ធុង​ចំរោះ​ទឹកស្អាត​ចំនួន​៣៥១ ត្រូវបាន​អាជ្ញាធរ​ចែកជូន​ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​នៅ​ស្រុកស្រែ​អំបិល​

1152
ចែករម្លែក
  • 30
    Shares

​ដោយ​: សុ​ផានី​តា / កោះកុង​: តំណាង​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​អាជ្ញាធរ​ខេត្តកោះកុង កាលពី​រសៀល​ថ្ងៃទី​១០ សីហា បាន​ចុះ​ចែក​ធុង​ចំរោះ​ទឹកស្អាត​ចំនួន​៣៥១​ធុង​ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ក្រោយ​រង​ខូចខាត​ដោយសារតែ​គ្រោះទឹកជំនន់​ហូរ​ចូល​ពី​ជ្រលង​ភ្នំ​អំឡុង​ពាក់កណ្តាល​ខែកក្កដា កន្លងទៅ​។​

​ដូច​តាម​ការគ្រោងទុក ធុង​ចំរោះ​ទឹកស្អាត​ចំនួន​៣៥១​ឈុត ត្រូវបាន​តំណាង​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍ និង​អភិបាល​ខេត្តកោះកុង នាំយកទៅ​ចែកជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រះអង្គ​កែវ ភូមិ​បាក់​អង្រុត និង​ភូ​មិន​ពោធិ​បឹង ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ដោយ​ឥតគិតថ្លៃ ក្នុង​គោលបំនង​ដើម្បី​លើកកម្ពស់​អនាម័យ​សុខភាព​តាមរយៈ​ការហូប​ស្អាត សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​

​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បាន​ថ្លែង​បញ្ជាក់ថា ប្រមុខ​រាជរដ្ឋាភិបាល បាន​កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​សុវត្ថិភាព និង​អនាម័យ​សុខភាព​ហូបចុក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឆ្ងាយ​ដាច់​ស្រ​យោល ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​ស្រែអំបិល​កន្លងទៅ​។

​អភិបាលខេត្ត​កោះកុង រម្លឹក​ដែរ​ថា អំឡុង​គ្រា​ពេល​គ្រោះទឹកជំនន់ កាកបាទក្រហម អាជ្ញាធរ​ឃុំ​ស្រុក និង​មន្ទីរជំនាញ​ខេត្ត បាន​ចាត់​ឱ្យកម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ពិនិត្យ​តាម​មូលដ្ឋាន​ដែល​លិច​ទឹក​ភ្លាមៗ ដើម្បី​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​មិនអោយ​ពលរដ្ឋ​ណាមួយ​ស្លាប់​ឡើយ ពិសេស​ព្រមទាំង​ផ្តល់​ស្បៀងអាហារ ថវិកា តង់ មុង​ជ្រលក់​ថ្នាំ​ការពារ​មូស និង​ថ្នាំពេទ្យ​ព្យាបាល​ជូន​ពេល​ពលរដ្ឋ​មាន​ជំងឺ​ផ្សេងៗ​។

​ទន្ទឹម​នោះ លោកស្រី មិថុនា ភូ​ថង ក៏បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​គ្រប់រូប​ត្រូវ​ចេះ​ថែរក្សា​អនាម័យ​សុខភាព​និង​សម្អាត​ភូមិឋាន​ឲ្យ​បាន​ស្អាត​ល្អ ខណៈ​ពលរដ្ឋ​វិលត្រឡប់​ផ្ទះសម្បែង​វិញ ក្រោយ​ជំនន់​ទឹកភ្លៀង​បាន​ហូរ​ស្រក​ចុះទៅ​ដៃសមុទ្រ​អស់​។​

​ចំណែកឯ លោកពូ យឿន សា​រ៉ា​ម និង​អ្នកស្រី ជិន នាង ពលរដ្ឋ​រស់នៅ​ភូមិ​បាក់​អង្រុត ដែល​ទទួល​ធុង​ចំរោះ​ទឹកស្អាត​ពី​អាជ្ញាធរ បាន​ថ្លែង​អំណ​គុណ​ដល់​ប្រមុខ​រដ្ឋាភិបាល ក្រសួង​អភិវឌ្ឍន៍ និង​អាជ្ញាធរ​មន្ទីរជំនាញ​ក្នុង​ខេត្ត​ទាំងអស់​ដែល​យកចិត្ត​ទុក​ខ្ពស់​ពី​សុវត្ថិភាព និង​សុខភាព​រស់នៅ​របស់​ពួកគាត់ ក្រោយ​ជន់​លិច​ទឹកភ្លៀង​កាលពី​ពាក់កណ្តាល​ខែកក្កដា​។​

​ពលរដ្ឋ​អះអាង​ទៀតថា ពួកគាត់​នឹងចូលរួម​ប្រើប្រាស់​ធុង​ចំរោះ​ទឹកស្អាត​នេះ​ឱ្យ​បានឱ្យ​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​អាជ្ញា​ធរ ជៀសវាង​កើតមាន​នូវ​ជំងឺ​អាសន្នរោគ​ផ្សេងៗ ព្រោះតែ​មិនបាន​ហូប​ស្អាត​។​

​កៅ​ពី​ការចែក​ធុង​ចំរោះ​ទឹកស្អាត​ជូន​ពលរដ្ឋ​នៅ​ឃុំ​ពង​ពែង អភិបាលខេត្ត​កោះកុង ក៏​ឆ្លៀតពេល​ចូល​ពិនិត្យ​ការដ្ឋាន​សំណង់​អាគារ​សាលារៀន​ចំនួន​២​កន្លែង ឃុំ​តា​តៃ និង​ឃុំ​ត្រ​ពាំ​រូង ស្ថិតនៅ​ស្រុក​កោះកុង ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត​ផងដែរ​៕ ល​