីន​ឆូត​កាត “POS”​របស់​ធនាគារ ស្ថាបនា​និង​ផ្លាស់ប្តូរ​លេខ​សម្ងាត់​តាមរយៈ​ម៉ាស៊ីន​អេ​ធី​អឹម និង​ម៉ាស៊ីន​ឆូត​កាត “POS” របស់​ធនាគារ​ស្ថាបនា ជាដើម​។​

​ធនាគារ ស្ថាបនា គឺជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​ក្នុងប្រទេស​កម្ពុជា​ដែលមាន ទ្រព្យសម្បត្តិ​សកម្ម សរុប​ជាង ១ ពាន់​លាន​ដុល្លារ​អាមេរិក​។ ធនាគារ​មាន​បណ្តាញ​សាខា​ធំ​ជាង គេ​លំដាប់​ទី​ពីរ​នៅក្នុង​ប្រទេស ដែលមាន ១៦៩ សាខា និង​បុគ្គលិក​ជាង ៤០០០ នាក់ និង​ម៉ាស៊ីន​អេ​ធី​អឹម​ចំនួន​១៤៧ នៅ​ទូទាំងប្រទេស​ដែល​រួមមាន​ទាំង​ម៉ាស៊ីន​អេ​ធី​អឹម ដែលមាន​មុខងារ​បង្វិល​សាច់ប្រាក់ (Cash Recycling)​។ ធនាគារ​ផ្តល់ជូន​នូវ​ផលិតផល​និង​សេវាកម្ម​ធនាគារ ពេញលេញ​មានដូចជា​ប្រាក់កម្ចី ប្រាក់​បញ្ញើ សេវា iBanking សេវា​Mobile Banking សេវា​ប័ណ្ណ សេវា​ផ្ទេរប្រាក់​ក្នុងស្រុក​និង​ក្រៅប្រទេស សេវា​ធានា សេវា​ទូទាត់​ការនាំចេញ និង​នាំចូល និង​មាន សេវាកម្ម​ដទៃទៀត​ជាច្រើន​៕ ល​