នាយកប្រតិបត្តិបណ្តាញសង្គម Twitter សន្យាជួយលុយ ១ ពាន់លានដុល្លារដើម្បីប្រយុទ្ធនឹងកូវីដ១៩

173
ចែករម្លែក

សហស្ថាបនិកនិងជានាយកប្រតិបត្តិ Twitter លោក ជែក ដ័រស៊ី បាននិយាយកាលពីថ្ងៃអង្គារទី៧មេសាថា លោកបានបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនចំនួន ១ ពាន់លានដុល្លារដើម្បីផ្តល់ជំនួយសង្គ្រោះប្រឆាំងកូវីដ១៩តាមរយៈអង្គការមូលនិធិមនុស្សធម៌របស់គាត់។

លោកដ័រស៊ីបាននិយាយនៅក្នុង Twitter ថាគាត់នឹងផ្ទេរភាគហ៊ុនរបស់គាត់នៅក្នុងក្រុមទូទាត់ឌីជីថលឈ្មោះ Square ទៅសាជីវកម្មទទួលខុសត្រូវមានដែនកំណត់របស់គាត់ឈ្មោះ Start Small ដោយរួមវិភាគទាន ២៨ ភាគរយនៃទ្រព្យសម្បត្តិសរុបរបស់គាត់។

លោកដ័រស៊ីបាននិយាយថា “ហេតុអ្វីចូលរួមវិភាគទានមិនបាន? ឥឡូវនេះមានតម្រូវការបន្ទាន់កាន់តែខ្លាំងឡើង ហើយខ្ញុំចង់ឃើញការរួមចំណែកមួយក្នុងជីវិតខ្ញុំ។ ខ្ញុំសង្ឃឹមថារឿងនេះនឹងជំរុញឱ្យអ្នកដទៃធ្វើអ្វីមួយស្រដៀងគ្នានេះ។ ជីវិតខ្លីណាស់ដូច្នេះសូមធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាននៅថ្ងៃនេះដើម្បីជួយមនុស្សឥឡូវនេះ”។

ការបរិច្ចាគនេះអាចជាចំនួនបរិច្ចាគធំបំផុតពីមនុស្សតែម្នាក់សម្រាប់ការផ្តល់ជំនួយសង្គ្រោះក្នុងវិបត្តិកូវីដ១៩និងកើតឡើងស្របពេលជំងឺនេះកំពុងឆ្លងរាតត្បាតពាសពេញពិភពលោកនិងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតនិងបំផ្លិចបំផ្លាញសេដ្ឋកិច្ចរបស់អាម៉េរិក។

លោកដ័រស៊ីនិយាយថាបន្ទាប់ពីជំងឺរាតត្បាតចប់ទៅ មូលនិធិនេះនឹងផ្តោតលើសុខភាពនិងការអប់រំសម្រាប់ក្មេងស្រីនិងកិច្ចខិតខំប្រឹងប្រែង “ដើម្បីបង្កើនប្រាក់ចំណូលជាសកល”៕ ដោយ៖ កញ្ញាដាលីស

នាយកប្រតិបត្តិ Twitter លោក ជែក ដ័រស៊ី