ធ្វើ​បន្លាស់​ទី​ចំណតទូក​ទេសចរណ៍​ដើម្បី​សោភ័ណភាព​និង​សណ្តាប់​ធ្នាប់​​​​ក្រុង​

2067
ចែករម្លែក

ដោយ:បូកគោ​/កំ​ពត ៖ រដ្ឋបាល​ខេត្តកំពត​នឹងធ្វើ​បន្លាស់​ទី​ចំណតទូក​ទេសចរណ៍​តាម​បណ្តោយ​ឆ្នេរ​ព្រែក​កំពង់បាយ​ផ្នែក​ខាងកើត​ដោយ​ប្តូរ​គោលដៅ​ទៅ​ត្រើយ​ខាងលិច​ដើម្បី​សោភ័ណភាព និង​សណ្តាប់ធ្នាប់​របៀបរៀបរយ​ក្រុង​។ ចំណាត់ការ​នេះ​នឹង​ធ្វើឱ្យ​រួចរាល់​មុន​ពិធីបុណ្យ​សមុទ្រ​ចូលមក​ដល់​។

ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ប្រតិបត្តិ​ករ​ផ្នែក​សេវាកម្ម​ទូក​ទេសចរណ៍​កាលពី​រសៀល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា​ក្រុង​កំពត​ចាំបាច់​ត្រូវតែមាន​ភាពស្រស់ស្អាត ហើយ​ពោរពេញ​ដោយ​អនាម័យ និង​សោភ័ណភាព​ព្រោះ​ជា​ក្រុង​ទេសចរណ៍​ធ្លាប់មាន​ឈ្មោះ​ល្បី​។ សព្វថ្ងៃ ករណី​ទាំងនេះ​មិនទាន់មាន​លក្ខណៈ​ល្អប្រសើរ​ដែល​អាច​ទទួល​យកបាន​នៅឡើយ ពិសេស​បញ្ហា​សណ្តាប់ធ្នាប់​របៀបរៀបរយ​តាម​ទី​សំខាន់ៗ​ជាដើម​។

ជាក់ស្តែង​នៅ​សួនច្បារ​ឆ្នេរ​ព្រែក​កំពង់បាយ​ចាប់ពី​ចំណុច​ស្ពាន​ឥន្ទធនូ​ដល់​មុខ​សាខា​កាកបាទក្រហម​ខេត្ត​ជាទី​ជួបជុំ​នៃ​ក្រុម​ទូក​ទេសចរណ៍​នោះ​ហាក់ដូច​ជាមាន​ភាព​រំខាន​ច្រើន​។

លោក​អភិបាលខេត្ត​បាន​បន្តថា​ដោយ​ផ្អែកលើ​គោលបំណង​ធ្វើឱ្យ​បណ្តោយ​ឆ្នេរ​នេះ​ក្លាយ​ជាទី​កម្សាន្ត​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ក្នុង​ការដើរ​លម្ហែ ការ​អង្គុយ​គយគន់់​ថ្ងៃ​លិច និង​មាន​ភាព​ស្រឡះ​នៅលើ​ផ្ទៃ​សួន​ទាំងមូល រដ្ឋបាលខេត្ត​ត្រូវធ្វើ​បន្លាស់​ទី​ទូក​ទេសចរណ៍​ទាំងអស់​ទៅ​ត្រើយ​ខាងលិច​ឈម​ជាមួយ​សាលាខេត្ត​វិញ​។ ដូច្នេះ​ប្រតិបត្តិ​ករ​ជា​ម្ចាស់​ទូក​ទាំងអស់​ត្រូវ​ចាប់ផ្តើម​រុះរើ និង​ផ្លាស់ប្តូរ​ទីតាំង​ឱ្យ​រួចរាល់​ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩​ជា​កំណត់​។ ក្រុមការងារ​នឹង​រៀប​ចំការ​ចាប់លេខ​ដើម្បី​ទទួលយក​ទីតាំង​ដោយ​ប្រគល់ជូន​ក្នុង​ម្ចាស់​នីមួយៗ​នូវ​ប្រវែង​២៥​ម៉ែត្រ​តាម​បណ្តោយ​ឆ្នេរ​នោះ​។

លោក​ជាវ តា​យ​បាន​បញ្ជាក់ថា រដ្ឋបាលខេត្ត​នឹង​ជំរុញ​ដល់​ក្រុមការងារ​ជំនាញ​ចុះទៅ​ត​បណ្តាញទឹក បណ្តាញ​អគ្គិសនី​ឱ្យ​រួចរាល់​នៅត្រឹម​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៩​ជា​កំហិត​។ លើសពីនេះ ក្រុមការងារ​ក៏ត្រូវ​រៀបចំ​កន្លែង​ចត​យានយន្ត ឱ្យ​ធំ​ទូលាយ និង​មាន​របៀបរៀបរយ​ល្អ​។ ដូច្នេះ សូម​បងប្អូន​ជា​ប្រតិបត្តិ​ករ និង​អ្នកពាក់ព័ន្ធ​ទាំងឡាយ​មេត្តា​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ផលប្រយោជន៍​រួម​។​

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ លោក​មាស រី​ម ម្ចាស់​ទូក​ទេសចរណ៍​ណា​ហ្កា​ហោ​ស៍បាន​រៀបរាប់ថា​ការផ្លាស់ប្តូរ​ទៅកាន់​ទីតាំង​ថ្មី​អាច​ប៉ះពាល់​បញ្ហា​មួយចំនួន ដូចជា​អ្នក​ជិះទូក​នឹង​ថយ​ចំនួន​ដោយសារ​ភ្ញៀវ​ពិបាក​ក្នុងការ​ឆ្លងស្ពាន មិនទាន់មាន​ទីតាំង​ចត​យា​យន្ត​ជាដើម​។ ប៉ុន្តែ​ក្នុងនាម​ជា​អ្នក​ប្រកប​អាជីវកម្ម​ដែលមាន​បាន​ដោយសារ​រដ្ឋបាលខេត្ត​កន្លងមក ពួកខ្លួន​មិន​ជំទាស់​នឹង​ចំណាត់ការ​នេះ​ទេ​។ សង្ឃឹមថា​ខេត្ត​នឹង​ជួយ​ជ្រោមជ្រែង​បន្ថែមទៀត​សម្រាប់​មុខរបរ​នេះ​៕​B/